បង​ស្រី​ព្រះអង្គ សំ ប៊ុនធឿន ចោទ​ពេទ្យ​កាល់ម៉ែត​ថា ចាក់​ថ្នាំ​ឲ្យ​ព្រះអង្គ​សុគត

0:00 / 0:00

បងស្រី​របស់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន បង្ហើប​ថាមាន​គ្រូ​ពេទ្យ​ម្នាក់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែតចាក់​ថ្នាំ​ឲ្យ​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ភ្លាម ព្រះអង្គ​សុគតភ្លាមក្នុង​ពេល​នោះ​តែ​ម្ដង។ចំណែក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លើក​ទឹកចិត្ត​ដល់​អ្នក​ដឹង​រឿង​នេះ ដាក់​ពាក្យ​ប្ដឹង​មក​ក្រសួង​ ដើម្បី​ឈាន​ដល់​ការ​ចាប់​អ្នក​ពាក់ព័ន្ធឬ​ឃាតក​មក​ផ្ដន្ទាទោស។

ជិត​ ១៤​ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​ព្រះតេជព្រះគុណ សំ ប៊ុនធឿន រហូត​ជិត​ដល់​ថ្ងៃ​ត្រូវ​បូជា​ព្រះសព​របស់​ព្រះអង្គ សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​រក​ឃាតក ឬ​អ្នក​ពាក់ព័ន្ធ​ឃើញ​នៅ​ឡើយ​ទេ។ សីលវតី សំ គង់ ដែល​ជា​បងស្រី​បង្កើត​របស់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ថ្លែង​រំលឹក​ឡើង​​វិញ​ទាក់ទង​នឹង​ការ​សុគត​របស់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ថា ក្រោយ​ឃាតក​បាញ់​ប្រហារ ព្រះ​អង្គ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ដូនជី​បន្ត​ថា ក្នុង​ពេល​នោះ ព្រះ​អង្គ​នៅ​ស្ងៀម​មិន​អាច​កម្រើក​ព្រះ​កាយ​ទេ ប៉ុន្តែ​បើក​ព្រះនេត្រ​បាន។ ដូនជី​បន្ត​អះអាង​ថា ក្រោយ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ពីរ​ថ្ងៃ ដូនជី​សម្រេច​យក​ព្រះអង្គ​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​សិង្ហបុរី ដែល​ត្រូវ​ចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ​ជាង​ ១ម៉ឺន ៥ពាន់ (១៥.០០០)ដុល្លារ ប៉ុន្តែ​នៅ​យប់​ចុងក្រោយ​ដែល​រង់ចាំ​ព្រឹក​ឡើង​ត្រូវ​ចេញ​ដំណើរ​នោះ មាន​គ្រូពេទ្យ​ម្នាក់​យក​ស៊ីរ៉ាំង​ថ្នាំ​ប៉ុន​ក​ដៃ ហាក់​ដូចជា​មិន​ប្រក្រតី មក​ចាក់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ពេល​នោះ ដូន​ជី​ក៏​ឃាត់​គ្រូពេទ្យ​មិន​អោយ​ចាក់ថ្នាំ តែ​គ្រូពេទ្យ​មិន​ស្តាប់។ ភ្លាមៗ​ក្រោយ​ការ​ចាក់​ថ្នាំ ព្រះតេជព្រះគុណ សំ ប៊ុនធឿន ក៏​សុគត​តែ​ម្ដង់៖ «»។

ជុំវិញ​ការ​លើក​ឡើង​នេះ អាស៊ីសេរី​បាន​សុំ​ការ​បំភ្លឺ ពីអគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត លោក ឈាង រ៉ា ប៉ុន្តែ លោក​ឆ្លើយ​ថា ច្រឡំ​លេខ​ទូរស័ព្ទ។ ដោយ​ឡែក អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី៣០ វិច្ឆិកា​ ថា លោក​មិន​ដែល​បាន​ទទួល​របាយការណ៍​ពី​មន្ទីរពេទ្យ​កាល់ម៉ែត​ដូច​ការ​ចោទ​ប្រកាន់ របស់​បងស្រី ព្រះតេជព្រះគុណ សំ ប៊ុន​ធឿន ទេ៖ «»។

សាច់ញាតិ​ព្រះតេជព្រះគុណ​ សំ ប៊ុនធឿន​សង្ស័យ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សុគត​របស់​ព្រះអង្គ សាច់ញាតិ​ព្រះតេជព្រះគុណ​ សំ ប៊ុនធឿន​សង្ស័យ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សុគត​របស់​ព្រះអង្គ

