អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​ដំឡើង​ឋានន្តរសក្ដិ​ឱ្យ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ដោយ ប្រាជ្ញ ចេវ
2024.06.15
អ្នកឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​ដំឡើង​ឋានន្តរសក្ដិ​ឱ្យ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ថ្លែង​ទៅ​កាន់​ក្រុម​យុវជន​ក្នុង​កម្មវិធី​ប្រកាស​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់​លោក កឹម សុខា ជាមួយ​ស្រី​កំណាន់ កាលពី​ថ្ងៃ​ទី​២៤ មីនា ឆ្នាំ​២០១៦។
RFA

សកម្មជន និង​អ្នកឃ្លាំមើល​រិះគន់​ថា ការដំឡើង​ឋានន្តរសក្ដិ​ឱ្យ​មន្ត្រី​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺជា​ការ​ផ្ដល់​គុណសម្បត្តិ តែ​ទៅលើ​អតីតភាព​ការងារ ដោយ​មិន​ផ្ដោត​លើ​ប្រសិទ្ធភាព​ការងារ និង​តួនាទី​របស់​ស្ថាប័ន​ឡើយ។ ការ​រិះគន់​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេច​ដំឡើង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាង ១០០​នាក់។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ហៅ អាឡិច ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ ខែមិថុនា ថា ការដំឡើង​ថ្នាក់ និង​ឋានន្តរសក្ដិ ដល់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​ចង្កោម​បែបនេះ ហាក់​មិន​សមាមាត្រ​ទៅ​នឹង​ប្រសិទ្ធភាព ដែល​ស្ថាប័ន​មួយ​នេះ សម្រេច​បាន​នោះ​ឡើយ​។ លោក​លើកឡើង​ថា ការ​ដំឡើង​ឋានន្តរសក្ដិ​នេះ គួរតែ​ផ្ដល់​ឱ្យ​ចំពោះ​មន្ត្រី​រូប​ណា ដែល​មាន​ស្នាដៃ​បកអាក្រាត​ករណី​អំពើពុករលួយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់ និង​អ្នក​មាន​អំណាច​ជាដើម។

លោក អាឡិច៖ «អ៊ីចឹង​ដំណោះស្រាយ​ត្រូវ​បង្កើត​ឡើងវិញ ត្រូវ​រំលាយ​អង្គភាព​បច្ចុប្បន្ន​នេះ​ដែល​ជា​អង្គភាព​ក្រុម​ចាប់​ជំរិត​អី​ជាដើម ឧក្រិដ្ឋជន​ហ្នឹង ត្រូវ​រំលាយ ហើយ​ត្រូវ​បង្កើត​ថ្មី​ដោយមាន​យន្តការ​ដាច់ដោយឡែក ឯករាជ្យ សេចក្ដីក្លាហាន ជាមួយនឹង​គុណភាព​។ បើសិនជា​មិន​ធ្វើ​អ៊ីចឹង​ទេ កាលណា​បន្ត ACU ដូច​សព្វថ្ងៃ​នេះ គ្រាន់តែ​ជា​ការ​ចំណាយ​ថវិកាជាតិ​ឥតប្រយោជន៍ និង​គ្រាន់តែ​ពង្រឹង​យន្តការ​ទុច្ចរិត»

ការ​លើកឡើង​របស់​សកម្មជន​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​១៣ ខែ​ឧសភា បាន​សម្រេច​ដំឡើង​ឋានន្តរសក្ដិ​ប្រចាំឆ្នាំ ដល់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចំនួន ៩៧​រូប ឱ្យ​ឡើង​ទៅ​ថ្នាក់​លេខ​១ និង​វរមន្ត្រី​ថ្នាក់​លេខ​៤​។ ដោយឡែក ព្រះរាជក្រឹត្យ​មួយទៀត ចុះ​ថ្ងៃទី​១៦ ខែ​ឧសភា បាន​ដំឡើង​ថ្នាក់ និង​ឋានន្តរសក្ដិ​ប្រចាំឆ្នាំ ដល់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល ចំនួន​៤៦​រូប បន្ថែម​ទៀត ឱ្យ​ឡើង​ជា​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​១ រហូត​ដល់​ថ្នាក់​លេខ៦។

