សិប្បកម្មក្អមឆ្នាំងនិងសម្ភារៈប្រើប្រាស់អំពីដីមួយចំនួនទៀត មានប្រភពដើមចេញពីខេត្តកំពង់ឆ្នាំង។ អត្តសញ្ញាណនិងកិតនាមល្បីល្បាញរបស់ខេត្តនេះ ត្រូវបានគេស្គាល់ជាទូទៅតាមរយៈរូបសំណាកឆ្នាំងដី ដែលគេដាក់តាំងនៅក្នុងក្រុង និងស្នាដៃផលិតក្អមឆ្នាំងរបស់ប្រជាកសិករបានយ៉ាងល្អប្រណីតជាច្រើនជំនាន់មកហើយនោះ។
បច្ចុប្បន្នសកម្មភាពជីកយកដីប្រភេទស្កាត និងដីស្អិតនៅលើភ្នំក្រាំងដីមាស កាន់តែមានរូបភាពធំឡើង ប៉ុន្តែចំនួនអ្នកផលិតក្អមឆ្នាំងបានថយចុះ។ តើប្រការនេះបណ្ដាលមកមូលហេតុអ្វី?
ក្រាំងដីមាស គឺជាភ្នំមួយស្ថិតនៅភាគខាងលិចចម្ងាយប្រមាណជា ៣គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង។ ភ្នំនេះពុំមានព្រៃស្រោង ឬប្រភេទឈើប្រណីតនោះទេ ប៉ុន្តែវាជាប្រភពដីយ៉ាងសំខាន់សម្រាប់អ្នកភូមិរស់នៅក្បែរនោះ និងសិប្បករនៅតាមតំបន់ខ្លះទៀត នៃខេត្តកំពង់ឆ្នាំង។ ពួកគេនាំគ្នាសម្រុកមកទិញ ឬជីកដីនៅលើភ្នំនោះដោយខ្លួនឯង ដើម្បីយកទៅផលិតវត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់អំពីដីជាច្រើនប្រភេទ សម្រាប់លក់ចេញទៅតាមបណ្ដាខេត្តទេសចរណ៍មួយចំនួននៅក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃនៅតាមបណ្ដោយចង្កេះភ្នំប៉ែកខាងត្បូង នៃឃុំស្រែថ្មី ស្រុករលាប្អៀរ គេឃើញរណ្ដៅជីកយកដីប្រភេទស្កាត និងដីស្អិតសម្រាប់ធ្វើក្អមឆ្នាំងជាច្រើនកន្លែង ដែលទីតាំងទាំងនោះមានមួយចំនួនបានកាយដោយកម្លាំងគ្រឿងចក្រទៀតផង។ បញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋប្រកបមុខរបរធ្វើក្អមឆ្នាំងមួយចំនួនព្រួយបារម្ភខ្លាចបាត់បង់ប្រភេទដីដែលជាសម្បត្តិធម្មជាតិដ៏កម្រនៅលើភ្នំនេះ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ក្នុងវ័យ ៧៥ឆ្នាំ លោក ឈឹម ធឿន កំពុងរៀបចំកន្លែងលាយដីធ្វើក្អមឆ្នាំងនៅក្បែរផ្ទះ បានក្រឡេកមើលកំពូលភ្នំបណ្ដើរ និងរៀបរាប់បណ្ដើរថា ក្រៅពីមុខរបរធ្វើស្រែចម្ការ និងឡើងត្នោតគ្រួសាររបស់លោកបានចាប់យកអាជីពធ្វើក្អមឆ្នាំងនេះតាំងពីដូនតាមក។
លោកបន្តថា សកម្មភាពជីកយកប្រភេទដីស្កាត និងដីស្អិតពីលើភ្នំក្រាំងដីមាសនេះ កាលពីដើមគេជីកនឹងចប ឬដែកត្បែង ដែលខុសពីបច្ចុប្បន្នគេប្រើគ្រឿងចក្រ ហើយសកម្មភាពយកដីនេះកាន់តែមានចំនួនច្រើនឡើង៖ «ពីដើមអត់ដែលមានដឹកឡានអីផងទេ តែគោរទេះមួយអ៊ីចឹងទៅពីរដឹកអ៊ីចឹងទៅ អត់ដែលមានអាអ៊ិច (គ្រឿងចក្រ) មកចូលអ៊ីចឹងទេ ទម្រាំតំណតទៅទៀតកូនចៅក្រោយនោះវាចេះតែបារម្ភហើយ ប៉ុន្តែធ្វើម៉េចយើងជាប្រជាជនធម្មតាវាមានទៅនិយាយអីកើត»។
