អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតករណីជនជាតិវៀតណាមចំនួនជិត៦០ នាក់ ដែលបាននាំគ្នារត់ចេញពីកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែកញ្ញា។
សារព័ត៌មានវៀតណាម (VNExpress) ផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ដោយបង្ហាញវីដេអូខ្លីមួយដែលថតបានជនជាតិវៀតណាមជិត៦០នាក់សម្រុករត់ចេញពីកាស៊ីណូមួយស្ថិតនៅចម្ងាយប្រមាណមួយគីឡូម៉ែត្រពីច្រកព្រំដែន ម៉ុកបាយ (Moc Bai) ខេត្ត តាយនិញ (Tay ninh) នៃប្រទេសវៀតណាមកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា។
វីដេអូ ដែលថតដោយពលរដ្ឋក្នុងមូលដ្ឋានបង្ហាញទៀតថាក្រុមជនជាតិវៀតណាមបាននាំគ្នារត់ចេញពេលកំពុងភ្លៀងខ្លាំង។ វីដេអូ ដែលមានរយៈពេលប្រហែល១នាទីដដែលនោះបង្ហាញមនុស្សស្លៀកឯកសណ្ឋានមួយក្រុមទំនងជាក្រុមសន្តិសុខកាស៊ីណូបានរត់ដេញតាមពួកគេពីក្រោយតាមចាប់ពួកគេទៅវិញ។ក្រុមសន្តិសុខថែមទាំងបានវាយដំជនជាតិវៀតណាមដែលពួកគេចាប់បាន។
អាជ្ញាធរនៅខេត្តតាយនិញវៀតណាមប្រាប់សារព័ត៌មានវៀតណាមថា ជនជាតិវៀតណាមមួយក្រុមនោះមានចំនួន៥៦នាក់។ ពួកគេធ្វើការនៅក្នុងបនល្បែងនៅក្រុងបាវិត។ ប្រភពដដែលបញ្ជាក់ថា មូលហេតុដែលពួកគេនាំគ្នារត់ចេញដោយសារភាគីនិយោជករំលោភកិច្ចសន្យាការងារ។
ជនជាតិវៀតណាមដែលបានរត់ចេញមួយចំនួនបានប្រាប់សារព័ត៌មានវៀតណាម (VNExpress) ថាពួកគេត្រូវបោកប្រាសឱ្យទៅធ្វើការនៅកាស៊ីណូក្នុងប្រទេសខ្មែរកាលពី៣ខែមុន។ ពួកគេត្រូវបង្ខាំងនៅក្នុងបន្ទប់រួមដែលមានច្រកចេញចូលតែមួយនិងបង្ខំឱ្យធ្វើការ១២ម៉ោងក្នុងមួយថ្ងៃដោយមិនឱ្យចេញទៅក្រៅ។ ពួកគេថា ថៅកែ និងអ្នកគ្រប់គ្រងកាស៊ីណូនេះបានបញ្ចៀសមិនឱ្យនគរបាលអាចចូលទៅធ្វើអធិការកិច្ចក្នុងកាស៊ីណូនេះ។ជាមួយគ្នានេះពួកគេបានដំណឹងថា ថៅកែនឹងលក់ពួកគេឱ្យទៅថៅកែផ្សេងទៀតទើបពួកគេនាំគ្នារត់ចេញព្រមៗគ្នាក្នុងពេលតែមួយចេញពីអគារជាន់ទី៨។
អាជ្ញាធរវៀតណាមប្រាប់ VNExpress ទៀតថា អាជ្ញាធរកម្ពុជាបានជួលសណ្ឋាគារឱ្យអ្នកទាំង៥៦នាក់ស្នាក់នៅដើម្បីស៊ើបអង្កេត។ចំណែកអាជ្ញាធរវៀតណាមក៏បញ្ជូនមន្រ្តីពាក់ព័ន្ធចូលរួមស៊ើបអង្កេតនៅក្នុងក្រុងបាវិតនេះដែរ។
បើទោះជាយ៉ាងណា វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអាជ្ញាធរខ្មែរដើម្បីសាកសួរព័ត៌មានបន្ថែមបាននៅឡើយទេ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា។
នេះជាករណីទី២ ហើយដែលជនជាតិវៀតណាមជាច្រើននាក់នាំគ្នាសម្រុកចេញពីកាស៊ីណូនៅកម្ពុជា។ កាលពីថ្ងៃទី១៨ ខែសីហា មនុស្សជាង៤០នាក់ក្នុងនោះប្រុស៣៥នាក់បានរត់គេចខ្លួនចេញកន្លែងឃុំឃាំងនៅក្នុងកាស៊ីណូ រិចវើលដ៍ (Rich World) ឬ កាស៊ីណូ ហ្គោលដិន ហ្វ៊ីនិក (Golden Phoenix) ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ពួកគេបានហែលឆ្លងទន្លេប៊ិញឌី ត្រឡប់ទៅប្រទេសវៀតណាមវិញ។
ស្របគ្នានេះដែរអាជ្ញាធរកម្ពុជានិងវៀតណាម កាលពីថ្ងៃទី២ ខែកញ្ញា បានសហការគ្នាជួយសង្គ្រោះពលរដ្ឋវៀតណាមជាង៦០០នាក់ដែលចាញ់បោកគេមកធ្វើការនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។