ជាច្រើនឆ្នាំមកហើយ សាលាវិទ្យាល័យសម្ដេចឪ ដែលស្ថិតនៅភូមិគោកដូង សង្កាត់ស្រង៉ែ ក្រុងសៀមរាប តែងកើតមានរឿងរ៉ាវមិនចេះចប់ ដូចជាការទាមទារឱ្យផ្លាស់ប្ដូរនាយក និងទំនាស់បញ្ហាលុយកាក់ជាដើម។
កាលពីដើមខែកុម្ភៈ កន្លងទៅ គ្រូបង្រៀនមួយចំនួនបានចោទប្រកាន់ប្រធាន និងអនុប្រធានគណៈគ្រប់គ្រងសាលានេះថា មានជាប់ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចប្រាក់កម្មវិធីរបស់ក្រសួងអប់រំ តាមរយៈការធ្វើវិក្កយបត្រចំណាយក្លែងបន្លំ។
អតីតគណនេយ្យករនិងបេឡាកររបស់សាលាវិទ្យាល័យសម្ដេចឪ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ខ្លះ កំពុងទាមទារឱ្យក្រសួងអប់រំយុវជននិងកីឡា ចាត់មន្ត្រីជំនាញចុះមកធ្វើអធិការកិច្ចលើបញ្ហាដែលគេសង្ស័យថា ប្រធាននិងអនុប្រធានគណៈគ្រប់គ្រងសាលានេះ បានកេងប្រវ័ញ្ចយកប្រាក់របស់រដ្ឋ។
អតីតគណនេយ្យករម្នាក់នៃសាលាវិទ្យាល័យសម្ដេចឪ ដែលទើបតែលាលែងពីតំណែងកាលពីខែមុនគឺលោក អំ ម៉ាប់។ លោកចោទប្រកាន់ថា ប្រធាននិងអនុប្រធាននៃគណៈគ្រប់គ្រងសាលាវិទ្យាល័យសម្ដេចឪ គឺបានកេងប្រវ័ញ្ចយកប្រាក់កម្មវិធីអាទិភាពរបស់ក្រសួងអប់រំ ដែលហៅកាត់ថា ភីប៊ី (PB) សម្រាប់ ៣ខែចុងឆ្នាំ២០១៤ អស់ជាច្រើនលានរៀល។
អតីតគណនេយ្យដដែលបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រសួងអប់រំយុវជននិងកីឡា តែងផ្ដល់ប្រាក់កម្មវិធីអាទិភាពតាមរយៈមន្ទីរអប់រំចំនួន ៤លើក ដោយក្នុង១លើកៗសាលារបស់លោកបានទទួល ១០លានរៀល។ ក៏ប៉ុន្តែប្រាក់សម្រាប់ ៣ខែចុងឆ្នាំ២០១៤ កន្លងទៅ គឺគណៈគ្រប់គ្រងសាលាមិនបានយកទៅឱ្យគ្រូៗចំណាយទិញសម្ភារៈប្រើប្រាស់ទេ គ្រាន់តែឱ្យស៊ីញ៉េលើវិក្កយបត្រធ្វើជាទិញសម្ភារៈប៉ុណ្ណោះ៖ «អនុប្រធានគណៈគ្រប់គ្រងឈ្មោះ អៀម ជោតវិទ្យា នោះ គាត់អត់ឱ្យលុយទិញទេ គាត់គ្រាន់តែឱ្យគ្រូស៊ីញ៉េ វិក្កយបត្រដែលមានតម្លៃម្នាក់ ៧៥ម៉ឺនរៀល ឬក៏ ៣០ម៉ឺនក៏មាន។ គាត់ឱ្យស៊ីញ៉េហើយតែគាត់មិនឱ្យលុយទិញសម្ភារៈមកប្រើប្រាស់ទេ»។
