សមត្ថកិច្ចចាប់ជនសង្ស័យ ៦នាក់ដែលចូលរំដោះមេក្លោងគ្រឿងញៀនពីការអនុវត្តទោស
2023.08.19
កម្លាំងនគរបាលជាតិបង្ក្រាបបានក្រុមឧក្រិដ្ឋជនចំនួន ៦នាក់ដែលពួកគេចេញប្រតិបត្តិការរំដោះអ្នកទោសមេជួញដូរគ្រឿងញៀនដែលជាជនជាតិតៃវ៉ាន់ម្នាក់ ឱ្យរួចពីការអនុវត្តទោស។
ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៨ ខែសីហា ថា ក្រោយពីក្រុមឧក្រិដ្ឋជនចេញប្រតិបត្តិការរំដោះអ្នកទោសតៃវ៉ាន់ម្នាក់នៅឯគ្លីនិកធ្មេញមួយកន្លែងនៅខេត្តសៀមរាបភ្លាម កម្លាំងសមត្ថកិច្ចជំនាញបានសហការគ្នាជាមួយកម្លាំងនគរបាលជាតិបង្ក្រាបបានឧក្រិដ្ឋជនចំនួន ៦នាក់ កាលពីយប់ថ្ងៃទី១៧ ខែសីហា ប៉ុន្តែ លោកសុំមិនបញ្ជាក់អត្តសញ្ញាណជនល្មើសទាំងនោះឡើយ។ លោកអះអាងថា សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវស្វែងរកមុខសញ្ញាដែលពាក់ព័ន្ធ។ កាលពីព្រឹកថ្ងៃទី១៧ សីហា ជនល្មើសមានគ្នា ៥នាក់ពាក់ស្រោមមុខប្រដាប់ដោយកាំភ្លើងតកាណុងគ្រប់ដៃ បានសម្រុកចូលទៅរំដោះអ្នកទោសតៃវ៉ាន់ម្នាក់ឈ្មោះ ឆេន ស៊ីនហាន (Chen Hsin Han) ជាប់ទោសចំនួន ៥២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ក្នុងគ្រាដែលមន្ត្រីពន្ធនាគារបញ្ជូនអ្នកទោសរូបនោះ ទៅព្យាបាលធ្មេញនៅគ្លីនិកធ្មេញ ជុំ ចិន្តា ក្នុងខេត្តសៀមរាប។
សមត្ថកិច្ចអះអាងថា ឈ្មោះ ឆេន ស៊ីនហាន ជាជនជាតិចិន ប៉ុន្តែតាមការស៊ើបអង្កេតរបស់វិទ្យុអាស៊ីសេរី រកឃើញថា ឈ្មោះ ឆេន ស៊ីន ហាន ជាតៃវ៉ាន់។ ឯកសារប៉ូលិសតៃវ៉ាន់បញ្ជាក់ថា មេជួញដូរគ្រឿងញៀនរូបនេះដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកម្ពុជា កាលពីឆ្នាំ២០០៩ អាចសម្រេចរត់ពន្ធជួញដូរគ្រឿងញៀនប្រភេទ (heroin) ប្រមាណ ២ពាន់ក្រាម ទៅឲ្យជនល្មើសតៃវ៉ាន់ នៅតៃវ៉ាន់ ពេលកំពុងជាប់ពន្ធនាគារ កាលពីឆ្នាំ២០២០ តាមរយៈឈ្មួញកណ្តាលដោយប្រើប្រាស់ (Whatsapp)។ ដៃជើង លោក ឆេន ស៊ីនហាន ឈ្មោះ ហ្សាន យូសៀន (Zhan Yuxuan) ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំ២០២០ រួមនឹងឈ្មួញកណ្តាលឈ្មោះ ណាថាន ហ្គាយ ហ្គារ៉េត (Nathan Guy Garrett) ជាអ្នកបើកបរ ដែលជាជនជាតិអង់គ្លេស ដែលលោក ឆេន ស៊ីនហាន ជួបក្នុងពន្ធនាគារនៅកម្ពុជា។
មកទល់នឹងយប់ថ្ងៃទី១៨ សីហា សមត្ថកិច្ចមិនទាន់ចាប់បានអ្នកទោសតៃវ៉ាន់ជាមេខ្លោងគ្រឿងញៀនដែលក្រុមឧក្រិដ្ឋជនបានរំដោះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។