អាជ្ញាធរ​រឹតត្បិត​សមាគម​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រឿង​ចែក​ស្បៀង​ឱ្យ​ពលរដ្ឋ​ក្រីក្រ​​នៅ​ក្រុង​ប៉ោយប៉ែត​

ដោយ ហេង រស្មី
2021.02.17
អាជ្ញាធរ​រឹតត្បិត​សមាគម​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រឿង​ចែក​ស្បៀង​ឱ្យ​ពលរដ្ឋ​ក្រីក្រ​​នៅ​ក្រុង​ប៉ោយប៉ែត​ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​កំពុងសួរ​លោក​ វន់ ពៅ ក្នុង​ពេល​ចុះ​ចែក​ស្បៀង​អាហារ​ដល់​ពលរដ្ឋ​ក្រីក្រ​​ ក្នុង​ភូមិ​ផ្សារ​កណ្ដាល ​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​។​​​​​​​​
ប្រភព៖ ហ្វេសប៊ុករបស់លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​(IDEA) កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

អាជ្ញាធរ​មូលដ្ឋាន​​និង​ប៉ូលិស​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​មាន​គ្នា​ប្រមាណ ​៥​នាក់ ​​បាន​​​សួរ​រក​លិខិត​អនុញ្ញាត​ពី​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​(IDEA) គឺ​លោក​ វន់ ពៅ ក្នុង​ពេល​ដែល​លោក​ចុះ​ចែក​ស្បៀង​អាហារ​ដល់​ពលរដ្ឋ​ក្រីក្រ​​ចំនួន​ ៩០​គ្រួសារ​​​ ក្នុង​ភូមិ​ផ្សារ​កណ្ដាល ​សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​។​​​​​​​​

​លោក​ វន់​ ពៅ ប្រាប់​អាស៊ី​សេរី​​​ក្រោយ​ពេល​អាជ្ញាធរ​រារាំង​ថា ​លោក​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​​​​អាជ្ញាធរ​​ក្រុង​ប៉ោយប៉ែត​​នោះ​ទេ។ ​លោក​យល់​ថា​ ការ​ធ្វើ​បែប​នេះ​ជា​ការ​​​ធ្វើ​ឱ្យ​​ពលរដ្ឋ​ភ័យ​ខ្លាច​ និង​ធ្វើ​ឱ្យ​រាំងស្ទះ​​ដល់​ការងារ​មនុស្ស​ធម៌​របស់​មន្ត្រី​សង្គម​ស៊ីវិល​។ លោក​ថា ការ​ចែក​ស្បៀង​នេះ​ គឺ​ដោយសារ​លោក​អាណិត​ពលរដ្ឋ​ក្រីក្រ ​​ដាច់​ស្បៀង​អាហារ​ដោយសារ​ពួកគាត់​​​អត់​ការងារ​ធ្វើ​ជា​ច្រើន​ខែ​មក​ហើយ​ បណ្ដាល​មក​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩៖ «អាហ្នឹង​វា​ជា​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​ធ្វើ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល​ហើយ​។ ពីព្រោះ​ត្រឹម​តែ​ចែក​អង្ករ​ចែក​អី​មិន​បាច់​មក​អង្កេត​មក​សួរ​នាំ​អីចឹង​ វា​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​សោកស្ដាយ ចុះ​ថ្ងៃ​ក្រោយ​គ្រាន់​តែ​ហូប​បាយ​ ចាំ​បាច់​សុំ​ច្បាប់​ពី​គេ​ដែរ​ឬ​យ៉ាង​ម៉េច​។ ​អាហ្នឹង​ជា​រឿង​មួយ​ដែល​ខ្ញុំ​សោកស្ដាយ​មែនទែន​ អីចឹង​ខ្ញុំ​គិត​ថា​ថ្ងៃ​ក្រោយ​នឹង​មិន​មាន​រឿង​បែប​ហ្នឹង​កើត​ឡើង​ទៀត​ទេ»។​

​ប៉ុន្តែ​វីដេអូ​ឃ្លិប​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​សហ្វេសប៊ុក​ បាន​បង្ហាញ​អំពី​សកម្មភាព​របស់​ប៉ូលិស​និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ​​ហាមឃាត់​លោក​ វន់ ពៅ ​ក្រោម​ហេតុ​ផល​ថា មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ធ្វើ​សកម្មភាព​ដោយ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​។

​ទោះជាយ៉ាងណា ក្រោយ​មក​អាជ្ញាធរ​បាន​យល់​ព្រម​​ឱ្យ​លោក វន់ ពៅ​ ចែក​ស្បៀង​ជា​ធម្មតា​វិញ​ ​ប៉ុន្តែ​មាន​លក្ខខ័ណ្ឌ​​​​មិន​ឱ្យ​​​លោក​ពិភាក្សា​ជា​មួយ​ពលរដ្ឋ​​​ឡើយ​។ បន្ថែម​ពី​នេះ​ ប៉ូលិស​បាន​តាម​ឃ្លាំមើល​និង​ថត​រូប​នៃការ​ចែក​អំណោយ​ពលរដ្ឋនេះ ​រហូត​ដល់​ចប់​កម្មវិធី​នៅ​រសៀល​ថ្ងៃ​ដដែល។​

