សាលារាជធានីភ្នំពេញ ប្រកាសជ្រើសរើសបុគ្គលិកចំនួនជាង ៥ពាន់នាក់ (៥.០៥៩) ដើម្បីបំពេញការងាររយៈពេលខ្លីសម្រាប់អនុវត្តការងារជំរឿនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញស្របពេលនឹងកំណើនប្រជាជនមានការកើនឡើង។
សេចក្តីប្រកាសរបស់សាលារាជធានីចេញកាលពីថ្ងៃទី៥ ធ្នូ ដែលអាស៊ីសេរីទទួលបាន បញ្ជាក់ថា ប្រជាពលរដ្ឋទាំងពីរភេទដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ចាប់ពីមន្ត្រីរាជការ បុគ្គលិកតាមស្ថាប័ននានា សិស្ស និស្សិត អាចដាក់ដើម្បីចូលបម្រើកិច្ចការនេះ។ ក៏ប៉ុន្តែពួកគេ ត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ៤ថ្ងៃ។
មន្ត្រីដែលត្រូវបានជ្រើសរើសត្រូវបំពេញការងារដើរជំរឿនប្រជាពលរដ្ឋចំនួន ១៤ថ្ងៃ នៅក្នុងទីក្រុងភ្នំពេញ។ មន្ត្រីដែលត្រូវបានជ្រើសរើសសម្រាប់អនុវត្តការងារជំរឿននេះត្រូវចែកចេញជាបីប្រភេទដែលរួមមានមន្ត្រីត្រួតពិនិត្យចំនួន ៩៩៦នាក់ មន្ត្រីសម្ភាសន៍ចំនួន ៣.៩៨៣នាក់ និងមន្ត្រីបម្រុងចំនួន ៨០នាក់។
បេក្ខជនអាចដាក់ពាក្យចូលបម្រើការងារនៅសាលាខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី៦ខែធ្នូ រហូតដល់ថ្ងៃឈប់ទទួលពាក្យនៅថ្ងៃទី៣១ ខែធ្នូ។
តួលេខ ក្រសួងទេសចរណ៍ចេញកាលពីឆ្នាំ២០១២ បានអោយដឹងថា នៅទីក្រុងភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង ១លាន ៥សែននាក់ ដែលកំពុងរស់នៅលើផ្ទៃដីសរុបប្រមាណ២៦២គីឡូម៉ែត្រការ៉េ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
