អាជ្ញាធរ​កំពុង​តាម​ចាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ម្នាក់​ដែល​បាញ់​មន្ត្រី​ប៉ូលិស​ម្នាក់​ស្លាប់​ពេល​ចុះ​បង្ក្រាប

0:00 / 0:00

នគរបាល​ជាតិ​ចាប់​បាន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ចំនួន ៣នាក់​ ខណៈ​ខ្មាន់​កាំភ្លើង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​ភ្លាមៗ​ ក្រោយ​ដក​កាំភ្លើង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ បណ្ដាល​ឱ្យ​មន្ត្រី​នគរបាល​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​គ្រឿង​ញៀន​នៅ​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃទី២៨ ខែ​ធ្នូ។ អ្នកជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​សោកស្ដាយ​កម្លាំង​សមត្ថកិច្ច​ដែល​បាន​ស្លាប់ និង​ព្រួយបារម្ភ​ពី​ស្ថានភាព​គ្រឿង​ញៀន​ដោយសារ​អ្នក​ជួញដូរ​មាន​ទាំង​កំាំ​ភ្លើង​ប្រើប្រាស់។

អគ្គលេខាធិការ​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លោក មាស វីរិទ្ធ ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី២៩​ ខែធ្នូ ថា សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​រូប​នោះ​ហើយ។ ទោះ​យ៉ាង​ណា​លោក​ថា សមត្ថ​កិច្ច​បាន​សាកសួរ​ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន ដើម្បី​មាន​តម្រុយ​បន្ថែម​ក្នុង​ការ​ពន្លឿន​នីតិវិធី​តាម​ចាប់​ខ្មាន់​កាំភ្លើង។

លោក មាស វីរិទ្ធ៖«ជន​ដៃ​ដល់​ដែល​តដៃ​ជាមួយ​សមត្ថកិច្ច​កំពុង​រត់គេច​ខ្លួន​ យើង​កំពុង​ច្បាម​តាម​រក។​ យើង​បាន​កំណត់​អត្តសញ្ញាណ​មួយចំនួន​ហើយ ជា​រូបភាព»។

កាលពី​យប់​ថ្ងៃ​ទី២៨​ ខែ​ធ្នូ​ កម្លាំង​មន្ទីរ​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម ​រហូត​ដល់​ចំណុច​ផ្លូវ​៦០​ ម៉ែត្រ​ស្ថិត​ក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ ​ក្រុម​ឧក្រិដ្ឋជន​បាន​ដក​កាំភ្លើង​បាញ់​រះ​ជា​ច្រើន​គ្រាប់​តដៃ ជា​មួយ​សមត្ថកិច្ច​បណ្ដាល​ឱ្យ​មន្ត្រី​នគរបាល​ឈ្មោះ​ ម៉ិច ឆាយភិវ័យ ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម។ លោក​ មាស វីរិទ្ធ​ បញ្ជាក់​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​វៀតណាម​២នាក់ និង​ខ្មែរ​ម្នាក់ ​ចំណែក​ខ្មាន់​កាំភ្លើង​បាន​រត់គេច​ខ្លួន​ភ្លាម​ក្រោយ​បាញ់​សម្លាប់​កម្លាំង​ចុះ​បង្ក្រាប។

លោក មាស វីរិទ្ធ ឱ្យ​ដឹង​ទៀត​ថា គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ជា​ប្រភេទ កេតាមីន​(Ketamine)​ និង​មេតំហ្វេតាមីន​ (ICE) ចំនួន​២ដុំ​ធំ ​ព្រម​ទាំង​អាវុធ​មួយ​ចំនួន​ផង។​ លោក​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ ព្រោះ​លោក​ថា ក្រុម​ឧក្រិដ្ឋជន​ពួកគេ​ហ៊ាន​ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង​ក្នុង​គ្រា​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប។