កាលពីថ្ងៃទី៩ ខែកុម្ភៈ កន្លងទៅ លោក អំ ម៉ាប់ បានសរសេរលិខិត១ច្បាប់ជូនទៅរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ដោយស្នើសុំឱ្យបញ្ជូនមន្ត្រីជំនាញចុះមកធ្វើអធិការកិច្ចលើបញ្ហាកេងប្រវ័ញ្ចលុយរដ្ឋនេះ ព្រមទាំងទាមទារឱ្យមានការដាក់ទោសដល់អ្នកដែលប្រព្រឹត្តិផង។ ក៏ប៉ុន្តែគណៈគ្រប់គ្រងសាលាវិទ្យាល័យសម្ដេចឪ និងមន្ត្រីមន្ទីរអប់រំយុវជននិងកីឡា ខេត្តសៀមរាប បានបដិសេធចោលការចោទប្រកាន់នេះថាគ្មានភស្តុតាងត្រឹមត្រូវ។
ប្រធានគណៈគ្រប់គ្រងសាលាវិទ្យាល័យសម្ដេចឪ ដែលទើបតែឡើងកាន់តំណែងបាន ១ឆ្នាំ លោក ឈិន តៃឈាង បានច្រានចោលការចោទប្រកាន់នោះ ដោយថា អ្នកដែលប្ដឹងគឺមានតែឈ្មោះ អំ ម៉ាប់ ម្នាក់គត់ នៅស្របពេលដែលសាលានេះមានគ្រូបង្រៀនជាច្រើននាក់។ លោក ឈិន តៃឈាង ឱ្យដឹងថា កាលពីសប្ដាហ៍មុន មន្ត្រីមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ធ្លាប់បានចុះស៊ើបអង្កេតម្ដងមកហើយជុំវិញរឿងចោទប្រកាន់នេះ ក៏ប៉ុន្តែមិនបានរកឃើញភស្តុតាងណាមួយទេ។
ប្រធានគណៈគ្រប់គ្រងដដែលបញ្ជាក់ទៀតថា ជាង ១ឆ្នាំមកនេះ លោកបានគ្រប់គ្រងការចាយប្រាក់របស់រដ្ឋដោយប្រយ័ត្នប្រយែងបំផុត ពីព្រោះលោកដឹងថា សាលានេះគឺមានរឿងអាស្រូវមិនចេះចប់ ក៏ប៉ុន្តែបញ្ហានៅតែកើតឡើងបាន៖ «ខ្ញុំនិយាយត្រង់ថា ខ្ញុំទើបតែឡើងកាន់តំណែងថ្មី ហើយពាក់ព័ន្ធនឹងលុយ គឺខ្ញុំអត់ហ៊ានទេ ព្រោះយើងដឹងថា សាលាហ្នឹងបញ្ហាចម្បងជាងគេ គឺរឿងលុយ ហើយជាទូទៅគឺអ៊ីចឹងតែម្ដង មិនដឹងថាមូលហេតុមកពីអ្វី?»។
ចំណែកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប លោក អ៊ុង សេរីឌី មានប្រសាសន៍ថា កាលពីសប្ដាហ៍មុន មន្ត្រីមន្ទីរអប់រំបានរៀបចំក្រុមការងារចុះស៊ើបសួររឿងនោះហើយ ក៏ប៉ុន្តែមិនបានរកឃើញភស្តុតាងណាមួយ ថាមានការកេងប្រវ័ញ្ចលុយរដ្ឋដូចការចោទប្រកាន់នោះទេ។
លោក អ៊ុង សេរីឌី បានហៅការចោទប្រកាន់នោះថា វាជាការថ្នាំងថ្នាក់ចិត្តរបស់គ្រូបង្រៀនខ្លះជាមួយគណៈគ្រប់គ្រងសាលា ឯវិក្កយបត្រដែលឱ្យគ្រូស៊ីញ៉េទិញសម្ភារៈ ប៉ុន្តែគ្មានឱ្យប្រាក់នោះទៀតសោត គឺវាគ្រាន់តែជាការទូទាត់ប្រាក់ឱ្យយឺតពេលវេលាប៉ុណ្ណោះ៖ «វាទាក់ទងទៅនឹងអារម្មណ៍ ទាក់ទងនឹងការថ្នាំងថ្នាក់ចិត្តផងដែរ ប៉ុន្តែយើងនឹងរៀបចំសិក្សាស្រាវជ្រាវបន្ថែមទៀតដែរ បើសិនជាក្រសួងចាត់តាំងគណៈកម្មការមកពិនិត្យទៀត ក៏ជារឿងកាន់តែល្អ»។
