បច្ចុប្បន្ន ជនពិការនៅកម្ពុជា ភាគច្រើនគឺមានជីវភាពក្រីក្រ ហើយរស់នៅក្នុងស្ថានភាពលំបាក។ មូលហេតុដែលជនពិការក្រីក្រនេះ ដោយសារតែពួកគេភាគច្រើនមិនបានរៀនសូត្រឲ្យមានចំណេះដឹងជ្រៅជ្រះ ព្រមទាំងកន្លែងការងារល្អៗជាច្រើនក៏មិនផ្ដល់ឱកាសការងារឲ្យពួកគេដូចជាមនុស្សមានកាយសម្បទាគ្រប់ដែរ។
ប្រាក់ សុផាន់ណា ជាយុវជនម្នាក់កំព្រាឪពុកម្ដាយ ហើយជើងទាំងពីររបស់គាត់បានស្វិតពិការតាំងពីកុមារម្ល៉េះ។
បច្ចុប្បន្ន គាត់មានអាយុ ២៦ឆ្នាំ ហើយនៅពេលដែលធ្វើដំណើរទៅណាមកណា គឺពោបនៅលើតែរទេះ។ ថ្វីត្បិតតែរូបគាត់ពិការជើងទាំងពីរដើរទៅណាមកណាមិនរួច រៀនក៏មិនបានថ្នាក់ខ្ពស់ ក៏ប៉ុន្តែ ប្រាក់ សុផាន់ណា ហាក់មិនអស់សង្ឃឹមចំពោះការតស៊ូក្នុងជីវិតទេ គឺគាត់កំពុងប្រឹងប្រែងហាត់រៀនជំនាញលេងហ្គីតាបានយ៉ាងល្អ ហើយពេលទំនេរខ្លះ គាត់ធ្វើជាគ្រូបង្រៀនលេងហ្គីតាដល់យុវជនជាច្រើននៅក្នុងខេត្តសៀមរាប ផង។
ប្រាក់ សុផាន់ណា មានប្រសាសន៍ថា ចាប់តាំងពីរូបគាត់ធ្លាក់ខ្លួនពិការមក គាត់មានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង ពីព្រោះមិនដូចជាអ្នកដទៃទៀតដែលមានរាងកាយពេញលេញទេ។ ពេលនោះ គាត់ក៏ចាប់ផ្ដើមនឹកឃើញដល់ការរៀនភ្លេង ដើម្បីជួយបន្ធូរអារម្មណ៍តានតឹងទាំងឡាយ៖ « ដំបូងខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំមានអារម្មណ៍ឯកោណាស់។ ខ្ញុំចាប់ផ្ដើមសម្លឹងមើលជុំវិញខ្លួន ក៏ដឹងថាខ្លួនឯងខុសពីគេ »។
សុផាន់ណា មានស្រុកកំណើតនៅភូមិវាលល្ងើក ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ឪពុកម្ដាយរបស់គាត់ត្រូវឃាតកមិនស្គាល់មុខសម្លាប់កាលពីអំឡុងឆ្នាំ១៩៩០។ ចាប់តាំងពីឪពុកម្ដាយរបស់គាត់ស្លាប់ទៅ រូបគាត់ និងបងប្អូន ៣នាក់ បានរសាត់អណ្ដែតមកជ្រកកោននៅទីក្រុងភ្នំពេញ។ ពេលអាយុ ១២ឆ្នាំ គាត់បានកើតជំងឺរលាកខួរឆ្អឹងខ្នង បណ្ដាលឲ្យជើងទាំងពីររបស់គាត់ស្វិតដើរលែងរួច រហូតមកដល់សព្វថ្ងៃនេះ។
ប្រាក់ សុផាន់ណា បានមករស់នៅក្រុងសៀមរាប តាមរយៈព្រះវិហាររបស់គ្រិស្តសាសនាមួយដែលទទួលឲ្យគាត់ស្នាក់នៅ ព្រមទាំងផ្ដល់ម្ហូបអាហារប្រចាំថ្ងៃ។
បច្ចុប្បន្ន ប្រាក់ សុផាន់ណា បានរៀនចេះលេងហ្គីតា ព្រមទាំងអាចនិពន្ធបទចម្រៀងខ្លះៗសម្រាប់សម្ដែងជូនសាធារណជនម្ដងម្កាល ព្រមទាំងថតទុកជាស៊ីឌី (CD) ផង។
«សំឡេងច្រៀង»
នៅរៀងរាល់ចុងសប្ដាហ៍ ក្រៅពីការទៅសម្ដែងដើម្បីរកប្រាក់ សុផាន់ណា ក៏បានជិះលើរទេះដោយឲ្យមិត្តភ័ក្ដិអូសយកទៅបង្រៀនហ្គីតាដល់យុវជនជាច្រើននៅក្នុងខេត្តសៀមរាប ដែរ។
