អាណាព្យាបាលខេត្តព្រះសីហនុបារម្ភអំពីសុវត្ថិភាពកូនៗព្រោះបងតូចបងធំកើតមានច្រើន
2017.12.23

អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភចំពោះសុវត្ថិភាពនៃការធ្វើដំណើររបស់សមាជិកក្នុងគ្រួសារ ដោយសារមូលដ្ឋាននេះកើតមានក្រុមបងតូចបងធំជាច្រើនក្រុមទាំងជនជាតិខ្មែរ និងជនជាតិចិន បានធ្វើសកម្មភាពហិង្សាវាយកាប់សម្លាប់គ្នា បានកើតមានច្រើនករណីគួរឲ្យភ័យខ្លាច។
ប្រជាពលរដ្ឋមួយចំនួនរស់នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មីចំពោះសុវត្ថិភាពនៃការធ្វើដំណើរ ពិសេសនៅពេលយប់ ព្រោះសង្កេតឃើញថា រាល់ថ្ងៃនេះមានក្មេងទំនើងជាច្រើនក្រុមបានដើរបង្កការអុកឡុក និងវាយកាប់សម្លាប់គ្នាតាមផ្លូវសាធារណៈ និងហាងផឹកស៊ី ជាច្រើនករណី ប៉ុន្តែសមត្ថកិច្ចបង្ក្រាបមិនបានទាន់ពេលទេ។
អាណាព្យាបាលមានទីលំនៅក្បែរផ្សារលើ ក្រុងព្រះសីហនុ ព្រួយបារម្ភអំពីសុវត្ថិភាពកូនៗ ពេលធ្វើដំណើរទៅសាលា ព្រោះរាល់ថ្ងៃនេះឃើញមានក្រុមក្មេងទំនើងបានបង្កការអុកឡុកនៅតាមផ្លូវ និងតាមមូលដ្ឋានមួយចំនួន ហើយសមត្ថកិច្ចចុះបង្ក្រាបមិនបានទាន់ពេលទេ។ ឪពុករូបនេះបន្ថែមថា រាល់ថ្ងៃនេះ រូបគាត់ត្រូវចំណាយពេលដឹកកូនទៅរៀន ទាំងទៅទាំងវិលមកផ្ទះវិញ ព្រោះមិនហ៊ានបណ្ដោយឲ្យកូនៗរបស់គាត់ទៅសាលាដោយខ្លួនឯង ដោយសារបារម្ភពីសុវត្ថិភាពពេលធ្វើដំណើរ ពិសេសនៅពេលយប់ ដោយសារក្មេងទំនើងទាំងជនជាតិខ្មែរ និងជនជាតិចិន បានកើតមានច្រើនក្រុម។
អាណាព្យាបាលរូបនេះស្នើដល់កម្លាំងសមត្ថកិច្ចជំនាញ រួមមានកងរាជអាវុធហត្ថ និងកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ ជាដើម ត្រូវបន្តសកម្មភាពចុះល្បាតតាមផ្លូវសាធារណៈ ឲ្យបានញឹកញាប់បន្ថែមទៀត ពិសេសនៅពេលយប់ ដោយមិនត្រូវចុះល្បាតមួយភ្លែត ហើយនាំគ្នាថតរូបបង្ហោះបង្អួត ឬរាយការណ៍ជូនថ្នាក់ដឹកនាំអំពីសកម្មភាពភូតកុហករបស់ខ្លួន ដូចធ្លាប់អនុវត្តនៅពេលកន្លងមក ហើយចប់រឿងនោះទេ៖ «»។
ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ឬអាណាព្យាបាលបែបនេះ បានកើតមានជាថ្មី បន្ទាប់ពីកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ មានក្មេងទំនើង ឬក្រុមបងតូចបងធំចំនួន ៤ក្រុម បានវាយកាប់ចាក់គ្នា បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ នៅពេលជនរងគ្រោះរូបនេះអង្គុយសាសងគ្នាជាមួយនារីម្នាក់នៅឆ្នេរសមុទ្រអារីស្តុន ឬតំបន់ចុងអូរឈើទាល ក្រុងព្រះសីហនុ។
យុវជនរងគ្រោះរូបនោះ ឈ្មោះ សយ លួន អាយុ ១៩ឆ្នាំ ជាបុគ្គលិកកាស៊ីណូប៉ាវម៉ាយ មានទីតាំងនៅក្នុងក្រុងព្រះសីហនុ ក្បែរវិមានលំហែកាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នេរអូរឈើទាល។
មន្ត្រីផ្នែកអង្កេតអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់លី ក៏ស្នើដល់កម្លាំងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នឲ្យបន្តសកម្មភាពចុះល្បាតនៅតាមគោលដៅនានា ឲ្យបានញឹកញាប់ ដើម្បីបន្តរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងចូលមកកម្សាន្តឆ្លងឆ្នាំសកល២០១៧-២០១៨ ខាងមុខ ឲ្យមានភាពកក់ក្តៅ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានកត់សម្គាល់ថា មូលដ្ឋានខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ បានកើតមានក្រុមក្មេងទំនើង ឬក្រុមបងតូចបងធំជាច្រើនក្រុមដើរបង្កការអុកឡុកនៅតាមទីសាធារណៈទាំងយប់ថ្ងៃ ជាពិសេសក្រុមអ្នកលេងជនជាតិចិន ដែលឈានដល់បង្កជម្លោះវាយកាប់ចាក់ និងបង្កើតក្រុមចាប់ជំរិតមនុស្សជាដើម កាលពីពេលថ្មីៗនេះ ហើយត្រូវកម្លាំងនគរបាលបង្ក្រាបទាន់ពេល៖ «»។
ទោះជាបែបនេះក្តី សមត្ថកិច្ចស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ស្ថាប័ននេះ បានពង្រឹងសកម្មភាពចុះល្បាតដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាប្រចាំ មិនធ្វេសប្រហែសនោះទេ។ ជាក់ស្ដែងសមត្ថកិច្ចបានចុះបង្ក្រាប និងចាប់បានក្រុមចាប់ជំរិតជនជាតិចិន និងក្មេងទំនើងប្រើហិង្សាកាប់សម្លាប់យុវជនម្នាក់ នៅចុងឆ្នេរអូរឈើទាល បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសជាបន្តបន្ទាប់។
ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ត្រី កុល ផាលី បានឲ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនយុវជនចំនួន ៩នាក់ ដែលសង្ស័យផ្សំគំនិតគិតទុកជាមុន កាប់យុវជនម្នាក់ឲ្យស្លាប់ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ នៅចុងឆ្នេរអូរឈើទាល បញ្ជូនទៅកាន់សាលាដំបូងខេត្តនេះ ដើម្បីបន្តនីតិវិធីតាមច្បាប់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧៕