សិស្ស​ជាប់​បាក់​ឌុប​មួយចំនួន មិន​ទទួល​ស្គាល់​លទ្ធផល​ប្រឡង

ដោយ ជាតិ ចំណាន
2023.11.27
សិស្ស​ជាប់​បាក់​ឌុប​មួយចំនួន មិន​ទទួល​ស្គាល់​លទ្ធផល​ប្រឡង រដ្ឋមន្ត្រី​ក្រសួង​អប់រ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន។
រូប៖ ហ្វេសប៊ុកលោក ហង់ ជួនណារ៉ុន

បើទោះបីជា ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ទៅ​ហើយ​ក្ដី ក៏​សិស្ស​មួយចំនួន​នៅតែ​មិន​ពេញ​ចិត្ត​ចំពោះ​និទ្ទេស​នៃ​មុខវិជ្ជា​ខ្លះ ដែល​ពួកគេ​អះអាង​ថា ចេះ​ចាំ​ស្ទាត់ ប៉ុន្តែ​បែរជា​ទទួល​បាន​ពិន្ទុ​ទាប​ទៅវិញ​។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​សិស្ស​ដាក់​សំណើ​ទៅកាន់​មន្ទីរអប់រំ​យុវជន និង​កីឡា ដើម្បី​ស្នើសុំ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ។

សិស្ស​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ក្នុង​ឆ្នាំ​២០២៣ មួយ​ចំនួន​ខកចិត្ត​ចំពោះ​និទ្ទេស​លើ​មុខវិជ្ជា​ខ្លះ ដែល​ពួកគេ​អះអាង​ថា ជា​មុខវិជ្ជា​គោល ដែល​ជំនាញ​ជាងគេ ប៉ុន្តែ​បែរជា​ទទួល​បាន​ពិន្ទុ​ទាប និង​ទាញ​ទម្លាក់​និទ្ទេស​រួម។

សិស្ស​រៀន​នៅ​វិទ្យាល័យ​សម្ដេចឪ ខេត្តបាត់ដំបង យុវជន អ៊ួន សុវត្ថា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ២៦ វិច្ឆិកា ថា លោក​ទទួល​បាន​និទ្ទេស​រួម E បន្ទាប់ ពី​ប្រឡង​ធ្លាក់​លើ​មុខវិជ្ជា ជីវៈវិជ្ជា និង​គីមីវិទ្យា។ យុវជន អ៊ួន សុវត្ថា បញ្ជាក់​ថា មុខវិជ្ជា​ទាំងពីរ ដែល​ខ្លួន​ប្រឡង​ធ្លាក់​នេះ គឺជា​ឯកទេស​ដែល​រូបគេ​ចេះ​ចាំ​ស្ទាត់ និង​បំពេញ​បាន​ល្អ​ជាង​មុខវិជ្ជា​ដទៃ​ផ្សេងទៀត ហើយ​នៅពេល​បានដឹង​ពី​លទ្ធផល​នេះ​ហើយ លោក​បាន​ទៅ​ផ្ទៀងផ្ទាត់​កំណែ​លំហាត់​ជាមួយនឹង​មិត្ត​ភ័ក្ដិ​ដទៃទៀត ដែល​ទទួល​បាន​និទ្ទេស​ល្អ ដោយមាន​គ្រូបង្រៀន​ជា​អ្នក​ជួយ​ផ្ទៀងផ្ទាត់​ផង​ដែរ​។ លោក​បន្ត​ថា ជា​លទ្ធផល កំណែ​វិញ្ញាសា​ទាំងពីរ​របស់​លោក មិន​មាន​កំហុស​ច្រើន​នោះ​ទេ ហើយ​លោក​នឹង​ដាក់​សំណើ​ទៅ​មន្ទីរអប់រំ ដើម្បី​ស្នើ​ត្រួត​ពិនិត្យ​ឡើងវិញ។

យុវជន អ៊ួន សុវត្ថា៖ «ខ្ញុំ​ពិបាកចិត្ត ពិបាក​និយាយ គ្រប់​វិញ្ញាសា​។ ប្រឡង​ទាំងអស់ គឺ​ខ្ញុំ​ខិតខំ​ធ្វើ​អស់ពី​សមត្ថភាព ប៉ុន្តែ​ចេញ​លទ្ធផល​មក ដូច​អត់​ត្រូវ​នឹង​សមត្ថភាព​ដែល​ខ្ញុំ​ខំប្រឹង​។ ដូចជា​មុខវិជ្ជា​ទាំងពីរ​នេះ​អ៊ីចឹង គឺ​ជីវៈ និង​គីមី ចេញ​មក​គឺ​ខកចិត្ត​ខ្ញុំ​ណាស់​។ ព្រោះ​អី​ខ្ញុំ​មិន​នឹកស្មាន​ថា មុខវិជ្ជា​ដែល​ខ្លួនឯង​ស្រឡាញ់​ហ្នឹង បាន​ធ្លាក់។ ព្រោះ​អី​ពេល​ប្រឡង​ហ្នឹង ខ្ញុំ​គិត​ច្បាស់​ហើយ ថា​យ៉ាងណា​ក៏​មិនអាច​ធ្លាក់​ដែរ»

