មនុស្ស​ម្នាក់​ស្លាប់​និង​ផ្ទះ​ជិត​៤០០​ខ្នង​ត្រូវ​បំផ្លាញ​ដោយ​ភ្លៀង​ខ្យល់

មេឃ​ភ្លៀង និង​ខ្យល់ បាន​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ​ជិត ៤០០​ខ្នង នៅ​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ នេះ​ជា​គ្រោះ​ធម្មជាតិ​ដំបូង​គេ​នៅ​ដើម​ឆ្នាំ​២០១៣។ ក្រុម​អាជ្ញាធរ​មូលដ្ឋាន កំពុង​ចុះ​ជួយ​សាងសង់​ទី​ជម្រក​បណ្ដោះ​អាសន្ន​ជូន​ក្រុម​អ្នក​ភូមិ។

0:00 / 0:00

មនុស្ស​ម្នាក់​បាន​ស្លាប់ និង​បី​នាក់​រង​របួស ព្រម​ទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ជិត ៤០០​ខ្នង ខ្លះ​ប៉ើង​ដំបូល ខ្លះ​ដួល​រលំ​រាប​ដល់​ដី នៅ​តាម​ភូមិ​ឃុំ​នានា ក្នុង​ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ដោយសារ​តែ​គ្រោះ​ធម្មជាតិ​មេឃ​ភ្លៀង​មាន​ខ្យល់​ព្យុះ កាល​ពី​យប់​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៣។

អធិការ​នគរបាល​ស្រុក​ថ្មពួក លោក យ៉ត រាយ បាន​ថ្លែង​ថា គ្រោះ​ធម្មជាតិ​នេះ​ខ្យល់​ព្យុះ​មេឃ​ភ្លៀង បាន​កើត​ឡើង​កាល​ពី​ព្រលប់​ថ្ងៃ​ទី១៤ ខែ​មីនា។ លំនៅឋាន​ជាង ៣០០​ខ្នង និង​ទ្រព្យ​សម្បត្តិ មាន​ម៉ូតូ គោយន្ត និង​សម្ភារៈ​ជាច្រើន​របស់​អ្នក​ភូមិ នៅ​ឃុំ​គំរូ ឃុំ​ថ្មពួក និង​ឃុំ​ភូមិថ្មី ក្នុង​ស្រុក​ថ្មពួក រង​ខូចខាត ហើយ​មាន​មនុស្ស​ស្លាប់​ដោយសារ​រន្ទះ​បាញ់ និង​ពីរ​នាក់​រង​របួស ដោយសារ​ផ្ទះ​បាក់​សង្កត់​លើ។

លោក យ៉ត រាយ៖ «ពេល​កើត​ហេតុ កម្លាំង​យើង​តាំង​ពី​ល្ងាច មក​ទល់​ពេល​ម៉ោង​នេះ គឺ​យើង​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ទេ ជួយ​រៀបចំ​អ្នក​ណា​ដែល​ធ្ងន់ធ្ងរ ទី​ទាល់ក្រ​ម្នាក់​ឯង យើង​ឲ្យ​កម្លាំង​របស់​យើង​ជួយ​រៀបចំ​ផ្ទះ​ដែល​បាក់​ខ្ទេច​អស់។ យើង​រៀបចំ​ធ្វើ​ជម្រក​ឲ្យ​គាត់​បណ្ដើរៗ គ្រោះ​ថ្នាក់​ធម្មជាតិ​នេះ​ធ្ងន់ធ្ងរ​ដែរ កន្លង​មក​យើង​អត់​មាន​នៅ​ក្នុង​ឆ្នាំ​២០១៣ នេះ»

គ្រោះ​ធម្មជាតិ​ដូច​គ្នា​នេះ ក៏​បាន​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ផ្សេង​ទៀត នៅ​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​ស្វាយចេក។ អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា គ្រោះ​ធម្មជាតិ​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​ដែរ៖ «ខូចខាត​ផ្ទះ ៤៩​ខ្នង លើ ៤​ឃុំ។ ឃុំ​តាបែន ឃុំ​ស្លក្រាម ឃុំ​តាផូ និង​ឃុំ​ទ្រាស របួស​ប្រជាពលរដ្ឋ​ម្នាក់ វា​ចាប់​តាំង​ពី​ម៉ោង ៦ និង ២០​នាទី មាន​ខ្យល់​រលឹម និង​មាន​រន្ទះ»

នេះ​ជា​គ្រោះ​ធម្មជាតិ​មេឃ​ភ្លៀង​មាន​ខ្យល់​បក់​បោក​ដំបូង​គេ នៅ​ដើម​ឆ្នាំ​២០១៣។ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​តាម​ភូមិ​ឃុំ​ក្នុង​ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក កំពុង​បាត់​បង់​ទី​ជម្រក។ ក្រុម​អាជ្ញាធរ​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា ការ​ខូចខាត​មាន​តម្លៃ​ជាច្រើន​ម៉ឺន​ដុល្លារ។ ក្រុម​អ្នក​ភូមិ​រងគ្រោះ បាន​អំពាវនាវ​សុំ​រដ្ឋាភិបាល​ជួយ​ក្នុង​ការ​សាងសង់​លំនៅឋាន​ឡើង​វិញ៖ «ខ្យល់​ព្យុះ​ធំ​កួច​ផ្ទះ​ខ្ញុំ​បាក់​បែក​អស់​ហើយ សុំ​ជួយ​ខ្ញុំ​ផង ខ្ញុំ​កំព្រា រក​អី​មិន​បាន​ទេ នៅ​ក្នុង​ភូមិ​នេះ​បាក់​អស់​ឡើង​ជាង ១០០​ខ្នង»

ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា លំនៅឋាន​របស់​អ្នក​ភូមិ​ដែល​ខូចខាត​នោះ ភាគ​ច្រើន​ជា​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី។ លំនៅឋាន​ខ្លះ​ត្រូវ​ខ្យល់​បក់​ប៉ើង​ដំបូល និង​លំនៅឋាន​ជាច្រើន​ទៀត​ត្រូវ​ខ្យល់​បក់​បោក​ដួល​រលំ​រាប​ដល់​ដី ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​បាត់​បង់​ទី​ជម្រក ដែល​តម្រូវ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។