បុគ្គលិកបើកបររថយន្តនិងព្រូឡានរាប់រយនាក់របស់ក្រុមហ៊ុនភ្នំពេញ-សុរិយា ដឹកជញ្ជូនអ្នកដំណើរ បានប្រមូលផ្តុំគ្នាធ្វើកូដកម្មមិនចូលធ្វើការ ឬមិនបើកឡានដឹកអ្នកដំណើរចេញតាមគោលដៅតាមខេត្ត-ក្រុងនានាទេ នៅព្រឹកថ្ងៃទី៣ ខែមេសា ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុនអនុវត្តលក្ខខណ្ឌ ៧ចំណុច។
បញ្ហានេះ ថៅកែក្រុមហ៊ុនបានអះអាងថា បានរកដំណោះស្រាយរួចហើយ ហើយបុគ្គលិករបស់ខ្លួនក៏បានព្រមចូលធ្វើការងារជាធម្មតាវិញនៅរសៀលថ្ងៃដដែល។
តំណាងបុគ្គលិកបើកបររថយន្តក្រុមហ៊ុនភ្នំពេញ-សុរិយា លោក សម្បត្តិ វន បានឲ្យដឹងនៅព្រឹកថ្ងៃ ទី៣ ខែមេសា ថា អ្នកបើកបររថយន្ត ឬហៅថា តៃកុងឡាន របស់ក្រុមហ៊ុនភ្នំពេញ-សុរិយា សរុបជាង ១២០នាក់ បានធ្វើកូដកម្មមិនចូលធ្វើការ។
លោកបន្តថា គោលបំណងធ្វើកូដកម្មនេះ គឺដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុនដោះស្រាយលក្ខខណ្ឌការងារចំនួន ៧ចំណុច។ ក្នុងនោះមានដូចជា ដំឡើងប្រាក់បៀវត្សបន្ថែម ៦០ដុល្លារ ដំឡើងប្រាក់ថ្លៃជើងបើកបរ និងស្នើបញ្ឈប់កាត់ប្រាក់ខែពេលបុគ្គលិកសុំច្បាប់ជាដើម។
លោកបន្តថា ក្រោយពេលបុគ្គលិកធ្វើកូដកម្មមិនចូលធ្វើការ ខាងភាគីថៅកែក្រុមហ៊ុនបានចេញជួបបុគ្គលិកដើម្បីរកដំណោះស្រាយ។ ប៉ុន្តែក្នុងចំណោមលក្ខខណ្ឌទាំង ៧ចំណុច ថៅកែក្រុមហ៊ុនមិនទាន់ព្រមលើលក្ខខណ្ឌ ២ចំណុច គឺការទាមទារដំឡើងប្រាក់ខែ និងមិនដំឡើងប្រាក់ថ្លៃជើងបើកបរទេ។
លោក សម្បត្តិ វន បានឲ្យដឹងថា បុគ្គលិកបើកបររថយន្តបានយល់ព្រមចូលធ្វើការជាធម្មតាវិញហើយ នៅរសៀលថ្ងៃទី៣ ខែមេសា ហើយចំណុចសេសសល់នឹងរកដំណោះស្រាយនៅពេលក្រោយទៀត៖ «ចំណុចទី១ ឧទាហរណ៍យើងចូលធ្វើការអត់ទាន់ម៉ោង ៦ព្រឹក គេលែងកាត់លុយហើយៗ ជើងឡានគេសរសេរពីល្ងាចទុកជាមុន ហើយបើឡានយើងខូច យើងអាចចូលធ្វើការនៅម៉ោង ៨ព្រឹកបាន ហើយគេលែងកាត់លុយទៀតហើយ។ សំណូមពររថយន្តចេញពីភ្នំពេញ ទៅបណ្ដាខេត្តក្រុងនានា ឡានត្រូវចេញនូវម៉ោង ៦កន្លះ នៅម៉ោង ៧កន្លះ និងម៉ោង ៨ និងម៉ោង ៩ព្រឹក»។
លោកបន្តថា បើសិនជាទៅថ្ងៃអនាគត ថៅកែក្រុមហ៊ុនមិនគោរពតាមលក្ខខណ្ឌការងារ ឬកិច្ចសន្យាដែលបានព្រមព្រៀងជាមួយបុគ្គលិកបើកបររថយន្តទេ នឹងអាចមានកូដកម្មកើតមានទៀត។
ទាក់ទងបញ្ហានេះ លោក ច័ន្ទ សុផាន់ណា នាយកក្រុមហ៊ុនភ្នំពេញ-សុរិយា ដឹកជញ្ជូនអ្នកដំណើរមានប្រសាសន៍ថា បុគ្គលិកខ្លួនបានយល់ព្រមចូលធ្វើការជាធម្មតាវិញហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា បន្ទាប់ពីមានការចរចា។
លោកចាត់ទុកការធ្វើកូដកម្មរបស់បុគ្គលិកបើកបររថយន្ត អាចបណ្ដាលមកពីមានអ្នកញុះញង់៖ «ជារៀងរាល់ឆ្នាំ យើងបានយកចិត្តទុកដាក់ជាមួយគាត់ ២ដងហើយ គឺយកចិត្តទុកដាក់មែនទែន ហើយនៅមុនគាត់បានធ្វើកូដកម្ម ឬស្នើហ្នឹង យើងបាននិយាយជាមួយគាត់ម្ដងរួចមកហើយ ហើយយើងក៏បានធ្វើជាតារាងបញ្ជាក់ប្រាប់គាត់ដែរ។ តើនរណាខ្លះអាចដំឡើងប្រាក់បៀវត្សដល់កម្រិតប៉ុណ្ណាៗ ហើយចំពោះចំណុចប្រាក់បៀវត្សរបស់ពួកគាត់ហ្នឹងសមស្របដែលគាត់អាចទទួលយកបានហើយៗ។ គាត់ថា ក៏សមស្របអាចទទួលយកបានដែរ ប៉ុន្តែអ្វីដែលជាចំណុចរមាស់ រសើបហ្នឹង គឺគាត់ទើសនឹងសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនដែលបានចេញទៅទេ»។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនភ្នំពេញ-សុរិយា ដឹកជញ្ជូនអ្នកដំណើរ មានទីតាំងនៅក្នុងរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដោយបានព្រមានដល់បុគ្គលិកអ្នកបើកបររថយន្ត និងព្រូឡាននៅតាមខេត្តក្រុងទាំងអស់ គឺមិនអនុញ្ញាតឲ្យទទួលអីវ៉ាន់ ដាក់អីវ៉ាន់របស់អតិថិជនដោយគ្មានវិក្កយបត្រ ឬគ្មានការអនុញ្ញាតពីក្រុមហ៊ុននោះទេ។
បម្រាមនេះ ថៅកែក្រុមហ៊ុនបានព្រមាននឹងចាត់វិធានការ ឬពិន័យដល់បុគ្គលិកម្នាក់ៗចំនួន ៣លានរៀល កាត់ប្រាក់ខែទាំងអស់ និងបណ្ដេញចេញពីការងារ បើមិនអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុន។ សេចក្តីជូនដំណឹងនេះ ក៏ជាមូលហេតុមួយដែលជំរុញអោយបុគ្គលិកបើកបររថយន្ត និងព្រូឡាន ផ្ទុះការតវ៉ាធ្វើកូដកម្មមិនចូលធ្វើការនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។