គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា គឺជា​ឃាតកលាក់​មុខ

អាជ្ញាធរ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អំពាវនាវ​ឲ្យ​អ្នកបើកបរ បង្កើន​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​យកចិត្តទុកដាក់​ខ្ពស់​នៅ​ពេល​បើកបរ ដើម្បី​ការពារ​អាយុជីវិត។

គេហទំព័រ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា បាន​ដកស្រង់​សំដី​របស់ អគ្គនាយករង​នៃ​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករ​និយោជិត លោក ហេង សុផាន់ណារិទ្ធ ដែល​បាន​អះអាង​ថា គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ឃាតក​លាក់​មុខ ដែល​បន្សល់ទុក​នូវ​សោកនាដកម្ម និង​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។ លោក​បន្ត​ថា ទន្ទឹម​ដែល​វិបត្តិ​ជំងឺ​កូវីដ​១៩ បាន​ធូរស្រាល និង​បាន​បើក​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​បន្ត​កើតមាន​ឡើងជា​ញឹកញាប់​។ រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ បារម្ភ​ជា​ខ្លាំង​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​ចំពោះ​កម្មករ​និយោជិត​ដែល​ធ្វើដំណើរ​តាម​រថយន្ត​ទ្រុង​ដឹក​កម្មករ។

លោក ហេង សុផាន់ណារិទ្ធ ណែនាំ​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ថា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ កម្មករ​ដែល​ប្រើប្រាស់​ម៉ូតូ រ៉ឺម៉ក​ម៉ូតូ កង់ ថ្មើរជើង ត្រូវ​ប្រើប្រាស់​មួក​សុវត្ថិភាព និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ លោក​ក៏​បាន​ជំរុញ​ដល់​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ឬ​រថយន្ត​ទ្រុង ដឹកជញ្ជូន​កម្មករនិយោជិត ត្រូវ​ងាក​មក​ប្រើប្រាស់​រថយន្ត​ដឹក​អ្នកដំណើរ​វិញ ត្រូវ​បញ្ឈប់​ការ​ដាក់​មនុស្ស​ច្រើន​ពេក ឲ្យ​ឈរ​កក​កុញ ពិនិត្យ​ពី​លក្ខខណ្ឌ​បច្ចេកទេស​រថយន្ត និង​ទទួល​ការ​ហ្វឹកហ្វឺន​ត្រឹមត្រូវ​ពី​ការ​បើកបរ ព្រមទាំង​គោរព​ច្បាប់​ចរាចរណ៍។

បន្ថែម​ពី​នេះ​ក្រសួង ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​ភារកិច្ច​លើ​ការងារ​ចរាចរណ៍ ត្រូវ​រួម​សហការ​គ្នា​ដើម្បី​ផ្សព្វផ្សាយ បង្កើន​ការ​យល់​ដឹង​លើ​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​មក​នៅ​កម្រិត​ទាប​បំផុត។

ស្ថិតិ​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បង្ហាញ​ថា ក្នុង​អំឡុង​ពេល​៦​ខែ ដើមឆ្នាំ​២០២២ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជិត ១​ពាន់ ៧​រយ​ករណី (១.៦៧២) លើ​កម្មករ​និយោជិត ចំនួន ជិត​២​ពាន់​នាក់ (១.៩១៩) ក្នុង​នោះ ៤៧​នាក់​បាន​ស្លាប់ រង​របួស​ធ្ងន់ ជិត ៦​រយ​នាក់ (៥៦៧) និង​របួសស្រាល ជាង ១​ពាន់​៣​រយ​នាក់ (១.៣០៥)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។