សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​ជនជាតិ​ចិន ៧នាក់​រឿង​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់

មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​បន្ត​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បង្ហាញ​ព័ត៌មាន​ឱ្យ​បាន​ទូលំទូលាយ​ទាក់ទង​នឹង​បញ្ហា​ជួញដូរ​មនុស្ស និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្រោយ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បន្ត​ចាប់​បាន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ៧នាក់ ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​មនុស្សជំរិត​ទារប្រាក់ និង​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់។

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ប្រាប់​វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែ​ធ្នូ ថា ប្រជា​ពលរដ្ឋ​ភាគច្រើន​រស់នៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ព្រួយ​បារម្ភ​អំពី​បញ្ហា​សុវត្ថិភាព និង​ខ្លាច​ប៉ះពាល់​ការ​​ប្រកប​របរ​ប្រចាំថ្ងៃ ដោយសារ​បញ្ហា​នៃ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស និង​បទល្មើស​នានា​ក្នុង​ខេត្ត​ព្រះសីហនុ។ អ្នកស្រី​ព្រួយបារម្ភ​ថា ក្រុម​ឧក្រិដ្ឋជន​ដែល​នៅ​តែ​អាច​បន្តធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស បង្ខាំង​មនុស្ស​នៅ​ក្រុង​ព្រះសីហនុ​ជា​បន្ត​បន្ទាប់​នេះ ដោយសារ​តែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូររលុង ហើយ​អាច​មាន​មន្ត្រី​អាជ្ញាធរ​ខ្លះ​ឃុបឃិត​គ្នា​ជាមួយ​ជនល្មើស​ជា​ប្រព័ន្ធ។

អ្នកស្រី ជៀប សុធារី៖ «ខ្ញុំ​ជឿ​ថា សមត្ថកិច្ច​នគរបាល​របស់​យើង​គ្រប់ជាន់ថ្នាក់​ទាំងអស់​លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក​ឧក្រិដ្ឋជន​ទាំងអស់​នោះ ប៉ុន្តែ ប្រសិនជា​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ហើយ​មាន​អំពើពុករលួយ​ដើម្បី​ផល​ប្រយោជន៍ នៅពីក្រោយខ្នង​គឺ​ឧក្រិដ្ឋជន​ទាំងអស់​ហ្នឹង​ងាយស្រួល​ក្នុង​ការ​លាក់ខ្លួន។ ស្នើ​សុំ​ឱ្យ​មាន​ការ​យកចិត្តទុកដាក់​គិត​អំពី​បញ្ហា​ជាតិ អំពី​សុវត្ថិភាព​ក្នុង​ប្រទេស និង​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា យើង​ប្រាកដ​ជា​អាច​បង្ក្រាប​បទល្មើស​ទាំងអស់​ហ្នឹង​បាន»។

កាល​ពី​ថ្ងៃទី​១០ ខែ​ធ្នូ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ឆែកឆេរ​ទីតាំង​ផ្ទះ​វីឡា​មួយ​កន្លែង​ដែល​ជា​ទីតាំង​បង្ខាំង​ជនរងគ្រោះ នៅ​ក្នុង​បុរី ប៊ីអេសអូ (B.S.O) ទី៥ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ខេត្ត​ព្រះសីហនុ តាម​បណ្ដឹង​ជនរងគ្រោះ​ប្ដឹង​តាមរយៈ​ទូរស័ព្ទ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​កាល​ពីថ្ងៃទី៩ ខែ​ធ្នូ។ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន ៧នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​មាន​ឈ្មោះ លី ហ្គាង (LI GANG) លីន អៀន (LIN EN) លី យ៉ុង ប៊ីន (LI YONG BIN) ហៅ លី ឈុន (LI CHUN) ដុង ហ្សេង វ៉េន (DENG SHENG WEN) ហ៊្សៅ យុន ហ្វី (ZHAO YUN FEI) យ៉ាង ហ័រ (YANG HUI) និងហ្សេង ស៊ូ (ZHANG SHU)។ ក្នុង​ការ​ចុះ​បង្ក្រាប​នោះ​សមត្ថកិច្ច​ក៏​បាន​រឹបអូប​កាំភ្លើង​ខ្លី​ចំនួន ២ដើម ខ្នោះដៃ ៥គូរ ដំបង​ឆក់ ៥ដើម ឧស្ម័ន​បង្ហូរ​ទឹកភ្នែក ៣ដប និង​ឧបករណ៍​ប្រើប្រាស់​របស់​ជនសង្ស័យ​មួយ​ចំនួន​ធំ។ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​អះអាង​ថា ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជូន​ជនសង្ស័យ ០៧នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​រួចរាល់​ហើយ។

ទាក់ទង​រឿង​ជួញដូរ​មនុស្ស​នេះ​ដែរ ថ្មីៗនេះ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ជំនាញ​ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​នៅ​ច្រក​ព្រំដែន ដើម្បី​គ្រប់គ្រង​ជនអន្តោប្រវេសន៍​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា។ លោក ស ខេង ព្រមាន​ដល់​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថា ក្នុង​យុទ្ធនាការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​នេះ សមត្ថកិច្ច​មិន​ត្រឹម​តែ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ចេញ​ពី​កន្លែង​បង្ខាំង​ដោយ​ខុសច្បាប់​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​ត្រូវ​ស្វែង​រក​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ ដើម្បី​យក​មក​អនុវត្ត​ច្បាប់។ លោក ស ខេង ឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ខែធ្នូ មាន​បណ្ដឹង​ពី​ជនរងគ្រោះ​ឱ្យ​ជួយ​សង្គ្រោះ​ពួកគេ​មាន​ចំនួន​ជាង ៦រ​យករណី (៦០០)។

ដោយឡែក របាយការណ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឱ្យ​ដឹង​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​សីហា មក​ដល់​ខែវិច្ឆិកា បាន​រក​ឃើញ​ជនរងគ្រោះ​ជាង ១ពាន់នាក់ (១.១២២) ក្នុង​នោះ​ស្រី​ជាង ១នាក់ (១២១)។ ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង​នោះ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា មាន​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ការ​បង្ខាំង និង​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​ចំនួន​ជាង ១រយនាក់ (១៥៣) ក្នុង​នោះ​ស្រី ១៨នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។