ពលរដ្ឋមួយចំនួននៅខេត្តសៀមរាប បានចាប់យកជំនាញចម្លាក់ថ្ម ដើម្បីបង្ហាញស្នាដៃវប្បធម៌ រក្សាកេរដំណែលដូនតា និងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ពួកគាត់បានឆ្លាក់ចម្លាក់ថ្មភក់ដោយយកគំរូតាមរូបចម្លាក់តាមជញ្ជាំងប្រាសាទបុរាណនានាក្នុងខេត្តសៀមរាប។
ការច្រៀកថ្មភក់មកឆ្លាក់ជារូបព្រះពុទ្ធ រូបបដិមាក្នុងលទ្ធិព្រហ្មញ្ញសាសនា រូបស្ដេច មេទ័ពក្នុងសម័យបុរាណ និងរូបមនុស្ស សត្វ ជាដើម កំពុងក្លាយជាទីចំណាប់អារម្មណ៍ទស្សនា ពីសំណាក់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាប។
បើគេធ្វើដំណើរ តាមផ្លូវជាតិលេខ៦ ចាប់ពីទីរួមខេត្តសៀមរាបឆ្ពោះទៅកាន់ប្រាសាទបាគង នៅតាមច្រកចូលគេនឹងប្រទះឃើញ មានការតាំង លក់រូបចម្លាក់ថ្មជាច្រើនទម្រង់ ជាវត្ថុអនុស្សាវរីយ៍ រចនាបថបែបខ្មែរបុរាណ។
កំពុងអង្គុយឆ្លាក់រូបព្រះពុទ្ធបដិមា លោក ស្ងួត ណារិទ្ធ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ កុម្ភៈថា ថ្មដែលលោកយកមកដើម្បីឆ្លាក់នេះមានប្រភពពីភ្នំគូលែន។
លោកថា ក្រោយពីឆ្លាក់រួច នឹងតាំងលក់ឱ្យភ្ញៀវទេសចរមកទស្សនាប្រាសាទបាគង និងមានរូបចម្លាក់ខ្លះទៀត ភ្ញៀវបញ្ជាទិញ ឬកុម្ម៉ង់តាមចំណង់ចំណូលចិត្ត។
បុរសសម្បុរខ្មៅស្រអែមរូបនេះ មានប្រសាសន៍ថា មូលហេតុដែលលោកស្រឡាញ់មុខរបរនេះ ដោយសារលោកមានដុងពីកំណើត ចង់រក្សាមរតកដូនតា និងលើកកម្ពស់សិល្បៈចម្លាក់ខ្មែរ។
លោក ស្ងួត ណារិទ្ធ៖ «ខ្ញុំតែងឃើញគេមករៀនគេចង់ដែរ តែគេរៀនអត់ចេះ និយាយទៅមកពីមកពីការដុងដែរ។ ខ្ញុំចង់បន្តឆ្លាក់ទុកបន្សល់ទៅមុខទៀត»។
បុរសវ័យ ៤១ឆ្នាំ និងជាអ្នកស្រុកបាគងរូបនេះ មានបទពិសោធន៍ធ្វើជាងចម្លាក់ថ្មជាង ២០ឆ្នាំមកហើយ។
លោកបន្ថែមថា បើទោះបីជាជំនាញមួយនេះ មិនអាចធ្វើឱ្យជីវភាពរបស់លោក ក្លាយជាអ្នកមានក្ដី ក៏ប៉ុន្តែលោកសប្បាយចិត្តនឹងធ្វើវា ព្រោះជាការរក្សាអត្តសញ្ញាណជាតិ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់។
អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ២០២០ មុខរបរចម្លាក់ថ្ម ក្នុងខេត្តសៀមរាប បានស្ងប់ស្ងាត់ ដោយជាងចម្លាក់មួយចំនួនបានបោះបង់មុខរបរនេះ ខ្លះទៀតធ្វើចំណាកស្រុក និងខ្លះទៀតរកការងារផ្សេងជំនួស។
អ្នកភូមិឱ្យដឹងថា បច្ចុប្បន្នសិប្បកម្មចម្លាក់ថ្ម ក្នុងស្រុកប្រាសាទបាគង នៅសល់ជាង ៣០គ្រួសារប៉ុណ្ណោះ ដោយជាងខ្លះធ្វើដោយខ្លួនឯងនៅតាមផ្ទះ និងខ្លះទៀត ឆ្លាក់ឱ្យថៅកែក្នុងរោងសិប្បកម្ម និងជាងខ្លះទៀត ធ្វើការឱ្យគេគិតជាប្រាក់ខែ។
