សង្គម​ស៊ីវិល​ស្វាគមន៍​អាជ្ញាធរ​ភ្នំពេញ​ប្រកាស​បិទ​ក្លឹប​កម្សាន្ត​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ

ដោយ អាស៊ីសេរី
2017-10-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរការ​ដោះស្រាយ​ដីធ្លី​តំបន់​បឹងកក់ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧។
RFA

អភិបាល​រាជធានី​ភ្នំពេញ ព្រមាន​បិទ​ទីតាំង​កម្សាន្ត​ទាំងឡាយ​ណា ដែល​បង្ក​ភាព​រញ៉េរញ៉ៃ នាំ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ។ អ្នកឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស គាំទ្រ​សារ​ព្រមាន​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ការអនុវត្ត​មាន​ប្រសិទ្ធភាព និង​ស្មើភាព​គ្នា​ទៅលើ​គ្រប់​ភាគី​បង្ក​បទល្មើស។

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ព្រមាន​ចាត់វិធានការ​ក្ដៅ​ទៅលើ​ម្ចាស់​បើក​ធ្វើ​អាជីវកម្ម​រួមមាន៖ ហាង​ផឹកស៊ី បៀរហ្គាដិន ហាង​ម៉ាស្សា ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​ផ្សេងៗ នៅ​ក្នុង​ក្រុង​ទាំងអស់ ដែល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ជាពិសេស​មាន​សំឡេង​រំខាន​ដល់​ការ​រស់នៅ របស់​ប្រជាពលរដ្ឋ ស្នើ​ឲ្យ​អាជ្ញាធរ​ខណ្ឌ និង​សមត្ថកិច្ច​ពាក់ព័ន្ធតាម​មូលដ្ឋាន​នីមួយៗ ត្រូវ​ចុះ​ពិនិត្យ​បិទ​ភ្លាមៗ។

លោក​បន្ត​ថា នៅ​ពេល​ទទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្ដែង ហើយ​បើ​រក​ឃើញ​កំហុស​កើត​ចេញពី​ការ​ធ្វើ​អាជីវកម្ម ដូច​ពលរដ្ឋ​ប្ដឹង​ចោទ​ពិតមែន ត្រូវ​ធ្វើ​បែបបទ​បិទ​ទីតាំង​ទាំងនោះ​ភ្លាមៗ ដោយ​មិន​ចាំ​បាច់​សុំ​យោបល់ ឬ​សុំ​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​នោះ​ទេ។

មន្ត្រី​ផ្នែក​អង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ស្ថិត​ក្នុង​ចំណោម​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត បាន​ស្វាគមន៍​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទៅលើ​ម្ចាស់​ទីតាំង​កម្សាន្ត ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ មាន​លំនៅឋាន​ជិត​ទីតាំង​បើក​ធ្វើ​អាជីវកម្ម​នីមួយៗ។

ទន្ទឹម​គ្នា​នេះ លោក​ក៏​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ត្រូវ​ចុះ​អនុវត្ត​ការងារ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព និង​យុត្តិធម៌ និង​ស្មើភាព​គ្នា រវាង​ប្រជាពលរដ្ឋ ជាមួយ​ម្ចាស់​អាជីវកម្ម។

បញ្ហា​នេះ​ដែរ ប្រជាពលរដ្ឋ​មាន​លំនៅឋាន នៅ​ជិត​ទីតាំង​កម្សាន្ត ឬ​ហាង​ផឹកស៊ី​មួយ​ចំនួន បាន​ឲ្យ អាស៊ីសេរី​ដឹង នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ថា កន្លង​មក ពាក្យ​បណ្ដឹង​របស់​ពួកគាត់ ដែល​បាន​ប្ដឹង​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​មាន​សំឡេង​រំខាន ពី​ការ​បើក​ធ្វើ​អាជីវកម្ម​បៀរហ្គាដិន​ជាដើម គឺ​ភាគច្រើន អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​នីមួយៗ មិនបាន​ជួយ​រក​ដំណោះស្រាយ​ជូន​ទេ ហើយ​ម្ចាស់​បើក​ធ្វើ​អាជីវកម្ម​ទាំងនោះ ក៏​មិន​ខ្វល់​នឹង​សំឡេង​នាំ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ដែរ ព្រោះ​បាន​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​សមត្ថកិច្ច ស្ថាប័ន​ជំនាញ​នៅ​តាម​មូលដ្ឋាន​ទាំងនោះ។

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​ដាក់​វិធានការ​ក្ដៅ ទៅ​ម្ចាស់​បើក​ធ្វើ​អាជីវកម្ម ឬ​ហាង​ផឹកស៊ី និង​ក្លឹប​កម្សាន្ត​ទាំងអស់ ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ព្រមាន​ថា បើ​មាន​ករណី​បាញ់​បោះ​សេរី ទាំង​ក្នុង ឬ​មុខ​ទីតាំង​ហាង​នីមួយៗ អាជ្ញាធរ​ត្រូវ​ចុះ​បិទ​ទីតាំង​ទាំងនោះ បញ្ឈប់​មិន​ឲ្យ​បន្ត​បើក​ធ្វើ​អាជីវកម្ម ប៉ុន្តែ​វិធានការ​នេះ មាន​ម្ចាស់​ហាង​ខ្លះ​ត្រូវ​រង​នូវ​ភាព​អយុត្តិធម៌ ដោយសារ​មាន​ភ្ញៀវ​បង្ក​បទល្មើស​បាញ់​បោះ​សេរី ប៉ុន្តែ​បែរជា​ទៅ​រងគ្រោះ​ម្ចាស់​ហាង​ទៅវិញ។

បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ជា​បណ្ដាញ​ទំនាក់ទំនង​តាម​អនឡាញ ឬ​បណ្ដាញ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ចំនួន ១០​ខ្សែ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដល់​ព័ត៌មាន​មក​អាជ្ញាធរ​មាន​ដូចជា​៖ ចោរកម្ម ឆក់ ប្លន់ បញ្ហា​កកស្ទះ គ្រោះថ្នាក់​ចរាចរណ៍ ដាច់​ចរន្ត​អគ្គិសនី និង​បញ្ហា​អសន្តិសុខ​ផ្សេងៗ​ទៀត ដើម្បី​អាជ្ញាធរ ចេញ​ជួយ​អន្តរាគមន៍ និង​មាន​ដំណោះស្រាយ​ជូន​ឲ្យ​បាន​ទាន់​ពេល។

លោក ឃួ​ង ស្រេង ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​គ្រប់គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល