អង្គការ​មួយ​នៅ​ប្រទេស​ថៃ​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩

0:00 / 0:00

អង្គការ​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ​ហៅ​កាត់​ថា អ៊ិល.ភី.អ៊ិន (LPN) នៅ​ប្រទេស​ថៃ​បាន​ជួយ​សម្រួល​ដល់​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​នៅ​តំបន់​ទីក្រុង​បាងកក​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩។ អង្គការ​នេះ​បន្ត​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំង​ឡាយ​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​អាច​ទាក់ទង​ទៅ​មន្ត្រី​របស់​ខ្លួន​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង។

​​​​​​​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ពលករ​បរទេស​នៅ​ប្រទេស​ថៃ ថ្លែង​ថា​ ចាប់​តាំង​ពី​ខែ​សីហា​រហូត​មក អង្គការ​នេះ​បាន​ជួយ​ដល់​ពលករ​ខ្មែរ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ១៩ បាន​ជាង ១ពាន់​នាក់​ហើយ។ អង្គការ​នេះ​អាច​ជួយ​ការ​ចាក់​វ៉ាក់សាំង ចំពោះ​ពលករ​ខ្មែរ​ដែល​រស់​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ជុំ​វិញ​ប៉ុណ្ណោះ។ ប្រសិន​បើ​ពលករ​ណា​មិន​ទាន់​ចាក់​វ៉ាក់សាំង ពួក​គេ​អាច​ទាក់ទង​ទៅ​តំណាង​អង្គការ​អ៊ិល.ភី.អ៊ិន (LPN) តាម​លេខ​ទូរស័ព្ទ ០៦១ ២៤៤ ១៥៥០ និង ០៩៤ ៣៣៦ ២៦១៥ ដើម្បី​ឱ្យ​ជួយ​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ដោយ​ឥត​គិត​ប្រាក់។

មន្ត្រី​អង្គការ​មូលនិធិ​បណ្ដាញ​លើក​កម្ពស់​គុណភាព​ជីវិត​ពលករ លោក ទិត្យ ផល្លា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៧ កញ្ញា​ថា គោល​បំណង​នៃ​ការ​ជួយ​ពលករ​នេះ ដើម្បី​ជួយ​ឱ្យ​ពលករ​ខ្មែរ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ១៩ ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​ពួក​គេ​បាន​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ប្រកប​ដោយ​សុវត្ថិភាព។ មន្ត្រី​សង្គម​ស៊ីវិល​រូប​បញ្ជាក់​ថា ឯកសារ​ដែល​ពលករ​ភ្ជាប់​មក​ជា​មួយ ដើម្បី​សុំ​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង រួម​មាន លិខិត​ឆ្លងដែន ឬ​កាត​ពណ៌​ស៊ី​ជម្ពូ និង​ប័ណ្ណ​សំគាល់​ខ្លួន​ផ្សេងៗ ដែល​ចេញ​ដោយ​ថៅកែ​ថៃ៖ «ខាង​អង្គការ​សំឡឹង​ឃើញ​ថា ជា​សិទ្ធិ​របស់​ពលករ​មួយ ដែល​គាត់​ត្រូវ​តែ​មាន ត្រូវ​តែ​បាន​ចាក់​វ៉ាក់សាំង។ អ៊ីចឹង​ហើយ​ក្នុង​នាម​ខ្ញុំ​ជា​តំណាង​ឱ្យ​ខាង​មូលនិធិ ក៏​ខ្ញុំ​ខំ​ខ្នះខ្នែង ដើម្បី​ពន្យល់​ឱ្យ​ពួកគាត់​ថត​មុខ​ឯកសារ​អី​មក​ ដាក់​លេខ​ទូរស័ព្ទ ដើម្បី​ដក់​ចូល​ទៅ​ឱ្យ​បាន​ចាក់​វ៉ាក់សាំង​ទាំង​អស់​គ្នា ព្រោះ​យើង​ឃើញ​ថា​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ថៃ វា​កំពុង​តែ​ផ្ទុះ​ខ្លាំង​អីចឹង​ហើយ គេ​សង្កត់​ធ្ងន់​ឱ្យ​យើង​ហ្នឹង​មាន​ការ​ចាក់​វ៉ាក់សាំង »

កន្លង​មក​មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​​ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ថៃ ប៉ុន្តែ​ពួក​គេ​ពុំ​ដឹង​ទៅ​ទាក់ទង​នៅ​ស្ថាប័ន​ណា​ដើម្បី​បាន​ចាក់​វ៉ាក់សាំង​នោះ​ទេ។