ព្រះតេជព្រះគុណ សំ ប៊ុនធឿន ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​មុខ​ពីរ​នាក់ បាញ់​ប្រហារ នៅ​ព្រឹក​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០០៣ ក្នុង​បរិវេណ​វត្ត​លង្កា នា​រាជធានី​ភ្នំពេញ។ ព្រះអង្គ​បាន​សុគត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​បាញ់​ប្រហារ ក្នុង​ព្រះជន្ម ៤៧​ព្រះវស្សា។ មក​ដល់​​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​ឃាតក​ដើម្បី​នាំ​ខ្លួន​មក​កាត់​ទោស​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ នៅ​តែ​អះអាង​ថា សមត្ថកិច្ច​នៅ​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ ខណៈ​មិន​ទាន់​រក​ឃាតក​ឃើញ។ ចំពោះ​ការ​លើក​ឡើង របស់​បងស្រី​របស់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន គឺសីលវតី សំ គង់ ដែល​ថា គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ធ្វើ​ឲ្យ​ព្រះតេជព្រះគុណ សំ ប៊ុនធឿន សុគត​នោះ លោក ខៀវ សុភ័គ ស្នើ​បុគ្គល​ផ្ទាល់​ប្ដឹង​មក​សមត្ថកិច្ច។ លោកថា បើ​គ្រាន់​តែ​ប្រាប់​អ្នកកាសែត សមត្ថកិច្ច​មិន​អាច​យក​ធ្វើ​ជា​មូលដ្ឋាន​បាន​ទេ៖ «»។

សីលវតី សំ គង់ ចោទ​ប្រកាន់​ថាការ​សុគត​របស់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន គឺ​ទាក់ទង​នឹង​ការ​ចាក់​ថ្នាំនោះ។ ទោះយ៉ាងណាក្តី ដូនជី​បញ្ជាក់​ថាចាប់​តាំង​ពី​ជិត​១៤​ឆ្នាំ​មុនមក​ដល់​ពេល​នេះ ដូនជី មិន​បាន​ប្ដឹង​ផ្ដល់​អ្នកណា​ទាំងអស់ដោយ​គិត​ថានេះ​ជា​កម្មផល​របស់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន។

ក្រុម​សាច់ញាតិ​ព្រះតេជព្រះគុណ សំ ប៊ុនធឿន និង​ព្រះសង្ឃ​សម្រេច​នឹង​បូជា​ព្រះសព នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ បន្ទាប់​ពី​បាន​តម្កល់​ទុក​អស់​រយៈពេល​ជិត១៤​ឆ្នាំ។ ទាក់ទង​នឹង​ពិធី​បូជា​ព្រះ​សព​នេះ បងប្អូន​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ព្រះសង្ឃ និង​សិស្សគណ​របស់​ព្រះអង្គ រៀបចំធ្វើ​នៅក្នុងទីធ្លា ពុទ្ធមណ្ឌល​វិបស្សនា​ធុរៈ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ជា​ទី​តម្កល់​ព្រះ​សព​របស់​ព្រះអង្គ។ ពិធី​នេះ មាន​រយៈពេល​បួន​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី១ ដល់​ថ្ងៃ​ទី០៤ ខែ​ធ្នូ ដែល​គ្រោង​ឲ្យ​មាន​អ្នក​ចូលរួម​ជាង​ពីរ​ម៉ឺន​នាក់ ក្នុង​នោះ​ព្រះសង្ឃ​ប្រមាណ​៣ពាន់​អង្គ។

មនុស្ស​មួយ​ចំនួន​ដែល​អាស៊ីសេរី បាន​សម្ភាស រួមមាន៖ សីលវតី សំ គង់ ដែល​ជា​បងស្រី របស់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ព្រះតេជព្រះគុណ ហ៊ឹម ប៊ុនធឿន សាសមុនី ព្រះ​ប្រធាន​ពុទ្ធ​មណ្ឌល​វិបស្ស​នាធុរៈ សិស្ស​ព្រះតេជព្រះគុណ សំ ប៊ុនធឿន គ្រូ​ធម្មាចារ្យ ឡេង គឹមឡុង និង​ពលរដ្ឋ​មួយ​ចំនួន ថ្លែង​ស្រដៀងៗ​គ្នាថា ពួកគាត់​មិន​ប្រឆាំង​ការ​បូជា​ព្រះ​សព​នេះ​ទេ។

