ក្រុម​សហជីព​មួយចំនួន​គ្រោង​ចេញ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជាមួយ​កូដករ​ណាហ្គាវើលដ៍

ដោយ ម៉ៅ សុធានី
2022.07.12
Share on WhatsApp
Share on WhatsApp
ក្រុម​សហជីព​មួយចំនួន​គ្រោង​ចេញ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជាមួយ​កូដករ​ណាហ្គាវើលដ៍
រូបភាពពីពលរដ្ឋ

ក្រុម​កម្លាំង​អាជ្ញាធរ​ចម្រុះ​រាជធានី​ភ្នំពេញ​រាប់រយ​នាក់​ បន្ត​រារាំង​ដោយ​បិទ​ផ្លូវ​គ្រប់​ច្រក​ល្ហក​ មិន​ឱ្យ​ក្រុមកូដករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ជាង ១រយ​នាក់ ឈរ​លើក​បដា និង​តវ៉ា​ដោយ​សន្តិវិធី​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​ឡើយ​នៅថ្ងៃ​ទី១២ កក្កដា។ ក្រុម​សហជីព​ លើកឡើង​ថា ករណី​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃនេះ​ អាជ្ញាធរ​ក្រុងភ្នំពេញ​កំពុង​ឈរ​កាង​ការពារ​ថៅកែ​យ៉ាង​ពេញ​ទំហឹង។ ពួកគាត់​ថា​ បើ​រដ្ឋាភិបាល​នៅតែ​គ្មាន​ភាព​ច្បាស់លាស់​ដោះស្រាយ​វិវាទ​ការងារ​នេះ​ ក្រុម​សហជីព​គ្រោង​ជួប​ជុំ​គ្នា​ ដើម្បី​ចូល​រួម​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជា​មួយ​ក្រុម​កូដករ។

សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ​រាប់រយ​នាក់​ បន្ត​ពង្រាយ​កម្លាំង​ដាក់​រនាំង​បិទ​ផ្លូវ​មិន​ឱ្យ​ក្រុម​កូដករ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​អាច​ទៅ​ធ្វើ​កូដកកម្ម​ដោយ​សន្តិវិធី​ ទាមទារ​ដំណោះស្រាយ​ការងារ​នៅក្បែរ​អគារ​ក្រុមហ៊ុន​ឡើយ​នៅ​ថ្ងៃ​ទី១២ កក្កដា។ ក្រៅ​ពី​នេះ ​ក្រុមកូដករ​ ថា​ក្រុម​អ្នកសារ​ព័ត៌មាន​ឯករាជ្យ​ មន្រ្តី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​បណ្តេញ​ចេញ ​មិន​ឱ្យ​ចូល​ឃ្លាំ​មើល​ ឬ​យក​ព័ត៌មាន​នៅ​កន្លែង​កូដករ​ធ្វើ​កូដកម្ម​ឡើយ។

ក្រុម​កូដករ​ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​បែប​នេះ​ថា​ការពារ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ពេញ​ទំហឹង​ និង​ប្រើប្រាស់​ថវិការជាតិ​ខ្ជះខ្ជាយ​ដើម្បី​ពង្រឹង​អយុត្តិធម៌​ក្នុង​សង្គម។

