ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​ឡាវ​ព្រួយ​បារម្ភ​អំពី​សកម្មភាព​នាំ​ទំនិញ​គេច​ពន្ធ​និង​កំណើន​អ្នក​ប្រើ​​គ្រឿង​ញៀន

0:00 / 0:00

ឃុំ​កំពង់​ស្រឡៅ​មួយ និង​កំពង់​ស្រឡៅ​២ ​ស្រុក​ឆែប នៃ​ខេត្ត​ព្រះវិហារ​ គឺ​ជា​តំបន់​នៅ​ជាប់​គ្នា​នឹង​ព្រំដែន​ឡាវ​ ដោយ​គ្រាន់​តែ​មាន​ដង​ទន្លេ​ខណ្ឌ​ចែក​ទឹក​ដី​គ្នា​​ប៉ុណ្ណោះ។

មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា ឃុំ​កំពង់ស្រឡៅ​និង​តំបន់​ខ្លះ​ នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ គឺ​ជា​ច្រក​ដែល​ឧក្រិដ្ឋជន​តែង​លួច​​នាំ​ចូល​គ្រឿងញៀន​ខុស​ច្បាប់ ​ពី​តំបន់​ត្រីកោណ​មាស ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

ប្រជាពលរដ្ឋ​មួយ​ចំនួន ​នៅ​ឃុំ​កំពង់​ស្រឡៅ​មួយ និង​កំពង់​ស្រឡៅ​២ ​ស្រុក​ឆែប នៃ​ខេត្ត​ព្រះវិហារ ​កំពុង​ព្រួយ​បារម្ភ​ ចំពោះ​អសន្តិសុខ​នៅ​ក្នុង​សហគមន៍​ដោយសារ​តែ​បច្ចុប្បន្ន​នេះ ​មាន​យុវជន​ច្រើន​ឡើងៗ​ បាន​ប្រើប្រាស់​គ្រឿងញៀន​ ដែល​ធ្វើ​ប៉ះពាល់​ដល់​សតិ​បញ្ញា​ស្មារតី និង​មាន​អំពើ​ហិង្សា​ដល់​សង្គម​ផង។

អ្នក​ភូមិ​ខ្លះ​និយាយ​ថា បច្ចុប្បន្ន​ នៅ​ក្នុង​ឃុំ​ដែល​ពួក​គាត់​កំពុង​រស់​នៅ ​គឺ​មាន​យុវជន​ប្រើប្រាស់​គ្រឿងញៀន​កាន់​តែ​ច្រើន​ឡើងៗ​ ហើយ​ក៏​មាន​ប្តី​ប្រពន្ធ​ជា​ច្រើន​ឈ្លោះ​ប្រកែក​គ្នា​ញឹកញាប់ ​ដោយសារ​តែ​ថ្នាំ​ញៀន​ដែរ។

បុរស​ម្នាក់ ​រស់​នៅ​ភូមិ​កំពងជ្រៃ ​នៃ​ឃុំ​កំពង់​ស្រឡៅ២ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា​ រូប​គាត់​ក៏​ដូច​​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​ ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​លើ​សន្តិសុខ​សហគមន៍​ ដោយសារ​តែ​យុវជន​ប្រើប្រាស់​គ្រឿងញៀន​មាន​កាន់​តែ​ច្រើន​ឡើងៗ​ ហើយ​នៅ​តាម​គ្រួសារ​ខ្លះ​ ប្ដី​និង​ប្រពន្ធ​តែង​ឈ្លោះ​ប្រកែក​គ្នា​ដោយ​សារ​តែ​ញៀន​ថ្នាំ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «ព្រួយ​គ្រប់​គ្នា​ហ្នឹង ​ព្រួយ​ខាង​ដីធ្លី​ក៏​ព្រួយ​ បើសិន​ជា​បំបិទ​ការ​ប្រើ​ថ្នាំ​ញៀន​បាន​គេ​អរ​ណាស់ ​ពីព្រោះ​បច្ចុប្បន្ន​អ្នក​ខ្លះ ​ប្ដី​លែង​ស្ដាប់​ប្រពន្ធ ​ប្រពន្ធ​លែង​ស្ដាប់​ប្ដី​អស់​ហើយ ។ ​មួយ​ថ្ងៃៗ​ឮ​តែ​ឈ្លោះ​ប្ដី ​ប្រពន្ធ​ ជក់​នោះ​ជក់។ អ្នក​ខ្លះ​វង្វេង​ស្មារតី​លីលា​អស់​ហើយ​​។ ​បន្ថែម​លើ​បញ្ហា​ហ្នឹង​មាន​អ្នក​ដើរ​លួច​ របស់​របរ​ ទុក​អ្វី​ក៏​មិន​សល់​ដែរ ។ ពី​ដើម​នៅ​តំបន់​នេះ​គ្មាន​អ្នក​ចេះ​លួច​ទេ ​ប៉ុន្តែ​ឥឡូវ​កុំ​ប្រហែស។ ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​ឡាវ​គេ​ចាប់​ខ្មែរ​យើង​ចំនួន ៣​នាក់ ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿង​ញៀន។ ​ចាប់​អ្នក​ភូមិ​របស់​ខ្ញុំ​តែ​ម្ដង»។

