ក្រសួង​សាធារណការ​គ្រោង​យក​មហាវិថី​មុន្នីរ៉េត​ជា​ទីតាំង​សង់​រថភ្លើង​លើ​អាកាស​ដំបូង

ដោយ ចេង ម៉េងជូ
2015-08-06
Share
ត្រាំ អ៊ីវតឹក ៦២០ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ថ្លែង​ក្នុង​សិក្ខាសាលា​កម្ពុជា-ជប៉ុន ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Cheng Mengchou

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា ចៃកា (JICA) នៅ​ថ្ងៃ​ទី​៦ ខែ​សីហា បាន​បង្ហាញ​ថា មហាវិថី​មុន្នីរ៉េត ជា​ជម្រើស​ដែល​អនុគ្រោះ​ដល់​ការ​សាងសង់​ខ្សែ​រថភ្លើង​លើ​អាកាស​ស្វ័យប្រវត្តិ​ធុន​ស្រាល​ដំបូង​បំផុត​នៅ​កម្ពុជា។ ការ​ពិភាក្សា​អំពី​គម្រោង​សាងសង់​រថភ្លើង​លើ​អាកាស​ធុន​ស្រាល​នៅ​ពេល​នេះ ជា​ផ្នែក​មួយ​នៃ​ផែនការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ។

បទបង្ហាញ​ស្ដីពី​ផែនការ​រៀបចំ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បង្ហាញ​ថា ក្នុង​ចំណោម​ទីតាំង​បី​កន្លែង​ដែល​ក្រសួង​បាន​សិក្សា​កន្លង​មក វិថី​មុន្នីរ៉េត​ ជា​ទីតាំង​ដែល​អនុគ្រោះ​បំផុត​ដល់​ការ​សាងសង់​ខ្សែ​រថភ្លើង​លើ​អាកាស​ទី​មួយ​ក្នុង​រាជធានី​ភ្នំពេញ ប្រៀបធៀប​នឹង​ទីតាំង​ដទៃ​ទៀត។

ក្នុង​គម្រោង​ខ្សែ​រថភ្លើង​នេះ មាន​ប្រវែង​សរុប​ជិត ១៣​គីឡូម៉ែត្រ (១២,៩) ប្រតិបត្តិការ​នៅ​ចន្លោះ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ឆ្លង​កាត់​វិថី​មុន្នីរ៉េត និង​ផ្លូវ​វ៉េងស្រេង ហើយ​រត់​នៅ​តាម​បណ្ដោយ​ចំណុច​កណ្ដាល​នៃ​ផ្លូវ​ទាំង​នោះ។

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រំពឹង​ថា ខ្សែ​រថភ្លើង​នេះ​នឹង​អាច​ជួយ​សម្រួល​ដល់​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែល​សាធារណជន​តែង​រិះគន់​ជាប្រចាំ។ គម្រោង​នេះ ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​ផែនការ​មេ​ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​ក្រុង​សម្រាប់​ឆ្នាំ​២០៣៥។ តាម​ផែនការ ការ​សាងសង់​ខ្សែ​រថភ្លើង​អេឡិចត្រូនិក​លើ​អាកាស​នេះ នឹង​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០២០ ហើយ​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២៣។

