អគ្គស្នងការដ្ឋាននគរបាលជាតិកំពុងពិនិត្យមើលករណីមន្ត្រីប៉ូលីសមានងារជាឧកញ៉ា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលែងឱ្យមានឧកញ៉ាក្នុងជួរកងកម្លាំងប្រដាប់អាវុធតទៅទៀត។ សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរអនុវត្តច្បាប់បន្ថែមទៀត ដើម្បីកុំឱ្យមានការរំលោភអំណាចប្រព្រឹត្តដោយមន្ត្រីកងកម្លាំងប្រដាប់អាវុធ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី៩ កញ្ញាថា ខាងមន្ត្រីជំនាញកំពុងប្រមូលតួលេខចំនួនឧកញ៉ាក្នុងជួរប៉ូលិស ដើម្បីដាក់ជូនថ្នាក់ដឹកនាំប្រជុំសម្រេច។ លោកមិនទាន់បង្ហើបឱ្យដឹងពីចំនួនឧកញ៉ាក្នុងជួរនគរបាលនៅឡើយទេ ដោយលោកបញ្ជាក់ថា រឿងនេះត្រូវពិនិត្យឱ្យបានល្អិតល្អន់ជាមុនសិន។ នាយឧត្ដមសេនីយ៍រូបនេះអះអាងថា ប្រសិនបើមន្ត្រីប៉ូលិសមានងារជាឧកញ៉ាណាម្នាក់ ហ៊ានប្រើអំណាចរបស់ខ្លួនដោយបំពានច្បាប់នោះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនរារែកឡើយ៖ «រងារនេះត្រូវល្អិតល្អន់បន្តិច មិនហ៊ានកំណត់ រយៈពេល ទេ ប៉ុន្តែរឿងប៉ុណ្ណឹងវាមិនដែលធ្វើពីរបី ឆ្នាំទេ គ្រាន់តែមានពេលសមស្របមួយ។ ត្រូវហ្មត់ ចត់បន្តិច ទីមួយពាក់ព័ន្ធ នឹងការសម្រេចចិត្តរបស់សាមីខ្លួន ទីពីរធម្មតា ងារឧកញ៉ាមានព្រះរាជក្រឹត្យ អ៊ីចឹងយើងត្រូវរកនីតិវិធីច្បាស់លាស់»។
ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ បានចាប់ផ្ដើមត្រួតពិនិត្យករណីមន្ត្រីរបស់ខ្លួនមានងារជាឧកញ៉ានេះ បន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានប្រកាសថា កងកម្លាំងប្រដាប់អាវុធ រួមមាន ទាហាន ប៉ូលិស និងប៉េអឹម ត្រូវហាមឃាត់មិនឱ្យមានងារជាឧកញ៉ាទៀតឡើយ ពីព្រោះលោកទទួលស្គាល់ថា កន្លងមក មានមនុស្សមួយចំនួនបានយកតួនាទីទាំងនេះទៅប្រកបការងារផ្សេងៗខុសច្បាប់។
រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ បានអះអាងប្រាប់ប្រព័ន្ធឃោសនាស្និទ្ធនឹងរបបក្រុងភ្នំពេញថា ឧកញ៉ាក្នុងជួរកងកម្លាំងប្រដាប់អាវុធមានចំនួន៩៩ នាក់ ក្នុងនោះ ៦៥នាក់ នៅចំណុះអគ្គបញ្ជាការដ្ឋានកងទ័ព និង៣៤ នាក់ នៅចំណុះទីស្តីការក្រសួងការពារជាតិ។ លោកអះអាងថា ក្នុងចំណោមអ្នកទាំងនោះ មានខ្លះបានសម្រេចចិត្តជ្រើសរើសយកតួនាទី និងខ្លះទៀតជ្រើសយកគោរមងារ ក៏ប៉ុន្តែលោកថា ការសម្រេចផ្លូវការនោះ នឹងត្រូវធ្វើតាមនីតិវិធីច្បាប់ជាបន្តទៀត។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ជាច្រើនដងតាមទូរស័ព្ទដើម្បីសាកសួរបន្ថែមអំពីរឿងនេះ ប៉ុន្តែលោកមិនលើកទូរស័ព្ទទេ នៅថ្ងៃទី៩ កញ្ញា។
ក្រុមអង្គការសង្គមស៊ីវិលយល់ថា ការជម្រុះចោលឧកញ៉ាក្នុងជួរកងកម្លាំងប្រដាប់អាវុធនេះ ត្រូវដើរទន្ទឹមគ្នានឹងការអនុវត្តច្បាប់ពិតប្រាកដ បើពុំដូច្នេះទេ ការរំលោភអំណាចប្រព្រឹត្តដោយមន្ត្រីកងកម្លាំងប្រដាប់អាវុធនឹងនៅតែកើតមាន។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ការហាមឃាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធមានងារជាឧកញ៉ានេះ នឹងអាចជួយបន្ថយឥទ្ធិពលបុគ្គលដែលធ្លាប់យកអំណាចទៅប្រើប្រាស់ដោយបំពាន។ ក៏ប៉ុន្តែលោកថា រឿងដែលសំខាន់ជាងនេះទៅទៀតនោះ គឺអាជ្ញាធរត្រូវតែហ៊ានអនុវត្តច្បាប់លើកងកម្លាំងប្រដាប់អាវុធ ឬឧកញ៉ាណា ដែលប្រព្រឹត្តអំពើល្មើសច្បាប់៖ «ធ្វើយ៉ាងណា កុំឱ្យយកងារ ឬក៏តួនាទីអំណាចហ្នឹងយកទៅធ្វើអ្វីដែលខុសច្បាប់ អាហ្នឹងបានជាការគោរពឋានានុក្រម។ បើការរំលោភបំពាន ត្រូវតែចាត់វិធានការច្បាប់ជាធំ អាហ្នឹងទើបធានាបាន»។
