អាជ្ញាធរខេត្តកំពង់ឆ្នាំងឲ្យដឹងថា យុទ្ធនាការរុះរើផ្ទះបណ្ដែតទឹកពីផ្ទៃបឹងទន្លេសាប សម្រេចបានជិត ១០០ភាគរយហើយ លើកលែងតែផ្ទះ ដែលមានបែបណ្ដែតទឹកកំពុងចិញ្ចឹមត្រីក្រោមផ្ទះចំនួន ៧៥០ ខ្នង នឹងត្រូវរុះរើនៅខែកក្កដា ឆ្នាំ២០១៩ ខាងមុខ។ មន្ត្រីសង្គមស៊ីវិលបារម្ភថា ការរក្សាជនអន្តោប្រវេសន៍ខុសច្បាប់បន្តរស់នៅក្នុងប្រទេសកម្ពុជា ជាការបន្ថែមបន្ទុកចំណាយធនធានរដ្ឋមួយកម្រិតទៀត និងប៉ះពាល់អធិបតេយ្យជាតិកាន់តែធ្ងន់ធ្ងរ ប្រសិនបើការអនុវត្តច្បាប់នៅតែធូររលុង។
អភិបាលរងខេត្តកំពង់ឆ្នាំងទទួលបន្ទុកជម្លៀសពលរដ្ឋវៀតណាមឡើងគោក លោក ស៊ុន សុវណ្ណារិន ប្រាប់អាស៊ីសេរីថា អាជ្ញាធរខេត្តកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹកភ្លើង និងមណ្ឌលសុខភាពជាដើមនៅទីតាំងថ្មី ដែលបានជម្លៀសពលរដ្ឋទាំងនោះឡើងគោកវិញ។ លោកបញ្ជាក់ថា អាជ្ញាធរខេត្តសម្រេចពន្យារពេល រុះរើផ្ទះជនជាតិវៀតណាម បែបណ្ដែតទឹកក្នុងផ្ទះ រហូតដល់ ខែកក្កដាខាងមុខ នេះ ព្រោះខ្លាចប៉ះពាល់របបចិញ្ចឹមត្រី និងទុកពេលឲ្យពួកគេត្រៀមខ្លួនឡើងគោកវិញ។ អាជ្ញាធរខេត្តកំពុងឆ្នាំង ឲ្យដឹងនៅថ្ងៃទី៤ មករាថា ផ្ទះបណ្ដែតទឹកលើផ្ទៃបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំង សរុបចំនួនជិត ៤ពាន់គ្រួសារ ក្នុងនោះមានផ្ទះបណ្ដែតទឹករបស់ជនអន្តោប្រវេសន៍វៀតណាមជិត ២ពាន់គ្រួសារ។
ពលរដ្ឋវៀតណាមដែលចេញពីផ្ទះបណ្ដែតទឹកខ្លះបានទៅតាំងលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មីផ្ដល់ដោយអាជ្ញាធរ និងខ្លះទៀតទៅស្នាក់នៅនឹងផ្ទះបងប្អូនជាបណ្ដោះអាសន្ន។
លោកថា អាជ្ញាធរបានសិក្សាពីទីតាំងភូមិសាស្ត្រចំនួន ៦ គោលដៅ និងកំពុងត្រូវដោះស្រាយជាបន្តបន្ទាប់។ លើសពីនេះអាជ្ញាធរខេត្ត បានសហការជាមួយអង្គការនានា ស្ថាបនាសាលារៀន និងមណ្ឌលសុខភាពជាដើមនៅទីតាំងថ្មីនោះដែរ៖ «មានផ្ទះខ្លះ អត់ចិញ្ចឹមត្រី និងមានផ្ទះខ្លះ មានបែទឹកនៅខាងក្រោម ហើយដំណាក់ការនេះ យើងមិនទាន់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធបានគ្រប់គ្រាន់។ ពលរដ្ឋ ៧៥០គ្រួសារ មានបែទឹកអាជ្ញាធរខេត្តទុកពេលវេលាឲ្យពួកគាត់ កុំឲ្យប៉ះពាល់របបចិញ្ចឹមត្រីរបស់គាត់ និងទុកពេលវេលាឲ្យគាត់ត្រៀមខ្លួនឡើងគោក » ។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានសមាគមវៀតណាម លោក សឹង ជី តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី៤ មករា។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគម អាដហុក ខេត្តកំពង់ឆ្នាំង សំ ច័ន្ទគា សង្កេតឃើញថា អាជ្ញាធរផ្ដើមរុះរើ ផ្ទះពលរដ្ឋបណ្ដែតទឹកទាំងនោះជាបណ្ដើរៗ ហើយ តែលោកមិនប្រាកដថា ការរុះរើនោះបានប៉ុន្មានភាគរយទេ។ លោកថា ការរកដីសម្បទានសង្គមកិច្ចផ្ដល់ឲ្យពលរដ្ឋវៀតណាមទាំងនោះរស់នៅលើគោក និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតែជាបញ្ហាប្រឈមនៅឡើយ នៅគ្រាដែលតំបន់ខ្លះ ប៉ះពាល់ដីស្រែពលរដ្ឋ និងមានផ្នែកខ្លះទៀតគ្រាន់តែបោះបង្គោលចោល។
មន្ត្រីសង្គមស៊ីវិល និងក្រុមការងារ ១០០រាត្រី ដែលចុះស៊ើបអង្កេតរឿងនេះ មិនទាន់ស្ងប់អារម្មណ៍នៅឡើយ ពីយន្តការជម្លៀសជនជាតិវៀតណាមពីផ្ទៃបឹងទន្លេសាប ឲ្យមករស់នៅលើគោកវិញ ដោយសារតែពួកគេសង្ស័យថា ជនជាតិវៀតណាមទាំងនោះ ជាជនអន្តោប្រវេសន៍ខុសច្បាប់ និងមានជនអន្តោប្រវេសន៍មួយចំនួនប្រើប្រាស់ឯកសារមិនត្រឹមត្រូវមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា និងលើផ្ទៃបឹងទន្លេសាបជាច្រើនឆ្នាំមកហើយ។
សមាជិកក្រុមការងារ ១០០ រាត្រី ដែលចុះស៊ើបអង្កេតរឿងនេះ លោក មួង សូនី បារម្ភពីមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាពីសំណាក់ប្រទេសវៀតណាម តាមរយៈបញ្ជូនជនជាតិរបស់គេឲ្យមករស់នៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។ រីឯការអនុវត្តច្បាប់របស់អាជ្ញាធរកម្ពុជាហាក់ខ្សោយនៅឡើយ។ លោកថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ នៅរក្សាជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ឲ្យមករស់នៅលើគោក និងលើផ្ទៃទឹក មិនអនុវត្តច្បាប់ត្រឹមត្រូវនឹងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យជាតិ និងបរិស្ថានទន្លេសាបធំធេង៖ « ប្រសិនបើរដ្ឋាភិបាលមិនព្រមបញ្ជូនជនអន្តោប្រវេសន៍ទាំងនោះឲ្យទៅប្រទេសគេវិញ ហើយយើងរក្សាទុកនៅដដែល មិនព្រមអនុវត្តតាមវិធីច្បាប់នោះ គឺយើងឃើញថា នឹងអាចមានបញ្ហារឹតតែធំទៅនៅថ្ងៃអនាគត។ យើងដឹងហើយថា យើងបាត់បង់ទឹកដីកម្ពុជាក្រោម ដោយសារគេនាំជនអន្តោប្រវេសន៍វៀតណាមច្រើន ដល់ពេលគេមកច្រើន គេនឹងយកទឹកដីខ្មែរយើងបាត់ » ។