ខ្សែ​រថ​ភ្លើយ​ស្វ័យប្រវត្តិ​នេះ គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៥៨៦​លាន​ដុល្លារ។ ទាក់ទង​នឹង​ប្រភព​នៃ​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​អភិបាល​រង​រាជធានី​ភ្នំពេញ លោក អៀង អូនី មាន​ប្រសាសន៍​ថា ភាគី​ពាក់ព័ន្ធ​កំពុង​ពិភាក្សា​ពី​រឿង​នេះ៖ «មក​ទល់​ពេល​នេះ យើង​អត់​ទាន់​មាន​ទេ ការ​ស្នើ​សុំ​វិនិយោគ​នេះ ប៉ុន្តែ​សម្រាប់​សាលា​រាជធានី​ភ្នំពេញ កំពុង​តែ​ធ្វើការ​ជាមួយ​អង្គការ​ចៃកា ទៅ​លើ​ទម្រង់​ថា តើ​ខាង​រាជរដ្ឋាភិបាល​ជប៉ុន អាច​នឹង​ជួយ​យើង​ក្នុង​ទម្រង់​ជា​ការ​ផ្ដល់​ជា​ជំនួយ​ដែរ​ឬ​ទេ? បើ​សិន​ជា​ខាង​រដ្ឋាភិបាល​ជប៉ុន អាច​ផ្ដល់​ជា​ជំនួយ​បាន នោះ​យើង​ពិត​ជា​មាន​សេចក្ដី​សប្បាយ​រីករាយ។ ប៉ុន្តែ​បើ​សិន​ជា​មិន​មាន​ជំនួយ​ទេ យើង​ក៏​កំពុង​ពិចារណា​ទៅ​លើ​គេ​ហៅ​ថា ទម្រង់​ជា​ការ​ផ្ដល់​ឥណទាន។ បើ​សិន​ជា​ការ​ផ្ដល់​ឥណទាន​នេះ​មិន​មាន​ទៀត ប្រហែល​ជា​យើង​ក៏​នឹង​បើក​ឱកាស​ឲ្យ​មាន​ការ​ចូល​រួម​វិនិយោគ​ពី​ខាង​ឯកជន»

​ភាគី​ជប៉ុន បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​នោះ​ថា ខ្លួន​នឹង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​ដល់​ខាង​កម្ពុជា ហើយ​ថា នឹង​ចាប់​ផ្ដើម​ការ​សិក្សា​ពី​លទ្ធភាព​នៃ​ការ​អនុវត្ត​គម្រោង​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក អៀង អូនី (ឆ្វេង) មន្ត្រី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន និង​មន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន ក្នុង​សិក្ខាសាលា​កម្ពុជា-ជប៉ុន ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥។
អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក អៀង អូនី (ឆ្វេង) មន្ត្រី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន និង​មន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹក​ជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន ក្នុង​សិក្ខាសាលា​កម្ពុជា-ជប៉ុន ស្ដីពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Cheng Mengchou

បទ​បង្ហាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រភេទ​រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ អេ.ជី.ធី (AGT) ប្រើ​កង់​កៅស៊ូ ជា​ជម្រើស​ដែល​សមស្រប​បំផុត​សម្រាប់​លក្ខខណ្ឌ​បច្ចុប្បន្ន​របស់​រាជធានី​ភ្នំពេញ ប៉ុន្តែ​ប្រភេទ​នេះ ត្រូវ​ការ​ចំណាយ​ច្រើន​លើ​ថ្លៃ​ប្រតិបត្តិការ។ គម្រោង​សាងសង់​រថភ្លើង​លើ​អាកាស​នេះ ធ្លាប់​ត្រូវ​បាន​មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន លើក​ឡើង​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​បញ្ហា​កង្វះ​ថវិកា។

ការ​គិតគូរ​លើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​នៅ​ក្នុង​ក្រុង ធ្វើ​ឡើង​ខណៈ​រាជធានី​ភ្នំពេញ ប្រឈម​នឹង​បញ្ហា​កកស្ទះ​ចរាចរណ៍​ជា​ប្រចាំ ដែល​ក្នុង​នោះ កំណើន​នៃ​យានជំនិះ​ជា​មូលហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ដទៃ​ទៀត។

សេវា​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​ក្រុង​ដែល​រាជធានី​ភ្នំពេញ មាន​នៅ​ពេល​បច្ចុប្បន្ន គឺ​សេវា​រថយន្ត​ក្រុង​សាធារណៈ​ចំនួន ៣​ខ្សែ និង​សេវា​រថយន្ត​ឈ្នួល​វាស់​ម៉ែត្រ​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​ចំនួន​បួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។