កូដករ​ម្នាក់​លោកស្រី ​ម៉ម សុវឌ្ឍិន​ ហៅ​អាទីន ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ ទីតាំង​បរិវេណ​មួយ​ចំនួន​នៅក្បែរ​អគារ​ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍​បាន​ជា​កន្លែង​ទីស្នាក់ការ​របស់​អាជ្ញាធរ​ដើម្បី​ដាក់​កម្លាំង​ត្រៀម​រារាំង​ក្រុម​កូដករ​ជា​ប្រចាំ។​ លោកស្រី​ យល់ថា​វិវាទ​ការងារ​នេះ​បើ​អាជ្ញាធរ ​និង​ក្រសួងការងារ​មាន​ឆន្ទៈ​ឈរ​នៅ​ចំណុច​កណ្ដាល​ និង​យក​ច្បាប់​ការងារ​មក​ដោះស្រាយ​វិវាទ​ការងារ​នេះ​ នឹង​អាច​បញ្ចប់​បាន​ដោយ​អាច​ទទួល​បាន​គ្រប់​ភាគី។ ប៉ុន្តែ ​លោកស្រី​ថា​ បើ​អាជ្ញាធរ​នៅ​តែ​ជំហ​ការពារ​ក្រុមហ៊ុន​បនល្បែងណាហ្គាវើលដ៍​ដូច​សព្វ​ថ្ងៃ​នេះ​ ថៅកែ​បនល្បែង​មួយ​នេះ​នឹង​អាច​មាន​ឱកាស​រំលាយ​សហជីព​ឯករាជ្យ​ ហើយ​អ្នក​ដែល​​ទទួល​រង​អយុត្តិធម៌​ និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​គឺ​ជា​ពលរដ្ឋ​ខ្មែរ៖ «រឿង​ហ្នឹង​ វា​ជា​រឿង​ អាម៉ាស់​របស់​អាជ្ញាធរ​ ព្រោះ​ក្រុមកូដករ​ ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ​ដែល​មាន​ចែក​នៅ​ក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្តែ​ពួកគាត់​ [អាជ្ញាធរ]​បំពាន​ច្បាប់​ ហើយ​ពួកគាត់​ អត់​ខ្មាស​គេ​ទេ។ ពួកគាត់​យក​ទ្រូង​ ពួកគាត់​ហ្នឹង​មក​បាំង​ជំនួស​គេ ​ទាំង​ដែល​វិវាទ​ហ្នឹង​ ជា​វិវាទ​ការងារ។ ពួកគាត់​ត្រូវ​នៅ​ចំណុច​កណ្តាល​តែ​អត់​នៅ​កណ្តាល​ផង។ គាត់​ទៅ​កាង​ថៅកែ​បរទេស​ដែល​មិនមែន​ជា​ជនជាតិខ្មែរ​ខ្លួន​ឯង​អ៊ីចឹង។ សោកស្តាយ​ ហើយ​ពួកគាត់​អស់​តម្លៃ​ដោយសារ​តែ​គាត់​ហ្នឹង​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​ទៅ​កាង​ឱ្យ​ថៅកែ​ណាហ្កាវើលដ៍ ​អស់​តម្លៃ​អាលីង​ហ្មង។ ខ្មែរ​ខ្លួនឯង​អត់​មាន​ជាតិ​និយម​អី​តិច​សោះ​ហ្មង»

ទន្ទឹម​គ្នា​នេះ​ដែរ​ ប្រធាន​សហព័ន្ធសហជីព ​កម្មករ​ចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជា​ អ្នកស្រី អ៊ូ ទេពផល្លីន​ ដែល​ឃ្លាំ​មើល​ការ​ធ្វើ​កូដកម្ម​នេះ​ពី​ដំបូង​មក​ ថ្លែង​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​ហាក់​ជួយ​ជ្រំជ្រែង​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍​ និង​តែង​តែ​ដាក់​កម្លាំង​បង្ក្រាប​ក្រុមកូដករ​យ៉ាង​ទៀង​ទាត់​ ដែល​ជាហេតុនាំ​ឱ្យ​វិវាទ​ការងារ​នេះ​បន្ត​អូស​បន្លាយ​ពេល។​ បន្ថែម​ពី​នេះ ​អ្នកស្រី​លើកឡើង​ថា​ ការ​បន្តចោទ​ប្រកាន់​លាបពណ៌​ទាំង​គ្មាន​មូលដ្ឋាន​ ពី​សំណាក់​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ​មួយ​ចំនួន​ជា​ហូរហែ​កន្លង​មក​នេះ ​គ្រាន់​តែ​ជា​ចេតនា​អាក្រក់ ​ដើម្បី​ដាក់​បន្ទុក​លើ​ក្រុមកូដករ ​និង​លេស​ដើម្បី​កំចាត់​កូដករ​ ព្រម​ទាំង​សមាជិក​សហជីព​ ដទៃ​ទៀត​ចេញ​ពី​ក្រុមហ៊ុនណាហ្គាវើលដ៍​តែ​ប៉ុណ្ណោះ។ អ្នកស្រីថា​ ក្រុម​កូដករ​មិន​ត្រូវ​បាន​អាជ្ញាធរ​ដឹក​ទៅ​ទម្លាក់​នៅ​ជាយក្រុង​ភ្នំពេញ​ដូចសព្វ​ដង​នោះ​ទេ៖ «ភ្នាក់​ងារ​រដ្ឋ​របស់​យើង​ហ្នឹង​ឯង​ បង្ក​បរិយាកាស​អំណោយផល​ទៅ​ឱ្យ​វិស័យ​ឯកជន​ ឬ​ក៏ថៅកែ​ណាហ្កាវើលដ៍​ហ្នឹង ​កាន់តែ​ព្រងើយ​កន្តើយ​ការ​ដោះស្រាយ​ ហើយ​តាមរយៈការ​ជួយ​ជ្រំជ្រែង​ទាំង​ពី​កម្លាំង​ ជួយ​ជ្រំជ្រែង​ទាំង​ពី​លិខិត​បែប​បទ​ផ្សេងៗ​ចេញ​ពី​ក្រសួង​ការងារ​ទៀត។ យើង​មើល​រូបភាព​ទាំងអស់​ហ្នឹង​ហើយ​ដែល​មើល​ឃើញថា​អំណាច​របស់​ណាហ្គាវើលដ៍​ គឺ​កើត​ពី​អ្នក​ដែល​ក្រសួងការងារ​ហើយ​ និង​សាលាក្រុង​ហ្នឹង​តែ​ម្តង​ជួយ​ចេញ​មុខ​ចេញ​មាត់​ ដោះស្រាយ​បញ្ហា​បង្ក្រាប​រំលាយ​សហជីព​ឱ្យ​បាន​របស់​កម្មករ​នយោជិក​ហ្នឹង​ឯង»

វិទ្យុ​អាស៊ីសេរី ​មិន​អាច​ទាក់​ទង​ អ្នក​នាំពាក្យ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក ​សាន សុខសីហា​ និង​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​ លោក កត្តា អ៊ន​ ដើម្បី​សាក​សួរ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​ ១២ ​កក្កដា។

ប៉ុន្តែ​ មន្រ្តី​អាជ្ញាធរ​រដ្ឋាភិបាល​តែងតែ​ចោទ​ប្រកាន់​ក្រុម​កូដករ​ ថា​ក្រុម​ធ្វើ​បាតុកម្ម​ខុស​ច្បាប់។

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​សិទ្ធិសេរី​ភាព​ការងារ​តាំង​ពី​ថ្ងៃ​ទី១៨ ​ខែធ្នូ ​ឆ្នាំ២០២១ ​ដោយ​ក្រុម​កម្មករ​ចោទ​ថា​ ថៅកែ​ក្រុមហ៊ុន​បនល្បែង​ដ៏​ធំជាង​គេ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​នេះ​ បាន​កេង​ប្រវ័ញ្ច​ រំលោភ​បំពាន​សិទ្ធ​កម្មករ ​ព្រមទាំង​មាន​ចេតនា​លុបបំបាត់​សំឡេង​សហជីព​ឯករាជ្យ​ក្នុង​កន្លែង​ការងារ។ ប៉ុន្តែ​ មក​ដល់​ពេលនេះ​ ទោះបី​ជា​ក្រុម​កូដករ​បាន​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ​និង​ស្ថាប័ន​រដ្ឋសភា​ ក្ដី​ ក៏​រដ្ឋាភិបាល​នៅ​តែ​មិន​អើពើ​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​នេះ​ដែរ។ ជាង​នេះ​ទៀត​ ការ​ចេញ​តវ៉ា​របស់​ក្រុម​កូដករ​នា​រយៈកន្លង​មក​នេះ​ តែង​តែ​ត្រូវកម្លាំង​អាជ្ញាធរ​ដាក់​ចំណាត់​ការ​បង្រ្កាប​យ៉ាង​ទៀង​ទាត់​ រហូត​ដល់​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​​កូដករ​ម្នាក់​បណ្តាល​ឱ្យ​រលូត​កូន​ក្នុង​ផ្ទៃ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្រៅ​ពីនេះ​ ថ្វី​ដ្បិត​តំណាង​ក្រុមហ៊ុន ​និង​តំណាង​ភាគី​កម្មករ​ បាន​ចរចារ​ជា​ច្រើន​លើក​ច្រើនសារ ​ក្រោម​ការ​សម្របសម្រួល​របស់​ក្រសួង​ការងារ​ក្ដី​ មក​ដល់​ពេលនេះ​នៅតែ​មិន​ទាន់​ទទួល​បាន​លទ្ធ​ជាវិជ្ជមាន​ណា​មួយ​នៅ​ឡើយ។​ ជាពិសេស ​ថ្មី​ៗ​ ទោះ​បីជា​ក្រុម​កម្មករ​ជាង ​៣រយនាក់ (៣០០ដែល​កំពុង​បម្រើ​ក្នុង​វិស័យ​បនល្បែង​នេះ​ ព្រម​ដោះដូរ​ជា​​មួយ ​សមាជិក​សហជីព​ជាង ២០០នាក់​ឱ្យ​ចូល​ធ្វើ​ការងារ​វិញ​យ៉ាង​ក្ដី​ ក៏​ភាគី​ក្រុមហ៊ុន​នៅតែ​បន្ត​បដិសេធ​ក្រោម​ហេតុផល​ថា​ចំនួន​កម្មករ​មាន​ចំនួន​លើស​តម្រូវ​ការ។