បុរស​ម្នាក់​ទៀត ​នៅ​ឃុំ​កំពង់​ស្រឡៅ​២​ដែរ​ ឱ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា បញ្ហា​យុវជន​ប្រើប្រាស់​គ្រឿងញៀន ​កំពុង​កើត​មាន ​ហើយ​ជា​រៀង​រាល់​យប់ គឺ​ក្រុម​យុវជន​ប្រើ​គ្រឿងញៀន​ទាំងនោះ​តែង​នាំ​គ្នា​បើក​ម៉ូតូ ​លឿន​ខ្លាំង​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ផង។

អ្នក​ឃុំ​កំពង់ស្រឡៅ២៖ «មាន​ការ​ព្រួយ​បារម្ភ ​ព្រួយ​ខ្លាំង​បំផុត​គឺ​ប្រជាពលរដ្ឋ​ដែល​ជា​កសិករ​ធ្វើ​ស្រែ​ចំការ​នោះ​ឯង។​ ប៉ុន្តែ​ឱ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ដូចម្ដេច ​ពីព្រោះ​ជា​រឿង​ដែល​ពិបាក ​បើ​ដឹង​រឿង​​ក៏​ពិបាក។ និយាយ​​ជា​រួម​ទៅ ខ្ញុំ​មិន​ចង់​ដឹង​រឿង​ច្រើន​ទេ ពី​ព្រោះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ​កាល​ណា​ខ្ញុំ​ដឹង​រឿង​ទៅ ​អាជ្ញាធរ​គេ​ថា ខ្ញុំ​នេះ​បក្ស​ពួក​ខាង​នេះ ​ខាង​នោះ»។

នៅ​ឃុំ​កំពង់​ស្រឡៅ​មួយ និង​កំពង់​ស្រឡៅ​២​ បច្ចុប្បន្ន ក្រៅតែ​ពី​មាន​បញ្ហា​យុវជន​ប្រើប្រាស់​គ្រឿងញៀន​កើន​ឡើង ​ក៏​មាន​បញ្ហា​រត់ពន្ធ​ទំនិញ​គេចពន្ធ​ជា​ច្រើន​ប្រភេទ និង​សកម្មភាព​នាំ​ជនជាតិ​ចិន​ឆ្លង​ដែន​ខុស​ច្បាប់​ពី​ប្រទេស​ឡាវ ​ចូល​មក​កម្ពុជា​ដែរ។

វិទ្យុ​អាស៊ីសេរី ​មិន​អាច​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ ពី​អ្នកនាំពាក្យ​សាលាខេត្ត លោក ណុប វុធ្ធី និង​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ ​លោក សួស សុខដារ៉ា បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២០ ខែ​មីនា។

ក៏​ប៉ុន្តែ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ លោក មាស វីរិទ្ធិ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ដើម​ខែ​មីនា ថា​ ឃុំ​កំពង់​ស្រឡៅ​មួយ​និង​កំពង់​ស្រឡៅ២​ គឺ​ជា​ច្រក​មួយ​ក្នុង​ចំណោម​ច្រក​ខ្លះ​ទៀត ​នៅ​ខេត្ត​ស្ទឹងត្រែង ​ដែល​ឧក្រិដ្ឋជន​ តែង​លួច​នាំ​គ្រឿងញៀន​ឆ្លង​កាត់​ពី​ប្រទេស​ឡាវ ​ចូល​មក​កម្ពុជា។