ពលករ​ខ្មែរ​ម្នាក់​ធ្វើ​ការ​រោងចក្រ​គ្រឿង​អគ្គិសនី​នៅ​ខេត្ត​សាមុត​ប្រាកាណ (Samuth Prakan) លោក ជួន ឌឿន ថ្លែង​ថា ពលករ​ខ្មែរ​ធ្វើ​ការ​ជា​មួយ​លោក​ប្រមាណ២០ មិន​ទាន់​ចាក់​វ៉ាក់​ការពារ​ជំងឺ​កូវីដ​នៅ​ឡើយ​ទេ។ ពលករ​វ័យ ៣៧ឆ្នាំ​រូប​នេះ បញ្ជាក់​ថា ​ពួកគេ​បាន​ស្វែង​រក​ចាក់​វ៉ាក់សាំង​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​រក​មិន​បាន​ចាក់​នោះ​ទេ៖ «កន្លែង​ខ្ញុំ​អត់​មាន​អ្នក​ណា​គេ​ប្រាប់​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​ណា​ផង​។គេ​ថា ​ទាល់​តែ​យើង​មាន​ឯកសារ​គ្រប់​គ្រាន់​បាន​យើង​មាន​ទៅ​ចុះ​ឈ្មោះ​បាន មិន​មាន​អ្នក​ណា​គេ​ប្រាប់​ទៅ​ចាក់​នៅ​កន្លែង​ណា​កន្លែង​ណី​អត់​មាន​ទេ។ ខ្ញុំ​ចង់​ចាក់​ប៉ុន្តែ​មិន​ដឹង​ទៅ​រក​​នៅ​កន្លែង​ណា​ទៅ​ចុះ​កន្លែង​ណា​ចាក់​វ៉ាក់សាំង »

ជុំ​វិញ​រឿង​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៧ កញ្ញា។

ពលករ​ខ្មែរ​ធ្វើ​ការ​សំណង់​នៅ​ទីក្រុង​បាងកក លោក ឆន សុខឿន ប្រាប់​ថា នៅ​កន្លែង​ធ្វើ​ការ​របស់​លោក​មាន​ពលករ​ខ្មែរ​ប្រមាណ ៥០នាក់​មិន​ទាន់​ចាក់​វ៉ាក់​សាំង​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ពួក​លោក​ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ព្រោះ​លោក​ព្រួយបារម្ភ​ពី​សុវត្ថិភាព ដោយសារ​នៅ​កន្លែង​ពួក​លោក​ធ្វើ​ការ​ជា​តំបន់​​​ដែល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​ខ្លាំង៖ «បើ​ជា​មាន​អ៊ីចឹង​មែន គឺ​ល្អ​មែន​ទែន ដោយសារ​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​​គាត់​មិន​សូវ​មាន​សមត្ថភាព ហើយ​អត់​បាន​ចាក់​ ដោយសារ​គាត់​ខ្លាច​ចាក់​ទៅ​គេ​យក​ប្រាក់ ព្រោះ​យើង​អត់​មាន​ខ្សែ​រយៈ​ក្នុង​ការ​ចុះ​ឈ្មោះ ឬ​ក៏​យើង​អត់​ដឹង។ ខ្ញុំ​សង្ឃឹម​ថា​អង្គការ​នេះ​គាត់​ជួយ​ដល់​ពលករ​ខ្មែរ​ជា​ច្រើន​ដែល​មិន​ទាន់​បាន​ចាក់ ឱ្យ​គាត់​បាន​ចាក់​គ្រប់​គ្នា ដើម្បី​ឱ្យ​មាន​សុវត្ថិភាព ខ្ញុំ​ក៏​ត្រេក​អរ​ណាស់ ដែល​​ទទួល​បាន​ព័ត៌មាន​ថា មាន​អង្គការ​ជួយ​ដល់​ពលករ​ខ្មែរ »

របាយការណ៍​អង្គការ​សង់​ត្រាល់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់​និង​មិន​ស្រប​ច្បាប់​ជិត ២លាន​នាក់ (២.០០០.០០០) ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ។

ក្នុង​ចំណោម​នោះ​គិត​ត្រឹម​ថ្ងៃ​ទី៦ ខែ​កញ្ញា​ក្រសួងសុខាភិបាល​ថៃ​បាន​រក​ឃើញ​ពលករ​ខ្មែរ​ជាង ២ម៉ឺន​៣ពាន់​នាក់ (២៣.២១១) ឆ្លង​ជំងឺ​កូវីដ​។

មន្ត្រី​អង្គការ​អ៊ិលភីអ៊ិន លោក ទិត្យ ផល្លា ជឿ​ថា រហូត​មក​ដល់​ពេល​នេះ មាន​ពលករ​ខ្មែរ​រាប់​សែន​នាក់​មិន​​ទាន់​បាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​ ដូច្នេះ​អង្គការ​របស់​លោក​នៅតែ​បន្ត​ជួយ​សម្រួល​ដល់​ពលករ​ ដើម្បី​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​​​​រហូត​ដល់​ចប់​គម្រោង​​ចាក់​វ៉ាក់សាំង​​​​ការពារ​ជំងឺ​កូវីដ​១៩​របស់​រដ្ឋាភិបាល​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។