សីលវតី សំ គង់ ឲ្យ​អាស៊ីសេរី​ដឹង​ថា លោកស្រី​ជា​អ្នក​ស្នើ​សុំ​ឲ្យ​បូជា​ព្រះ​សព​ប្អូន​លោកស្រី ដោយ​លោកស្រី យល់​ថា ដើម្បី​ព្រះទ័យ​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ព្រះអង្គ​បាន​ផ្ដាំ​ឲ្យ​សាងសង់​ចេតិយ​មួយ​នៅ​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ​នេះ ដើម្បី​តម្កល់​ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ។ «សំឡេង»

ព្រះតេជព្រះគុណ ហ៊ឹម ប៊ុនធឿន សាសមុនី ព្រះ​ប្រធាន​ពុទ្ធ​មណ្ឌល​វិបស្ស​នាធុរៈ មាន​ថេរដីកា​ឲ្យ​ដឹង​ថា ការ​សម្រេច​បូជា​ព្រះសព ព្រោះ​លិខិត​សំណើ​របស់ សីលវតី សំ គង់ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ទើប​ពុទ្ធ​មណ្ឌល​ដាក់​សំណើ​នេះ​ទៅ​ថ្វាយ​គណៈសង្ឃនាយក ហើយ​ក៏​ទទួល​បាន​ការ​ព្រមព្រៀង​នោះ៖ «»។

ព្រះអង្គ​ឲ្យ​ដឹង​ថា ថ្ងៃទី១នៃ​ពិធីបុណ្យ មាន​ការ​បង្ហែ​ព្រះ​សព​ជុំវិញ​ភ្នំ​ព្រះរាជទ្រព្យ បន្ទាប់​មក​ទើប​លើក​មឈូស​ដាក់​លើ​ព្រះ​មេរុ​ត្រៀម​បូជា។ នៅ​ថ្ងៃ​ទី​២ ចម្រើន​ព្រះបរិត្ត សំដែង​ធម្មទេសនា និង​កម្មវិធី​សមាធិ​រួម ថ្ងៃទី៣ ជា​ថ្ងៃ​បូជា​ព្រះ​សព​ដែល​មាន​សម្ដេច​ព្រះសង្ឃរាជាធិតី ទេព វង្ស ប្រទាន​ព្រះភ្លើង ថ្ងៃទី៤ ដែល​ជា​ថ្ងៃ​បញ្ចប់ ពេល​ព្រឹក​ជា​ពិធី​រើស​អដ្ឋិធាតុ ហើយ​រាប់បាត្រ​ព្រះ​សង្ឃ​ចំនួន​៣. ០០០អង្គ ជា​កិច្ច​បង្ហើយ​បុណ្យ។

ព្រះតេជព្រះគុណ សំ ប៊ុនធឿន ចាប់​កំណើត​ក្នុង​ត្រកូល​កសិករ ប្រសូត​នៅ​ថ្ងៃ១៨ ខែ​មីនា ឆ្នាំ១៩៥៧ នៅ​ភូមិ​រកាកោង ឃុំ​រកាកោង ស្រុក​មុខកំពូល ខេត្ត​កណ្តាល។ ព្រះអង្គ​រៀនពូកែ​តាំង​ពី​កុមារភាព​មកម៉្លះ រហូត​គ្រូ​ឲ្យ​រៀន​ផ្លោះ​ថ្នាក់។ ព្រះអង្គ​ចូល​សាង​ព្រះ​ផ្នូស នៅឆ្នាំ១៩៧៩ ក្នុង​ព្រះជន្ម​២៤ព្រះវស្សា។

ព្រះអង្គ​មាន​ថេរដីកា ក្នុង​អំឡុង​ព្រះជន្ម៤៤ ព្រះវស្សា ពេល​ធ្វើ​ធម្មទេសនា​មួយ​ថា ស្បងចី​ពរគឺ​ជា​សម្លៀក​បំពាក់​ចុងក្រោយ​របស់​ព្រះអង្គ។ ព្រះអង្គ​បន្ត​ថា ក្នុង​សម័យ​រដ្ឋកម្ពុជា ដោយសារ​បញ្ហា​ប្រទេស ព្រះអង្គ​តែង​តែ​ត្រូវ​គេ​បង្ខំ​ឲ្យ​សឹក​ប៉ុន្តែ ព្រះអង្គ​តែង​បដិសេធ និង​ភៀស​ព្រះ​កាយ​ពី​វត្ត​មួយ​ទៅ​វត្ត​មួយ ចាប់​ពី​ពេល​នោះ​មក គ្មាន​អ្វី​ជា​ឧបសគ្គ​របស់​ព្រះអង្គ​ក្នុង​ការ​បួស​រៀន​ទេ៖ «»។