លោក ពន្លក សិលា ជានាយកសាលាតន្ត្រីសម្រាប់ទាំងអស់គ្នា មានប្រសាសន៍ថា យុវជន ប្រាក់ សុផាន់ណា តែងមកជួយបង្រៀនភ្លេងនៅក្នុងសាលារបស់លោកយ៉ាងហោចណាស់ក៏ ៣ ទៅ ៤ដងដែរក្នុង ១ខែ។ លោកនាយកសាលាតន្ត្រីដដែលចាត់ទុកយុវជន សុផាន់ណា ហាក់ដូចជាជំនួយការរបស់គាត់ ដែលជំនាញខាងលេងហ្គីតា។ លោក ពន្លក សិលា មើលឃើញថា ថ្វីត្បិតតែយុវជននេះពិការជើងមែន ប៉ុន្តែបច្ចុប្បន្ន សុផាន់ណា បានប្រឹងប្រែងយ៉ាងខ្លាំងបង្រៀនជំនាញលេងហ្គីតាដល់យុវជនជាច្រើន រហូតដល់សរសេរបានបទភ្លេង និងចម្រៀងខ្លះទៀតផង៖ « ទំនុកច្រៀង និងបទភ្លេងរបស់គាត់ហ្នឹង គឺឃើញមានសន្ទុះ និងការគាំទ្រច្រើន តាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គម។ យើងចង់ឲ្យមានការគាំទ្រគាត់កាន់តែច្រើន »។
ក្រៅពីជួយបង្រៀនជំនាញលេងហ្គីតានៅសាលាតន្ត្រីសម្រាប់ទាំងអស់គ្នា ប្រាក់ សុផាន់ណា ក៏បានចំណាយពេលចុងសប្ដាហ៍ទៅបង្រៀនជំនាញដដែលនេះដល់យុវជនជាច្រើនទៀត នៅឯតំបន់ជាយក្រុងក្នុងសហគមន៍សង្កាត់ទ្រាក ដែរ។ នៅទីនោះ សុផាន់ណា បានប្រឹងប្រែងបង្រៀនយុវជនទាំងអក្សរភ្លេង ព្រមទាំងការអនុវត្តលេងហ្គីតាផ្ទាល់។
«សំឡេងបង្រៀន»
យុវជន ហ៊ុល សំ គឺជាមិត្តភ័ក្ដិដ៏ជិតស្និទ្ធដែលតែងតែធាក់កង់សណ្ដោង សុផាន់ណា ទៅបង្រៀនភ្លេង ឬក៏ទៅទីដទៃទៀត មានប្រសាសន៍ថា បច្ចុប្បន្ន រូបគាត់ក៏ជាកូនសិស្សដែលរៀនលេងហ្គីតាពី សុផាន់ណា ដែរ។ ហ៊ុល សំ យល់ថា សុផាន់ណា គឺជាគ្រូបង្រៀនហ្គីតាដ៏ល្អ ពីព្រោះនៅពេលដែលសិស្សមិនយល់ គឺគាត់លើកទឹកចិត្ត ហើយពន្យល់រហូតទាល់តែសិស្សយល់ច្បាស់៖ « ពេលខ្លះខ្ញុំដឹងថា គាត់មានអារម្មណ៍ធុញថប់ចំពោះការបង្រៀនភ្លេង ដោយពិបាកធ្វើដំណើរទៅមក ប៉ុន្តែគាត់នៅតែព្យាយាមទៅបង្រៀនទៀត »។
បច្ចុប្បន្ន ផ្សាររាត្រីមួយនៅក្នុងក្រុងសៀមរាប បានជួល ប្រាក់ សុផាន់ណា និងក្រុមភ្លេងរបស់គាត់ឲ្យទៅសម្ដែងជូនភ្ញៀវទស្សនាក្នុងមួយសប្ដាហ៍ចំនួនពីរថ្ងៃ គ្រាន់បានថវិកាបន្តិចបន្តួចជួយដោះស្រាយជីវភាព។
ប្រាក់ សុផាន់ណា មានក្តីស្រមៃចង់បង្កើតស្ទូឌីយូ (Studio) មួយសម្រាប់ផលិតស៊ីឌី (CD) ចម្រៀងរបស់គាត់ ដើម្បីចេញលក់នៅក្នុងទីផ្សារនាពេលអនាគត។ ស្របនឹងក្តីស្រមៃនេះ គាត់បានចងក្រងយុវជនជាច្រើនឲ្យក្លាយជាក្រុមតន្ត្រីរួចហើយ ក៏ប៉ុន្តែបំណងរបស់គាត់មិនទាន់បានសម្រេចទេ ដោយសារតែក្រុមរបស់គាត់នៅខ្វះឧបករណ៍ភ្លេង ព្រមទាំងថវិកាជាច្រើនសម្រាប់កសាងស្ទូឌីយូនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។