លោក ស្ងួត ណារិទ្ធ បន្ថែមថា ក្នុងមួយថ្ងៃ លោកអាចរកប្រាក់ចំណូលបាន ៦ ម៉ឺនរៀល (៦០.០០០រៀល) ហើយមុខរបរនេះ អាចធ្វើឱ្យលោកមានឱកាសច្រើនជួយការងារផ្ទះ ជួបជុំក្រុមគ្រួសារ អប់រំកូនៗ និងឆ្លៀតធ្វើការនៅពេលយប់បាន។
រីឯជាងចម្លាក់ម្នាក់ទៀត រស់នៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង លោក ថៃ ម៉ិច វ័យ ៤៦ឆ្នាំ ឱ្យដឹងថា លោកផ្អាកមុខរបរនេះជាង ៣ឆ្នាំ ហើយ ដោយសារជំងឺកូវីដ។ ប៉ុន្តែ លោកបានចាប់ផ្ដើមមុខរបរនេះជាថ្មីឡើងវិញ ទើបតែជាង ១ឆ្នាំមកនេះ។
លោកថា ការឆ្លាក់ចម្លាក់ថ្ម ចាំបាច់ត្រូវការប្រើម៉ូទ័រ និងម៉ាស៊ីនខាត់ថ្ម ធ្វើឱ្យហុយកម្ទេចថ្ម ប៉ះពាល់សួត ហើយបច្ចុប្បន្ន លោកកំពុងមានជំងឺសួតប្រចាំកាយ។
លោក ថៃ ម៉ិច៖ «វាប៉ះពាល់សុខភាព វាហុយពេក ប្រឈមការហុយ»។
លោក ថៃ ម៉ិច ប្រកបមុខរបរនេះជាង ២៥ឆ្នាំមកហើយ ប៉ុន្តែលោកបារម្ភថា ចម្លាក់ថ្មនេះអាចនឹងបាត់បង់បន្តិចម្តងៗ ដោយសារយុវជនជំនាន់ក្រោយមិនយកចិត្តទុកដាក់អភិរក្ស។
ឆ្លើយតបរឿងនេះ មេឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង លោក ឃាម ឆាង មានប្រសាសន៍ថា ពលរដ្ឋរស់នៅក្នុងឃុំកន្ទ្រាំង ប្រកបមុខរបរ ឆ្លាក់ថ្មជាច្រើនគ្រួសារដោយភាគច្រើនពួកគេឆ្លាក់នៅតាមសិប្បកម្មមួយចំនួន ក្នុងក្រុងសៀមរាប និងក្នុងស្រុកប្រាសាទបាគង។
លោកបន្តថា អាជ្ញាធរគាំទ្រឱ្យពលរដ្ឋប្រកបមុខរបរនេះដើម្បីលើកកម្ពស់វប្បធម៌ខ្មែរ។
លោក ឃាម ឆាង៖ «គេឆ្លាក់ជាម៉ៅការងារហ្នឹង ឆ្លាក់រូបមួយប៉ុន្មាន ម្ចាស់គេថៅកែ។ មុខវិជ្ជានេះល្អ ចំណេះល្អ»។
រីឯអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ប្រាប់វិទ្យុអាស៊ីសេរីថា ចម្លាក់ថ្មក៏ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរដែរ ដោយភ្ញៀវខ្លះទិញវេចខ្ចប់យកទៅផ្ទះនិងភ្ញៀវខ្លះទៀតទៅ ចង់ទស្សនាជាងឆ្លាក់ដោយផ្ទាល់។
លោកថា ក្រសួងទេសចរណ៍ក៏មានយន្តការដើម្បីគ្រប់គ្រង កន្លែងលក់វត្ថុអនុស្សាវរីយ៍ ដើម្បីចៀសវាងការក្លែងបន្លំ។
លោក តុប សុភ័ក៖ «ផលិតផលទេសចរណ៍និងផលិតផលវត្ថុអនុស្សាវរីយ៍ជាផលិតផលទំនុកចិត្ត ដើម្បីចៀសវាងផលិតផលក្លែងក្លែង ប៉ះពាល់ផលិតផលទេសចរណ៍ដែរ។ ក្រសួងទេសចរណ៍យកចិត្តទុកដាក់កិច្ចការងារនេះ»។
ក្រុមជាងចម្លាក់ អំពាវនាវឱ្យពលរដ្ឋខ្មែរគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកទឹកចិត្តឱ្យពួកគាត់ បន្តមុខរបរនេះ នឹងបង្រៀនកូនចៅជំនាន់ក្រោយៗឱ្យចាប់យកជំនាញនេះ ដើម្បីថែរក្សាមរកតដូនតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
