តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​លើ​ជន​ជាតិចិន​៣​នាក់​ពាក់ព័ន្ធ​ការផលិត​គ្រឿងញៀន

ដោយ អាស៊ីសេរី
2022.06.01
Share on WhatsApp
Share on WhatsApp
តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​លើ​ជន​ជាតិចិន​៣​នាក់​ពាក់ព័ន្ធ​ការផលិត​គ្រឿងញៀន ជនសង្ស័យ​ជនជាតិ​ចិន និង​វត្ថុតាងផលិត​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ចាប់​បាន កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២២។
រូប៖ គេហទំព័រ​នគរបាល​ជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​ជន​ជាតិចិន​ចំនួន ៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​សារធាតុ​ញៀន​ជាង ៥៦​គីឡូក្រាម និង​ការ​បើក​សិប្បកម្ម​ផលិត​ជា​គ្រឿងញៀន​នៅ​កម្ពុជា។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ឱ្យដឹង​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់ ជនជាតិ​ចិន​ជាតិ​ទាំង​៣ នាក់ ក្នុង​នោះ​មានឈ្មោះ ជូ ស៊ីងជូ (CHO SHIH JIE) លី ហ្ស៊ី (Li Zhi) និង ផេង ហ្សេ​ង​ហេង (PENG ZHENGCHENG) ពី​បទ​ចោទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ លោក​ថា ចៅក្រម​ស៊ើបសួរ បាន​បង្គាប់​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​នាំ​ជនសង្ស័យ​ទាំង​៣ ទៅ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២៥ ឧសភា ក្រោយ​ចប់​សវនាការ។ ទោះ​យ៉ាងណា លោក​មិន​បាន​បញ្ជាក់​ពី​ការ​បន្ត​សវនាការ​លើ​ជន​ជាតិចិន​ទាំងនោះ នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ។

កាលពី​ថ្ងៃទី​២៥ ឧសភា អាជ្ញាធរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំង​៣​នាក់​នេះ ដោយ​ស្ថិតនៅ​ទីតាំង​ចំនួន​៣​ផ្សេងគ្នា ក្នុង​នោះ​ពីរ​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ និង​មួយ​ទីតាំង​ទៀត​ស្ថិតនៅ​រាជធានី​ភ្នំពេញ ដែល​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ​បាន​បន្ត​សម្ងំ​បង្កើត​កន្លែង​កែច្នៃ​គ្រឿងញៀន ដើម្បី​បន្ត​ចែកចាយ​នៅក្នុង​ស្រុក​។ យោង​តាម​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នៅ​នគរបាល​ជាតិ ការ​បង្ក្រាប​នោះ សមត្ថកិច្ច​រឹបអូស​បាន គ្រឿន​ញៀន​ជាង​៣០ គីឡូក្រាម និង​ឧបករណ៍​កែច្នៃ ព្រមទាំង​សារធាតុ​គីមី​ផ្សំ​ទៅជា​គ្រឿងញៀន​មួយ​ចំនួន​ធំ​។ គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ​ទាំងនោះ​រួមមាន ប្រភេទ​ហេរ៉ូអ៊ីន មេតំហ្វេ​តាមីន​(ICE) ម្ស៉ៅ​ក្រាម​ពណ៌​ផ្កាឈូក​ខ្ចី (MDMA) កេតាមីន​(Ketamine) សារធាតុ​រាវ​កេតាមីន (Ketamine) ចំនួន​ជាង ២​រយ​ដប (២១៥) និង​ថ្នាំ​គ្រាប់​នីមេតាហ្សេប៉ាម សរុប​ចំនួន ៥៦ គីឡូក្រាម។

ថ្មីៗ​សមត្ថកិច្ច ក៏​បង្ក្រាប​បាន​ជនជាតិ​ចិន​ចំនួន ៤​នាក់ ដែរ​ពាក់ព័ន្ធ​នឹង​បើក​សិប្បកម្ម​ផលិត​គ្រឿងញៀន​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ដោយ​រឹបអូស​សារធាតុ​ញៀន​បាន​ប្រមាណ​ជាង​១១​តោន​។ មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ពាក់ព័ន្ធ​នឹង​សវនាការ ដើម្បី​កាត់​ទោស​ពួកគេ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។