លោក មាស វីរិទ្ធ៖«ក្រុម​ឧក្រិដ្ឋជន​តែងតែ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​តដៃ​ជាមួយ​សមត្ថកិច្ច​ ​យើង​ជា​សមត្ថកិច្ច​ត្រូវតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន។​ ប៉ុន្តែ​ទោះ​បី​យើង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​យ៉ាងណា​ក៏​ដោយ​ ក៏​យើង​អាច​ខ្វះ​ចន្លោះ ខ្វះខាត​ពីព្រោះ​ក្រុម​ឧក្រិដ្ឋ​ជន​វា​ក៏​មាន​បក្ខពួក ​វា​ក៏​មាន​គ្នា​ច្រើន​ដែរ ​ហើយ​សមត្ថកិច្ច​យើង​ពេល​ចុះ​អនុវត្ត​គោរព​តាម​ច្បាប់​ តាម​តួនាទី ​និង​គោរព​សិទ្ធិ​មនុស្ស។ ​ឯ​ក្រុម​ពួក​ឧក្រិដ្ឋ​ជន​វា​អត់មាន​គោរព​សិទ្ធ​អ្នក​ណា​ទេ​ គឺ​វា​ត្រូវ​តដៃ​គឺ​តដៃ​តែម្ដង​ហើយ​ភាគច្រើន​ហ្នឹង​ក្រុម​ឧក្រិដ្ឋ​ជន​មាន​អាវុធ»។

ជុំវិញ​រឿង​នេះ​ មន្ត្រី​សង្គម​ស៊ីវិល​សោក​ស្ដាយ​ចំពោះ​មន្ត្រី​នគរបាល​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​បង្ក្រាប​គ្រឿងញៀន។​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO)​ លោក អំ សំអាត ជំរុញ​ដល់​រដ្ឋាភិបាល​ត្រូវ​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​បន្ថែម​ទៀត។​

លោក អំ សំអាត៖«បញ្ហា​មួយទៀត​ត្រូវតែ​ទប់ស្កាត់​នៃ​ការ​ចរាចរ និង​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់​ ព្រោះ​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​មាន​អាវុធ​ជាប់​ខ្លួន​ដែរ។ ការ​ត្រួត​ពិនិត្យ​ ការ​ទប់ស្កាត់ និង​ការ​ជួញដូរ​អាវុធ​ជាតិ​ផ្ទុះ យើង​នៅ​មាន​ភាព​ធូររលុង ហើយ​ជន​បរទេស​អាច​ឆ្លៀត​ឱកាស​ក្នុង​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​បាន​នៅ​កម្ពុជា អាហ្នឹង​ជា​ការណ៍​ដែល​លក្ខណៈ​បង្ក​អសន្តិសុខ និង​ភាព​ភ័យ​ខ្លាច​សម្រាប់​សង្គមជាតិ ក៏​ដូចជា​ប្រជា​ពលរដ្ឋ។​ ចំណុច​នេះ យើង​ត្រូវតែ​មាន​ការ​ទប់ស្កាត់​ទាំងពីរ»។

ចំណែក​អ្នកវិភាគ​នយោបាយ​ លោក គឹម សុខ មើល​ឃើញ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ ហ៊ុន សែន​ បាន​កើត​មាន​នូវ​បទល្មើស​ឧក្រិដ្ឋកម្ម​ជាច្រើន​ ពិសេស​ឧក្រិដ្ឋ​កម្ម​គ្រឿងញៀន​ដែល​បន្ត​ហូរ​ចូល​កម្ពុជា។​ លោក គឹម សុខ ចោទ​ថា​មូល​ហេតុ​ករណី​គ្រឿង​ញៀន​នៅ​កម្ពុជា​បន្ត​កើតឡើង​កាន់​តែ​ច្រើន​ទំនង​មាន​មនុស្ស​ជំនិត​របស់​លោក​ ហ៊ុន សែន នៅ​ពី​ក្រោយ​ខ្នង​ឧក្រិដ្ឋជន។

