អភិបាល​ខេត្ត​ព្រះសីហនុ​គ្រោង​ស្នើ​នាយក​រដ្ឋមន្ត្រី​អន្តរាគមន៍​ដក​ឆ្នេរ​សមុទ្រ​ពី​ឯកជន

0:00 / 0:00

អភិបាល​ខេត្ត​ព្រះសីហនុ ត្រៀម​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ដើម្បី​ដក​យក​ដី​តំបន់​ឆ្នេរ​សមុទ្រ​ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន និង​ឯកជន នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន ដាក់​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ទស្សនា​ឡើង​វិញ។

ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​តំបន់​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​របង​ថ្ម​របស់​ក្រុមហ៊ុន និង​ជន​មាន​អំណាច ហើយ​ភ្ញៀវ​ទេសចរ​មិន​អាច​ទៅ​កម្សាន្ត ឬ​មិន​អាច​ដើរ​ឆ្លង​កាត់​តំបន់​នោះ​ដូច​ពេល​មុន​បាន​ទេ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​ក្នុង​អាណត្តិ​ទី​៥ សម្ដែង​ពី​ក្តី​កង្វល់​ពី​តំបន់​ឆ្នេរ​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន ព័ទ្ធ​របង​ធ្វើ​ជា​កម្មសិទ្ធិ ហើយ​មិន​អនុញ្ញាត​ឲ្យ​ទេសចរ​ចូល​កម្សាន្ត​ដោយ​សេរី​នោះ​ទេ។

ទោះ​យ៉ាង​ណា លោក ឈិត សុខុន បញ្ជាក់​ថា នឹង​ពិនិត្យ​ឯកសារ​ច្បាប់ និង​សុំ​គោលការណ៍​ពី​ផ្នែក​ពាក់ព័ន្ធ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដក​ដី​តំបន់​ឆ្នេរ​ដែល​ឈ្មួញ ឬ​ឯកជន ហ៊ុមព័ទ្ធ​របង​ថ្ម​ធ្វើ​ជា​កម្មសិទ្ធិ មក​ជា​សម្បត្តិ​រដ្ឋ និង​ដាក់​ជូន​ទេសចរ​ចូល​ទស្សនា​ឡើង​វិញ៖ «អូ! ឆ្នេរ​ហ្នឹង​គេ​បិទ​យូរ​មក​ហើយ។ បើ​យើង​និយាយ​ពី​ការ​គ្រប់គ្រង​ឆ្នេរ វា​ត្រូវ​មាន​ផ្លូវ។ ហើយ​ការ​បិទ​ផ្លូវ​តាម​ឆ្នេរ​នេះ គឺ​គេ​បិទ​ពី​មុន​មក វា​ពិបាក​បន្តិច​ដែរ​អា​រឿង​ហ្នឹង។ យើង​មាន​ឯកសារ​ប្លង់​គោល​របស់​ក្រសួង​ដែនដី គឺ​យើង​ត្រូវ​យក​មក​ពិនិត្យ និង​សុំ​ការ​អនុម័ត​ដល់​សម្ដេច​ជា​ផ្លូវ​ការ គឺ​យើង​មាន​លិខិត​បទដ្ឋាន​បែប​ហ្នឹង។ ចាំ​មើលៗ​តើ ជំហាន​ដែល​យើង​ដក​ដោះស្រាយ​ហ្នឹង ត្រូវ​ធ្វើ​ជា​ជំហានៗ»

បច្ចុប្បន្ន ដី​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ភ្ញៀវ​ទេសចរ​មិន​អាច​ដើរ ឬ​អង្គុយ និង​ចុះ​ងូត​ទឹក​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​បាន​ដោយ​សេរី​ដូច​ពេល​មុន​ទេ ដោយ​មាន​ក្រុមហ៊ុន ឬ​ឯកជន​ព័ទ្ធ​របង​ជា​កម្មសិទ្ធិ។ ឆ្នេរ​ទាំង​នោះ​មាន​ដូចជា ឆ្នេរ​សុខា ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ និង​ឆ្នេរ​អូរឈើទាល ជាដើម។

ទាក់ទិន​បញ្ហា​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក៏​បាន​រអ៊ូរទាំ​អំពី​ដី​ឆ្នេរ​សមុទ្រ​ភាគ​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ ពេល​បច្ចុប្បន្ន ត្រូវ​ក្រុមហ៊ុន និង​ឯកជន​ព័ទ្ធ​របង​ថ្ម​តាម​មាត់​សមុទ្រ និង​មិន​មាន​ទីធ្លា​ដើរ​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ​ដូច​ពេល​មុន។