បញ្ហា​សិស្ស​តវ៉ា​លទ្ធផល​បាក់​ឌុប កើតមាន​ឡើងជា​រៀងរាល់​ឆ្នាំ ហើយ​ដើម្បី​កែសម្រួល​នូវ​បញ្ហា​ទាំងនេះ ក្រសួង​អប់រំ​យុវជន និង​កីឡា កាលពី​ឆ្នាំ ២០១៩ បាន​បង្កើត​បច្ចេកវិទ្យា និង​កម្មវិធី​ថ្មី​មួយ ដែល​ក្រសួង​អះអាង​ថា បាន​ឆ្លងកាត់​ការ​ធ្វើ​តេស្ដ​យ៉ាង​ត្រឹមត្រូវ ដើម្បី​ត្រួតពិនិត្យ​បូក​ពិន្ទុ​សិស្ស​ប្រឡង​បាក់​ឌុប ដែល​មាន​ចំនួន​កើនឡើង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​។ ប៉ុន្តែ នៅ​ឆ្នាំ​បន្ទាប់ ករណី​សិស្ស​តវ៉ា​លទ្ធផល​បាក់​ឌុប​នេះ នៅតែ​កើតមាន​ដដែល។

ស្រដៀង​គ្នា​នេះ​ដែរ សិស្ស​ម្នាក់ទៀត​មកពី​វិទ្យាល័យ​ក្ដុល​ដូនទាវ ខេត្តបាត់ដំបង យុវជន ផ្លន ស័ក្កនិត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ទទួល​បាន​និទ្ទេស C បន្ទាប់ពី​ប្រឡង​ធ្លាក់​មុខវិជ្ជា​ជីវៈ​វិជ្ជា និង​មុខវិជ្ជា​ភាសា​ខ្មែរ ទទួល​បាន​និទ្ទេស D។ ក៏ប៉ុន្តែ លោក​ថ្លែង​ថា បើ​ទោះ​បី​ជា​ប្រឡង​ជាប់ និង​ទទួល​បាន និទ្ទេស​ល្អ​បង្គួរ​ក្ដី លោក​នៅតែ​មិន​សប្បាយចិត្ត ចំពោះមុខ​វិជ្ជា ជីវៈ​វិជ្ជា និង​ភាសា​ខ្មែរ ដែល​លោក​អះអាង​ថា បំពេញ​បាន​ល្អ​ជាងគេ ប៉ុន្តែ​បែរជា​បាន​ពិន្ទុ​តិច​ទៅវិញ​។ យុវជន ផ្លន ស័ក្កនិត សង្ស័យ​ថា បញ្ហា​នេះ​អាច​បណ្ដាលមកពី​កំហុស​បច្ចេកទេស​របស់​ក្រសួង​អប់រំ ក្នុង​ការ​ស្រង់​ទិន្នន័យ​ចូល​ទៅ​ក្នុង​បញ្ជី ដោយ​ឆ្លាស់​ទិន្នន័យ​របស់​បេក្ខជន​ប្រឡង ដែល​អង្គុយ​តុ​ជាប់​គ្នា។

យុវជន ផ្លន ស័ក្កនិត៖ «ខ្ញុំ​គិតថា​ទាំងពីរ ទាំង​ការ​កែ ហើយ​ទាំង​ការ​បញ្ចូល​ពិន្ទុ​ទៅ​ក្នុង System(​ប្រព័ន្ធ​)​នៅក្នុង​កុំព្យូទ័រ​ហ្នឹង។ ព្រោះ​ពេលខ្លះ​នៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ហ្នឹង វា​មិនអាច​ត្រឹមត្រូវ ១​រយ​ភាគរយ​។ ខ្ញុំ​ជឿ​ថា អ៊ីចឹង​។ ព្រោះ​ជាក់ស្ដែង​ពិន្ទុ​ជីវៈ​របស់ខ្ញុំ ហើយ​ប្រៀបធៀប​ជាមួយ​អ្នក​អង្គុយ​តុ​ជិត​ខ្ញុំ គ្រប់មុខ​វិជ្ជា​គាត់​ធ្លាក់​ទាំងអស់ ប៉ុន្តែ​មុខវិជ្ជា​ជីវៈ​មួយ​បាន A»

លទ្ធផល​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ ២០២៣ នេះ ក្រសួង​អប់រំ​គ្រោង​ប្រកាស​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​បន្ទាប់​នៅ​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស ប៉ុន្តែ​ក្រោយមក ក្រសួង​បាន​ប្ដូរ​មក​ប្រកាស​នៅមុន​ការកំណត់ ៤​ថ្ងៃ ដោយ​ក្រសួង​អះអាង​ថា ការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ការ​ផ្ទៀង​ផ្ទាត់​ពិន្ទុ បានប​ញ្ចប់​ដោយ​រលូន​មុន​កាលកំណត់ និង​គ្មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា អ្នកស្រី ឃួន វិច្ឆិកា និង​លោក កាន់ ពុទ្ធី ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៦ ខែ​វិច្ឆិកា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា បញ្ហា​លទ្ធផល​បាក់​ឌុប​នេះ អាច​បណ្ដាលមកពី​កត្តា​សិស្ស​ខ្លួនឯង ដែល​ធ្វេសប្រហែស​មិនបាន​បំពេញ​សំណៅ​ប្រឡង​ឱ្យ​បាន​ត្រឹមត្រូវ ឬ​មាន​កំហុស​អក្ខរាវិរុទ្ធ​ជាដើម​។ លោកស្រី​ជំរុញ​ឱ្យ​សិស្ស ដែល​មាន​បញ្ហា​ពិន្ទុ​បាក់​ឌុប គួរ​ទាក់ទង​ទៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ស្នើ​ត្រួតពិនិត្យ​សំណៅ​ប្រឡង​ឡើងវិញ ឱ្យ​បាន​មុន​រយៈពេល​មួយ​ខែ ក្រោយ​ប្រកាស​លទ្ធផល។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «ព្រោះ​អី លោកគ្រូ​អ្នកគ្រូ ពេលខ្លះ​គាត់​ឱ្យ​ពិន្ទុ​ទៅលើ​ការ​សរសេរ​ពី​របៀបរបប​នៃ​ការ​សរសេរ។ ទោះបី​ចម្លើយ​ដូចគ្នា​ក្ដី វា​ត្រូវតែ​ខុសគ្នា​មួយ​ពិន្ទុ ពីរ​ពិន្ទុ​។ អ៊ីចឹង​យើង​យក​ករណី​ហ្នឹង យក​មក​ដើម្បី​ថា​គ្រូ​ហ្នឹង​កែ​ខុស​អី គឺ​អត់​ត្រឹមត្រូវ​ទេ»

ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យដឹង​ថា លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៦ វិច្ឆិកា ២០២៣ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​មាន​ចំនួន ៩​ម៉ឺន​នាក់ (៩៨.៤៦០) ស្មើនឹង​ជាង ៧២​ភាគរយ​(៧២,៨៩) នៃ​បេក្ខជន​សរុប​។ សិស្ស​ទទួល​បាន​និទ្ទេស A ចំនួន​ជាង ១​ពាន់ ៦​រយ​នាក់ (.៦៧៣), និទ្ទេស B ចំនួន​ជិត ៧​ពាន់​នាក់ (.៩៦៤), និទ្ទេស C ចំនួន​ជាង ១​ម៉ឺន ៨​ពាន់​នាក់ (១៨.៣០៨), និទ្ទេស D​ចំនួន​ជាង ៣​ម៉ឺន ៤​ពាន់​នាក់ (៣៤.២៤៦) និង​និទ្ទេស E ចំនួន​ជាង ៣​ម៉ឺន ៧​ពាន់​នាក់ (៣៧.២៦៩)

សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ខ្លះ ស្នើ​ឱ្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា ឱ្យ​ត្រួតពិនិត្យ​សំណៅ​ប្រឡង​របស់​ពួកគេ​ឡើងវិញ ព្រោះ​លទ្ធផល​ប្រឡង​បាត់​បាក់​ឌុប​នេះ គឺជា​លទ្ធផល​នៃ​ការ​លះបង់​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និង​ទ្រព្យសម្បត្តិ ដែល​គ្រួសារ​របស់​ពួកគេ​ខំ​ទំនុកបម្រុង អស់​រយៈពេល​ជាង ១០​ឆ្នាំ ហើយ​ពិន្ទុ​បាក់​ឌុប​នេះ ក៏​ជា​ស្ពាន​សម្រាប់​ចម្លង​របស់​ពួកគេ ទៅ​រក​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។