សង្គម​ស៊ីវិល និង​ពលរដ្ឋ​ហួសចិត្ត​ដែល​ក្រសួង​ថា ផ្លូវ​ខូច​បណ្ដាល​មក​ពី​បញ្ហា​អាកាសធាតុ

ក្រុម​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ហួសចិត្ត​ដែល​មន្ត្រី​ក្រសួង​សាធារណការ​លើកឡើង​ថា ការ​ខូច​ផ្លូវ គឺ​បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ​។ ពួកគេ​ចាត់​ទុក​ការ​លើកឡើង​នេះ ជា​ការ​ឆ្លើយ​ដោះសា​គេច​ពី​ការ​ទទួលខុសត្រូវ។

មន្ត្រី​សង្គម​ស៊ីវិល និង ក្រុម​ពលរដ្ឋ យល់ថា គ្រោះ​ទឹកជំនន់​គ្រាន់តែ​ជា​ជ្រុង​មួយ​ដែល​បណ្តាល​ឱ្យ​ខូច​ផ្លូវថ្នល់ នៅ​តំបន់​មួយ​ចំនួន​ប៉ុណ្ណោះ​។ ពួកគេ​អះអាង​ថា មាន​មូលហេតុ​ជាច្រើន​បណ្តាល​ឱ្យ​ខូចខាត​ផ្លូវ គឺ​កត្តា​មនុស្ស ការអនុវត្ត​ច្បាប់ និង​អំពើពុករលួយ​ជាដើម​។ សង្គម​ស៊ីវិល និង​ពលរដ្ឋ​យល់ថា រដ្ឋាភិបាល​ពុំ​ទាន់​មាន​វិធានការ​បែប​វិទ្យាសាស្ត្រ​ណាមួយ ដោះស្រាយ​បញ្ហា​គុណភាព​ផ្លូវ និង​ការអនុវត្ត​ច្បាប់​លើ​អ្នក​បំពាន​ចំណី​ផ្លូវ​នៅ​ឡើយ​ទេ ជាច្រើន​ឆ្នាំ​មកនេះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា ភាព​ធូររលុង​ការ​អនុវត្ត​ច្បាប់ ការ​យក​ផ្លូវថ្នល់​ធ្វើ​អាជីវកម្ម និង​ការស្ថាបនា​ផ្លូវ​គ្មាន​គុណភាព គឺជា​មូលហេតុ​សំខាន់ បណ្ដាលមកពី​អំពើពុករលួយ​ធ្ងន់ធ្ងរ ក្នុង​ដំណើរការ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ទូទាំង​ប្រទេស​។ លោក​ថា បញ្ហា​ប្រឈម​ទាំងនេះ បាន​អូសបន្លាយ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ គ្មាន​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ។