​អ្នក​ទទួល​បាន​ជំនួយ​មនុស្សធម៌ទាំង​​នោះ រួម​មាន​​អ្នក​រត់​ម៉ូតូឌុប កម្មករ​អូស​រទេះ​​ អ្នក​ស៊ី​ឈ្នួល​លីសែង​នៅ​តំបន់​ព្រំដែន​ និង​អាជីវករ​ខ្មែរ​ដែល​មាន​តូប​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ​ប្រទេស​ថៃ​។​ ពួកគាត់​ទទួល​​បាន​​អង្ករ​ម្នាក់​ ២០​គីឡូក្រាម​​​​ ពី​លោក​ វន់ ពៅ​។

​​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ក្នុង​ពិធី​នោះ​ គឺ​លោក​ ម៉ានិត គង់​ ថ្លែង​ថា ​​លោក​អត់​ការងារ​ធ្វើ​ជិត ​១ឆ្នាំ​ហើយ ​ដោយសារ​អាជ្ញាធរ​កម្ពុជា​និងថៃ ​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​​។​ លោក​​ឱ្យ​ដឹង​ទៀត​ថា លោក​មិន​ពេញចិត្ត​នឹង​ទង្វើ​បែបនេះរបស់​អាជ្ញាធរឡើយ ព្រោះចាប់តាំង​ពី​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​មក​ ពុំ​មាន​អាជ្ញាធរ​​ណា​ចែក​ស្បៀង​អាហារ​ដល់​គ្រួសារ​លោក​ម្ដង​នៅ​ឡើយ​ទេ។​​៖ «ខ្ញុំ​តូច​ចិត្ត​ដូច​ថា​ពួកគាត់​មិន​គួរ​ណា​មក​រារាំង​ដែល​យើង​បាន​អំណោយ​ដើម្បី​រស់​បន្ត​ទៀត​អីចឹង​ទេ។ ព្រោះ​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​ជំពាក់​ធនាគារ​ផង​អី​ផង​ ហើយ​ដល់​បាន​ខាង​អង្គការ​គាត់​ឧបត្ថម្ភ​ជា​អង្ករ​​ខ្ញុំ​មាន​ការ​ត្រេក​អរ​ ហើយ​ដល់​គាត់​មក​ធ្វើ​អីចឹង​​ខ្ញុំ​រាង​តូច​ចិត្ត​ ពួកគាត់​មិន​គួរណា​​មក​រារាំង​ពួក​យើង​ដែល​អ្នក​ខ្វះ​ខាត​រក​អី​មិន​បាន​ ហើយ​កូន​​អត់​ការងារ​ធ្វើ​ទាំង​អស់​គ្នា​ រក​តែ​ប្រាក់​បង់​ធនាគារ​មិន​បាន​ផង​»

​អាជ្ញាធរ​កម្ពុជា​និង​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង​ពីរ​នៅ​ខែ​មីនា ឆ្នាំ​២០២០ ដើម្បី​​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​​ ហើយ​រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ឡើយ​ទេ​។ ការ​បិទ​ច្រក​ព្រំដែន​នេះ​ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ ដោយសារ​​ពួកគាត់​អត់​ការងារ​ធ្វើ។​​

ជា​មួយ​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​​ជាប់​ព្រំដែន​ប្រទេស​ថៃ រួម​មាន​​ខេត្ត​បាត់ដំបង​ ប៉ៃលិន បន្ទាយមានជ័យ​ និង​ខេត្ត​ឧត្ដរមានជ័យ ជា​ដើម​ បាន​បន្ថែម​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​នាក់​ ចុះ​ត្រួតពិនិត្យ​តឹងតែង​នៅ​តំបន់​ព្រំដែន​ ដើម្បី​ទប់​ស្កាត់​ពលករ​​ខ្មែរ​លួច​ឆ្លងដែន​ខុស​ច្បាប់​​ចូល​កម្ពុជា​ ដោយ​ពុំ​បាន​ធ្វើ​ចត្តាឡឺស័ក​ចំនួន​ ១៤​ថ្ងៃ​។ វិធាន​ការ​របស់​អាជ្ញាធរ​នេះ​ ធ្វើ​ឡើយ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ​បាន​បញ្ចប់​មុខ​តំណែង​​អធិការ​នគរបាល​ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ ពាក់ព័ន្ធ​នឹង​រឿង​​ដោះលែង​មេ​ខ្យល់​លួច​នាំ​ពលករ​ចូល​មក​កម្ពុជា​ខុស​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។