អ្នក​ឃ្លាំមើល​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​មាន​ចំនួន​ច្រើន

0:00 / 0:00

ទោះ​បីជា​អាជ្ញាធរ​អះ​អាង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ២០២៤ ថយ​ចុះ​ជាង ១៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​​ឆ្នាំ២០២៣ក៏ដោយ អ្នក​ឃ្លាំមើល​ថា គ្រោះថ្នាក់​ចរាចរណ៍​ដល់​ជាង ១៥០០​នាក់​ក្នុង​មួយ​ឆ្នាំ នៅ​តែ​ជា​បញ្ហា​ធំ​ក្នុង​សង្គម​កម្ពុជា និង​ចង់​ឃើញ​រដ្ឋាភិបាល បង្ហាញ​វិធាន​ការ​ទប់ស្កាត់ ឱ្យ​មាន​ប្រសិទ្ធភាព ជា​ជាង​ប្រឹង​អួត​ពី​តួ​លេខ​អ្នក​ស្លាប់​ធ្លាក់​ចុះ។

អ្នក​ឃ្លាំមើល​សង្គម នៅ​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​នៅ​តែ​មាន​ ពលរដ្ឋ​ស្លាប់​ច្រើន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត​និង​ការ​សិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៦ ខែ​មករា​ថា ការ​បាត់​បង់​ជីវិត​ពលរដ្ឋ​ជាង ១.៥០០នាក់​ក្នុង​ឆ្នាំ២០២៤ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តែ​ជា​ចំនួន​ច្រើន ទោះបី​ជា​មាន​ការ​ថយ​ចុះ​ខ្លះ ធៀប​នឹង​ឆ្នាំ២០២៣ក៏​ដោយ។ លោក​ថា នេះ​ជា​ការ​ខាត​បង់​ធំ​សម្រាប់​ជាតិ ទាំង​បាត់​បង់​ធនធាន​មនុស្ស និង ខូច​ខាត​លុយ​សន្ធឹក​សន្ធាប់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ផ្សេង​ៗពី​គ្រោះថ្នាក់​ចរាចរណ៍ ដូច​ជា​ការ​បង់​ខាត​ចំណាយ​ថែ​ទាំ​អ្នក​របួស ការ​ខូច​ខាត​មធ្យោបាយ​ធ្វើ​ដំណើរ និង​ ការ​ចំណាយ​លើ​ប្រព័ន្ធ​ពង្រឹង​ចរាចរណ៍​របស់​រដ្ឋ​ជា​ដើម។

លោក សេក សុជាតិ កត់​សម្គាល់​ថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​នៅ​តែ​ជា​បញ្ហា​ធំ បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន រួម​មាន រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ដែល​មិន​សម​ស្រប​នឹង​ ស្តង់ដារ​ចរាចរណ៍ បញ្ហា​យានយន្ត ខ្វះ​ការ​យល់​ដឹង​ច្បាប់​នៃ​អ្នក​បើក​បរ ការ​ធ្វេស​ ប្រហែស​របស់​អ្នក​បើក​បរ ការ​អាង​បក្ខពួក​អន្តរាគមន៍ និង​កត្តា​គ្រឿង​ស្រវឹង។

លោក សេក សុជាតិ ៖ «អ្នក​ដែល​ស្រវឹង​គឺ​បើក​បរ​មាន​លក្ខណៈ​មួយ ខ្លាំង​ក្លា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​អ្នក​ដទៃ ហើយ​ធ្វើ​ឱ្យ​មាន​ការ​ស្លាប់ និង​របួស​ធ្ងន់។ កត្តា​ទាំងអស់​ហ្នឹង ដើម្បី​កាត់​បន្ថយ គឺ​មាន​តែ​លុប​បំបាត់​ចោល​នូវ​វប្បធម៌​អន្តរាគមន៍ ហើយ​យើង​អ្នក​ដែល​មាន​លុយ អ្នក​មាន​ឥទ្ធិពល​និង​អំណាច​មួយ​ចំនួន គឺ​គាត់​អាង​លុយ គាត់​អាច​ប្រើ​ប្រាស់​លុយ ដើម្បី​ដោះ​បន្ទុក ​ទៅ​ការ​បង្ក​គ្រោះថ្នាក់​ទៅ​ដង​ផ្លូវ»។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ២០២៤ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ ចេញ​ផ្សាយ​ក្នុង​ខែ​មករា ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ២០២៤ កើត​ឡើង​ជាង ២៨០០លើក (២.៨៤៤លើក) ដែល​បង្ក​ឱ្យ​មាន​អ្នក​រងគ្រោះ​ចំនួន​ជាង ៥.២០០ នាក់ (៥.២២៩នាក់) ដោយ​រាប់​សរុប​ទាំង​អ្នក​ស្លាប់ អ្នក​របួស​ធ្ងន់ និង​អ្នក​របួស​ស្រាល។ របាយការណ៍​នេះ ឱ្យ​ដឹង​ថា អ្នក​ស្លាប់​មាន​ចំនួន​ជាង ១.៥០០នាក់ (១.៥០៩នាក់) ថយ​ចុះ៨១នាក់​ធៀប​នឹង​ឆ្នាំ២០២៣ ខណៈ​អ្នក​រង​របួស​ធ្ងន់​មាន​ ជាង ២.២០០នាក់ (២.២៧៣នាក់) និង​អ្នក​របួស​ស្រាល ជាង ១.៤០០នាក់ (១.៤៤៧ នាក់)។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បង្ហាញ​ថា កត្តា​ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ដោយសារ​ការ​បើក​បរ​លើស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព​ ការ​មិន​ប្រកាន់​ស្រាំ ការ​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ការ​បើក​បរ​ក្នុង​ស្ថានភាព​ ស្រវឹង និង​ការ​មិន​គោរព​សញ្ញា​ចរាចរណ៍​ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​លោក ផន រឹម អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន និង​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ទេ​ នៅ​ថ្ងៃទី២៦ ខែ​មករា ទាក់ទង​នឹង​ផែនការ​បន្ត​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ២០២៥។

