តុលាការខេត្តព្រះសីហនុកំពុងសាកសួរជនជាតិចិនចំនួន ៤នាក់ក្រោយចាប់ខ្លួនកាលពីថ្ងៃទី២៩ តុលា ក្នុងជម្លោះអំពើហង្សាមួយបណ្ដាលឲ្យជនជាតិចិនម្នាក់រងរបួស។
ស្នងការប៉ូលិសខេត្តព្រះសីហនុ លោក ជួន ណារិន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៣ វិច្ឆិកាថា ជនរងគ្រោះអាយុ ៣៨ឆ្នាំ ជាអ្នកម៉ៅការសំណង់នៅក្នុងខេត្តព្រះសីហនុ ត្រូវជនដៃដល់មានគ្នាចំនួន ៤នាក់ បានចាក់នឹងកាំបិតបណ្ដាលឱ្យរងរបួសជាច្រើនកន្លែង តែមិនមានសភាពធ្ងន់ធ្ងរទេ។
លោកបន្ថែមថា ហេតុការណ៍នេះបានកើតមានឡើងនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយមូលហេតុដែលនាំឱ្យអំពើហិង្សានេះកើតឡើង ដោយសារតែជនដៃដល់ជំពាក់ប្រាក់ជនរងគ្រោះ ហើយនៅពេលដែលជនរងគ្រោះទារប្រាក់ ក៏កើតមានជម្លោះតែម្ដង៖«ចូលចិត្តចាប់គ្នាគាត់គំរាមកំហែង ទារប្រាក់ ដល់ពេលប្រទូស ប្រទាស់គ្នាក៏យកកាំភ្លើងភ្ជង់ហើយក៏ផ្ទុះអាវុធមួយគ្រាប់ហើយគ្នាវាក៏ចាក់ជនរងគ្រោះ ២នាក់ តែចាក់ម្នាក់ឲ្យរងរបួសធ្ងន់។ពេលហ្នឹង មាន Hot Line ស្នងការនគរបាលខេត្ត មានមន្ត្រីប្រចាំការ២៤ម៉ោងធ្វើអន្តរាគមន៍ ហើយយើងធ្វើតាមវិធានការជំនាញរបស់យើងៗក៏ឈានទៅដល់ការចាប់បង្ក្រាបដកហូតយកអាវុធ»។

ពាក់ព័ន្ធនឹងសំណុំរឿងជនជាតិចិននេះដែរ តុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែតុលា បានសម្រេចឃុំខ្លួនជនជាតិចិនចំនួន ២នាក់ ក្រោយពីបានបាញ់ឲ្យរងរបួសចំពោះជនជាតិចិន ២នាក់ផ្សេងទៀតឲ្យរងរបួសនៅក្នុងជម្លោះពាក្យសំដីគ្នា។
សមត្ថកិច្ចឲ្យដឹងថាក្នុងរយៈពេលជាង ៩ខែ ឆ្នាំ២០២០ មានជនជាតិចិនជាង ២០០នាក់ ត្រូវចាប់ខ្លួននៅក្នុងខេត្តព្រះសីហនុ ក្នុងសំណុំរឿងផ្សេងៗ គ្នា ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ ចាប់ជំរិត ចោរកម្ម និងការប្រើប្រាស់អំពើហិង្សា ទៅលើជនជាតិចិនដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។