មន្ត្រីនគរបាលម្នាក់ស្លាប់ និងជនជាតិចិនម្នាក់ទៀត បានរងរបួសធ្ងន់ ក្នុងហេតុការណ៍បាញ់ប្រហារដោយជនសង្ស័យមួយក្រុម បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងកើតឡើងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា។ ក្រោយពីការផ្ទុះអាវុធ ក្រុមជនសង្ស័យទាំងនោះ បានចាប់ខ្លួន អ្នករួមដំណើរម្នាក់ទៀត ឡើងរថយន្តមួយផ្សេងទៀត គេចខ្លួនចេញពីទីតាំងកន្លែងកើតហេតុ។ មន្ត្រីសង្គមស៊ីវិល ថា ករណីនេះ ជាអំពើឃោរឃៅ បង្កការភ័យខ្លាចដល់ពលរដ្ឋ។
ហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់កាលពីយប់ថ្ងៃទី ២៧ ខែសីហា បានកើតឡើងបន្ទាប់ពីរថយន្តម៉ាក ហ្វត (Ford Ranger) បានបុកជាមួយរថយន្តម៉ាក ម៉ាសេដេស (Mercedes) ក្នុងទិសដៅច្រាសទិសគ្នា នៅទីតាំងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយមានរថយន្តឡង់គ្រីស័រពណ៌ស មួយគ្រឿងទៀត ដែលជាបក្ខពួករបស់រថយន្តហ្វត បានមកឈប់ពីក្រោយ ។ ក្រុមជនសង្ស័យ បានចុះពីលើរថយន្តឡង់គ្រីស័រ ហើយបានដកកាំភ្លើងវែង ខ្លី បាញ់ប្រហារជាច្រើនគ្រាប់លើរថយន្ត ម៉ាសេដេស ដែលមានអ្នកធ្វើដំណើរចំនួន៣នាក់ បណ្ដាលឲ្យមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិម្នាក់ ឈ្មោះ គង់ វុទ្ធី ជាអ្នកបើកបររថយន្ត បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងជនជាតិចិនម្នាក់ទៀតរងរបួសធ្ងន់ ។ បន្ទាប់មកជនសង្ស័យទាំងនោះ បានចាប់ខ្លួនជនជាតិចិនម្នាក់ទៀត ដែលនៅក្នុងឡានម៉ាសេដេស ឡើងលើឡាន ឡង់គ្រីស័រ (Land Cruiser) និងបានបើកគេចខ្លួនពីទីតាំងកន្លែងកើតហេតុ។
សាក្សីមួយចំនួន នៅកន្លែងកើតហេតុ ប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់បានឮសំឡេងរថយន្តបុកគ្នា ហើយបានឃើញមនុស្ស៣នាក់ ប្រដាប់ដោយកាំភ្លើង បាញ់សំដៅលើរថយន្តម៉ាសេដេស។ ប្រភពដដែលអះអាងថា ក្រុមជនសង្ស័យបានចាប់អ្នកជិះខាងក្រោយឡានម៉ាសេដេស ឡើងលើឡាន ម៉ាកឡង់គ្រីស័រ ដែលឈប់ចាំនៅខាងក្រោយ រួចគេចចេញពីកន្លែងកើតហេតុ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២៨ ខែសីហា។
ប៉ុន្តែ លោក សំ វិច្ឆិកា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី ២៨ ខែសីហាថា ករណីបាញ់ប្រហារជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៧ ខែសីហា ជាករណីឃាតកម្ម ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ កំណត់មុខសញ្ញាក្រុមជនសង្ស័យ ដើម្បីបន្តនីតិវិធីច្បាប់។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ហេតុការណ៍បាញ់ប្រហារគ្នាលើដងផ្លូវ និងចាប់មនុស្សឡើងលើរថយន្តបែបនេះ គឺកំពុងតែបង្កភាពភ័យខ្លាចដល់ពលរដ្ឋ។ លោកស្នើដល់អាជ្ញាធរ ឲ្យចាត់វិធានការម៉ឺងម៉ាត់ចំពោះជនបង្ក និងអ្នកជាប់ពាក់ព័ន្ធ។
លោក អំ សំអាត៖ «រូបភាពនៃករណីនេះ គឺជារឿងមួយ ដែលធ្វើឲ្យមានការភ័យ ហើយនិងមានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ បើយើងមើលទ្រង់ទ្រាយនេះ វាហាក់ដូចជាមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ ព្រោះជនដែលប្រព្រឹត្តហ្នឹងមានកាំភ្លើងប្រើប្រាស់ដោយសេរីតែម្ដង នៅក្នុងការ បាញ់បោះដោយសារីបង្កឲ្យមនុស្សស្លាប់ និងរងរបួស»។
លោក អំ សំអាត ថា ហេតុការណ៍បាញ់ប្រហារនេះ ក៏បង្ហាញពីការគ្រប់គ្រងអាវុធជាតិផ្ទុះរបស់អាជ្ញាធរនៅមានកម្រិតផងដេរ។
នេះមិនមែនជាលើកទី១ទេ ដែលជនល្មើស ប្រើប្រាស់អាវុធបាញ់បោះយ៉ាងអនាធិបតេយ្យ ។ កន្លងទៅក៏មានករណីអតីតឧកញ៉ា ស្រី ស៊ីណា បានប្រើកាំភ្លើងបាញ់សម្លាប់មនុស្ស ២នាក់ ដែលត្រូវជាគូដណ្ដឹងនឹងគ្នាកាលពីចុងខែមិថុនា និងករណីបាញ់បោះដោយសេរី និងការចាប់ជំរិត ញាត់មនុស្សបញ្ចូលឡាន ជាច្រើនករណីទៀត ដែលបង្កឡើងដោយជនជាតិចិនមួយចំនួនក្នុងពេលកន្លងទៅ។
អ្នកឃ្លាំមើល លើកឡើងថា ហេតុការណ៍បាញ់បោះអានាធិបតេយ្យ ដោយមានការចាប់មនុស្សញាត់បញ្ចូលឡានបែបនេះ នឹងបង្កការភ័យខ្លាចដល់សន្តិសុខ សុវត្ថិភាពរបស់ពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