ការប្រើប្រាស់អំណាច និងឥទ្ធិពលរបស់ខ្លួនទៅប្រព្រឹត្តបទល្មើស ឬប្រកបការងារខុសច្បាប់របស់ក្រុមឧកញ៉ាក្នុងជួរកងកម្លាំងប្រដាប់អាវុធ បានកើតឡើងជាហូរហែ ហើយមានអ្នកខ្លះត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ជាឧទាហរណ៍ ឧកញ៉ា គង់ ក្រឹង ដែលល្បីខាងរកស៊ីឈើដុះស្លែ និងមានទ្រព្យសម្បត្តិមហាសាលនៅខេត្តភាគឦសាននោះ គឺជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ទោក្នុងជួរទ័ពជើងគោក។ ឧកញ៉ារូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងសម្រេចឃុំខ្លួនក្នុងពន្ធនាគារ កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងរឿងបទល្មើសព្រៃឈើ។ ចំណែក ឧកញ៉ា ហូរ ចំរើន ដែលជាអតីតឧត្ដមសេនីយ៍ក្នុងជួរកងអង្គរក្សលោក ហ៊ុន សែន វិញ ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះពាក់ព័ន្ធនឹងករណីឆបោក និងចេញសែកស្អុយ។
ដោយឡែក នៅក្នុងជួរប៉ូលិសវិញ អ្នកដែលលេចធ្លោជាងគេ គឺឧកញ៉ា ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសរបស់លោក ហ៊ុន សែន។ លោក ហ៊ុន ជា មានឋានន្តរសក្ដិជាមន្ត្រីប៉ូលិសផ្កាយ៣ ក៏ប៉ុន្តែលោកបានប្រព្រឹត្តបទល្មើសជាច្រើនករណី ហើយករណីចុងក្រោយគេ គឺការបាញ់បោះដោយសេរី។ លោកត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ ១៨ខែ កាលពីដើមខែឧសភា ឆ្នាំ២០១៨ ពីបទគំរាមកំហែងថា នឹងសម្លាប់ និងបទធ្វើឱ្យខូចខាតដោយចេតនា ក៏ប៉ុន្តែលោកទំនងជាជាប់ពន្ធនាគារមិនបានគ្រប់ចំនួនទេ ដោយសារមន្ត្រីពន្ធនាគារថា មានសាលដីកាមួយទៀតពីសាលាឧទ្ធរណ៍សម្រេចឱ្យលោកមានទោសត្រឹម ៦ខែ។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ជឿថា មន្ត្រីកងកម្លាំងប្រដាប់អាវុធមួយចំនួននៅតែអាចប្រើឥទ្ធិពលរបស់ខ្លួនក្នុងការប្រកបការងារខុសច្បាប់ ឬប្រព្រឹត្តបទល្មើសបានដដែល បើទោះជាពួកគេលែងមានងារជាឧកញ៉ាក៏ដោយ។ លោកសង្កត់ធ្ងន់ថា ករណីនេះគួរតែមានការបង្កើតច្បាប់ស្ដីពីទំនាស់ផលប្រយោជន៍ ដែលចែងឱ្យច្បាស់ពីប្រភេទការងារដែលត្រូវហាមឃាត់សម្រាប់កងកម្លាំងប្រដាប់អាវុធ៖ «ឧបមាថា ឥលូវគាត់ជាមន្ត្រីជាន់ខ្ពស់ក្នុងជួរកងកម្លាំងប្រដាប់អាវុធ ហើយគាត់មានងារជាឧកញ៉ា។ គាត់បោះបង់ងារឧកញ៉ាចោល ប៉ុន្តែសួរថា គ្រាន់តែបោះបង់ងារជាឧកញ៉ាហ្នឹង គាត់នៅមានឥទ្ធិពលនៅក្នុងជំនួញគាត់ទៀតដែរឬទេ ? ចម្លើយឆ្លើយថា នៅតែមានអ៊ីចឹង មិនមែនមានន័យថា គ្មានជាឧកញ៉ា គាត់មិនអាចក្លាយជាប្រធានក្រុមហ៊ុនមួយបានឯណា។ អ៊ីចឹងចំណុចហ្នឹង គេត្រូវតែមានច្បាប់មួយនិយាយពីទំនាស់ផលប្រយោជន៍។ បើពួកគេចង់រកស៊ី ឱ្យគេទៅរកស៊ីទៅ តែបើពួកគេចង់ធ្វើជាមន្ត្រីជាន់ខ្ពស់ មន្ត្រីដែលមានឥទ្ធិពលនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យប្រកបជំនួញផ្សេងៗ ដែលពាក់ព័ន្ធជាមួយនឹងការបង់ពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ហ្នឹង»។
ងារជាឧកញ៉ា ត្រូវបានព្រះមហាក្សត្រប្រទានដល់ជនណាដែលមានអាជីវកម្មសុចរិត និងមានទ្រព្យសម្បត្តិស្តុកស្ដម្ភ ហើយបានបរិច្ចាគទ្រព្យធនរបស់ខ្លួនក្នុងការកសាងជាតិ និងជួយដល់ផ្នែកមនុស្សធម៌ ដោយមានការស្នើពីរបបក្រុងភ្នំពេញ។ នៅខែមីនា ឆ្នាំ២០១៧ របបលោក ហ៊ុន សែន បានកំណត់តម្លៃបរិច្ចាគ ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ងារជាឧកញ៉ា ដែលមុននេះមានតម្លៃ ១០ម៉ឺនដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
