គណៈកម្មការវត្ត ពុទ្ធិការាម ហៅវត្តមែរីឡែន Maryland អំពាវនាវដល់ពុទ្ធបរិស័ទជិតឆ្ងាយ និងតំបន់ក្បែរៗ រដ្ឋមែរីឡែន សហរដ្ឋអាមេរិក អោយចូលរួមអោយបានកុះករក្នុងពិធីឆ្លងបុណ្យភ្ជុំបិណ្ឌនៅថ្ងៃចុងសប្ដាហ៍ខាងមុខ។
អនុប្រធានទី៣គណៈកម្មការវត្ត និងជាអាចារ្យ លោក លី ពន្លក អោយអាស៊ីសេរីដឹងថា តាមទម្លាប់ពិធីឆ្លងបុណ្យភ្ជុំបិណ្ឌ មានតែមួយថ្ងៃទេ គឺនៅថ្ងៃ១៥រោច ដែលត្រូវនឹងថ្ងៃសៅរ៍ទី២៨ ខែ កញ្ញា។ ប៉ុន្តែនៅវត្តពុទ្ធិការាម នឹងបន្ថែមពិធីឆ្លងនេះមួយថ្ងៃទៀតគឺនៅថ្ងៃអាទិត្យទី២៩ កញ្ញា ដោយសារ ជាថ្ងៃឈប់សម្រាកពីការងារ អាចឲ្យពលរដ្ឋខ្មែរភាគច្រើនកំពុងរស់នៅទឹកដីសហរដ្ឋអាមេរិកមានឱកាសមកចូលរួមធ្វើបុណ្យទានបានច្រើនជាងថ្ងៃធម្មតា។ លោកថាក្នុងថ្ងៃ ទាំង២នេះមានកម្មវិធីដាក់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃ បង្សុកូល តាមទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនាដូចគ្នា៖ « កម្មវិធីហ្នឹងចាប់ពីថ្ងៃសៅរ៍ហ្នឹងរហូតដោយរាប់បាត្រព្រះសង្ឃនៅខាងក្រៅបរិវេណព្រះវិហារមាននមស្សការ សមាទានសីល វេរភត្ត ប្រគេនព្រះសង្ឃ ដល់ថ្ងៃអាទិត្យក៏ធ្វើដូចគ្នាអ៊ីចឹងដែរ។ តាមលទ្ធភាពពុទ្ធបរិស័ទចង់មកថ្ងៃសៅរ៍ក៏បានថ្ងៃអាទិត្យក៏បានតាមលទ្ធភាព»។
លោកអាចារ្យបន្តថា ជារៀងរាល់ថ្ងៃក្នុងពិធីកាន់បិណ្ឌនេះ គឺមានពលរដ្ឋខ្មែរអាមរិកកាំងជាច្រើនគ្រួសារបានចែកវេនគ្នាដោយស្ម័គ្រចិត្ត ដើម្បីរៀបចំចង្ហាន់ និងនាំយកបច្ច័យទៅប្រគេនព្រះសង្ឃ ដែលមិនបានចាកឆ្ងាយពីទំនៀមទម្លាប់ ដែលពលរដ្ឋនៅស្រុកខ្មែរកំពុងប្រតិបត្តិដែរនោះទេ៖ « ឥឡូវហ្នឹងបានដល់បិណ្ឌទី១០ ហើយបានធ្វើរាល់ល្ងាចដែរនោះ គឺមានពុទ្ធបរិស័ទមកគោរព បដិបត្តិ នមស្សការ ព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត បន្ទាប់មកមាននិមន្តព្រះសង្ឃទេសនា ហើយពុទ្ធសាសនិកនាំគ្នាសូត្របរាភវសូត្រ រាល់ៗ ល្ងាចអត់ខានទេ តាមតិចតាមច្រើន មិនបានច្រើនហូរហែទេ គ្រួសារខ្លះជាប់រវល់ទៅមិនបានចូលរួម អ្នកខ្លះធ្វើការដែរតែឆ្លៀតទៅចូលរួម»។
នៅវត្តម៉ែរីឡេន ជាវត្តធំជាងគេ ក្នុងចំណោមវត្តខ្មែរ ដែលជុំវិញរដ្ឋធានីវ៉ាស៊ីនតោន ដោយមានព្រះសង្ឃចំនួន៦អង្គគង់នៅចាំព្រះវស្សា ហើយក៏មានព្រះសង្ឃ ដែលចេញចូលមកគង់ស្នាក់អាស្រ័យ ឬមកពីស្រុកខ្មែរមកគង់បណ្ដោះអាសន្នខ្លះដែរ។ បើតាមលោកអាចារ្យ លី ពន្លក ពុទ្ធបរិស័ទអាចប្រគេនព្រះសង្ឃទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗ ខ្លួន រួមទាំងម្ហូបអាហារ នំនែក អង្ករ អាហារក្រៀម គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យផង។
លើសពីនេះ នៅក្នុងបរិវេណវត្តនៅថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌទាំង២ថ្ងៃ ក៏មានការដាក់តាំងលក់ម្ហូបអាហារខ្មែរ បន្លែបង្ការដាំដោយសហគមន៍ខ្មែរ សម្ភារៈប្រើប្រាស់នានា សំលៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ៕
