កម្មកររោងចក្រនៅរាជធានីភ្នំពេញ ត្អូញត្អែរអំពីទុក្ខលំបាក ក្រោយពួកគាត់បើកបានប្រាក់ឈ្នួលបន្តិចបន្តួច ដែលមិនអាចជួយឱ្យពួកគាត់សងបំណុល បង់ថ្លៃបន្ទប់ជួល ទឹកភ្លើង និងដោះស្រាយជីវភាពមិនរួចផង។ មន្ត្រីសង្គមស៊ីវិល យល់ថា រដ្ឋាភិបាល និងថៅកែរោងចក្រ គួរយកចិត្តទុកបន្ថែម ជុំវិញទុក្ខលំបាករបស់កម្មករនិយោជិត ដើម្បីធានាថា ពួកគាត់អាចរស់នៅក្នុងជីវភាពសមរម្យ។-កម្មកររោងចក្រ ទាមទារឱ្យរដ្ឋាភិបាល និងចៅកែរោងចក្រជួយដោះស្រាយជីវភាពរបស់គាត់ដែលកំពុងជួបទុក្ខលំបាក ខណៈពួកគាត់មួយចំនួន បើកបានប្រាក់ខែ៥០ភាគរយ និងខ្លះទៀតបើកបានក្រោម៥០ភាគរយ។
កម្មការិនីនៅរោងចក្រ ហុង វ៉ា (Hung Wah) លោកស្រី អ៊ុក ចន្ធី ប្រាក់អាស៊ីសេរីថា កន្លែងរស់នៅ និងកន្លែងធ្វើការរបស់លោកស្រី ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅ១ បានបិទខ្ទប់ និងដាក់ជាតំបន់ក្រហមជាងមួយខែមកហើយ។ លោកស្រីប្រាប់ថា រោងចក្រ បានបើកប្រាក់ឈ្នួលចំនួនមួយរយដុល្លា (១០០$) ប៉ុន្តែប្រាក់ឈ្នួល៥០ភាគរយនេះមិនអាចឱ្យអ្នកស្រីដោះស្រាយជីវភាព ដូចជាសងបំណុលឯកជន បង់ថ្លៃបន្ទប់ជួល និងបង់ថ្លៃទឹកភ្លើង បានទេ ព្រោះគ្រួសារលោកស្រីមិនមានប្រភពចំណូលផ្សេងទៀត ក្នុងអំឡុងពេលផ្អាកការងារកន្លងមក ។ លោកស្រីស្នើឱ្យរដ្ឋាភិបាលជួយសម្របសម្រួលជាមួយថៅកែរោងចក្រជួយបន្ថែមប្រាក់ឈ្នួលជូនកម្មករ ព្រោះពួកគាត់ បានជួយចៅកែរោងចក្រឱ្យចំណេញប្រាក់យូរឆ្នាំមកហើយ៖ « ខ្ញុំនៅក្នុងតំបន់រាំងខ្ទប់ហ្នឹងយូរមកហើយ ភាគីក្រុមហ៊ុនក៏មិនបានបើកប្រាក់ខែឱ្យពេញមួយរយភាគរយទេ ដល់អ៊ីចឹងមានតែក្រសួងការងារត្រូវតែជួយពួកខ្ញុំផង បើមិនអីចឹងទេដាច់ខ្យល់ដាច់ពោះស្លាប់អស់ហើយយ៉ាងនេះ ការពិតទៅថៅកែគួរឱ្យកម្មករមួយរយភាគរយ ព្រោះអីយើងធ្វើការមករហូតរោងចក្រនីមួយៗចំណេញពីកម្មករច្រើនមកហើយ រាំងខ្ទប់អ៊ីចឹងគួរឱ្យប្រាក់ខែកម្មករពេញ»។
ស្រដៀងគ្នានេះដែរ កម្មការិនីរោងចក្រ ឌីន ហាន (DIN HAN) ម្នាក់ទៀត លោកស្រី ព្រហ្ម សុភី ឱ្យដឹងថា រោងចក្រលោកស្រី បានបើកប្រាក់ឈ្នួលមិនគ្រាប់ចំនួន៥០ភាគ តាមការណែនាំរបស់ក្រសួងការងារទេ ដោយរោងចក្រយកហេតុផលថា មិនមានលុយរាយ។ លោកស្រីព្រួយបារម្ភថា រោងចក្រមិនបើកប្រាក់ឈ្នួលដែលនៅសល់ជូនកម្មករ ដែលនឹងធ្វើពួកគាត់ខាតបង់ផលប្រយោជន៍ ខណៈប្រាក់ឈ្នួលដែលទទួលបានបន្តិចបន្តួចមិនអាចដោះស្រាយបន្ទុកគ្រួសារអំឡុងពេលវិបត្តិកូវីដ១៩។កម្មការិនីរូបនេះ ប្រាប់ទៀតថា រោងចក្រលោកស្រី បើកដំណើរការបានមួយថ្ងៃហើយ ប៉ុន្តែកម្មករបំពេញការងារទាំងភ័យខ្លាច និងមិនទំនុកចិត្តចំពោះ វិធានការការពាររបស់រោងចក្រឡើយ ព្រោះកង្វះអនាម័យនៅក្នុងរោងចក្រ។ លោកស្រី ឆ្ងល់ថាហេតុអ្វីក្រសួងការងារអនុញ្ញាតឱ្យរោងចក្រដំណើរការ ខណៈរោងចក្រមិនទាន់រៀបរយត្រឹមត្រូវ។ លោកស្រីក៏ស្នើឱ្យក្រសួងក្រសួងការងារចុះត្រួតពិនិត្យមើលឡើងវិញពីវិធានការសុខាភិបាល ដើម្បីបង្កើនទំនុកចិត្តដល់កម្មករ៖ «ចង់ធ្វើម៉េចថៅកែរោងចក្រ គាត់ជួយមើលពីបញ្ហាដែលកូនចៅធ្វើការហ្នឹងវាងាយឆ្លងរោគដោយសារការអត់មានអនាម័យ គួរតែចុះត្រួតពិនិត្យ ការបង្ហាត់បង្រៀនឱ្យកម្មករយល់ពីបញ្ហាហ្នឹង កម្មករខ្លះគាត់អត់ចង់ចូលធ្វើការទេ»
