ពលរដ្ឋមួយចំនួនលើកឡើងថា អាជ្ញាធរមូលដ្ឋាននៅតំបន់ផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ គួរតែពង្រឹងប្រព័ន្ធសុវត្ថិភាពតាមដងផ្លូវជាជាង ការប្រារព្ធពិធីបន់ស្រន់តាមបែបអបិយជំនឿ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្សជាបន្តបន្ទាប់។
ពលរដ្ឋខ្មែរមួយចំនួនយល់ថា ពិធីសែនព្រេនតាមបែបអបិយជំនឿ ពុំអាចដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានឡើយ បើអាជ្ញាធរមិនពង្រឹងការអនុវត្តច្បាប់ និងមិនបង្កើតយន្តការការពារសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរទេនោះ។
ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន លោក សោម សុជាតិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ មករា ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីកត្តាធំៗមួយចំនួន ដូចជា កត្តាមនុស្ស យានយន្ត កត្តាផ្លូវ និងអាកាសធាតុជាដើម។ លោកលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍មួយចំនួន តែងកើតឡើងពីអ្នកបើកបរស្ថិតក្រោមស្ថានភាពស្រវឹង និងមិនគោរពច្បាប់ចរាចរណ៍ ហើយប្រការនេះ បានបង្កជាសោកនាដកម្ម ចំពោះខ្លួនអ្នកបើកបរ និងជនរងគ្រោះ រួមទាំងសមាជិករបស់ពួកគេ។
លោក សោម សុជាតិ៖«អ្វីដែលយើងគួរតែធ្វើក្នុងនាមយើងជាអ្នកច្បាប់ ក្នុងនាមយើងជាមន្ត្រី យើងត្រូវតែផ្សព្វផ្សាយអំពីច្បាប់ឲ្យប្រជាពលរដ្ឋបានយល់ដឹង ហើយអ្វី ដែលសំខាន់មួយទៀតនោះ គឺច្បាប់ត្រូវតែតឹងរឹងចំពោះបុគ្គលណាដែលសេពនូវគ្រឿងស្រវឹងហើយបញ្ជាយានយន្ត ព្រោះបុគ្គលដែលសេពគ្រឿងស្រវឹងហើយបញ្ជាយានយន្តនៅលើផ្លូវនោះ វាមិនមែនគ្រោះថ្នាក់ត្រឹមតែខ្លួនឯងទេ តែវាក៏បង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតទាំង ដែលគេជាជនស្លូតត្រង់ ប៉ុន្តែបែរជាអ្នកសេពនូវគ្រឿងស្រវឹងទៅបង្កគ្រោះថ្នាក់ឲ្យគាត់បាត់បង់ជីវិត បែកបាក់គ្រួសារ និងពិការភាពទៀត»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ អ្នកស្រី គឹម ញឹប និងអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ លោក សេង គន្ធ រួមទាំងមន្ត្រីក្រោមឱវាទមួយចំនួនទៀត បាននិមន្តព្រះសង្ឃចំនួន ១៤អង្គ មកប្រោសព្រហ្មសុំសេចក្ដីសុខ និងសុវត្ថិភាព ក្នុងការធ្វើដំណើរលើមហាវិធីសម្ដេច ហ៊ុន សែន ឬហៅថា ផ្លូវ៦០ម៉ែត្រ។
ការនិមន្តព្រះសង្ឃមកសូត្រមន្តនេះ ធ្វើឡើងក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយចំនួនបានកើតឡើងនៅលើផ្លូវ៦០ម៉ែត្រនេះ ដែលបានឆក់យកជីវិតមនុស្សជាបន្តបន្ទាប់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ចុងក្រោយបង្អស់ បានកើតឡើងរវាងម៉ូតូអ្នកចម្រៀងរ៉េបម្នាក់ ជាមួយនឹងរថយន្ត បណ្ដាលឲ្យអ្នកចម្រៀងរ៉េបម្នាក់នោះបាត់បង់ជីវិតកាលពីថ្ងៃទី៩ ខែមករា និងប៉ុន្មានថ្ងៃក្រោយមកមនុស្សចំនួន ៣នាក់ជាឪពុក និងកូនក៏បានបាត់បង់ជីវិតក្រោយរថយន្តមួយគ្រឿងបើកបុកពេញទំហឹង។
ទាក់ទិននឹងពិធីនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួន បានបញ្ចេញមតិ ចំពោះការប្រារព្ធពិធីបែបអបិយជំនឿនេះថា អាចជួយបង្ការគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការបណ្ដេញឧបទ្រពចង្រៃ ហើយខ្លះទៀត ចង់ឃើញអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ បង្កើនការផ្សព្វផ្សាយអំពីច្បាប់ស្ដីពីចរាចរណ៍ និងកែលម្អបរិស្ថានលើដងផ្លូវដូចជា ការដាក់ពង្រាយប៉ូលិសចរាចរណ៍ ការដាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ដាក់ភ្លើងបំភ្លឺផ្លូវ របាំងខណ្ឌទ្រូងផ្លូវ និងការលាងសម្អាតផ្លូវជាដើម។
នៅមុនពេលរៀបចំពិធីនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីថ្ងៃទី ១២ ខែមករា បានចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ៦០ម៉ែត្រនេះ។ ពួកគាត់ បានឯកភាពបង្កើនមន្ត្រីនគរបាលចរាចរណ៍លើផ្លូវ៦០ម៉ែត្រ គូរគំនូសចរាចរណ៍សាជាថ្មី បន្ថែមចំណាំងប្លាត និងដាក់ភ្លើងស្ដុបបន្ថែម។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋនៅតែស្នើដល់អាជ្ញាធរឲ្យបង្កើនការបោសសម្អាត ឬលាងផ្លូវ ឲ្យបានជាប្រចាំ ពង្រឹងច្បាប់ស្ដីពីចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលតាមដងផ្លូវជាដើម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