ចំណែក ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ អ្នកនាង ប៉េង ឈុន យល់ថា ផ្លូវថ្នល់​ខូចខាត​ពុំ​មែន​បណ្ដាលមកពី​ទឹកជំនន់ តែមួយ​មុខ​នោះ​ទេ។ អ្នកនាង​មើល​ឃើញ​ថា ក្រសួង​សាមី មិន​បាន​យកចិត្តទុកដាក់​ស្ថាបនា​ផ្លូវ​ឱ្យ​មាន​គុណភាព លុបបំបាត់​អំពើពុករលួយ និង​ចាត់វិធានការ លើ​អ្នក​យក​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម និង​ធ្វើ​ផ្ទះ​នោះ​ទេ។ បន្ថែម​លើ​នេះ អ្នកនាង​ថា អាជ្ញាធរ​មិន​បាន​អនុវត្ត​ច្បាប់​តឹងរ៉ឹង លើ​ម្ចាស់​រថយន្ត​ធុន​ធំ ដឹកទំនិញ​លើស​ទម្ងន់​នោះ​ឡើយ៖ «បច្ចេកទេស​កសាង​ផ្លូវ បើ​ខ្ញុំ​សង្កេតមើល​ប្រទេស​គេ គេ​កសាង​ផ្លូវ ចាក់​កៅស៊ូ និង​បៃ​តុង​លើ​ថ្នល់ គឺ​គេ​ចាក់​មក​ក្រាស់ៗ តែ​ស្រុក​ខ្មែរ​យើង បើ​ក្រឡេក​ប្រៀបធៀប​ជាមួយ​គេ គឺ​ខុស​ឆ្ងាយ​។ គាត់​ចាក់​ស្ដើង​ឱ្យ​រួចពីដៃ សូម​កែ​មក​ឱ្យ​ជាប់​មក។ ធ្វើ​ខ្វះ​បច្ចេកទេស​ផ្សេង​ទៅ ចំណុច​មួយទៀត​គឺ​ធ្វើ​ហ្នឹង​ដើម្បី​រិះ​ខាំ ដើម្បី​កិបកេង​លុយ​។ អ្នក​ខាងក្រៅ គេ​ Support ច្រើនៗ តែ​ដល់​ពេល​ធ្វើ​ផ្លូវ​បាន​មួយ​ក្រវិចៗ ហើយ​ផ្លូវ​ធ្វើ​ឱ្យ​រួចពីដៃ ធ្វើ​ហើយ​គាស់​ទៅ​គាស់​មក»។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នេះ គឺ​ដោយសារ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អ្នកស្រី ម៉ម រម​នា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី៨ តុលា​ថា ការប្រែប្រួល​អាកាសធាតុ ធ្វើ​ឱ្យ​ខូចខាត ផ្លូវថ្នល់ ស្ពាន ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ជាដើម តួយ៉ាង​គ្រោះ​ទឹកជំនន់ បង្ក​ប៉ះពាល់​តំបន់​មួយ​ចំនួន នៅ​ក្នុង​ខេត្ត ព្រះសីហនុ កំពត ពោធិ៍សាត់ ស្ទឹងត្រែង រតនគិរី ជាដើម​។ អ្នកស្រី​បន្ត​ថា គ្រោះធម្មជាតិ​នេះ​ក៏​បណ្ដាល​ឱ្យ​ផ្លូវថ្នល់ ស្ពាន​មួយ​ចំនួន​ខូចខាត និង​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ផង​ដែរ​។ អ្នកស្រី​បញ្ជាក់​ថា ផល​ប៉ះពាល់​នេះ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកាជាតិ ថវិកា​ជំនួយ និង​កម្ចី​ពី​អន្តរជាតិ ដើម្បី ជួសជុល និង​ស្ដារ​ឡើង​វិញ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​សាធារណការ លោក តុប សុភ័ក្រ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​រឿង​នេះ តែ​ទូរស័ព្ទ​របស់​លោក មិន​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី៩ ខែ​តុលា នេះ។ ចំណែក​អ្នកនាំពាក្យ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ក្រុង​សៀមរាប លោក រិន ភារុន អះអាង​ថា ក្រុង​សៀមរាប ពុំ​មាន​គ្រោះធម្មជាតិ ឬ​ទឹកជំនន់​នោះ​ទេ ក៏ប៉ុន្តែ​ផ្លូវ​ក្នុង​ក្រុង​ស្ទើរ​គ្រប់កន្លែង​ខូចខាត ពិបាកធ្វើ​ដំណើរ​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោក​ចោទ​ថា ការ​ទម្លាក់​កំហុស​លើ​គ្រោះធម្មជាតិ នាំ​ឱ្យ​ផ្លូវ​ខូច គឺជា​ការ​ឆ្លើយ​ដោះសារ​របស់​ក្រសួង​សាមី ដើម្បី​ជម្រះ​អំពើពុករលួយ និង​កំហុស​ឆ្គង​របស់​ខ្លួន​ប៉ុណ្ណោះ៖ «សៀមរាប​អត់​មាន​ទឹកជំនន់​ទេ គ្រាន់តែ​ផ្លូវ​ធ្វើ​ប្រើ​កៅស៊ូ​តិច​។ ណាមួយ​ទៀត​ផ្លូវ​ធ្វើ​ឱ្យ​រួច​តែ​ពី​ដៃ គាត់​ធ្វើ​មុខ​ខូច​ពីក្រោយ ធ្វើ​ក្រោយ​ខូច​មុខ​។ នៅ​សៀមរាប​ឆ្នាំ​ហ្នឹង​អត់​មាន​ទឹកជំនន់ គាត់​ក្រាល​កៅស៊ូ​រួចហើយ គាត់​ដាក់​គ្រួស​ពីលើ រឿង​អី​មិន​ខូច​បង​ឯង​គិត​មើល​ ?»។

កន្លងទៅ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ធ្លាប់​អះអាង​ថា អាជ្ញាធរ​ជំនាញ​នឹង​ធ្វើ​របាយការណ៍​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​បណ្ដា​ខេត្ត ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម និង​ព្រែ​វែង​ជាដើម។ រីឯ​ក្រសួង​សាធារណការ កំពុង​ប្រើប្រាស់​វិធីសាស្ត្រ​វិភាគ​ចំណាយ និង​ពិចារណា​រៀបចំ​សំណើ​ស្នើសុំ​ថវិកា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​ធ្វើ​ឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។