ពលរដ្ឋ និងអាជីវករលក់ដូរមួយចំនួនក្នុងខេត្តព្រះសីហនុ នៅតែមានការព្រួយបារម្ភចំពោះជនជាតិចិនទាំងនោះដែលបានប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ចាប់ជំរិត ជួញដូរគ្រឿងញៀន និងបទល្មើសហិង្សាវាយកាប់ចាក់គ្នាតាមដងផ្លូវជាដើម។
ការព្រួយបារម្ភនេះ ចាប់តាំងពីរបបក្រុងភ្នំពេញបើកឲ្យអ្នកវិនិយោគទុនចិនចូលមកប្រកបរបររកស៊ីនៅក្នុងខេត្តព្រះសីហនុ កាន់តែច្រើនមក បង្កឲ្យភាពអនាធិបតេយ្យ និងខូចសណ្ដាប់ក្រុងទេសចរមួយនេះ។
ប្រជាពលរដ្ឋនៅខេត្តនេះកត់សម្គាល់ថា ជនជាតិចិនទាំងនោះ មិនគោរពច្បាប់ប្រទេសកម្ពុជាឡើយ ចំណែកមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅក្រុងព្រះសីហនុ ក៏បង្ហាញការព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់ពួកគេរៀងៗ ខ្លួន។ ពួកគាត់ស្នើទៅដល់អាជ្ញាធរខេត្ត និងក្រសួងមហាផ្ទៃ ឲ្យជួយការពារសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកលែងកម្សាន្តនៅខេត្តនេះផងដែរ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទមានប្រសាសន៍ថា លោកបានរៀបចំផែនការ និងធនធានមនុស្ស ដើម្បីបង្កើននូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិជាពិសេស អ្នកវិនិយោគនៅខេត្តព្រះសីហនុនេះឲ្យកាន់តែល្អប្រសើរ៖ «ដើម្បីជាទំនុក ចិត្តរបស់ប្រជាពលរដ្ឋ និងជាទំនុកចិត្តរបស់អ្នកវិនិយោគនេះ គឺជាទិសដៅរបស់អគ្គស្នងការនគរបាលជាតិឆ្នាំ២០១៩ ត្រូវបង្កើនសមត្ថភាពគ្រប់ជំនាញទាំងអស់ ដើម្បីថែរក្សាសុវត្ថិភាពសន្តិសុខឲ្យបានកាន់តែល្អប្រសើរ»។
ចំណែកអ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ក៏បានអះអាងស្រដៀងគ្នាប្រាប់អាស៊ីសេរីកាលពីពេលកន្លងមកនេះថា បទល្មើសផ្សេងៗ ដែលបង្កដោយជនជាតិចិន ពិតជាបង្កការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋានពិតប្រាកដមែន ជាពិសេស រំខានដល់ភ្ញៀវទេសចរជាតិ អន្តរជាតិដែលចូលមកទស្សនាខេត្តនេះ។
មន្ត្រីសង្គមស៊ីវិលរូបនេះស្នើដល់សមត្ថកិច្ចស្ថាប័នជំនាញនីមួយៗ ត្រូវកំណត់អត្តសញ្ញាណជនជាតិចិន ដែលចូលមករស់នៅ និងប្រកបការងារផ្សេងៗ នាខេត្តព្រះសីហនុ ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៖ «យើងឃើញថាពេលខ្លះការរីកចំរើនហ្នឹងវាបានតែទៅលើមនុស្សមួយចំនួនតូចទេ ប៉ុន្តែផលប៉ះពាល់ ដែលកើតឡើងពីការអភិវឌ្ឍ ឬការវិនិយោគរបស់ជនជាតិចិន គឺវាធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ឬជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន ដែលពួកគាត់រកប្រាក់ចំណូលបានទាប។ ជាងនេះ ក៏បានប៉ះពាល់ដល់ភ្ញៀវទេសចរ និងអតិថិជនជនជាតិខ្មែរដែរ ព្រោះកាលមុនមានវត្តមានចិនចូលមកខេត្តព្រះសីហនុ គឺអាជីវករជនជាតិខ្មែរ បានចូលមកប្រកបរបរទទួលទានច្រើននាមូលដ្ឋាននេះ ប៉ុន្តែពេលនេះ ពួកគេបានបង្វែរទិសដៅទៅកាន់គោលដៅផ្សេងៗវិញ គឺដោយសារតែមកខេត្តព្រះសីហនុគឺលំបាក ព្រោះក្រៅតែពីការលំបាកទៅលើបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ ផ្លូវ ទឹក ភ្លើង គឺវាពិបាកទៅលើតម្លៃសេវាផ្សេងៗ មានតម្លៃថ្លៃខ្ពស់ជាពីពេលមុន ទាំងការស្នាក់នៅ និងតម្លៃម្ហូបអាហារ»។
អ្នកស្រី ជៀប សុធារី កត់សម្គាល់ឃើញថា ស្ទើរជារៀងរាល់ថ្ងៃ ជនជាតិចិន ដែលចូលមករស់នៅខេត្តព្រះសីហនុ តែងបង្កបទល្មើសផ្សេងៗ រួមមាន ការបង្កើតឲ្យមានក្រុមបងតូចបងធំ បង្កបទល្មើសវៃកាប់ចាក់ និងបង្កើតក្រុមចាប់ជំរិតមនុស្សទារប្រាក់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