ឆ្លើយតបរឿងនេះ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិន អះអាងថា ជនបរទេសណា ដែលមកតាំងទីលំនៅខុសច្បាប់ គឺអាជ្ញាធរនឹងចាប់បញ្ជូនឲ្យត្រឡប់ទៅប្រទេសគេវិញ។ លោកថា អាជ្ញាធរអនុញ្ញាតឲ្យពលរដ្ឋវៀតណាម អាចតាំងលំនៅលើគោកបាន តែជនអន្តោប្រវេសន៍ណាមានលិខិតស្នាមត្រឹមត្រូវ។ ទន្ទឹម នឹងនេះ អាជ្ញាធរខេត្តមានគម្រោងអភិវឌ្ឍន៍តំបន់ទន្លេសាប ជាកន្លែងបម្រើវិស័យទេសចរក្នុងតំបន់ដែរ។ លោកថា អាជ្ញាធរខេត្តបានសហការជាមួយមន្ត្រីជំនាញ ធ្វើជំនឿជនអន្តោប្រវេសន៍ជារៀងរាល់ឆ្នាំ ដើម្បីទប់ស្កាត់ជនបរទេសមកតាំងទីលំនៅខុសច្បាប់ ហើយកន្លងមកអាជ្ញាធរបានចាប់បញ្ជូនជនអន្តោប្រវេសន៍ន៏ឲ្យត្រឡប់ទៅប្រទេសគេវិញដែរ ក៏ប៉ុន្តែលោកមិនបញ្ជាក់លម្អិត ពីតួលេខនៃការ ចាប់បញ្ជូននោះទេ៖ «តាមច្បាប់អន្តោប្រវេសន៍អ្នកដែលរស់នៅមិនត្រឹមត្រូវ អាជ្ញាធរខេត្ត សហការជាមួយអគ្គអន្តោប្រវេសន៍ គឺយើងបានបញ្ជូនគាត់ត្រឡប់ទៅស្រុកវិញ តែបើបងប្អូនមានលិខិតស្នាមត្រឹមត្រូវនោះ យើងនឹងអនុញ្ញាតឲ្យគាត់រស់នៅ » ។
មន្ត្រីនាំពាក្យសមាគម អាដហុក (ADHOC) លោក សឹង សែនករុណា មានមន្ទិលថា តើអាជ្ញាធរអាចធានាបានទេ ចំពោះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនោះអាច នឹងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍វៀតណាមមិនឲ្យវិលទៅតាំងទីលំនៅជាថ្មីទៀត លើផ្ទៃបឹងទន្លេសាប? ខណៈដែល ពលរដ្ឋវៀតណាមភាគច្រើន មានជីវភាពផ្អែកលើផលនេសាទ និងការចិញ្ចឹមត្រី។ លោកចង់ឃើញអាជ្ញាធរខេត្តកំពង់ឆ្នាំង អភិរក្សបឹងទន្លេសាបឡើងវិញ ដោយអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានពេញលេញ និងលុបបំបាត់អំពើពុករលួយពាក់ព័ន្ធការ ធ្វើលិខិតស្នាមស្នាក់នៅ ក្នុងប្រទេសកម្ពុជាជាដើម៖ «ការផ្លាស់ទីនេះ គួរតែធ្វើដោយត្រឹមត្រូវទាំងអស់គ្នា និងចង់ឲ្យមានការពិនិត្យឡើងវិញដែរ ទៅលើជនអន្តោប្រវេសន៍ទាំងឡាយណាដែលមករស់នៅកម្ពុជា ព្រោះប្រជាជនកម្ពុជាទៅប្រទេសគេមិនបានទេ។ អត់មានច្បាប់ត្រូវបានអាជ្ញាធរគេចាប់ » ។
មន្ត្រីសិទ្ធិមនុស្សរូបនេះពន្យល់ថា បឹងទន្លេសាបជាទ្រព្យសាធារណៈរបស់រដ្ឋ មិនត្រូវ បណ្ដោយមានការ តាំងទីលំនៅបែបអនាធិបតេយ្យនោះទេ ហើយអាជ្ញាធរកម្ពុជា ត្រូវនិរាករណ៍រាល់ឯកសារទាំងឡាយណាដែលរក ឃើញថា ជនជាតិវៀតណាមទាំងនោះឃុបឃិតជាមួយអាជ្ញាធរខ្មែរធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសច្បាប់ និងលិខិតស្នាមនានាជាដើម។