សកម្មភាពជីកយកដីពីលើភ្នំក្រាំងដីមាសទៅប្រើប្រាស់បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែចំនួនអ្នកផលិតក្អមឆ្នាំងមានការថយចុះ ខណៈដែលគ្រួសារមួយចំនួនបានងាកមកផលិតចង្ក្រាន និងវត្ថុអនុស្សាវរីយ៍អំពីដីជំនួសវិញ។ ការផលិតចង្ក្រានត្រូវការអាចម៍ដីច្រើនជាងការផលិតក្អម ឬឆ្នាំងទ្វេដងទៅតាមប្រភេទចង្ក្រាននីមួយៗ ដោយក្នុងចង្ក្រានតូចល្មម១ ស្មើនឹងសាច់ដីសម្រាប់ធ្វើក្អម ឬឆ្នាំងពីចំនួន ៣ ទៅ ៥ដង ដែលនេះជាមូលហេតុពិតប្រាកដនៃតម្រូវការដីមានការកើនឡើង។
ផលិតករ និងជាអាជីវករបោះដុំចង្ក្រាននៅភូមិអណ្ដូងឫស្សី នៃឃុំស្រែថ្មី អ្នកស្រី យឹម ពៅ មានប្រសាសន៍បច្ចុប្បន្នអ្នកស្រីត្រូវការប្រភេទដីស្កាត និងដីស្អិតក្នុងមួយខែចំនួន ១៥ឡាន ដែលមានចំណុះ ២តោនកន្លះសម្រាប់យកមកធ្វើចង្ក្រាន និងសម្ភារៈប្រើប្រាស់អំពីដីមួយចំនួនទៀត។ ដោយអ្នកស្រីពុំមានកម្លាំង និងពេលវេលាគ្រប់គ្រាន់ក្នុងការទៅជីកយកដីពីលើភ្នំដោយខ្លួនឯងនោះ អ្នកស្រីសម្រេចចិត្តទិញដីដែលអ្នកភូមិរស់នៅក្បែរភ្នំក្រាំងដីមាសជីកគរទុកសម្រាប់លក់ក្នុង១ឡានតម្លៃ ១២ម៉ឺនរៀល មិនដែលអាក់ខានឡើយ។
អ្នកស្រី យឹម ពៅ៖ «យើងថាដីវាមិនឈ្នះតែមានទេ ថ្ងៃក្រោយ តែមិនដឹងធ្វើម៉េចបើមុខរបរយើងវាត្រូវធ្វើអាហ្នឹងហើយ ដូចធ្វើក្អមឆ្នាំងពីបុរាណមក គឺយកតែដីភ្នំហ្នឹងតែម្ដង។ បើយើងយកដីទន្លេមកធ្វើក្អមឆ្នាំងវាអាចធ្វើបានដូចគ្នា វាដីពីរប្រភេទដូចគ្នា ប៉ុន្តែគ្រាន់ថាដីទន្លេដែលអង្គការធ្លាប់ពិសោធន៍វាផុយ អ៊ីចឹងយើងធ្វើដូចរាល់ដង គឺយើងយកដីភ្នំមកធ្វើ»។

ប្រភពដីស្កាតនិងដីស្អិតដែលប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង អាចយកទៅធ្វើក្អម ឬឆ្នាំងបានគឺមានប្រភពនៅភ្នំក្រាំងដីមាស និងភ្នំភ្លង ស្ថិតនៅស្រុករលាប្អៀរ។ នៅក្បែរចង្កេះភ្នំក្រាំងដីមាសមានកន្លែងខ្លះប្រជាពលរដ្ឋរស់នៅ និងកន្លែងខ្លះទៀតបានព័ទ្ធរបងចោលដោយប្រជាពលរដ្ឋអះអាងថា ដីទាំងនោះគឺជាកម្មសិទ្ធិរបស់សាច់ញាតិមេឃុំស្រែថ្មី និងអ្នកមានលុយកាក់មួយចំនួន។
ប្រជាពលរដ្ឋប្រកបមុខរបរជីកដីលក់នៅក្បែរចង្កេះភ្នំក្រាំងដីមាសម្នាក់ អ្នកស្រី ម៉ប់ ជុត មានប្រសាសន៍ថា គ្រួសារអ្នកស្រីបានចូលមករស់នៅ និងជីកដីលក់ដោយកម្លាំងបាយជាង ២០ឆ្នាំមកហើយ ប៉ុន្តែមិនឃើញដីស្រកស្រុតអ្វីនោះទេ។ កាលពីឆ្នាំទៅគ្រួសារអ្នកស្រីបានលក់អាចម៍ដីជាច្រើនឡានទៅឲ្យអ្នកផលិតចង្ក្រាននិងក្អមឆ្នាំង ដោយគេប្រើគ្រឿងចក្រមកកាយដីនោះដោយខ្លួនឯង ប៉ុន្តែអ្នកស្រីគិតថា វានឹងមិនប៉ះពាល់ដល់ដីភ្នំឡើយ ព្រោះកន្លែងដែលជីកនោះមានចម្ងាយប្រហែល ១០០ម៉ែត្រពីភ្នំ។
ទាក់ទងនឹងសកម្មភាពជីកយកដីនៅលើភ្នំក្រាំងដីមាសនេះ មេភូមិអណ្ដូងឫស្សី លោក ឡេង ហេង មើលឃើញថា នៅប៉ែកខាងលិចនិងខាងជើងនៃភ្នំនេះគឺពុំមានសកម្មភាពជីកនោះទេ ប៉ុន្តែនៅប៉ែកខាងត្បូងមានកន្លែងជីកប្រមាណជា ១០ទីតាំង។