ទោះយ៉ាងណា ក្រុមគ្រូបង្រៀននិងអតីតបេឡាករខ្លះនៃសាលាវិទ្យាល័យសម្ដេចឪ នៅតែអះអាងថា ប្រធានគណៈគ្រប់គ្រងសាលាឈ្មោះ លោក ឈិន តៃឈាង និងអនុប្រធានគណៈគ្រប់គ្រងលោកអៀម ជោតវិទ្យា ពិតជាបានកេងប្រវ័ញ្ចប្រាក់របស់រដ្ឋតាមរយៈការធ្វើវិក្កយបត្រទិញសម្ភារៈប្រើប្រាស់ តែមិនបើកលុយឱ្យចាយនោះមែន។
អតីតបេឡាករម្នាក់ លោក យ៉ាប់ តំ បានអះអាងថា ការចំណាយប្រាក់កម្មវិធីអាទិភាពនៅក្នុងសាលាវិទ្យាល័យសម្ដេចឪ គឺគេរៀបចំតាមបែបបទរដ្ឋបាលល្អណាស់ ដោយមានការធ្វើវិក្កយបត្រចំណាយ ព្រមទាំងហត្ថលេខារបស់លោកគ្រូ អ្នកគ្រូយ៉ាងត្រឹមត្រូវ ក៏ប៉ុន្តែលុយគេមិនបើកឱ្យគ្រូទាំងនោះយកទៅទិញសម្ភារៈទេ៖ «គណៈគ្រប់គ្រងដែលឡើងថ្មី ពេលរៀបចំក្រដាសបញ្ជីស្នាមត្រូវទិញអីវ៉ាន់មកដាក់សាលាឈ្មោះដែលត្រូវទិញនោះ អត់មានទិញទេ នាយកគេទុកគេឱ្យម្នាក់ ២ម៉ឺនរៀល»។
ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន សាលាវិទ្យាល័យសម្ដេចឪ បានកើតមានរឿងមិនចេះចប់ ដូចជាគ្រូបង្រៀនទាមទារឱ្យមានការផ្លាស់ប្ដូរនាយកជាបន្តបន្ទាប់ និងបញ្ហាចាយលុយកាក់មិនមានតម្លាភាពជាដើម។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ជឿថា គ្រូបង្រៀនដែលសម្រេចចិត្តដាក់ពាក្យប្ដឹងរឿងលុយកាក់នោះ គឺជារឿងពិត ហើយប្រហែលមកពីបញ្ហាធ្ងន់ធ្ងរដែលធ្វើឱ្យគាត់តឹងទ្រូងខ្លាំងផង៖ «បើសិនណាជារឿងល្មមៗ គឺគាត់មិនដាក់ពាក្យប្ដឹងទេ យើងដឹងហើយគ្រូបង្រៀនភាគច្រើននៅមានការភ័យខ្លាចមិនងាយប្ដឹងរឿងល្មមៗទេ»។
លោក រ៉ុង ឈុន អះអាងថា បច្ចុប្បន្ននៅតាមសាលាជាច្រើន គឺមានការចាយប្រាក់ ភីប៊ី របស់រដ្ឋមិនត្រឹមត្រូវ និងអ្នកគ្រប់គ្រងសាលាខ្លះ ពិតជាកេងប្រវ័ញ្ចប្រាក់នោះមែន ហើយជាហូរហែគឺក្រសួងអប់រំតែងចុះធ្វើអធិការកិច្ច ប៉ុន្តែកន្លែងខ្លះក៏មានដំណោះស្រាយ ចំណែកកន្លែងខ្លះទៀតមិនមានដំណោះស្រាយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