លោក គឹម សុខ៖«លោក​ ហ៊ុន សែន ​គាត់​មាន​មនុស្ស​ជំនិតៗ​ច្រើនណាស់​ដែល​សុទ្ធ​តែ​មាន​អំណាច​និង​សេរីភាព​រកស៊ី​លាងលុយកខ្វក់។​ ជាក់ស្ដែង យើង​ឃើញ​ហើយ​តាម​រយៈ​ក្រសួងកសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ គេ​ដឹក​សារធាតុ​ផលិត​គ្រឿងញៀន​ចូល​កម្ពុជា​ម្ដងៗ​រាប់​រយ​តោន​រក​អ្នក​ទទួល​ខុសត្រូវ​ពិត​មិន​ឃើញ​ទេ។ សួរ​ថា ថ្នាំញៀន​ទាំង​នោះ​យក​ទៅ​ធ្វើអ្វី ចាប់[មេខ្លោង]មិនបាន​ផង​ហ្នឹង​គឺ​លក់​យក​លុយ ហើយ​លុយ​ចូល​អ្នក​ណា ​ត្រង់នេះ​យើង​គួរតែ​ដឹង​ហើយ បើ​រក​អ្នកទទួលខុសត្រូវ​ទាំង​មិន​ឃើញ​ផង​ហ្នឹង»។

នេះ​មិនមែន​ជា​លើក​ទីមួយ​នោះ​ទេ ដែល​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ជនល្មើស​បាញ់​តដៃ​បណ្ដាល​ឱ្យ​ស្លាប់។​ ជា​ញឹក​ញយ​ រាល់​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​ទ្រង់ទ្រាយ​ធំ​ម្ដងៗ​ក្រុម​ឧក្រិដ្ឋជន​មួយ​ចំនួន​តែងតែ​មាន​កាំភ្លើង​បាញ់​តទល់​ជា​មួយ​សមត្ថកិច្ច។​ ជាក់ស្ដែង​ កាល​ពី​ដើម​ខែមេសា​ ឆ្នាំ២០២២​ កន្លង​ទៅ​ មេ​ប៉ុស្តិ៍​ឃុំ​ទួលព្រិច​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្ដាល​ ត្រូវ​បាន​ឧក្រិដ្ឋជន​បាញ់​ស្លាប់​ ក្នុង​ពេល​ចុះ​បង្ក្រាប​ក្រុម​ជនល្មើស​មួយ​ក្រុម​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ក្នុង​ព្រៃ​មួយ​កន្លែង នៅ​ក្នុង​ភូមិ​ចន្រ្ទាថ្មី ឃុំ​ទួលព្រិច​ ស្រុក​អង្គស្នួល ​ខេត្ត​កណ្ដាល។ ដោក​ឡែក​ កាល​ពី​ខែ​មិថុនា​ កន្លង​ទៅ​ កម្លាំង​សមត្ថកិច្ច​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហនុ ​ត្រូវ​បាន​ជន​ល្មើស​ជនជាតិ​ចិន​មួយ​ក្រុម​បាញ់​បាក់​ជើង​ ក្នុង​គ្រា​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន និង​កាន់​កាប់​អាវុធ​ខុសច្បាប់។

គិត​ត្រឹម​ចុង​ខែ​ធ្នូ​ សម្រាប់​ឆ្នាំ២០២២​ នេះ​ អាជ្ញាធរ​រឹបអូស​គ្រឿងញៀន​បាន​ជាង​ ៥តោន។ ចំណែក​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដុត​បំផ្លាញ​សារធាតុ​ញៀន​ និង​សារធាតុ​គីមី​សរុប​ជាង​ ៦តោន​ ក្នុង​ចំណោម​វត្ថុ​តាង​គ្រឿង​ញៀន​ ​សារធាតុ​គីមី​ផ្សំ និង​សារធាតុ​គីមី​ពាក់ព័ន្ធ​ផ្សេងៗ​ ដែល​រឹបអូស​បាន​សរុប​ជិត​ ១០០តោន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។