លោកថា ចំពោះសកម្មភាពនេះខាងអាជ្ញាធរពុំមានការហាមឃាត់នោះទេ ដោយសារតែអ្នកទាំងនោះ គឺជាប្រជាកសិករពុំមានការងារធ្វើក្នុងរដូវប្រាំង ទើបនាំគ្នាឡើងទៅជីកដីគរទុកសម្រាប់លក់ឲ្យអ្នកធ្វើក្អមឆ្នាំងក្នុងភូមិផង និងលក់ទៅក្រៅភូមិផង ស្ទើររៀងរាល់ឆ្នាំ៖ «ប្រជាកសិករយើងគាត់គ្មានមុខរបរគាត់ទៅកាប់ទៅលក់ ១ឡាន បួនដប់ម៉ឺនអ៊ីចឹងទៅ។ ឧទាហរណ៍ថា ដូចជាអ្នកខាងបាញ់ឆ្គោលគេត្រូវការប៉ុន្មានឡានអាហ្នឹងឡានគេមកយើងកើបដាក់ឲ្យគេទៅ គេយកទម្លាក់ឲ្យម៉ូយគេឯណោះទៅ។ គ្រឿងចក្រវាយូរៗមកម្ដងអីហ្នឹង គាត់មកដឹកដីដាក់ភូមិដាក់អីនរណាគេត្រូវការដីស្កាតអ៊ីចឹង គាត់ចូកដឹកលក់ឲ្យគេមួយឡាន ២ម៉ឺនរៀល»។
លោកបញ្ជាក់ថា ភូមិអណ្ដូងឫស្សី គឺជាភូមិមួយដែលមានការផលិតសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍អំពីដីច្រើនជាងគេនៅខេត្តកំពង់ឆ្នាំង។ ភូមិនេះមានប្រជាពលរដ្ឋសរុបចំនួន ៣៧៨គ្រួសារ ក្នុងនោះមានពលរដ្ឋធ្វើក្អមឆ្នាំងចំនួន ៥០គ្រួសារ ធ្វើកុលាលភាជន៍ចំនួន ៧០គ្រួសារ និងធ្វើចង្ក្រានចំនួន ៦០គ្រួសារ ប៉ុន្តែមានគ្រួសារខ្លះបានចាប់យកមុខរបរទាំងបីមុខនេះចូលគ្នាតែម្ដង។
ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកំពង់ឆ្នាំង លោក ទិត្យ ណាន មានប្រសាសន៍ថា ខាងមន្ទីរនឹងជំរុញឲ្យមានការផលិតវត្ថុអនុស្សាវរីយ៍ ឬសម្ភារៈប្រើប្រាស់អំពីដីនេះឲ្យបានកាន់តែច្រើនឡើង។ ចំពោះប្រភេទដីស្កាតនិងដីស្អិតដែលជាវត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ផលិតក្អមឆ្នាំង ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗនោះ ខាងមន្ទីរនឹងសហការជាមួយអាជ្ញាធរដើម្បីគ្រប់គ្រងឲ្យបានត្រឹមត្រូវ បន្ទាប់ពីមន្ទីរដំណើរការបានពេញលេញ៖ «ដូចជាដីស្អិតដីអាហ្នឹងចាំមានវិធានការយ៉ាងម៉េចដើម្បីយើងសហការគ្នាជាមួយអាជ្ញាធរទុកវត្ថុធាតុដើមហ្នឹងដើម្បីឲ្យគាត់ផលិត»។
បច្ចុប្បន្ននៅស្រុករលាប្អៀរ មានឃុំចំនួន២ ដែលសំបូរគ្រួសារផលិតក្អមឆ្នាំង និងចង្ក្រានច្រើនជាងគេ ក្នុងនោះឃុំជ្រៃបាក់នៅភូមិបាញ់ឆ្គោល ត្រពាំងអន និងភូមិឃ្លៃ។ ចំណែកឃុំស្រែថ្មី មាននៅភូមិអណ្ដូងឫស្សី និងភូមិត្រពាំងស្បូវ។ ក្រៅពីនេះនៅតំបន់ភ្នំមាន់ នៃស្រុកជលគិរី ក៏ជាប្រភពនៃការផលិតក្អមឆ្នាំងដ៏ល្បីឈ្មោះមួយដែរ ប៉ុន្តែបានបាត់បង់ទៅវិញ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីអ្នកភូមិព្រៃគ្រីត្បូង និងព្រៃគ្រីជើង នៃឃុំព្រៃគ្រី បានបោះបង់មុខរបរនេះចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។