វិញ្ញាសាកីឡា ៣ ប្រភេទ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ បានចាប់ផ្ដើមហើយ កាលពីថ្ងៃទី២៩ មេសា រួមមាន បាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំ អុកចត្រង្គ និងកីឡាគ្រីកឃីត (Cricket)។ វិញ្ញាសាបាល់ទាត់បុរសទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីសាធារណជន។
ក្រុមបាល់ទាត់កម្ពុជាបានយកឈ្នះក្រុមបាល់ទាត់ទីម័រខាងកើត (Timor Leste) ដោយលទ្ធផល ៤ ទល់នឹង ០ ខណៈក្រុមឥណ្ឌូណេស៊ី (Indonesia) យកឈ្នះក្រុមហ្វីលីពីន ៣ ទល់នឹង០។ ជ័យជម្នះនេះធ្វើឱ្យកម្ពុជាទទួលបាន ៣ ពិន្ទុ ឈរលើកំពូលតារាងពូល A បណ្ដោះអាសន្ន។ ប្រកួតបន្ទាប់របស់កម្ពុជាត្រូវប៉ះក្រុមហ្វីលីពីន នៅថ្ងៃទី២ ខែឧសភា ខាងមុខ វេលាម៉ោង ៧ល្ងាច។
វិញ្ញាសាកីឡាទាំង ៣ប្រភេទ គឺបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ អុកចត្រង្គ និងកីឡាគ្រីកឃីត (Cricket) នឹងត្រូវប្រកួតបន្តទៀតទៅតាមក្រុមជម្រើសជាតិ នៅថ្ងៃអាទិត្យ ទី៣០ មេសានេះ ស្របពេលវិញ្ញាសាខ្លះទៀតក៏នឹងត្រូវចាប់ផ្តើមប្រកួតពីថ្ងៃទី១ ឧសភា ទៅដែរ មានដូចជា កីឡាវាយកូនបាល់ (Hockey) និងជិះទូកក្ដោង (Sailing) ជាដើម។
កម្មវិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ឧសភា ហើយការប្រកួតលើវិញ្ញាសាកីឡាស្ទើរគ្រប់មុខនឹងចាប់ផ្ដើមពីថ្ងៃទី៦ ខែឧសភា បន្តរហូតដល់ពេលបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ខាងមុខ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមអះអាងថា កម្ពុជាបានចំណាយអស់ថវិកាចំនួន ១១៨លានដុល្លារក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។