សមត្ថកិច្ចអះអាងថាព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់ទៅដោយគ្មានបទល្មើសធំដុំ
2018.11.24

នៅថ្ងៃចុងបញ្ចប់ពិធីបុណ្យអុំទូក កាលពីថ្ងៃទី២៣ វិច្ឆិកា ព្រះមហាក្សត្រ នរោត្ដម សីហមុនី បាន ប្រទានរង្វាន់ដល់ដល់កីឡាករអុំទូកដែលទទួលបានជ័យជំនះ ក្នុងការប្រណាំងទូកអស់រយៈពេល៣ថ្ងៃមកនេះដែរ។ ទូកងដែលទទួលបានលេខ១ នៅទូទាំងប្រទេសបានទៅលើទូកឈ្មោះ «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្តព្រះវិហារ ទូកនេះ មានចំណុះ៧៧នាក់។
រីឯចំណាត់លេខ២ ឈ្មោះ «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល មានចំណុះ ៧៧នាក់ដូចគ្នា។
នៅថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកនេះ មានទូកចូលរួមប្រកួតចំនួន ២៩៥ទូក ក្នុងនោះ ទូកអុំចំនួន១៦៤ទូក ទូកចែវចំនួន ៣៣ទូក និង ទូកអន្តរជាតិចំនួន ៩៨ទូក ដែលមានចំណុះទូកចំនួនសរុប១៩.០១៧នាក់ និងស្រី ១៤១នាក់។
អគ្គស្នងការនគរបាលជាតិចេញរបាយការណ៍កាលពីរាត្រីថ្ងៃទី២៣ វិច្ឆិកា អះអាងថា ក្នុងពិធីបុណ្យអុំទូកថ្ងៃទី៣ និងជាការបិទបញ្ចប់ពិធីនេះ គឺមានគ្រោះថ្នាក់មួយចំនួន រួមមាន មានករណីលិចទូក២លើក ហើយអាជ្ញាធរបាន ជួយសង្គ្រោះកីឡាករអុំទូកលិច បានចំនួន៩១នាក់។ ក្រៅពីនេះទៀត សមត្ថកិច្ចជួយសង្គ្រោះក្មេងវង្វេងគ្រួសារចំនួន ៣៥លើក ស្មើនឹង ៣៦នាក់ និងប្រគល់ជូនក្រុមគ្រួសារវិញ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រាប់សារព័ត៌មានក្នុងស្រុកថា ក្នុងពិធីបុណ្យអុំទូក មានភ្ញៀវទេសចរអន្តរជាតិជាង ១ម៉ឺន ២ពាន់នាក់ មកកម្សាន្តក្នុងពិធីនេះ៕