តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន​២​នាក់​ពាក់​ព័ន្ធ​រត់ពន្ធ​ថ្នាំ​ញៀន​ជិត​១​គីឡូក្រាម

តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​ខុស​ច្បាប់​ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥​ តុលា​ ក្រោយ​ពី​ពួកគេ​បាន​ព្យាយាម​នាំ​យក​គ្រឿង​ញៀន​ចែក​ចាយ​នៅ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ​។​

​អគ្គស្នងការ​រង​នគរ​បាល​ជាតិ​ ទទួល​បន្ទុក​គ្រឿង​ញៀន​លោក​ ម៉ក់ ជីតូ​ ប្រាប់​អាស៊ីសេរីកាលពីថ្ងៃទី២៧ តុលា​ថា​ តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​នេះ​ក្រោយ​ពី​ពួក​គេ​បាន​ព្យាយាម​នាំ​យក​គ្រឿង​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ជិត​១​គីឡូក្រាម​ដើម្បី​ចរាចរណ៍​ចែក​ចាយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។​

លោក​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ​ ដើម្បី​រង​ចាំ​ជំនុំ​ជំរះ​ទោស​ពាក់​ព័ន្ធ​នឹង​ការ​រត់​ពន្ធ​ថ្នាំ​ញៀន​ខុស​ច្បាប់៖«ការ​ងារ​ជំនាញ​យើង​ស្រាវជ្រាវ​ស៊ើប​អង្កេត​ទៅ​ដឹង​ថា​ ពួក​គេ​ជា​ឈ្មួញ​ជួញ​ដូរ​គ្រឿងញៀន​។អញ្ចឹង​ភ្លាមៗ​យើង​ចាប់​ខ្លួន​តាម​ច្បាប់»។​

​ទាក់ទិនបញ្ហាគ្រឿងញៀននេះដែរ នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ កាល​ពី​ថ្ងៃ​ទី​១៥​ តុលា​ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ និង​ខេត្ត​ព្រះ​វិហារ​ បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់​ ចំ​នួន ​៤​នាក់​នៅ​ក្នុង​ទី​តាំង​ផ្សេងៗ ​គ្នា ក្រោយ​ពី​​បាន​នាំ​យក​គ្រឿង​ញៀន​ ជាង​២​តោន​ ពី​ប្រទេស​ឡាវ​ ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា​ តាម​ព្រំ​ដែន​ខេត្ត​ព្រះ​វិហារ។​

បុរស​ជនជាតិ​ចិន​ទាំង​ ៤​នាក់​នោះ​មាន​បំណង​នាំ​យក​គ្រឿង​ញៀន​ទាំង​នោះ​មក​លក់​ដូរ​នៅ​ក្នុង​ទៅ​ក្រុង​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហនុ។​

ក្នុង​ចំណោម​គ្រឿងញៀន​ទាំង​ជាង​២​តោន​នេះ​ មាន​ប្រភេទ​ ហេរ៉ូអ៊ីន (Heroin) ប្រភេទ​មេតំហ្វេតាមីន​ទឹកកក​ (ICE) ប្រភេទ​អ៊ិចស្តាស៊ី​ និង​ញៀន​កេតាមីន​ (Ketamine) ក្រៅ​ពី​នោះ​សារ​ធាតុ​ផ្សំ​ អេតាណុល ​ចំនួន​ ៣៧​ប៊ីដុង​ មាន​ទម្ងន់​ ៧០៣​គីឡូក្រាម។​

តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បានឲ្យ​ដឹងថា​ នៅក្នុង​ឆមាសទី១ ​ឆ្នាំ​២០២០ ​នេះ​ សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​​ចំនួន​ជាង​៥​ពាន់​ករណី (​៥.៤៦៣​ករណី)​ គឺ​បាន​កើន​ឡើង​​ចំនួន​ជាង​ ១​ពាន់​ករណី (១.២៨៨​ករណី)​ ស្មើ​នឹង​ជាង​ ៣០​ភាគរយ ​(៣០.៨ភាគរយ)​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១៩​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។