ជុំវិញ​រឿង​នេះ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន​ មើល​ឃើញ​ថា​ អាជ្ញាធរ​ ជាពិសេស​ក្រសួង​ការងារ​មិន​មាន​ចេតនា​ក្នុងការ​ដោះ​ស្រាយ​វិវាទការងារ​នេះ​ឡើយ។ ក្រៅ​ពី​នេះ ​លោក​រិះគន់​ថា​ ការ​ដាក់​ចេញ​កម្លាំង​សមត្ថកិច្ច​រារាំងបំបិទ​សិទ្ធ​ក្រុមកូដករ​មិន​ឱ្យ​តវ៉ា​រក​ដំណោះស្រាយ​ជា​បន្ត​បន្ទាប់​មក​នេះ ​នឹង​ជះផល​អាក្រក់​ទៅកាន់​អ្នក​ដឹកនាំ​ប្រទេស​បន្ថែម​ទៀត។

លោក រ៉ុង ឈុន ឱ្យ​ដឹង​ទៀត​ថា​ បើ​រដ្ឋាភិបាល ជាពិសេស ក្រសួង​ការងារ​នៅ​តែ​គ្មាន​វិធាន​ច្បាស់​លាស់​ ឬ​បង្ហាញ​ចេតនា​ណាមួយ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ចប់​វិវាទការងារ​នេះ​ដោយ​សន្តិវិធី​ទេ​នោះ ​​សហភាព​សហជីព​កម្ពុជា​ និង​ក្រុមសហជីព​ដៃគូរ​សហការ​ច្រើន​វិស័យ​ទៀត​គ្រោង​ជួបជុំ​គ្នា​ទ្រង់ទ្រាយ​ធំ​ ដើម្បី​ចេញ​រួម​តវ៉ា​ និង​លើកទឹកចិត្ត​ដល់​ក្រុម​កូដករ​ណាហ្គាវើលដ៍៖ «ប្រើវិ​ធីគំរាម​ វិធី​ចាប់​ដាក់​គុក​ស្អីៗ​ មិន​មែន​អាច​បំបាក់​ទឹកចិត្ត​ស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដែរ។ បើ​សិនជា​កាន់​តែ​គាប​ កាន់​តែ​រឹតបន្តឹង​នៅ​ថ្ងៃ​ណា​មួយ​វា​នឹង​មាន​ការ​ផ្ទុះ​ឡើង​ទ្រង់ទ្រាយ​ធំ។ ហ្នឹង​វា​នឹង​ កើត​មាន​ហើយ​ ពី​ព្រោះ​មនុស្ស​យើង​មិនមែន​ចេះតែ​នៅ​ស្ងៀម​ឱ្យ​ធ្វើ​ការ​គាប​សង្កត់​ធ្វើ​ការ​ជិះជាន់​សព្វ​បែប​យ៉ាង​នោះ​ទេ។​ តែ​ទៅ​ដល់​ដំណាក់​កាល​ណា​មួយ​ត្រូវ​រើ​បម្រាស់​ខ្លាំងៗ​ឡើង​ហើយ»

ទោះ​ជា​យ៉ាង​ណា ​ក្រុម​កូដករ​ថា​ ពួកគាត់​នៅ​តែ​ប្តេជ្ញា​ថា​ នឹង​នៅតែ​មាន​ឆន្ទៈ​រួមគ្នា​បន្ត​ការ​ចេញ​តវ៉ា​ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុម​ណាហ្គាវើលដ៍​បញ្ឈប់​ការ​រើសអើង​សហជីព​ និង​ទទួល​យក​បុគ្គល​ចំនួន​ជាង២០០​នាក់​ចូល​ធ្វើ​ការងារ​វិញ​ បើ​ទោះ​បីជា​អាជ្ញាធរ​ដាក់​កម្លាំង​បង្ក្រាប​ និង​រារាំង​ពួកគាត់​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។