ពលរដ្ឋ​ខ្មែរ​ម្នាក់ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក លី ឌី បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​មាន​វិធានការ​ចំពោះ​ភាព​អនាធិបតេយ្យ នៃ​ការ​គ្រប់គ្រង​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត៖ «ច្បាប់​ឆ្នេរ​បាន​ចែង​ថា បើ​សិន​ជា​យើង​វិនិយោគ គឺ​វិនិយោគ​ឲ្យ​នៅ​ម្ខាង​ផ្លូវ​នៃ​ថ្នល់​ស្រប​មាត់​ឆ្នេរ​ហ្នឹង។ ហើយ​បើ​ករណី​វិនិយោគ​ចំ​តំបន់​មាត់​ឆ្នេរ លុះត្រា​តែ​ក្រុមហ៊ុន​នោះ​ត្រូវ​ធ្វើ​កិច្ច​សន្យា​មួយ​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​លេង​ឆ្លង​ហ្នឹង​បាន។ ប៉ុន្តែ​ជាក់ស្តែង យើង​មើល​ទៅ​ឥឡូវ​នេះ គឺ​នៅ​ឆ្នេរ​សុខា និង​ឆ្នេរ​អូរឈើទាល គឺ​ត្រូវ​បាន​បិទ​ទាំង​ស្រុង ហើយ​ប្រជាពលរដ្ឋ​អត់​អាច​ដើរ​ចេញ​ចូល​បាន​ទេ។ នេះ​ហើយ​ជា​បញ្ហា​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ។ យើង​បាន​ដឹង​ហើយ​ថា សម្ដេច ហ៊ុន សែន គាត់​មាន​ប្រសាសន៍​ហើយ​ថា ពេល​ខ្លះ​គាត់​អត់​បាន​ដឹង​រឿង​ហ្នឹង​ទេ»

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ស៊ីអិនរ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ទទួល​ស្គាល់​ថា ពិត​ជា​មាន​ភាព​អនាធិបតេយ្យ​នៃ​ការ​គ្របគ្រង​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដោយ​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​ពិត​មែន។ លោក​ថា ករណី​នេះ អាជ្ញាធរ​ខេត្ត ឬ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ត្រូវ​មាន​ចំណាត់​ការ​រឹប​អូស​យក​ដី​តំបន់​ឆ្នេរ​ដែល​គ្រប់គ្រង​ខុស​ច្បាប់ ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ៖ «ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ដែនដី ជា​អាជ្ញាធរ​ខេត្ត បើ​សិន​ជា​យើង​ធ្វើ​មិន​បាន គាត់​ត្រូវ​សុំ​គោលការណ៍​ពី​រាជ​រដ្ឋាភិបាល ថា​ដី​ឆ្នេរ​នៅ​តំបន់​នេះ ដែល​មាន​បុគ្គល​ដែល​មាន​អំណាច​ថ្នាក់​នេះៗ មក​យក​ធ្វើ​ជា​កម្មសិទ្ធិ។ ចឹង! គាត់​មិន​ត្រូវ​ទុក​បណ្តោយ​ឲ្យ​គេ​ធ្វើ​របង​ធ្វើ​អី​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ។ ហើយ​បើ​ទុក​អ៊ីចឹង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ និង​ដល់​ការ​អភិវឌ្ឍ​ជាតិ​យ៉ាង​សំខាន់»

ខេត្ត​ព្រះសីហនុ មាន​តំបន់​ឆ្នេរ​ជាច្រើន​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ និយម​ទៅ​កម្សាន្ត មាន​ដូចជា ឆ្នេរ​ជ័យជម្នះ ឆ្នេរ​កោះពស់ ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​អូរត្រេះ។ ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មួយ​មាន​សោភ័ណភាព​ស្រស់​ស្អាត ហើយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ច្រើន​និយម​ទៅ​កម្សាន្ត​នៅ​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់ ឆ្នេរ​សុខា ឆ្នេរ​អូរឈើទាល ឆ្នេរ​អូរត្រេះ ឆ្នេរ​ហាវៃ និង​ឆ្នេរ​ម្លប់ជ្រៃ ជាដើម។ ប៉ុន្តែ​បច្ចុប្បន្ន ឆ្នេរ​មួយ​ចំនួន​ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន និង​ឯកជន ហើយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មិន​អាច​ចូល​ទស្សនា​បាន​ទេ។

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា សរុប​មាន​ប្រវែង ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង ៤​នេះ ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។