កម្មកររោងចក្រសេឌូណូ អ៊ីនវេសស្មេន (Seduno Investment (Cambo) fashion Co. Ltd. ) នៅភូមិខ្វារ ខណ្ឌដង្កោ រាជធានីភ្នំពេញ អះអាងថា ថៅកែរោងចក្របាន ចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី០២ មករា ព្រមានថា នឹងបញ្ឈប់កម្មករណា ដែលនៅតែបន្តការតវ៉ា ទាមទារប្រាក់បំណាច់អតីតភាពការងារមុន ឆ្នាំ២០១៩។
កម្មករថា ថៅកែរោងចក្រ កំណត់ទុកពេល ៤៨ម៉ោង ឲ្យកម្មករចូលធ្វើការវិញ បើពុំដូច្នេះទេ នឹងលុបឈ្មោះ ចេញពីក្រុមហ៊ុន។
កម្មការិនីម្នាក់ អ្នកស្រី យ៉ង់ ស្រ៊ុន ឲ្យដឹងថា នៅព្រឹក ថ្ងៃទី០២ មករា ភាគីតំណាងថៅកែរោងចក្របានចេញមកកោះហៅតំណាងកម្មករចំនួន៨នាក់ ឲ្យចូលជួបចរចា ប៉ុន្តែដោយសារ កម្មករមិនមាន តំណាង ឯសហជីពប្រចាំរោងចក្រទៀតសោត ជ្រើសឡើង ដោយរោងចក្រ ដូច្នេះមិនបម្រើផលប្រយោជន៍ឲ្យកម្មករទេ ទើបកម្មករចាត់ចែងមនុស្ស៨នាក់ភ្លាមៗ ដើម្បីចូលជួបចរចា។ កម្មការិនីរូបនេះ បញ្ជាក់ថា ក្នុងពេលចរចាគ្នា តំណាងភាគីថៅកែរោងចក្រព្រមបើកប្រាក់បំណាច់អតីតភាពឲ្យកម្មករ តាមការទាមទារ ប៉ុន្តែមេធាវីរបស់ថៅកែរោងចក្រ និងអាជ្ញាធរខណ្ឌដង្កោ បានចូលទៅបង្អាក់ និងព្រមានថៅកែរោងចក្រ ថា ការធ្វើបែបនេះ ខុសពីច្បាប់ស្ដីពីការងារ ដែលបានចែង។
កម្មកររៀបរាប់បន្តថា ក្រោយពេលចរចាគ្នាមិនត្រូវរ៉ូវ ប្រហែលជាងមួយម៉ោងក្រោយមក ភាគីថៅកែរោងចក្របានយកសេចក្ដីជូនដំណឹងមកបិទផ្សាយថា ទុកពេលឲ្យ ៤៨ម៉ោង តម្រូវឲ្យកម្មករចូលធ្វើការវិញ បើពុំដូច្នេះទេ ក្រុមហ៊ុននឹងលុបឈ្មោះកម្មករចេញពីបញ្ជីក្រុមហ៊ុន។
កម្មការិនី អ្នកស្រី យ៉ង់ ស្រ៊ុន អះអាងថា ក្រោយពេលក្រុមហ៊ុនព្រមានបែបនេះ មានកម្មករខ្លះបានចូលធ្វើការវិញ និងមានកម្មករប្រហែលពាក់កណ្ដាល (៥០%) ទៀត មិនព្រមចូលធ្វើការ និងនៅតែបន្តការទាមទារ។ ឯកងកម្លាំងសមត្ថកិច្ចចម្រុះ នៅតែត្រូវបានដាក់ពង្រាយឃ្លាំមើលសកម្មភាពតវ៉ារបស់កម្មករ៖ « នឹងហើយគេដើរទៅដើរមកដូចគេយាមកម្មករ និយាយពីដើម កម្មករ គឺអាចែព្រមព្រៀងគ្នា មានតាំងពីមេធាវីអីចូលទៅពេលដែលពួកខ្ញុំជាមួយកម្មករនិយាយគ្នាមិនទាន់មានអីទៅទេណាដល់ពេលហើយបានមានពួកសមត្ថកិច្ចខណ្ឌចេញមុខ បើយើងចេញមកមានការសម្របសម្រួលគេថាទាល់តែអាចែគាត់បង់លុយឲ្យគេទើបគេអញ្ចឹងរឿងនឹងកើតមើលទៅគេត្រូវគ្នាហើយ » ។
រោងចក្រ សេឌូណូ អ៊ីនវេសស្មេន (Seduno Investment (Cambo) fashion Co. Ltd. ) មានកម្មករសរុបជាង ១.២០០នាក់ បាននាំគ្នា ចាប់ផ្ដើមធ្វើកូដកម្ម កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ទាមទារប្រាក់បំណាច់អតីតភាពប្រចាំឆ្នាំ ព្រោះលេចលឺដំណឹងថា ក្រុមហ៊ុននឹងប្ដូរកិច្ចសន្យារបស់កម្មករខ្លះ ដែលអាចធ្វើឲ្យបាត់បង់ប្រាក់អតីតភាពកម្មករ។ ២ថ្ងៃក្រោយមក គឺ នៅថ្ងៃទី២៨ ធ្នូ ក្រុមកម្មករនាំគ្នាបិទផ្លូវជាតិលេខ២ ដើម្បីស្នើសុំឲ្យអាជ្ញាធរអន្តរាគមន៍ជួយកម្មករ ប៉ុន្តែរងការបង្ក្រាបពីកងកម្លាំងកងរាជអាវុធហត្ថ និងនគរបាលខណ្ឌដង្កោ ហើយនៅ ថ្ងៃទី៣១ ធ្នូ ជាថ្ងៃចុងដំណាច់ឆ្នាំ២០១៨ អាជ្ញាធរបានកោះហៅកម្មករទាំងអស់ ចូលក្នុងរោងចក្រ ដើម្បីស្ដាប់ការសម្របសម្រួល ប៉ុន្តែមិនបានសម្រេច។