នៅ​ឆ្នាំ​១៩៩៦ ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​ព្រះធម្មវិបស្សនា អធិបតី​មជ្ឈមណ្ឌល​វិបស្សនា​ធុរៈ ដែល​មាន​ទីស្នាក់ការ​នៅ​វត្ត​នន្ទមុនី សង្កាត់​ស្ទឹងមានជ័យ។ ពេល​នោះ​ហើយ​ដែល​ព្រះអង្គ​បាន​រៀបរៀង ចងក្រង និង​និពន្ធ​សៀវភៅ​ប្រមាណ​១៥ក្បាល រួម​មាន៖ សមថ និង​វិបស្សនា​កម្មដ្ឋាន សីលកថា សង្ខេប គោលធម៌ពី​ថ្នាក់​បឋម ដល់​ថ្នាក់​ឧត្ដម និង​សៀវភៅ​ជា​ច្រើន​ទៀត ដោយ​ការ​បំពេញ​ការងារ បង្រៀន​ផង និង​សរសេរ​សៀវភៅ​ផង ធ្វើ​ឲ្យ​ព្រះតេជព្រះគុណ សំ ប៊ុនធឿន អាពាធ​ចូល​សម្រាក​ពេទ្យ អស់​រយៈ​ពេល​បី​ឆ្នាំ៖ «»។

សីលវតី សំ គង់ ដែល​ជា​បងស្រី របស់​ព្រះតេជព្រះគុណ សំ ប៊ុនធឿន ប្រាប់​ថា កាល​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប្អូនប្រុស​របស់​លោកស្រី បាន​ប្រាប់​លោកស្រី​ថា បើ​ប្រទេស​កម្ពុជា មាន​ព្រះ​ពុទ្ធសាសនា​ឡើង​វិញ ព្រះអង្គ​នឹង​បួស​ជា​សង្ឃ​អស់​មួយ​ជីវិត មិន​យក​ប្រពន្ធ​កូន​ឡើយ។ លោក​ស្រី ថា ព្រះអង្គ​មាន​និស្ស័យ​ជាមួយ​ព្រះពុទ្ធសាសនា​តាំង​ពី​ក្មេង​មក​ម្ល៉េះ។៖ «»។

ទាក់ទង​នឹង​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ និង​ការ​ថ្លែង​របស់​ព្រះអង្គ​កាល​ពី​នៅ​មាន​ព្រះជន្ម បង្ហាញ​ថា ព្រះ​អង្គ​បាន​ដឹកនាំ​កសាង វត្ត​ពាមមង្គល វត្ត​សុវណ្ណវតី វត្ត​នន្ទមុនី និង​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ។

ព្រះអង្គ​បាន​បណ្តុះបណ្តាល និង​អប់រំ​គ្រូ​បង្គោល និង​សិក្ខាកាម ចំនួន​២.៤១០នាក់ ព្រមទាំង​បាន​និពន្ធ​ចង​ក្រង​សៀវភៅ​ជាច្រើន​ក្បាល។

ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០១ ព្រះ​អង្គ​ត្រូវ​បាន​តែង​តាំង​ដំឡើង​សមណៈ​ស័ក្ដិ ជា​បន្ត​បន្ទាប់ ក្នុង​នោះ ព្រះអង្គ​មាន​ឋានៈ និង​តួនាទី​ជា​ព្រះ​ធម្មវិបស្សនា អធិបតី​មជ្ឈមណ្ឌល​វិបស្សនាធុរៈ ដែល​មាន​ទី​ស្នាក់​ការ​នៅ​វត្ត​នន្ទមុនី និង​ជា​គ្រូឧបជ្ឈាសម្រាប់​បំបួស​កុលបុត្រ។ ព្រះអង្គ​ជា​សង្ឃល្បី​ពូកែ​ផ្នែក​វិបស្សនា​ដែល​ជា​ធម៌​ស្ងប់ស្ងាត់ដែល​វិជ្ជា​ការ នេះ​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់ ប្រាស​ចាក​នូវ លោភៈ ទោសៈ និង​មោហៈ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។