យ៉ាងណា នៅ​លើ​គេហទំព័រ​ក្រសួង​មហាផ្ទៃ អ្នកនាំពាក្យ​រង​ក្រសួង​នេះ​លោក ទូច សុឃៈ ហាក់​បាន​បង្ហាញ​ពី​ការ​កោត​សរសើរ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ចំពោះ​លទ្ធផល​ថយ​គ្រោះថ្នាក់​ចរាចរណ៍​តិច​តួច​នេះ។ លោក ទូច សុឃៈ បាន​លើក​ឡើង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៦ ខែ​មករា​ថា ការ​ថយ​ចុះ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ២០២៤ នៅ​មិន​ទាន់​យក​ជា​ការ​បាន​នៅ​ឡើយ​ទេ ពីព្រោះ​ចំនួន​អ្នក​រងគ្រោះ នៅ​តែ​ច្រើន​ទាំង​ក្នុង​ឆ្នាំ​២០២៤ និង​ដើម​ឆ្នាំ២០២៥។ លោក​ថា អត្រា​ថយ​ចុះ​គ្រោះ​ថ្នាក់​នេះ គឺ​ជា​ជោគជ័យ​កម្រិត​តូច​នៅ​ឡើយ ហើយ​លោក​បារម្ភ​អំពី​ផល​ប៉ះពាល់​ដោយសារ​កត្តា​មួយ​ចំនួន ដូចជា ការ​មិន​អនុវត្ត​ច្បាប់​តឹង​រឹង​នៅ​លើ​ដង​ផ្លូវ និង​ការ​ផ្ដល់​ប័ណ្ណ​បើក​បរ​ដល់​អ្នក​បើក​បរ​ខ្លះ ដែល​មិន​បាន​ឆ្លង​កាត់​សាលា​បើក​បរ​ត្រឹមត្រូវ​ជា​ដើម។

លោក​បណ្ឌិត មាស នី៖ «ពិនិត្យ​មើល​ប័ណ្ណ​បើក​បរ ជា​រឿង​សំខាន់ ថា​តើ​នឹង​មាន​ចូល​សាលា​ត្រឹមត្រូវ​ទេ មាន​ប័ណ្ណ​បើក​បរ​ពេល​ដែល​មក​កាន់​ចង្កូត​ឡាន ជូន​កាល​គ្រោះថ្នាក់​មួយ​ទៀត ក៏​អាច​បណ្ដា​មក​ពី​កត្តា​យានយន្ត យានយន្ត​ខ្លះ​មិន​បាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ មក​ឡើង​លើ​ផ្លូវ ក៏​អាច​បង្ក​គ្រោះថ្នាក់​មក​លើ​អ្នក​ដទៃ​ដែរ។ ល្បឿន​ក៏​អ៊ីចឹង​ដែរ ពេល​ខ្លះ​ខ្ញុំ​ឃើញ​តាម​ផ្លូវ បើ​ល្បឿន​គេ​ឱ្យ​បើក ៩០ ដូច​ជា ពាក្យ​មួយ​ចំនួន​យើង​ឃើញ​ដូច​មិន ៩០ ទេ បើក ១២០ ទៅ១៣០ បើ​មាន​បញ្ហា​អី​កើត​គ្មាន​អ្នក​ណា​ជួយ​គាត់​ទាន់​ទេ»។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក ប៉េង ពោធិ៍នា បាន​ប៉ាន់​ ប្រមាណ​ថា គ្រោះថ្នាក់​ចរាចរណ៍ ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ខាត​បង់​ថវិកា​ក្នុង​មួយ​ឆ្នាំៗ ជិត ៥០០​លាន​ដុល្លារ ដោយ​មិន​គិត​ពី​ផល​លំបាក​សង្គម​ផ្សេង​ទៀត ដូចជា ការ​បន្សល់​ទុក​នូវ​ពិការ​ភាព កុមារ​កំព្រា និង​ស្ត្រី​មេម៉ាយ រួម​ទាំង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​មួយ​ចំនួន ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ក្រីក្រ។ រីឯ​ការ​សិក្សា​របស់​អង្គការ UNDP កាលពី​ឆ្នាំ២០២៣ បាន​ឱ្យ​ដឹង​ថា ការ​ខូច​ខាត​សរុប​ពី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស សត្វ និង​ខូចខាត​ទ្រព្យ​សម្បត្តិ ដែល​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា​ជាតិ​ប្រមាណ ៥០០លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។