រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទទួលស្គាល់ថាវិធានការហាមប្រាមប្រជាពលរដ្ឋមិនឱ្យផ្លាស់ទីចេញពីភ្នំពេញទៅតាមបណ្ដាខេត្ត ក្រុងនានា និងពីខេត្តមួយទៅខេត្តមួយទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នោះពុំមានប្រសិទ្ធភាពឡើយ។
ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា អ្នកដែលមិនអាចអនុវត្តតាមបម្រាមរបស់រដ្ឋាភិបាលបានដោយសារតែភាគច្រើនពួកគេពុំមានលទ្ធភាពស្នាក់នៅក្នុងទីក្រុង ឬឋិតនៅមួយកន្លែងបានដោយសារតែតម្រូវការក្នុងជីវភាពរស់នៅ។
ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសិក្សាការអភិវឌ្ឍន៍សង្គមលើកឡើងថារដ្ឋាភិបាលគួរមានវិធានការលើសពីការដែលគ្រាន់តែប្រកាសថា មិនអោយពលរដ្ឋធ្វើដំណើរ ក្នុងនោះរួមមានទាំងការអប់រំពលរដ្ឋបន្ថែមទៀត ជាពិសេសគឺការធានាគាំពារដល់ជីវភាពរស់នៅរបស់អ្នក ដែលរងផលប៉ះពាល់ផ្នែកជីវភាព ដោយសារជំងឺកូវីដ-១៩។
ការលើកឡើងនេះ កើតមានភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃ ទី១៣ ខែ មេសា ទទួលស្គាល់ថា វិធានការរបស់រដ្ឋាភិបាលហាមប្រាមមិនឱ្យពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញ និងខេត្តមួយទៅខេត្តមួយនោះពុំមានប្រសិទ្ធភាពទេ។ លោកថាមិនមានប្រសិទ្ធភាពដោយសារតែអាជ្ញាធរមិនបានប្រើប្រាស់វិធានការក្ដៅ៖ « នេះបទបញ្ជាមែន ប៉ុន្តែគឺ មិនអនុញ្ញាតឱ្យសមត្ថកិច្ចរបស់យើងដើម្បីចាត់វិធានការតឹងរ៉ឹងរហូតដល់យកទោសយកទណ្ឌអ្នកដែលមិនបានគោរពទេ គ្រាន់តែថា អង្វរករអំពាវនាវឱ្យគាត់យល់ ចូលរួមតែប៉ុណ្ណឹងទេ។ ចឹងហើយវាអាចមានថា អ្នកខ្លះទៅតាមផ្លូវជាតិមិនបានក៏ទៅតាមផ្លូវតូចៗ ទៅ អ្នកខ្លះទៀត គឺទៅពីនាយទៅជិះឡាន តែទៅដល់ប្រហែល ២០០ម៉ែត្រដល់បារ៉ាស់ចុះដើរ ថាផ្ទះគាត់នៅខាងមុខនោះ។ ខ្ញុំថា នេះមិនអាចថាធានា ១០០ភាគរយតែយើងបានធ្វើការងារហ្នឹងអស់ពីសមត្ថភាព»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាយ៉ាងទាន់ហន់មួយកាលពីថ្ងៃទី៩ ខែមេសា ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចាត់វិធានការមិនអោយពលរដ្ឋចេញចូលរាជធានីភ្នំពេញ និងខេត្តនានា ហើយនៅមួយថ្ងៃបន្ទាប់មកក៏លោក ហ៊ុន សែន បានសម្រួលបទបញ្ជាឡើងវិញដោយចាត់ទុករាជធានីភ្នំពេញ និងខេត្តកណ្ដាល ជាតំបន់តែមួយវិញ។ ភ្លាមៗ នៅពេលលោក ហ៊ុនសែន ចេញបញ្ជានោះពលរដ្ឋបានសម្រុកនាំគ្នាចេញពីទីប្រជុំជនជាពិសេសពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តយ៉ាងកកកុញ និងតែមិនទាន់បញ្ឈប់ឡើយបើទោះបីជាអាជ្ញាធរបានដាក់រនាំងបិទផ្លូវសំខាន់ៗតភ្ជាប់ខេត្តនានាក្ដី។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គីមអេង អោយអាស៊ីសេរីដឹងថាការបន្តផ្លាស់ទីរបស់ពលរដ្ឋដោយមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរនេះ អាចមកពីពលរដ្ឋមិនទាន់យល់ដឹងពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដោយសារការផ្សព្វផ្សាយរបស់អាជ្ញាធរនៅមានភាពខ្វះចន្លោះ ម្យ៉ាងពួកគាត់អាចគ្មានជម្រើសដែរនៅពេលដែលពុំមានការងារធ្វើមិនអាចទ្រាំទ្រនឹងជីវភាពក្នុងទីក្រុងតទៅទៀតបាន៖ « ចំពោះពលរដ្ឋខ្លះ ដែលគាត់ប្រឈមជាមួយជីវភាព អ្នកខ្លះអាចរកផ្គត់ផ្គង់ជីវភាពបានត្រឹមរយៈពេលខ្លី ហើយគាត់មិនអាចនៅមួយកន្លែងបានទេ គេត្រូវតែចេញទៅរកទទួលទានអ៊ីចឹងទៅ។ ហ្នឹងហើយដែលជាបញ្ហា»។
ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ រដ្ឋាភិបាលបានប្រកាសបិទក្លឹបខារ៉ាអូខេ និងភាពយន្ត និងកាស៊ីណូទាំងអស់ ដែលក្នុងវិស័យទាំងនេះធ្វើអោយបាត់បង់ការរបស់អ្នកបម្រើការរាប់ម៉ឺននាក់។ ចំណែកវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ផ្ទាល់ពីវិបត្តិកូវីដ-១៩នេះក៏ប៉ះពាល់អ្នកធ្វើការរាប់ម៉ឺននាក់ផ្សេងទៀត ចំណែកអ្នករកស៊ីតូចតាចមានអ្នកលក់ដូរតាមផ្លូវ អ្នកដឹកភ្ញៀវ និងអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតក៏ជួបបញ្ហាបាត់បង់ប្រាក់ចំណូលដែរ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ លើកឡើងថា អ្នកធ្វើការនៅក្នុងផ្នែកក្រៅប្រព័ន្ធជាច្រើនបាននាំគ្នាចាកចេញពីក្រុង ម្យ៉ាងដោយសារពិធីបុណ្យប្រពៃណីពីដូនតា ម្យ៉ាងដោយសារតែជីវភាពតម្រូវមិនអាចបន្តស្នាក់នៅក្នុងក្រុងតទៅទៀតបាន៖ « សំខាន់មនុស្សគឺត្រូវការអាហារហូបចុកប្រចាំថ្ងៃហើយដូចពួកខ្ញុំពួកអី គឺជួលផ្ទះគេ។ អ៊ីចឹងអត់លុយជួលផ្ទះ គឺត្រូវតែរកស៊ីហើយ ត្រូវបង់ថ្លៃទឹកថ្លៃទឹក ថ្លៃភ្លើង ទាល់តែរដ្ឋជួយវិធានការហ្នឹងអោយមានប្រសិទ្ធភាពទើបគាត់កាត់បន្ថយការធ្វើដំណើរចេញក្រៅផ្ទះ»។
នៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងក្រុមកម្មករត្រូវហាមប្រាមមិនអោយឈប់សម្រាកក្នុងពិធីបុណ្យដ៏ធំនេះឡើយ ក្នុងនោះរដ្ឋថែមទាំងមានវិធានការតម្រូវអោយពួកគេត្រូវឋិតនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃទាំងទៅដល់ស្រុកកំណើត និងពេលវិលត្រឡប់មកវិញ ដោយពុំបានទទួលប្រាក់ឈ្នួលក្នុងរយៈពេលនេះថែមទៀត។
