ការដាច់ចរន្តអគ្គិសនីញឹកញាប់នៅក្នុងក្រុងកំពង់ឆ្នាំង បានធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួន ត្អូញត្អែរពីការរំខានដល់ការរស់នៅ កុងទ័រដើរខុសប្រក្រតី និងធ្វើឲ្យសម្ភារៈប្រើប្រាស់អគ្គិសនីឆាប់ខូច ជាដើម។ បញ្ហានេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិមួយ ដែលធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យក្រុងនៃខេត្តកំពង់ឆ្នាំង មានមនុស្សចូលរួមប្រមាណជា ៧០០នាក់ នៅព្រឹកថ្ងៃទី៣ ខែមិថុនា។
បញ្ហាអគ្គិសនី គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនទៀត ដូចជា បទល្មើសនេសាទ ព្រៃឈើ និងសេវាសុខាភិបាល ដែលកើតមាននៅទូទាំងខេត្តកំពង់ឆ្នាំង ត្រូវបានអ្នកចូលរួមលើកឡើង និងមានការឆ្លើយតបភ្លាមៗពីអភិបាលខេត្ត និងក្រុមការងារថ្នាក់ជាតិ ចុះរៀបចំវេទិកាសាធារណៈប្រចាំខេត្តនេះ។
ប្រជាពលរដ្ឋ និងជាគ្រូបង្រៀន លោក ហែម សិទ្ធី មានប្រសាសន៍ថា ភាពរអាក់រអួលនៃចរន្តអគ្គិសនីនៅក្នុងខេត្ត បានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ លោកសង្ឃឹមថា ក្រោយពីលោកលើកឡើងបញ្ហានេះ អាជ្ញាធរនឹងជួយជំរុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី យកចិត្ដទុកដាក់ និងដោះស្រាយបញ្ហានេះ៖ «ការប្រើប្រាស់អគ្គិសនី សូមបញ្ចុះតម្លៃឲ្យស្មើនឹងតម្លៃនៃការប្រើប្រាស់នៅក្រុងភ្នំពេញ។ ទី២ សុំសួរថា ហេតុអ្វីការប្រើប្រាស់ចរន្តអគ្គិសនីនៅកំពង់ឆ្នាំង ក្នុង១ថ្ងៃស៊ីញ៉ូ ឬដាច់បើកៗមួយថ្ងៃចង់ ១០ ទៅ ២០ដងឯណោះ ហើយនិងបញ្ហាកុងទ័រឡើងចុះ លោកអភិបាលខេត្តក៏លោកមានប្រសាសន៍ដែរ លោកដឹងដែរ គឺកុងទ័រអត់ប្រក្រតីទេ»។
លោកបញ្ជាក់ថា ជាធម្មតាគ្រួសារលោកប្រើប្រាស់អគ្គិសនីអស់ប្រហែលជា ៣៨គីឡូវ៉ាត់ម៉ោងក្នុង១ខែ ប៉ុន្តែក្រោយពីអគ្គិសនីដាច់ញឹកញាប់មួយរយៈមកនេះ កុងទ័រភ្លើងបានកើនដល់ជាង ៤០គីឡូវ៉ាត់ម៉ោងក្នុង១ខែ។ យ៉ាងណា លោកចង់ឲ្យតម្លៃអគ្គិសនីចុះពីតម្លៃ ១.២០០រៀល ដែលប្រើសព្វថ្ងៃ មកនៅត្រឹម ៨០០ ទៅ ៩០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។
ឆ្លើយតបបញ្ហានេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ថ្លែងបញ្ជាក់ថា ការសំណូមពរបញ្ចុះតម្លៃអគ្គិសនីម្ដងច្រើនតែម្ដង គឺមិនអាចធ្វើទៅរួចនោះទេ ប៉ុន្តែចាប់ពីខែមិថុនា ឆ្នាំ២០១៤ នេះ តម្លៃអគ្គិសនីនឹងបញ្ចុះតម្លៃ ១០០រៀល គឺពី ១.២០០រៀល មកនៅ ១.១០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង។ ចំណែកបញ្ហាអគ្គិសនីដាច់ញឹកញាប់វិញ សម្រាប់លោកផ្ទាល់ក៏ជួបប្រទះដែរ ប៉ុន្តែលោកនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ដែលកំពុងដំណើរការ៖ «ល្ងាចមិញហ្នឹងគ្រាន់តែចាំមើលឯកសារ ហើយចាំស៊ីញេហ្នឹងប្រហែលជា ១ម៉ោង ពេលល្ងាច ប៉ុន្តែតាមខ្ញុំសួរទៅជាឆ្លើយថា អ៊ីចេះអាប្រព័ន្ធខ្សែបណ្ដាញបញ្ជូនភ្លើង វាមានភាពគេហៅថាអូតូម៉ាទិក (automatic) កាលណាមានដូចសត្វអី វាហើរទៅប៉ះខ្សែភ្លើងហ្នឹងទៅ គឺភ្លើងហ្នឹងបើប៉ះទៅវាធ្វើឲ្យចរន្តភ្លើងវាឆ្លងភ្លាម វារលត់ហើយ រលត់ហើយពេលដែលវាផុតទៅ វានឹងឆេះឡើងវិញ។ អាហ្នឹងម្យ៉ាង ចុះអាហ្នឹងចម្លើយគេទេណា ខ្ញុំក៏អត់បានឃើញផ្ទាល់ដែរ»។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកប្រភពទាក់ទងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីខេត្តកំពង់ឆ្នាំង ឈ្មោះ សុវណ្ណនី អភិវឌ្ឍន៍អគ្គិសនី (Sovanny Electricity Development Co., Ltd) ដែលគេដឹងច្បាស់ថាជាកម្មសិទ្ធិរបស់លោកឧកញ៉ា ឱ សុវណ្ណារក្ស ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣ ខែមិថុនា។
វេទិកាសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំនៅខេត្តកំពង់ឆ្នាំង ថ្ងៃនេះ គឺរាល់បញ្ហា និងសំណួររបស់ប្រជាពលរដ្ឋ ត្រូវបានឆ្លើយតបដោយអភិបាលខេត្ត និងក្រុមការងារថ្នាក់ជាតិ ដែលមានសមាសភាពដូចជា លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
យ៉ាងណា អ្នកចូលរួម ឬម្ចាស់សំណួរ ស្នើសុំឲ្យតំណាងក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធនានាក្នុងបញ្ហាដែលបានលើកឡើង ត្រូវតែចូលរួមស្ដាប់ និងដោះស្រាយផ្ទាល់ ប្រសិនបើមានវេទិកានេះនៅពេលក្រោយទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