ចំណែកកម្មការិនីរោងចក្រកំពុងនៅតំបន់លឿងទុំ លោកស្រី ជា ស៊ីណែត ឱ្យដឹងថា ការបិទខ្ទប់និងផ្អាកដំណើរការធ្វើរោងចក្រជាងមួយខែនេះ បានធ្វើឱ្យលោកស្រីជួបការលំបាកក្នុងជីវភាពគ្រួសារ ស្របពេលថ្លៃបន្ទប់ជួល និងថ្លៃទឹកភ្លើង មិនព្រមបញ្ចុះនោះទេ។ លោកស្រីបន្តថា រហូតពេលនេះ រោងចក្រ ឌីន ហាន មិនទាន់បើកប្រាក់ឈ្នួល៥០ភាគរយសម្រាប់ខែមេសានៅឡើយទេ៖ «ទុក្ខលំបាកហ្នឹងរកថ្លែងមិនរួច ថ្លែងមិនចេញម៉ង ព្រោះវាពិបាកសព្វបែបយ៉ាង គឺថាប្រាក់ខែបាត់សឹងពាក់កណ្តាល ដល់ពេលអ៊ីចឹងកូនរៀនផង ត្រូវការសម្ភារៈកូនរៀន ជាពិសេសការហូបចុកប្រចាំថ្ងៃ គឺយើងខ្វះខាត ផ្ទះជួលគឺពេញ ទឹកភ្លើងគឺពេញតម្លៃ ដល់ពេលអ៊ីចឹងយើងរត់អត់រួចប្រាក់ខែក៏អត់ទាន់ទទួលបានដែរ ថ្លៃផ្ទះហ្នឹងបើគេមកយកព្យាយាមអង្វរគេ»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ដើម្បីសុំការឆ្លើយបញ្ជាក់ បានទេ នៅថ្ងៃទី១៦ ឧសភា។
ក្រុមកម្មករ អះអាងថា ពួកគាត់ នៅតែត្រូវបានម្ចាស់ផ្ទះជួល ឬបន្ទប់ជួលភាគច្រើន បន្តទាមទារប្រាក់ឥតស្រាកស្រាន្ត ហើយថ្លៃទឹកភ្លើង ក៏ពួកគាត់បន្តបង់ដដែល ទោះបីជាមានការអំពាវនាវពីប្រមុខរដ្ឋាភិបាលក៏ដោយ។
ជុំវិញរឿងនេះ មន្ត្រីគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ប្រាក់ឈ្នួលកម្មករនិយោជិកមិនទាន់ធានានូវការរស់នៅសមរម្យ ដែលធ្វើឱ្យពួកគាត់ងាយទទួលរងផលប៉ះពាល់ អំឡុងពេលបិទខ្ទប់ដោយសារនិយោជកមួយចំនួនមិនបានផ្តល់ប្រាក់ឈ្នួលត្រឹមត្រូវ។ លោកមើលឃើញថាកម្មករនិយោជិកមិនអាចមានលទ្ធភាពចំណាយជាមូលដ្ឋាន ដូចជាថ្លៃទឹកភ្លើង បន្ទប់ជួល បំណុល និងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដែលពួកគាត់មិនមានប្រាក់សេសសល់សម្រាប់ចាយវាយ ដូច្នេះប្រសិនបើពួកគាត់បាត់បង់ប្រាក់ឈ្នួល នឹងប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ធ្ងន់ធ្ងរជាក់ជាពុំខាន៖ «ក្រុមហ៊ុនអ្នកបញ្ហាទិញហ្នឹងសំខាន់ណាស់ ដែលគាត់ធ្វើការតាមដាន ត្រួតពិនិត្យក្នុងដំណើរការនៃការដំណើរឡើងវិញនៃរោចក្រហ្នឹង ឬក៏បើករោងចក្រឡើងវិញហ្នឹង យើងស្វាគមន៍នូវការកាត់បន្ថយគម្លាតសង្គម ដោយធ្វើការប្តូរវេន ប៉ុន្តែយើងមិនគាំទ្រទៅនឹងការកាត់ប្រាក់ឈ្នួលកម្មករនិយោជិតទេ ហើយយើងក៏មិនគាំទ្រទៅនឹងការមិនធានា ការលើកម្ពស់សុខភាព នៅកន្លែងការងារដែរ»។
លោក ឃុន ថារ៉ូ ពិនិត្យឃើញថា កម្មករបានបាត់បង់អត្ថប្រយោជន៍ស្របច្បាប់ ដោយនិយោជកបានយកលេសពីការរីករាលដាលជំងឺកូវីដ១៩ ដើម្បីគេចវេះពីការទទួលខុសត្រូវ។ ជាមួយគ្នានេះដែរ លោកអះអាងថា សហជីពឯករាជ្យដែលការពារផលប្រយោជន៍របស់កម្មករ ក៏ទទួលរងការធ្វើទុក្ខបុកម្នេញពីនិយោជកនៅតាមរោងចក្រផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។