របាយការណ៍របស់ការិយាល័យនគរបាលផ្លូវគោក នៃអគ្គស្នងការនគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី១៧ មេសា បង្ហាញថា ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃទី១៧ មេសា ឆ្នាំ២០១៩ នេះ មានចំនួន ៧នាក់។ តួលេខអ្នកស្លាប់នេះ បានថយចុះចំនួន ៨នាក់ បើធៀបទៅនឹងថ្ងៃទី១៧ ខែមេសាដូចគ្នា កាលឆ្នាំ២០១៨ គឺមានអ្នកស្លាប់ដល់ទៅ ១៥នាក់។
ប៉ុន្តែរបាយការណ៍ដដែលបង្ហាញថា អ្នកស្លាប់រយៈពេល ៥ថ្ងៃ នៃអំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ មេសានេះវិញ មានចំនួន ៥៩នាក់ ដែលកើនឡើង ១២នាក់ បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ មានចំនួនអ្នកស្លាប់ ៤៧នាក់។
ចំណែកអ្នករងរបួសធ្ងន់ស្រាល ចំនួន ៩៥នាក់ គឺកើនឡើងជាងឆ្នាំ២០១៨។ ឆ្នាំ២០១៩ អ្នករងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងដល់ ២៣៨នាក់ ឯឆ្នាំ២០១៨ មានចំនួន ១៤៣នាក់។
គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរយៈ ៥ថ្ងៃ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរឆ្នាំនេះ គឺបណ្ដាលមកពីការបើកហួសល្បឿន នៅតែជាមូលហេតុនាំមុខគេ គឺមាន ៥៤ករណី មិនគោរពសិទ្ធិ ១៩ករណី មិនប្រកាន់ស្ដាំ ១៨ករណី បត់គ្រោះថ្នាក់ ១៧ករណី ស្រវឹងស្រា ៨ករណី កត្តាយានយន្ត ៤ករណី និងបើកបរដោយងងុយដេក ១ករណី។
ភូមិសាស្ត្រ ដែលមានចំនួនគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ គឺនៅភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍ ២០ដង បណ្ដាលឲ្យមានអ្នកស្លាប់ ៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