តួលេខអាជ្ញាធរខែត្របង្ហាញថា នៅខេត្តកំពង់ឆ្នាំង មានផ្ទះបណ្ដែតទឹក ជិត ៤ពាន់គ្រួសារ ក្នុងនោះមានជនជាតិវៀតណាម ជិត ២ ពាន់គ្រួសារ។ បច្ចុប្បន្ននៅខេត្តកំពង់ឆ្នាំង មានជនជាតិវៀតណាមរស់នៅជាង ១ម៉ឺននាក់ (១០០៨៧) ហើយកន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗ ទៀត។
សមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី យល់ថា អាជ្ញាធរកម្ពុជា ត្រូវញែកឲ្យដាក់ រវាងជនជាតិវៀតណាមរស់នៅខុសច្បាប់ និងស្របច្បាប់ តែបើពលរដ្ឋវៀតណាមរស់នៅខុសច្បាប់អាជ្ញាធរត្រូវអនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់។
លោកថា ផ្ទះបណ្ដែតទឹករាប់ពាន់ខ្នងលើផ្ទៃបឹងទន្លេសាបភាគច្រើនជាជនអន្តោប្រវេសន៍វៀតណាម បង្កផល ប៉ះពាល់ធំធេងដល់បរិស្ថានទន្លេសាប ជីវៈចម្រុះ ដែលជាជម្រកត្រី និងជាទីកន្លែងចិញ្ចឹមជីវិតរបស់ពលរដ្ឋខ្មែររស់នៅតំបន់បឹងទន្លេសាបទាំងមូល។ លោកថា ជនអន្តោប្រវេសន៍វៀតណាមស្ទើរទាំងអស់ពុំមានឯកសារផ្លូវច្បាប់ត្រឹមត្រូវទេ ហើយពួកគេតែងនេសាទប្រើឧបករណ៍ខុសច្បាប់ ជាពិសេស គឺលួចចិញ្ចឹមត្រីឆ្ដោក្នុងបែក្រោមផ្ទះរបស់ខ្លួនខុសច្បាប់៖ « យើងអត់ដឹងថា តើគេអាចទប់ស្កាត់បានអត់ ? ព្រោះតែយើងអនុវត្តច្បាប់ ហើយប្រសិទ្ធភាពវាអត់បានខ្ពស់។ យើងត្រូវតាមដានជាប់ជានិច្ច ចំពោះជនជាតិវៀតណាមលើបឹងទន្លេសាប បើយើងដឹងថា គេមករស់នៅខុសច្បាប់ យើងចាប់គេទៅវិញ។ ប៉ុន្តែ ខ្ញុំមើលទៅអត់មានសោះ គឺចេញចូលដោយសេរីលើបឹងទន្លេសាប។ អ្នកខ្លះមកនេសាទ ៣ ទៅ ៤រដូវ ចប់រដូវគេទៅផ្ទះគេវិញក៏មាន » ។
ប្រធានអង្គការការពារសិទ្ធិជនជាតិដើមភាគតិចប្រចាំ ខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រួយ ធ្លាប់លើកឡើងថា ពលរដ្ឋវៀតណាមភាគច្រើន គឺបានមកតាំងទីលំនៅខុសច្បាប់មានជាប់ពាក់ព័ន្ធពីភាពធូររលុងការអនុវត្តច្បាប់។ លោករក ឃើញថា កន្លងទៅសមត្ថកិច្ចបានអនុញ្ញាត ឲ្យពលរដ្ឋមករស់នៅខុសច្បាប់ មានសិទ្ធិបង់ពន្ធស្នាក់នៅរយៈពេល ២ឆ្នាំដោយស្វ័យប្រវត្តិ ខុសនីតិវិធីបណ្ដាលឲ្យជនអន្តោប្រវេសន៍កាន់តែកើនឡើងច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
