អ្នក​ដើរលេង​បុណ្យអុំទូក​រិះគន់​ការ​ដំឡើង​​ថ្លៃ​ផ្ញើ​ឡាន​ម៉ូតូ​នៅ​តែ​មាន​តម្លៃ​ថ្លៃ​ដូច​រាល់ៗ​ឆ្នាំ

ដោយ មួង ណារ៉េត
2018.11.23
Share on WhatsApp
Share on WhatsApp
ផ្ញើ​កង់​ម៉ូតូ ទិដ្ឋភាព​នៅ​កន្លែង​ផ្ញើ​កង់ ម៉ូតូ មួយ​កន្លែង​នា​រាជធានី​ភ្នំពេញ។ រូបឯកសារ
Photo: RFA

ពលរដ្ឋ​ដើរ​កម្សាន្ត ក្នុង​ពិធីបុណ្យ​អុំទូក រអ៊ូរទាំ​ដូច​រាល់​ឆ្នាំ​ថា ថ្លៃ​ផ្ញើ​ម៉ូតូ​ឡាន នៅ​មាន​តម្លៃ​ខ្ពស់ ប៉ុន្តែ​មិន​ឃើញ​អាជ្ញាធរ​ចាត់វិធានការ ដោះស្រាយ​សោះ។ ពួកគេ​ស្នើ​បញ្ឈប់​ទម្លាប់​កេងប្រវ័ញ្ច​ពលរដ្ឋ​ក្នុង​ឱកាស​ពិធីបុណ្យ​ទាន​ជាតិ។

ពលរដ្ឋ​មកពី​ខេត្ត​តាកែវ​ម្នាក់ លោក ស៊ុន រក្សា ឲ្យ​ដឹង​ថា តម្លៃ​ផ្ញើ​ឡាន​ម៉ូតូ​ក្នុង ថ្ងៃបុណ្យ​អុំទូក​កើន​ឡើង ពី​ចន្លោះ​៣​ពាន់ ទៅ​៦​ពាន់​រៀល និង​មាន​កន្លែង​ខ្លះ តម្លៃ​១​ម៉ឺន​រៀល។ ជា​ធម្មតា​តម្លៃ​ចាប់ពី​៥០០​រៀល ដល់​១​ពាន់​រៀល​តែប៉ុណ្ណោះ។ លោក ស៊ុន រក្សា បន្ដ​ថា អាជ្ញាធរ​បាន​បិទ​ផ្លូវ​បរិវេណ​កន្លែង​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ​ដូច្នេះ​ពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ផ្ញើ​ម៉ូតូ ក្នុង​តម្លៃ​ខ្ពស់៖ «បើ​សម្រាប់​អ្នកក្រ បើ​១​ម៉ឺន ឬ​៥​ពាន់ ពិបាក​រក​មែនទែន​ខុស​ពី​អ្នកមាន​... អាជ្ញាធរ​រាជធានី​ភ្នំពេញ គាត់​គួរតែ​ពិចារណា ដោយសារ​នេះ គឺជា​បុណ្យជាតិ​ទាំងមូល»

ពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​ពិនិត្យមើល​ទីតាំង​ផ្ញើ​ម៉ូតូ​ទាំងអស់​នោះ​ផង កុំ​ឲ្យ​មាន​ការ​យក​ថ្លៃ​ខ្លាំង​ពេក។ អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ដោយសារ​មិន​លើក​ទូរស័ព្ទ។

សៀវភៅ​បន្ទុក​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កត់ត្រា​ថា តម្លៃ​ផ្ញើ​ម៉ូតូ ១​គ្រឿង តម្លៃ​៥០០​រៀល និង​រថយន្ត​១​គ្រឿង តម្លៃ​១០០០​រៀល។ ដោយឡែក​តម្លៃ​ផ្ញើ​តាម​ផ្សារ​វិញ អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្លាប់​ប្ដេជ្ញា​ចាត់វិធានការ លើ​កន្លែង​ផ្ញើ​ឡាន​ម៉ូតូ​ណា ដែល​យក​តម្លៃ លើស តម្លៃ​បន្ទុក ដែល​បាន​ដេញថ្លៃ​ជាមួយ​អាជ្ញាធរ។

ម្ចាស់​កន្លែង​ផ្ញើ​ម៉ូតូ​ឡាន អះអាង​ថា ការ​ដំឡើង​ថ្លៃ​ផ្ញើ​ម៉ូតូ​ឡាន ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដោយសារតែ ពួកគេ​ត្រូវការ​គ្នា​ច្រើន​ជាង​ថ្ងៃ​ធម្មតា ជួល​ទីតាំង​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា និង​មាន​ការ​យក​ភាស៊ី​ច្រើនជាង​ថ្ងៃ​ធម្មតា។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ ថា​ការ​បង្កើន​តម្លៃ​ផ្ញើ​ម៉ូតូ​និង​ឡាន​ជា​ទម្លាប់​អាក្រក់។

លោក វន់ ពៅ រកឃើញ​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មានការ​ដំឡើង​ថ្លៃ​សព្វ​មុខទំនិញ និង​សេវា នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ដោយសារ​តែ​មាន​ឈ្មួញ​ឱកាសនិយម​ខ្លះ ឆ្លៀត​កេង​ប្រវ័ញ្ច និង​ដោយសារ​អាជ្ញាធរ​ឱកាសនិយម​ខ្លះ បាន​កេងប្រវ័ញ្ច ដំឡើង​ថ្លៃ​ភាស៊ី​ពី​អ្នកលក់៖ «អាជ្ញាធរ​មិន​ឃើញ​មាន​យន្តការ​ស្អី​ទៅ​ត្រួតពិនិត្យ​ច្បាស់លាស់។ មិនទាន់​ឃើញ​ទៅ​ត្រួតពិនិត្យ មាន​វិធានការ​កន្លែង​ផ្ញើ​ម៉ូតូ​ហ្នឹង​ទេ។ តាំង​ដល់​ពេល​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ និយាយ​ការពិត ក្រោយ​អុំទូក​ហើយ អាជ្ញាធរ​ស្រែក​វិធានការៗ។ ការ​ស្រែក​វិធានការ​ហ្នឹង ជា​ភាសា​ឡើង​ជ្រេញ​តែ​ហ្មង​... សូម្បី​អ្នកលក់​ពង​ទា​កូន ក៏​រអ៊ូ​ថា លក់​មិន​ដាច់ ហើយ​គេ (ទារ​ភាស៊ី) យក​លុយ​ហ្នឹង យក​ច្រើន​ទៀត»

លោក វន់ ពៅ យល់ថា អាជ្ញាធរ​គួរ​ចាត់វិធានការ​លើ​ឈ្មួញ និង​មន្ត្រី​ឆ្លៀតឱកាស​ដើម្បី​ទប់ស្កាត់​ការ ដំឡើង​ថ្លៃ​ហួសហេតុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។