លោក មាស វីរិទ្ធិ៖«ចេញ​ពី​តំបន់​ត្រីកោណ​មាស​ ចូល​ប្រទេស​ឡាវ ​ចេញ​ពី​ឡាវ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​ភាគ​ឦសាន ​វា​មាន​ច្រក​ត្រពាំង​គ្រៀល ​ខេត្ត​ស្ទឹងត្រែង និង​ច្រក​មួយ​ទៀត​កំពង់​ស្រឡៅ​។ នឹង​គឺ​ជា​ការ​លួច​នាំ​ចូល​ទេ ​ពីព្រោះ​យើង​អត់​មាន​ច្រក​នៅ​ទីនោះ​ឡើយ​ គ្រាន់​តែ​ជា​ផ្លូវ ​ដែល​ឧក្រិដ្ឋជន​តែង​លួច​នាំ​ចូល​ឆ្លង​កាត់​ពី​ឡាវ​មក​​កំពង់​ស្រឡៅ ​ចូល​មក​ក្នុង​ខេត្ត​ព្រះវិហារ ​នេះ​បើ​តាម​ការ​កត់​សំគាល់»។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​ បាន​ប្រទះ​ឃើញ​គ្រឿង​ញៀន ទម្ងន់​ជាង ១​តោន​ (១០២០) គីឡូក្រាម​ ដែល​ឧក្រិដ្ឋជន​ប្លុង​ទុក​ចោល​នៅ​លើ​រថយន្ត​ ទល់​មុខ​វិទ្យាល័យ​ស្រុក​ជ័យសែន។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ដែរ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​ ក៏​បាន​បង្ក្រាប​គ្រឿងញៀន ប្រភេទ​ម៉ាទឹកកក​ជាង ១​តោន​ផង​ដែរ ​ក្នុង​ពេល​ដែល​ក្រុម​ឧក្រិដ្ឋជន ដឹក​ជញ្ជូន​តាម​រថយន្ត​Mazda ១​គ្រឿង​ នាំ​ចេញ​ពី​ប្រទេស​ឡាវ ឆ្លង​កាត់​ខេត្ត​ព្រះ​វិហារ។

នាយក​អង្គការ​ពន្លក​ខ្មែរ ​ដែល​កំពុង​ធ្វើការ​ជា​មួយ​សហគមន៍​ខេត្ត​ព្រះវិហារ​ លោក ប៉ិក សោភ័ណ ​សំដែង​ការ​ព្រួយ​បារម្ភ​ ចំពោះ​បញ្ហា​យុវជន​ប្រើប្រាស់​គ្រឿងញៀន និង​ជា​ច្រើន ​ដែល​កំពុង​កើត​ឡើង​នៅ​ទឹក​ដី​ ឃុំ​កំពង់​ស្រឡៅ​មួយ និង​កំពង់​ស្រឡៅ​២​នេះ។

លោក ប៉ឹក សោភ័ណ ​អំពាវនាវ ​ឱ្យ​សមត្ថកិច្ច​រដ្ឋាភិបាល​ចាត់​វិធាន​ការ​តឹងរ៉ឹង​ ដើម្បី​ផ្ដល់​សន្តិសុខ ​ប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ​ទីនោះ​ឡើង​វិញ។

លោក ប៉ឹក សោភ័ណ៖ «យើង​ចង់​ឱ្យ​អាជ្ញាធរ ​ជា​ពិសេស​រដ្ឋាភិបាល​ធ្វើការ​រឹត​បន្តឹង​ក្នុង​ការ​បើក​ច្រក ​ហើយ​ទំនិញ​ណា​ដែល​ផ្ទុយ​និង​ច្បាប់ ​ទំនិញ​ណា​ដែល​ប្រាស​ចាក​និង​ច្បាប់ ​សុំ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​តឹងតែង ​ដើម្បី​កុំ​ឱ្យ​វា​ជះ​ឥទ្ធិពល​មក​លើ​​ប្រជា​ពលរដ្ឋ​ខ្មែរ ​ហើយ​និង​ពាក់ព័ន្ធ​ជា​មួយ​សេដ្ឋកិច្ច​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផង»។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​ដឹង​ថា​ក្នុង​រយៈ​ពេល​៦៣​ថ្ងៃ​ ដើម​ឆ្នាំ​២០២៤ សមត្ថកិច្ច​បង្ក្រាប​បាន​ការ​ជួញដូរ​គ្រឿងញៀន​ទូទាំង​ប្រទេស​ជិត​៧​រយ​(៦៥៩)​ករណី ព្រម​ទាំង​ឃាត់​ខ្លួន​មនុស្ស​ជិត​៤​ពាន់​(៣៨៩៩) នាក់។

ក្នុង​រយៈ​ពេល ១​ខែ​​ដើម​ឆ្នាំ​២០២៤​នេះ​ ករណី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​មាន​ការ​កើន​ឡើង ​បើ​ប្រៀបធៀប​ទៅ​និង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។