អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បារម្ភ​ខ្លាច​ខ្វះ​កន្លែង​ឲ្យ​ទេសចរ​ស្នាក់នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ អាស៊ីសេរី
2017-09-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Den Ayuthyea

អភិបាល​ខេត្ត​ព្រះសីហនុ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​មូលដ្ឋាន​នេះ​ត្រៀម​រៀបចំ​ផ្ទះសម្បែង ឬ​បន្ទប់ ​ដែល​មិន​ប្រើប្រាស់​សម្រាប់​ដាក់​ជួល​ឲ្យ​ទេសចរ នា​ឱកាស​ឈប់​សម្រាក​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ ព្រោះ​សេវា​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​អាច​មិន​គ្រប់​តាម​តម្រូវការ។

អភិបាល​ខេត្ត​ព្រះសីហនុ ​លោក យន្ត មីន សំដែង​ក្ដី​បារម្ភ​ថា ខេត្ត​ទេសចរណ៍​នេះ​អាច​ខ្វះ​បន្ទប់​​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ស្នាក់​នៅ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ខាង​មុខ។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ ​ដែល​សល់​បន្ទប់​មិន​ប្រើប្រាស់ សូម​ត្រៀម​រៀបចំ​ឲ្យ​បាន​ស្អាត​ដើម្បី​ទុក​ជួល​ឲ្យ​ភ្ញៀវ​ទេសចរ​ស្នាក់​នៅ៖ «»។

ប្រតិបត្តិករ​បម្រើ​សេវា​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា ក្នុង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ហាក់​មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ទេ ចេញ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ ដូចជា​កោះ​រ៉ុងសន្លឹម កោះរ៉ុង និងឆ្នេរ​ភ្លោះ​កោះ​ឋានសួគ៌​ជាដើម។ ម្ចាស់​ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ទេសចរ​ខ្លះ​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ អាច​ដោយសារ​សំបុត្រ​ទូក និង​សំបុត្រ​កប៉ាល់​ត្រូវ​បាន​ដំឡើង​ថ្លៃ​ និង​ត្រូវ​បង់​ថវិកា​ជូន​ខេត្ត​បន្ថែម​ទៀត។  មូលហេតុ​ផ្សេង​ទៀត​អាច​បណ្ដាល​មក​ពី​បញ្ហា​អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​មក​រាល់​ថ្ងៃ ដែល​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចេញ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​លោក តាំង សុចិត្តគ្រឹស្នា ប្រាប់​អាស៊ីសេរី ថា រដ្ឋបាល​ខេត្ត​នេះ​បាន​បើក​កិច្ច​ប្រជុំ​​ជាមួយ​ប្រតិបត្តិករ​ទេសចរណ៍ និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់​ព័ន្ធ​ដើម្បី​រួម​សហការ​គ្នា​ពង្រឹង​គុណភាព​​សេវាកម្ម​ទេសចរណ៍ ការ​ទទួល​បដិសណ្ឋារកិច្ច ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ឲ្យ​បាន​ល្អ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ។

​លោក​បាន​​សំណូម​ដល់​ប្រតិបត្តិករ​ទេសចរណ៍ ឬ​អាជីវករ​ទូទៅ ស្នើ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​​សេវាកម្ម​ទេសចរណ៍ នៅ​តាម​ទី​តាំង​រៀងៗ​ខ្លួន​ខ្ពស់​ហួសហេតុ​ពេក ​ហើយ​ប្រសិន​បើ​អាច​រក្សា​តម្លៃ​ថេរ​ដូច​ថ្ងៃ​ធម្មតា គឺ​ជា​ការ​ប្រសើរ​បំផុត ប្រយោជន៍​ដើម្បី​ឲ្យ​ភ្ញៀវទេសចរ​ចូល​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន និង​មាន​ភាព​រីករាយ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល