ពលរដ្ឋខ្មែរ​​នៅ​កម្ពុជា​ក្រោម​ខ្លះ សុខចិត្ត​ឲ្យ​ថៅកែ​កាត់​ប្រាក់​ឈ្នួល ដើម្បី​បាន​ត្រលប់​មក​​​ធ្វើ​បុណ្យ​សែន​ដូនតា ​នៅ​ស្រុក​កំណើត

ដោយ យន់ សាមៀន
2019-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខ្មែរ​ក្រោមខ្មែរ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅ​កុដិ​លេខ​១៧ នៅ​វត្តបទុមវតី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ២០១៩។
ខ្មែរ​ក្រោមខ្មែរ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅ​កុដិ​លេខ​១៧ នៅ​វត្តបទុមវតី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ RFA

ជនជាតិខ្មែរកម្ពុជាក្រោម ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កំណើត​មួយ​ចំនួន​ឲ្យ​ដឹង​ថា ពួក​គេ​សុខ​ចិត្ត​ឲ្យ​ថៅកែ​កាត់​ប្រាក់​ឈ្នួល​ ឬ​កាត់​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដើម្បី​បាន​ត្រលប់​មក​ធ្វើ​ពិធី​សែន​ដូនតា ​នៅ​ស្រុក​កំណើត​ជា​មួយ​ក្រុម​គ្រួសារ។ ខ្មែរក្រោម​បាន​ចូលរួម ​​​ពិធី​​បុណ្យ​សែន​ដូនតា ឬ​​ភ្ជុំបិណ្ឌ ដូច​ពលរដ្ឋ​ខ្មែរ​​ដែរ ប៉ុន្តែ​វៀតណាម​មិន​ឲ្យ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​នេះ​ពេញ​លេញ​ទេ។

មន្រ្តីសិទ្ធិ ឲ្យដឹងថា ​ខ្មែរក្រោម ដែល​ធ្វើការ​នៅ​ទីក្រុងមួយចំនួន ​ មិន​អាច​ឈប់​សម្រាក​ទៅ​លេង​ស្រុក​កំណើត ក្នុង​ឱកាស​បុណ្យ​សែន​ដូនតា​​ទេ ព្រោះ​នៅ​ប្រទេស​វៀតណាម គ្មាន​ច្បាប់​សម្រាក​​បុណ្យ​សែន​​ដូនតា សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​ខ្មែរ​ក្រោម​ទេ ប៉ុន្តែ​ពួក​គេ​ខ្លះ​បាន​លះបង់​ថវិកា និង​ប្រាក់​ខែ ដើម្បី​បាន​ជួប​ជុំ​គ្រួសារ។

ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ព្រះ​តេជ​គុណ សឺន សុផារិន្ទ ​​មាន​ព្រះ​ថេរៈ​ដីកា​ថា អាជ្ញាធរ​ប្រទេស​វៀតណាម មិន​ទាន់​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​មាន​សិទ្ធិ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ប្រពៃណី​របស់​ខ្លួន​ទេ ប៉ុន្តែ​នៅ​តាម​ខេត្ត​មួយ​ចំនួន ដែល​សំបូរ​ជនជាតិ​ខ្មែរ​រស់​នៅ ពួក​គេ​អាច​ឆ្លៀត​​ទៅ​ធ្វើ​បុណ្យ​បាន ដូច​ជា ខ្មែរ​ក្រោម​រស់​នៅ​ខេត្ត​ព្រះ​ត្រពាំង​ជាដើម៖ «មិន​ទាន់​មាន​ទេ​ពរ មិន​ទាន់​មាន​ទេ​ ប៉ុន្តែ​ច្បាប់​តាម​ខេត្ត​នីមួយៗ វា​មាន​ខ្លះ។ មាន​ខ្លះ ដូច​នៅ​ខេត្ត​ព្រះ​ត្រពាំង ហៅ​ខេត្ត​តាយីង​ហ្នឹង គេ​អនុញ្ញាត​ឲ្យ​ឈប់​ ៣ថ្ងៃ ពេល​ដែល​ភ្ជុំបិណ្ឌ​ហ្នឹង​ណា។ គេ​អនុញ្ញាត​ឲ្យ​ខ្មែរ​ទេ តែ​ដល់​ពេល​គេ​ទូទៅ​ គេ​អត់​ឈប់​ទេ។ តែ​ពេល​ឈប់ សិស្ស​សាលា​របស់​វៀតណាម​គេ​រៀន​អ៊ីចឹង​ទៅ ពិបាក​ដែរ សិស្ស​ខ្មែរ​យើង​ខ្លាច​ចាញ់​គេ មិន​ដែល​ហ៊ាន​ឈប់​ (ថ្ងៃ​បុណ្យ​សែន​ដូនតា) ទេ។ អា​ហ្នឹង​ជា​ផ្លូវ​វិជ្ជមាន​​សម្រាប់​ខ្មែរ​យើងដែរ តែ​ឈប់​ជា​ទូទៅ​វា​អត់​មាន​ទេ​ពរ»

ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម មិន​ហៅ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ដូច​នៅ​កម្ពុជា​ទេ គឺ​ពួក​គេ​ហៅ​ថា ពិធី​សែន​ដូន​តា។ ប៉ុន្តែពិធី​សាសនា​មួយ​នេះ គឺ​ដូច​គ្នា​នឹង​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ​ដែរ ហើយ​មាន​រយៈ​ពេល​ ១៥​ថ្ងៃ​ នៃ​ខែ​ភទ្របទ​ដូច​គ្នា។

ព្រះសង្ឃមួយអង្គ ​នៅ​វត្ត​មេ​ពាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង មាន​ព្រះ​ថេរដីកា​ថា ក្នុង​ពិធី​សែន​ដូនតា ​ពី​បិណ្ឌ​ទី​១ ចាប់​ពី​ថ្ងៃ​ទី១​រោច ខែ​ភទ្របទ ដល់​បិណ្ឌ​ទី​១៣ ថ្ងៃ​ទី​១៣​រោច គេ​​មិន​សូវ​ទៅ​វត្ត​ទេ តែ​គេ​និយម​ព្រះ​សង្ឃ​ទៅ​សូត្រ​ធម៌​នៅ​តាម​ផ្ទះ។ ចំណែក​បិណ្ឌ​ទី​១៤ គេ​ហៅ​ថា ថ្ងៃ​សែន​ដូនតា ​ពលរដ្ឋ​ខ្មែរ​ក្រោម​ជួប​ជុំ​សាច់​ញាត្តិ​នៅ​តាម​ផ្ទះ និង​និមន្ដ​ព្រះសង្ឃ​​ទៅ​​​សម្ដែង​ធម៌​ទេសនា តាម​ផ្ទះ។ ឯ​ថ្ងៃ​ភ្ជុំ​ធំ​ គឺ​ថ្ងៃ​ទី១៥​រោច ពុទ្ធបរិស័ទ ចំណុះ​ជើង​វត្ត នាំ​គ្នា​ទៅ​ជុំ​គ្នា​នៅ​ទី​អារាម ដើម្បី​ធ្វើ​បុណ្យ​រួម​គ្នា។

ព្រះអង្គ ​ព្រះ​ថេរដីកា​បន្ត​ថា បន្ទាប់​ពី​ធ្វើ​បុណ្យ​ ១៥​ថ្ងៃ​​រោច គឺ​ថ្ងៃ​ ១កើត ខែ​អស្សុជ ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នាំគ្នា​ធ្វើ​ពិធី​ដាក់​សំណែន​ បណ្ដែត​លើ​កន្ទោង​តាម​ទឹក ក្នុង​បឹង​ ទន្លេ ឬ​ទឹក​ស្រះ​ក្នុង​វត្ត​ ដើម្បី​ជូន​ដំណើរ​ដូនតា ត្រឡប់​ទៅ​វិញ៖ «បើ​វត្ត​នៅ​កម្ពុជា​ក្រោម​ គេ​ទៅ​មួយ​ថ្ងៃ​តែ​ម្ដង​ទេ តាម ​វេន​គេ​ចាត់​ជា​ក្រុម​និយាយ​រួម​គេ​ចាត់​ជា​វេន​ជា​ក្រុម​នៅ​វត្ត​កម្ពុជា​ក្រោម គឺ​បែប​នឹង​គេ​មិន​បាន​ធ្វើ​ដូច​នៅ​កម្ពុជា​ទេ បាន​ទៅ​ច្រើន​វត្ត​សូម្បី​ការ​រៀប​ចំ​ហៅ​ឈ្មោះ​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ​នៅ​កម្ពុជា​គេ​ ហៅ​ពិធី​បិណ្ឌ​ភ្ជុំ ឬ​ភ្ជុំ​បិណ្ឌ។ ចំណែក​នៅ​កម្ពុជា​ក្រោម​នេះ​វិញ​គេ​ហៅ​ពិធី​សែន​ដូនតា»

រយៈ​ពេល ​១៥​ថ្ងៃ​ នៃ​បុណ្យ​សែន​ដូនតា ឬ​ភ្ជុំបិណ្ឌ នៅ​តាម​វត្ត​អារាម ឮ​សូរ​តែ​​​សំឡេង​កង​រំពង​​ពី​ការ​សូត្រ​ធម៌ ស្ទើរ​តែ​ទាំង​ថ្ងៃ​ទាំង​យប់។ នៅ​ពេល​ទៀប​ភ្លឺ មាន​ពិធី​បោះ​​ដុំ​បាយ​ ឬ​បោះ​បាយ​បិណ្ឌ។ ព្រះ​សង្ឃ និង​យាជី តាជី សូត្រ​ធម៌​បទ​បរាភវ​សូត្រ ដើម្បី​ដាក់​តឿន​ស្មារតី​កុំ​ឲ្យ​ប្រព្រឹត្តិ​វិនាស​ទាំង ​១២​ប្រការ របស់​សាសនា​ព្រះពុទ្ធ និង​មាន​​ចាក់​បទ​ទំនួញ​ប្រេត និង​កម្មវិធី​ពិធី​ពូន​ភ្នំ​ខ្សាច់​ជា​ដើម។ ពុទ្ធ​សាសនិក នាំគ្នា​ស្លៀក​សំលៀក​បំពាក់​តាម​បែប​ប្រពៃណី​ យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​​តាម​វេន​នីមួយៗ និង​នៅ​ថ្ងៃ​ ១៥​រោច។ ព្រះសង្ឃ​​គង់​ក្នុង​ទីអារាម ចាំ​ទទួល​ចង្ហាន់ ​សូត្រ​ធម៌​ដារឆ្លង តាម​ប្រពៃណី ដូច​នៅ​កម្ពុជា​ដែរ។ ចំណែក​ពេល​រាត្រី​ ព្រះសង្ឃ​ឲ្យ​ដឹង​ថា ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​បែង​ចែក​គ្នា​ជា​ក្រុម​ ​នាំ​គ្នា​​និមន្ត​ព្រះសង្ឃ​សម្ដែង​ធម៌​ទេសនា នៅ​ក្នុង​ទី​អារាម។

ព្រះសង្ឃ និង​ពលរដ្ឋ​​ខ្មែរ​ក្រោម ​តែង​​ស្នើសុំ ដោយ​ទទូច​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​អនុញ្ញាត​ឲ្យ​ជនជាតិ​ដើម​ខ្មែរ​ក្រោម ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក ដោយ​មិន​​កាត់​ប្រាក់​​កម្រៃ​ នៅ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​​របស់​ខ្លួន ដូចជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​ពិធី​បុណ្យ​អុំទូក ជាដើម​។ ចំណែក នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន អំពាវនាវ​យ៉ាង​ទទូច ឲ្យ​អាជ្ញាធរ​ប្រទេស​វៀតណាម គ្រប់​លំដាប់ថ្នាក់​ ចេញ​លិខិត​អនុញ្ញាត​ ដើម្បី​សម្រួល​ឲ្យ​កម្មករ​​ខ្មែរ​ក្រោម ទទួល​បាន​សិទ្ធិ​ឈប់​សម្រាក នៅ​ថ្ងៃ​បុណ្យ​ប្រពៃណី​របស់​ខ្លួន។

ព្រះភិក្ខុ សឺង យ៉ឹងរតនា មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មានថេរដីកាថា វៀតណាម មិន​ចង់​ទទួលស្គាល់​ខ្មែរ​ក្រោម​ថា ជា​ជនជាតិ​ដើមកំណើត ទើប​មិន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​បាន​ឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​សំខាន់ ដូចជា​បុណ្យ​សែន​ដូនតា និង​បុណ្យចូល​ឆ្នាំ​ថ្មីជាដើម៖ «គេ​មិន​ហ៊ាន​ទទួលស្គាល់​ជា​ជនជាតិ​ដើមកំណើត​ទេ ដោយសារតែ​រដ្ឋាភិបាល​យួន​ជា​ជន​អន្តោប្រវេសន៍ ដូច្នោះ​ហើយ​ខ្មែរ​ក្រោម​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​។ គេ​មិន​ទទួលស្គាល់​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម បើ​ទទួលស្គាល់​ខ្មែរ​ក្រោម ព្រោះ​ថា ច្បាប់​ជនជាតិ​ដើម​ខ្មែរ​ក្រោម​មាន​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួនឯង»

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​មិនទាន់​ឆ្លើយតប​សំណួរ​អាស៊ីសេរី ជុំវិញ​សំណើសុំ​ឈប់​សម្រាក​របស់​ខ្មែរ​ក្រោម​នៅ​ឡើយ​ទេ កាលពី​ថ្ងៃ​ទី២៨ កញ្ញា។ ព្រះសង្ឃ​ខ្មែរ​ក្រោម​ធ្លាប់​អះអាង​ថា សាសនា ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ ជា​ឫសគល់​និង​មូលដ្ឋាន ដែល​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​រក្សា​អត្តសញ្ញាណ​ជា​ខ្មែរ​ក្រោម​នៅ​លើ​ទឹកដី​កំណើត​ដែល​វៀតណាម​គ្រប់​គ្រង់​សព្វថ្ងៃ​នេះ។ ការប្រតិបត្តិ សាសនា ទំនៀមទម្លាប់ និង​ប្រពៃណី​ខ្មែរ​បាន ក៏​ដោយសារតែ​ខ្មែរ​ក្រោម​អាច​រក្សា​ទីវ​ត្ត​អារាម​បាន​គង់វង្ស​។ មក​ទល់​នឹង​ឆ្នាំ ២០១៨ វត្ត​នៅ​កម្ពុជា​ក្រោម​មាន​ចំនួន ៤៦១​វត្ត និង​មាន​ព្រះសង្ឃ​ចំនួន​ជាង ៨​ពាន់ ៥​រយ​អង្គ​។ សហព័ន្ធ​ខ្មែរ​ក្រោម​សព្វថ្ងៃ កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ពី​វៀតណាម ដើម្បី​អាច​សម្រេច​វាសនា​អនាគត​ដោយ​ខ្លួនឯង​បាន​។ ប្រតិភូ​សហព័ន្ធ​ខ្មែរ​ក្រោម​កំពុង​សិក្សា​ស្វែងយល់​ពី​ប្រទេស​មួយ​ចំនួន​ដែល​ទើប​ទទួល​បាន​ឯករាជ្យ ដើម្បី​យក​បទពិសោធន៍​ទាំងនោះ​ទៅ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ពី​វៀតណាម​មក​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល