អាជ្ញាធរបន្តបង្ក្រាបក្រុមឧក្រិដ្ឋគ្រឿងញៀន ៤នាក់មន្ថែមទៀត និងរឹបអូសគ្រឿងញៀនបានជិត ៥០គីឡូក្រាមដែលក្រុមឈ្មួញរក្សាទុកនៅក្នុងឃ្លាំងមួយកន្លែងក្នុងក្រុងភ្នំពេញ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា បញ្ហាគ្រឿងញៀននេះកំពុងកើនឡើងយ៉ាងគំហុក ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងក្រុមយុវជនជំនាន់ក្រោយប្រឈមបាត់បង់អនាគតដោយសារការប្រើប្រាស់គ្រឿងញៀន។
អាជ្ញាធរប្រឆាំងគ្រឿងញៀន បង្ក្រាបបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន ៤នាក់ថែមទៀត ស្ថិតនៅឃ្លាំងដាក់អីវ៉ាន់មួយកន្លែងក្នុងភូមិតាង៉ូវកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី១៣ មេសា។
គេហទំព័រស្នងការនគរបាលជាតិឱ្យដឹងថា ក្រោយពីអាជ្ញាធរដកហូតម្សៅថ្លាពណ៌ស ប្រហែល ២គីឡូក្រាមដែលសង្ស័យជាគ្រឿងញៀន កម្លាំងជំនាញបានចុះឆែកឆេរក្នុងឃ្លាំងជួលដាក់អីវ៉ាន់
ដែលមានរក្សាគ្រឿងញៀនទុកចំនួន ៣បាវ និង ៤៥ដុំថែមទៀត។ គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានសរុបចំនួន ៤៦គីឡូក្រាម និងឃាត់ខ្លួនអ្នកជួលឃ្លាំងជនជាតិវៀតណាម ម្នាក់ឈ្មោះ លីវ វ៉ាងថាវ (Liu Wang Tao) ហៅ ហ៊ូវ និងមនុស្ស ៣នាក់ផ្សេងទៀត។
អគ្គស្នងការដ្ឋានរងនគរបាលជាតិទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣មេសាថា ក្រុមសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវនៅទីតាំងឃ្លាំងរក្សាគ្រឿងញៀននោះហើយ។ លោកបន្តថា បញ្ហាគ្រឿងញៀនសព្វថ្ងៃនេះ នៅមិនទាន់មានភាពធូរស្បើយនោះទេ ដោយសារក្រុមឧក្រិដ្ឋជនលួចបន្លំដឹកចេញពីតំបន់ត្រីកោណមាសរួចបន្តឆ្លងដែនតាមប្រទេសឡាវ និងវៀតណាមចូលមកកម្ពុជា៖ « បើយើងពិនិត្យទៅករណីជួញដូរមានតិច តែពេលចាប់បានបរិមាណគ្រឿងញៀនមានច្រើនៗ។ គិតត្រឹម៤ខែឆ្នាំ២០២២នេះ ទូទាំងប្រទេសបូកសរុបទៅបង្ក្រាបបានសារធាតុញៀនជាង៣តោន។ ភាគច្រើនគ្រឿងញៀននាំចេញពីតំបន់ត្រីកោណមាស ឆ្លងមកឡាវ ឆ្លងមកកម្ពុជា ទើបបន្តទៅកាន់ប្រទេសទី៣ » ។
លោក ម៉ក់ ជីតូ ឱ្យដឹងថា គ្រឿងញៀន ៤៦គីឡូក្រាម ដែលអាជ្ញាធររឹបអូសបានភាគច្រើនជាប្រភេទ មេតំហ្វេតាមីន (WY) ដែលក្រុមឧក្រិដ្ឋជនទាំងនោះបានរុំថង់ប្លាស្ទិក (Plastic) រួចជាស្រេច ដើម្បីបម្រុងដឹកជញ្ជូនទៅកាន់ប្រទេសទី៣។
ជុំវិញរឿងវិញនេះ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា វត្តមានគ្រឿងញៀន និងសារធាតុញៀននៅកម្ពុជាសព្វថ្ងៃនេះកំពុងមានសន្ទុះខ្លាំង តាមរយៈការនាំចូលច្រើនសន្ធឹកសន្ធាប់របស់ក្រុមវិនិយោគទុច្ចរិត។ ពួកគេ បន្តស្នើឱ្យអាជ្ញាធរស៊ើបអង្កេតមន្ត្រីនៅតាមច្រកទ្វារព្រំដែន និងត្រូវធានាតម្លាភាព ដោយមិនមានការប្រព្រឹត្តអំពើពុករលួយ ដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនទាន់ពេលវេលា។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center) លោក យង់ គិមអេង បារម្ភពីមន្ត្រីនៅតាមច្រកព្រំដែនដែលអនុវត្តច្បាប់ធូរលុង បណ្ដោយឱ្យក្រុមឧក្រិដ្ឋជនដឹកជញ្ជូនគ្រឿងញៀនចូលកម្ពុជា។ លោករិះគន់ថា បញ្ហាគ្រឿងញៀននេះនៅតែកើតមានឡើងឥតថមថយ គឺដោយសារតែមានអាជ្ញាធរ ឬអ្នកអំណាចមួយចំនួននៅតែមិនទាន់អាចជម្រះបញ្ហាលាងលុយកខ្វក់ និងការឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយលើរឿងនេះ៖ « ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននេះ មិនមានថមថយជាក្ដីសារទេ ដោយសារតែគ្រឿងញៀនរីករាលដាលតាំងពីទីក្រុងដល់ទីជនបទ។ ខ្ញុំស្នើឱ្យអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ គួរតែធ្វើដូចភ្លៀងរលឹម ធ្វើជាប្រចាំចាត់វិធានការមិនរើសមុខ។ ទោះអ្នកនោះ មានខ្នងមានខ្សែក៏ដោយត្រូវចាត់វិធានការឱ្យបានជាដាច់ខាត និងមានការអនុវត្តច្បាប់ឱ្យបានស្មើៗ គ្នា » ។
អាជ្ញាធរបង្ក្រាបគ្រឿងញៀនឱ្យដឹងថា រយៈពេល ៤ខែក្នុងឆ្នាំ២០២២ នេះ សមត្ថកិច្ចរឹបអូសបានសារធាតុញៀនជាង ៣តោន។ កាលពីឆ្នាំ២០២១ កន្លងទៅ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជាង ៦ពាន់ករណី (៦.៣០៨) និងបានរឹបអូសបានសារធាតុញៀនសរុបជាង ៤តោន ព្រមទាំងឃាត់ខ្លួនជនសង្ស័យសរុបជិត ១ម៉ឺន ៤ពាន់នាក់ (១៣.៩៧៩)។
ក្នុងឆ្នាំ២០២១ ដដែលនោះ អាជ្ញាធរក៏បានបណ្ដេញជនជាតិចិនជិត ៣រយនាក់ (២៦៦) ឱ្យត្រឡប់ទៅប្រទេសពួកគេវិញ ក្រោយពីបានប្រព្រឹត្តល្មើសច្បាប់នៅកម្ពុជា។ សមត្ថកិច្ចឱ្យដឹងថា បទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្តនៅកម្ពុជាភាគីច្រើនករណីជួញដូរគ្រឿងញៀន ចាប់ជំរិតទារប្រាក់ និងករណីកាន់កាប់អាវុធខុសច្បាប់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។