អាស៊ីសេរីមិនមានប្រភពសុំការបំភ្លឺ ពីខាងភាគីថៅកែរោងចក្រ សេឌូណូ អ៊ីនវេសស្មេន (Seduno Investment (Cambo) fashion Co. Ltd.) ទេ នៅថ្ងៃទី០២ ធ្នូ ខណៈអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ មិនលើកទូរស័ព្ទ។ ប៉ុន្តែ លោក ហេង សួរ ធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុក ថា កូដកម្មរបស់កម្មករនៅរោងចក្រ សេឌូណូ អាចមានអ្នកញុះញង់នៅពីក្រោយ។ អ្នកនាំពាក្យរូបនេះ អះអាងថា របបក្រុងភ្នំពេញ ធានាមិនឲ្យកម្មករណាម្នាក់ បាត់បង់អត្ថប្រយោជន៍ ដោយសារតែក្រុមហ៊ុនក្ស័យធនឡើយ។
កាលពីថ្ងៃទី២៨ ធ្នូ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្ដីប្រកាសថា កម្មករនិយោជិក ដែលកំពុងប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (កិច្ចសន្យាប្រភេទយូរ) នឹងទទួលបានការទូទាត់ប្រាក់អតីតភាព ការងារ ១ឆ្នាំ ២ដង គឺនៅខែមិថុនា និងខែធ្នូ។ ក្រសួងការងារ នឹងធានាផលប្រយោជន៍ស្របច្បាប់ ចំពោះកម្មករ និយោជិក ធ្វើការងារនៅសហគ្រាស ដែលក្ស័យធន ឬបិទទ្វារមិនបានទូទាត់ប្រាក់អតីតភាពការងារ។
ចំណែកប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សំ សឿន ដែលគេស្គាល់ថា ជាសហជីពស្និទ្ធរបបក្រុងភ្នំពេញ កាលពីថ្ងៃទី៣១ ធ្នូ ចេញសេចក្ដីថ្លែងការណ៍ថា បាតុកម្មនៅរយៈពេលចុងក្រោយ នៃឆ្នាំ២០១៨ បង្កឲ្យមានការបិទផ្លូវជាតិលេខ២ កើតឡើងដោយសារមានការញុះញង់ពីក្រុមជនខិលខូចមួយចំនួន ដើម្បីផលប្រយោជន៍ខ្លួន និងបក្ខពួក។ ប៉ុន្តែមិនបញ្ជាក់ ជននោះជានរណា ឬបក្ខពួកនរណាទេ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា រោងចក្រ សេឌូណូ នៅខណ្ឌដង្កោ មិនមានសហជីពបម្រើផលប្រយោជន៍ពិតប្រាកដ ដែលកើតចេញពីកម្មករ ឯតំណាងកម្មករមិនអាចតតាំងជាមួយថៅកែ ទាមទារផលប្រយោជន៍ឲ្យកម្មករបានទេ ព្រោះមិនធ្លាប់មានបទពិសោធន៍ ចាញ់សម្លុត ចាញ់ការបោកបញ្ឆោតផ្លូវច្បាប់ ខណៈភាគីថៅកែរោងចក្រតែងជួលមេធាវី មកគំរាមផ្នែកផ្លូវច្បាប់៖ « គ្រាន់តែពួកនេះខូចដែលយកតុលាការយកអីទៅដែលតុលាការភាគច្រើនអត់ត្រឹមត្រូវទេ។ ចំពោះអាជ្ញាធរក៏អ៊ីចឹងដែរ មិនត្រឹមត្រូវទេគាត់ប្រើយន្តការរបស់គាត់ចេញមកមិនដឹងរឿងអីបន្តិចទេ មិនដូចយើងធ្វើការជាមួយកម្មករជិត ២០ឆ្នាំហើយទេ ថាវាបែបណាចង់ដឹងសាកកម្មករចេញមកតវ៉ានឹងគ្នានឹងខុសហើយសាកសហជីពចេញមុខមកជួយកម្មករ មើលគឺនឹងថាចេះថាចុះឥឡូវ ហើយអស់លោកតុលាការ អាជ្ញាធរអីហ្នុងរឿងតំណាងជ្រើសរើស អីនោះធ្វើអីកើតគេគ្រាន់តែបំភ័យគាត់បន្តិចនឹងគាត់ធ្វើអីរួច គាត់ធ្វើអីកើត » ។
លោក អាត់ ធន់ ថា មេធាវី ដែលចេញមុខព្រមានកម្មករ ឬដើរតួសម្ដែង នៅពេលមានជម្លោះ មិនមែនជាអ្នកតំណាងឲ្យច្បាប់ ឬ ផលប្រយោជន៍ស្មើគ្នាទេ ព្រោះមេធាវីត្រូវបានជួលដោយភាគីរោងចក្រ នឹងត្រូវបម្រើផលប្រយោជន៍ថៅកែ។ លោក អាត់ ធន់ អះអាងថា ឲ្យតែជាប្រយោជន៍របស់កម្មករ គ្មានច្បាប់ណា ហាមទេ។ កម្មករ ប្ដេជ្ញាថា ពួកគេនឹងបន្តការតវ៉ា រហូតដល់មានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
