សង្គមស៊ីវិលនិងពលរដ្ឋចង់ឃើញរដ្ឋាភិបាលទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពជាងមុន ដោយសារពួកគាត់ មើលឃើញថា ការអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរខ្វះការទទួលខុសត្រូវ និងខ្វះកិច្ចសហការដែលធ្វើឱ្យបទល្មើសកើតឡើងជាក្តីបារម្ភដល់ពលរដ្ឋដដែល។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃអះអាថា សមត្ថកិច្ចបានយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រឿងញៀន តែលោកនឹងទទួលយកការលើកឡើងទាំងនោះ ដើម្បីកែលម្អ និងពង្រឹងការអនុវត្តច្បាប់បន្តទៀត។
អង្គការសង្គមស៊ីវិលមួយចំនួនចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញវិធានការអនុវត្តច្បាប់ និងផែនការទប់ស្កាត់លើបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពជាងបច្ចុប្បន្ន ដោយសារកម្ពុជានៅតែជាគោលដៅរងគ្រោះនៃការចរាចរ និងជួញដូរគ្រឿងញៀនខុសច្បាប់។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center) លោក យង់ គិមអេង មានប្រសាសន៍ថា លោកសាទរចំពោះវិធានការបង្រ្កាបបទល្មើសគ្រឿងញៀនរបស់សមត្ថកិច្ចពាក់ព័ន្ធជាបន្តបន្ទាប់ ប៉ុន្តែលោកមើលឃើញថា កន្លងទៅ ការអនុវត្តផែនការប្រយុទ្ធប្រឆាំងបង្រ្កាបបទល្មើសគ្រឿងញៀនរបស់រដ្ឋាភិបាលមិនទាន់គ្រប់គ្រាន់ ដើម្បីកាត់បន្ថយការរីករាលដាលគ្រឿងញៀននៅក្នុងប្រទេសឱ្យមានប្រសិទ្ធភាពនៅឡើយ។ លោកបន្តថា បញ្ហាដែលកើតឡើងនោះ ដោយសារការអនុវត្តច្បាប់ធូររលុង ខ្វះការទទួលខុសត្រូវ និងខ្វះកិច្ចសហការរវាងក្រសួងស្ថាប័នរបស់រដ្ឋ បញ្ហាបក្ខពួកនិងគ្រួសារនិយមដែលនាំឱ្យពលរដ្ឋមិនហ៊ានរាយការណ៍ព័ត៌មាន និងបញ្ចេញមតិជុំវិញករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងសង្គម៖ «ទីមួយសំខាន់នោះ គឺបើកទូលាយសេរីភាពឱ្យប្រជាពលរដ្ឋចូលរួមមតិ ដូចជាហ៊ានរាយការណ៍អំពីគ្រឿងញៀន ត្រូវពង្រឹងសមត្ថកិច្ចឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការតាមដានត្រួតពិនិត្យរបស់ថ្នាក់លើរបស់មន្រ្តីថ្នាក់ក្រោម ដោយត្រូវកាត់ផ្តាច់បញ្ហាបក្ខពួកនិយម ខ្សែស្រឡាយ វិធានការសំខាន់គឺលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយឱ្យចូលរួមបាទ»។
ជាមួយគ្នា នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ សង្កេតឃើញថា ស្ថានភាពនៃការទប់ស្កាត់បទល្មើសគ្រឿងញៀនពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចមិនទាន់ល្អប្រសើរនៅឡើយទេ ហើយសង្គមស៊ីវិលនៅតែមានកង្វល់ជាខ្លាំងចំពោះការអនុវត្តច្បាប់នៅមានកម្រិត ខណៈការរីករាលដាលជំងឺកូវីដ-១៩ ឧក្រិដ្ឋជនមានឱកាសអាចពង្រីកក្រុមគោលដៅ និងឥទ្ធិពលបន្ថែមទៀត។ លោកចង់ឃើញស្ថានប័នពាក់ព័ន្ធអនុវត្តច្បាប់ទប់ស្កាត់គ្រឿងញៀនឱ្យបានជាក់លាក់ជាងមុនចំពោះមធ្យោបាយផលិត ចែកចាយ និងការនាំចូលពីបណ្តាញឧក្រិដ្ឋជន រួមទាំងក្រុមគោលដៅអ្នកប្រើប្រាស់នៅទីក្រុងនិងជនបទ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្ត និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល៖ «ខ្ញុំយល់ថា ទាល់តែស្ថានប័នជាតិទាំងអស់ហ្នឹងរួមគ្នាជាធ្លុងមួយដាក់បញ្ហាគ្រឿងញៀននេះជាបញ្ហាប្រឈមទាំងអស់គ្នា ហើយស្ថាប័ននីមួយៗត្រូវធ្វើការដោយប្រុងប្រយ័ត្នបំផុត កុំឱ្យការសម្រេចចិត្តរបស់ខ្លួនខ្លះមានការថ្លោះធ្លោយដែលប្រែក្លាយពីវត្ថុធាតុដើមយកមកធ្វើជីទៅជាផលិតចេញជាគ្រឿងញៀនទៅវិញ ចឹងត្រូវរកដំណោះស្រាយលើបញ្ហារួម»។
ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលដាក់ចេញផែនការស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ សម្រាប់ឆ្នាំ២០២២ កាលពីថ្ងៃទី៩ ខែកុម្ភៈ ដើម្បីអនុវត្តគោលការណ៍រួមឱ្យមានប្រសិទ្ធភាព ដោយពង្រឹង និងបំពេញបន្ថែមនូវការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ក្នុងផែនការនោះរដ្ឋាភិបាលបានចេញនូវវិធានការដូចជាបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំច្បាប់ និងគ្រោះថ្នាក់ដោយសារគ្រឿងញៀន ព្រមទាំងបង្កើនសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត បង្ការ ទប់ស្កាត់ និងលើកកម្ពស់សកម្មភាព ប្រតិបត្តិការទប់ស្កាត់ បង្រ្កាបដោយគ្មានយោគយល់។ ជាមួយគ្នានេះរដ្ឋាភិបាលក៏បានបន្តពង្រឹងនិងជំរុញសកម្មភាពអនុវត្តវិធានការការព្យាបាល និងយន្តការតាមដាន រួមទាំងការត្រួតពិនិត្យមុខសញ្ញាប្រើប្រាស់សារធាតុញៀន ហើយអាជ្ញាធរត្រូវកសាងភូមិឃុំគ្មានគ្រឿងញៀន ដោយប្រើប្រាស់យន្តការភូមិឃុំមានសុវត្ថិភាពជាគោល។
ជុំវិញរឿងនេះ អគ្គលេខាធិការ នៃលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃលោក មាស វិរិទ្ធ ប្រាប់វិទ្យុអាស៊ីសេរីថាចំនួនបទល្មើសគ្រឿងញៀនឆ្នាំ២០២១ធៀបទៅនឹងឆ្នាំ២០២០ គឺបានថយចុះ ប៉ុន្តែបរិមាណសារធាតុញៀនដែលសមត្ថកិច្ចចាប់យកបានកើនឡើង។ លោកបន្តថាហេតុផលដែលរដ្ឋាភិបាលដាក់ចេញផែនការនេះ គឺដើម្បីប្រើប្រាស់យន្តការដែលមានស្រាប់ និងធ្វើបច្ចុប្បន្នភាពការងារឱ្យសកម្មបន្ថែមទៀត ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនិងខ្វះខាត ជាពិសេសព្យាយាមស្វែងរកនិន្នាការថ្មីនៃការកើនឡើងគ្រឿងញៀនសំយោគដែលចេញពីសារធាតុគីមីផ្សំ។
លោក មាស វិរិទ្ធ អះអាងថាកន្លងទៅសមត្ថកិច្ចតែងតែយកចិត្តទុកដាក់ពង្រឹងសមត្ថភាពដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ។ យ៉ាងណាក្តីលោកទទួលស្គាល់ថាកន្លងទៅការអនុវត្តរបស់សមត្ថកិច្ចពិតជាមានចំណុចខ្វះខាត ក្នុងកម្រិតកិច្ចសហការក្របខណ្ឌជាតិនិងអន្តរជាតិ ហើយលោកថាមតិយោបល់របស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋទាំងនោះខាងលោកនឹងយកទៅពង្រឹងនិងកែសម្រួលការអនុវត្តបន្ថែមទៀត៖ « កិច្ចសហប្រតិបត្តិការរបស់ឆកល្វែងមិនទាន់រឹងមាំ តែយើងតែងតែពង្រឹងគុណភាព សមត្ថភាព និងកិច្ចសហប្រតិបត្តិការដោយយើងគ្មានស្ថាប័នណាមួយយកកិច្ចការបង្រ្កាបគ្រឿងញៀនតែឯងទទួលបានជោគជ័យនោះទេ ទាមទារឱ្យចូលរួមទាំងក្របខ័ណ្ឌជាតិដែលត្រូវការប្រជាពលរដ្ឋឱ្យមានការចូលរួម ដូច្នេះបានយើងដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់សំដៅកៀងគរកម្លាំងសរុបរបស់សង្គមចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច»។
របាយការណ៍របស់រដ្ឋាភិបាលបង្ហាញថាកាលពីឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួនជាង៦ពាន់ករណី (៦.៣០៨) ក្នុងនោះឃាត់ជនសង្ស័យ ១៣.៩៧៩នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ជិត៥ពាន់គីឡូក្រាម (៤.៦៨៩,៦១) និងសារធាតុគីមីទម្ងន់ជាង៨ម៉ឺនគីឡូក្រាម(៨៤.៩២០) រួមទាំងមធ្យោបាយ សម្ភារៈ និងវត្ថុតាំងមួយចំនួនផងដែរ។
ក្រុមអង្គការសង្គមស៊ីវិល ព្រួយបារម្ភផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយដែលរងការបំផ្លាញអនាគត បាត់បង់ធនធានអភិវឌ្ឍជាតិ ប្រសិនបើរដ្ឋាភិបាលមិនបានអនុវត្តយុទ្ធសាស្រ្តទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន និងសារធាតុញៀនឱ្យបានច្បាស់លាស់ និងទាន់ពេលវេលានោះទេ ។ ពួកគាត់ចង់ឃើញរដ្ឋាភិបាលលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយជាងមុនដោយបង្ហាញអំពីគុណវិបត្តិគ្រឿងញៀនដល់ពលរដ្ឋនិងសង្គម ហើយលើសពីនេះត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងពង្រឹងសមត្ថកិច្ចជំនាញជុំវិញការស្រាវជ្រាវ ស៊ើបអង្កេតរកបណ្តាញនៃការផលិត ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដើម្បីធានានូវសន្តិសុខសង្គម សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។