ទោះជា​បែបនេះ​ក្ដី កន្លងមក​អ្នកឃ្លាំមើល រិះគន់ អង្គភាព​ប្រឆាំង​អំពើពុករលួយ នេះ​ថា​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន ក្នុង​នោះ​មន្ត្រីជាន់ខ្ពស់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ មួយ​ចំនួន ថែមទាំង​មានឈ្មោះ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ប្រព្រឹត្តិ​អំពើពុករលួយ​ដោយ​ខ្លួនឯង ថែមទៀត​។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០១៦ កូនប្រុស​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ពីរ​នាក់ គឺ​លោក យ៉ិនទៀង ពុទ្ធិរិទ្ធ និង លោក យ៉ិនទៀង ពុទ្ធិរ៉ា ត្រូវ​បានតែងតាំង​ជា​ជំនួយការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ឋានៈ​ស្មើនឹង​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក នៅក្នុង​ស្ថាប័ន​របស់​ឪពុក​ខ្លួន។

ដោយឡែក ករណី​ពុករលួយ​មួយទៀត នោះ​គឺ អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ស៊ាន បូរ៉ាត កំពុង​រង​នូវ​ការ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​លុយ​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធី (Brilliant City) របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្រោយ​បែកធ្លាយ​រូបថត​ស្និទ្ធស្នាល​ជាមួយគ្នា​ជាច្រើន​សន្លឹក នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា។

ទាក់ទិន​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការសិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ប្រសិទ្ធភាព​ការងារ របស់​ACU ហាក់​មិនទាន់​ឆ្លើយតប ទៅ​នឹង​ការ​រក​ឃើញ និង​ការវាយតម្លៃ​របស់​ស្ថាប័ន​អន្តរជាតិ អំពី​ចំណាត់ថ្នាក់ នៃ​អំពើពុករលួយ​នៅ​កម្ពុជា នោះ​ទេ។

លោក សេក សុជាតិ ៖ «ចំណុច​ដែល​ខ្ញុំ​ចង់​ឃើញ​ខ្លាំង​ជាង​គេ​បំផុត គឺ​ស្ថាប័ន​នេះ​មាន​ភាព​ឯករាជ្យ​។ ហើយ​ប្រសិនបើ​ស្ថាប័ន​នេះ ក្លាយជា​ស្ថាប័ន​ឯករាជ្យ ខ្ញុំ​ជឿជាក់​ថា បញ្ហា​អំពើពុករលួយ​នៅ​កម្ពុជា អាច​នឹង​ទប់ស្កាត់​បាន​ច្រើន​។ ក៏ប៉ុន្តែ​ប្រសិនបើ​ស្ថាប័ន​នេះ មិនទាន់​មាន​ភាព​ឯករាជ្យ​ពេញ​លេញ​ទេ ហើយ​នៅ​ច្របូកច្របល់​ជាមួយនឹង​នយោបាយ អ៊ីចឹង​ខ្ញុំ​នៅតែ​យល់​ឃើញ​ថា បញ្ហា​ទាំងអស់​នេះ វា​នៅតែ​ជា​បញ្ហា ដែល​ពិបាក​នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​អំពើពុករលួយ​នៅ​កម្ពុជា​ណាស់»

នៅ​ឆ្នាំ​២០២៤ នេះ រដ្ឋាភិបាល បាន​អនុម័ត ផ្ដល់​ថវិកា​ចំណាយ​ចរន្ត​ចំនួន​ជាង ៥​ម៉ឺន​លាន​រៀល​(៥២.៥៤៩) ឬ​ស្មើនឹង​ជាង ១២​លាន ៧​សែន​ដុល្លារ ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​លុបបំបាត់​អំពើពុករលួយ​នៅ​កម្ពុជា ផង​ដែរ។

របាយការណ៍ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ក្នុង​ឆ្នាំ​២០២៣ បង្ហាញថា កម្ពុជា​ទទួល​បាន​ពិន្ទុ​២២ ដោយ​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​ទី​១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០​។ ចំណាត់​នេះ​ទាប​ជាង​ឆ្នាំ​២០២២ ដែល​កម្ពុជា​ជាប់​លេខ ១៥០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។