បើទោះជាយ៉ាងណាក្ដី ចំពោះប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មើលឃើញថា ក្រុមកម្មករ ដែលនាំគ្នាទៅស្រុកកំណើតនោះភាគច្រើនគឺជាអ្នក ដែលរងផលប៉ះពាល់ដោយសាររោងចក្របិទទ្វារ និងរោងចក្រព្យួរការងារជាដើម៖ « ភាគច្រើន គឺកម្មករដែលរោងចក្រព្យួរ គឺម៉ោងច្រើនប្រហែល ៨០ ទៅ ៩០ភាគរយ កម្មករដែលមិនព្យួរទេ តែមានកម្មករខ្លះមកដែរ ដែលគេត្រៀមឱ្យឈប់នៅមុនថ្ងៃទី៩ មេសា»។
ក្រុមអ្នកធ្វើការងារសហជីព និងអង្គការមិនមែនរដ្ឋាភិបាលទាំងនេះ ស្នើរដ្ឋាភិបាលបន្ថែមការអប់រំដល់ពលរដ្ឋ បន្ថែមទៀតជាពិសេសគឺអប់រំពីផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺ-កូវីដ១៩ នៅក្នុងសហគមន៍។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៣ ខែមេសាថា មកដល់ពេលនេះមានសញ្ញាជាជំហានដំបូងនៃ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ហើយ ដែលពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។
លោក យង់ គិមអេង មើលឃើញថា ដើម្បីអនុវត្តវិធានការហាមប្រាមពលរដ្ឋមិនឱ្យផ្លាស់ទីចេញពីក្រុង ឬពីខេត្តមួយទៅខេត្តមួយទៀតបាននោះគឺរដ្ឋាភិបាលគួរតែធានាដោះស្រាយជីវភាព ដែលពួកគាត់កំពុងជួបប្រទះ ដោយអាជ្ញាធរចាប់ផ្ដើមប្រមូលទិន្នន័យចំនួនអ្នក ដែលធ្លាក់ខ្លួនបាត់បង់ចំណូលនោះឱ្យបានជាក់លាក់ ទើបអាចដោះស្រាយបាន។
របាយការណ៍របស់អង្គការGIZ ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលអូស្ត្រាលី និងអាល្លឺម៉ង់ ក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) នៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៨ រកឃើញថា អត្រាភាពក្រីក្រនៅកម្ពុជា មានប្រហែល ២០%។ បើតាមទិន្នន័យរបស់អង្គការដដែលនេះ បើមានបញ្ហាប៉ះទង្គិចសេដ្ឋកិច្ចតែបន្តិចបន្តួចនោះ ពលរដ្ឋខ្មែរធ្លាក់ខ្លួនក្រវិញ នឹងកើនជិតពាក់កណ្ដាល ឬស្មើប្រមាណ ៨លាននាក់ ពោលគឺក្នុង ២នាក់ មានម្នាក់ក្រ។
អ្នកសិក្សាការអភិវឌ្ឍន៍ និងជាអ្នកវិភាគ លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះរដ្ឋាភិបាលត្រូវតែបង្ហាញពីទិន្នន័យជាក់លាក់ មិនថាទំហំនៃការបាត់បង់ការងារធ្វើរបស់ពលរដ្ឋ និងទំហំនៃថវិកាពិតប្រាកដ ដើម្បីយកមកជួយដល់ពលរដ្ឋ ដែលរងផលប៉ះពាល់៖ « ពលរដ្ឋធ្វើការម៉ាចំនួនច្រើន ក៏កំពុងតែបាត់បង់ការងារ បើជីវភាពគាត់ត្រូវធ្លាក់ គឺលឿនណាស់ព្រោះប្រាក់ខែគ្នាយើងដឹងហើយមិនអាចសន្សំអីបានទេ ហើយគាត់ត្រូវសងធនាគារអីផង។ អ៊ីចឹងវាជារឿងចាំបាច់ណាស់ ដែលរដ្ឋាភិបាល ត្រូវតែធ្វើការស្រាវជ្រាវរឿងហ្នឹងឱ្យបានលឿន។ ប្រទេសគេដូចជាជិត ៥០ប្រទេស ដែលគេប្រើវិធានការជួយគាំទ្រពលរដ្ឋគេក្នុងអំឡុងពេលត្រូវដាក់ឱ្យនៅដាច់ដោយឡែក ឬពេលហាមប្រាមមិនឱ្យដើរអីហ្នឹង គឺគេមានទិន្នន័យច្បាស់ក្នុងដៃរបស់គេ គឺគេត្រៀមច្បាស់លាស់ថាអ្នក ដែលរងផលប៉ះពាល់មានចំនួនប៉ុន្មាន ទំហំប៉ុណ្ណា ហើយបានគេរៀបចំថវិកាតាមហ្នុង » ។
លោក ហ៊ុន បានប្រកាសជាច្រើនដងមកហើយថារដ្ឋាភិបាលមានថវិកាសង្គ្រោះនៅពេលមានវិបត្តិកូវីដ-១៩ នេះ គឺ ៨រយលាន ទៅ ២ពាន់លានដុល្លារ ប្រសិនបើវិបត្តិនេះបន្តអូសបន្លាយក្នុងរយៈពេលពី ៦ខែទៅដល់ ១ឆ្នាំ។ ចំណែកវិធានការចំពោះមុខ ដែលធានាផ្ដល់សាច់ប្រាក់ទៅឱ្យពលរដ្ឋរងផលប៉ះពាល់នោះ រដ្ឋាភិបាល លោក ហ៊ុន សែន ដំបូងឡើយប្រកាសថានឹងផ្ដល់ប្រាក់ ឧបត្ថម្ភ ៦០ភាគរយទៅឱ្យកម្មករណាដែរបាត់បង់ការងារ ដោយសាររោងចក្របិទទ្វារ និងព្យួរការងារ ហើយកម្មករតម្រូវឱ្យទៅរៀនវគ្គបណ្ដុះបណ្ដាលរកការងារថ្មី ប៉ុន្តែវិធានការនេះបានផ្លាស់ប្ដូរវិញ ក្រោយនិយោជកថា ពុំមានលទ្ធភាព។ លោក ហ៊ុន សែន បានប្រកាសជាថ្មីថា នឹងរដ្ឋាភិបាល និងផ្ដល់ប្រាក់ ៧០ដុល្លារវិញ គឺរដ្ឋាភិបាលចេញ ៤០ ឯថៅកែរោងចក្រចេញ ៣០ដុល្លារ។
មកដល់ពេលនេះ បើតាមប្រធានសហភាពការងារកម្ពុជា លោក អត់ ធន់ ក្រុមកម្មករដែលបាត់បង់ការងារដោយរោងចក្រព្យួរ និងបិទទ្វារនោះ នៅមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនៅឡើយទេ៖ « យើងកំពុងតែចាំមើលថា តើលក្ខខណ្ឌចាស់ហ្នឹង ដែលគាត់ត្រូវទទួលបាន ២០ភាគរយពីរដ្ឋាភិបាលនេះតើរដ្ឋាភិបាលអនុវត្តឱ្យអត់ ? ហើយ ៧០ដុល្លារថ្មីនេះថា តើអនុវត្តពេលណា ហើយចេញសេចក្ដីណែនាំពេលណា ? ដោយសារការចេញហ្នឹងទើបបាន ២ ទៅ ៣ថ្ងៃ អ៊ីចឹងវាអត់ទាន់អាចអនុវត្តបាន ហើយបើតាមទម្លាប់ក៏ពី ២សប្ដាហ៍ទៅ ១ខែដែរ បើតាមទម្លាប់ដែលត្រូវបើកប្រាក់ខែរាល់ដង»។
បណ្ឌិត មាស នី មើលឃើញដែរថាវិធានការរបស់រដ្ឋាភិបាលនៅពេលនេះ គឺជាបទពិសោធន៍មួយ ពោលគឺត្រូវមានវិធានការទុកជាមុន ផ្ដល់រយៈពេលជាក់លាក់ឱ្យពលរដ្ឋត្រៀមខ្លួន និងត្រូវទទួលខុសត្រូវដោះស្រាយបញ្ហារបស់ពលរដ្ឋទៅតាមលទ្ធភាព។ បណ្ឌិត មាស នី ស្នើដែរថា រដ្ឋាភិបាលគួរតែចាត់វិធានការជាក់លាក់ទប់ទល់ជំងឺកូវីដ-១៩ ដែលមិនមែនគ្រាន់តែជាការទាញយកប្រជាប្រិយភាពមួយគ្រានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។