សិស្ស​ថ្នាក់​ទី​៩ និង​​​ថ្នាក់​ទី​១២​​​​ ចូលរៀនវិញ​ ខណៈ​រដ្ឋាភិបាល​​ត្រៀម​​ចាក់​វ៉ាក់សាំង​​​ឲ្យ​ក្មេង​​អាយុ​​ ៦​​ឆ្នាំ​​ឡើង

0:00 / 0:00

សិស្ស​ថ្នាក់​ទី​៩ និង​​ថ្នាក់​ទី​១២​ ​បាន​​ចូលរៀន​​​​​ផ្ទាល់​នៅ​ក្នុងសាលា​វិញ​ហើយ ក្រោយ​ការ​​រៀន​តាម​អនឡាញ​ (Online) អស់​រយៈ​ពេល​ជិត ១ឆ្នាំ​ដោយសារការរាតត្បាត​ជំងឺ​កូវីដ-១៩។ ជាមួយ​គ្នា​នេះ​ រដ្ឋាភិបាល​ក៏​ប្រកាស​​​នឹង​​​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-​១៩ ​(Covid-19) ​​ឲ្យ​កុមារ​អាយុ​ ៦ឆ្នាំ​ ដល់ ១១ឆ្នាំ នៅ​ចុង​សប្ដាហ៍​នេះ។​​

ការ​បើក​សាលាឲ្យ​ចូលរៀន​វិញ​​នៅថ្ងៃ​ទី​១៥ ខែកញ្ញានេះ ​​​គឺ​ផ្ដោត​សំខាន់​ទៅ​លើសិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ដែល​ជា​ឆ្នាំ​ប្រឡង។ ចំណែក​សិស្ស​ថ្នាក់​ទី​៧ ទី​៨ ទី​១០ និង​ទី​១១ ត្រូវ​បន្ត​ការ​សិក្សា​ពី​ចម្ងាយ​ ឬ​តាម​ប្រព័ន្ធ​អនឡាញ​បន្ត​ទៀត​។

សិស្ស​ថ្នាក់​ទី​១២ ​នៃ​វិទ្យាល័យ​ហ៊ុនសែន ប៊ុនរ៉ានី​ផ្សារ​ដើម​ថ្កូវលោក ស៊ុន សៀងហាក់ ឲ្យ​ដឹង​ថា​ ខាង​សាលា​បាន​​រៀបចំ​ប្រព័ន្ធ​អនាម័យ​ល្អ បង្ក​​លក្ខណៈ​ងាយស្រួល​ដល់​ការ​ចូល​រៀន​វិញ​ និង​​បាន​តម្រូវ​ឲ្យ​សិស្ស​ និង​គ្រូ​ រក្សា​​គម្លាត​សុវត្ថិភាព​គ្រប់​ពេលវេលា។ លោក​បន្តថា​ ការ​រៀន​នៅ​ក្នុងសាលា​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​រៀន​ពី​ចម្ងាយ។ តែ​​​​យ៉ាង​ណា សិស្ស​ថ្នាក់​ទី​១២​រូប​នេះ​នៅ​តែ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីត​១៩ ព្រោះ​ជំងឺ​នេះនៅ​តែបន្តរាតត្បាតនៅកម្ពុជានៅ​ឡើយ​​​៖ « ព្រោះ​វា​​បាន​ ( រៀន​ )​​ ផ្ទាល់​ជាមួយ​គ្រូ​បង្រៀន។ បារម្ភ​​ខ្លះ​ដែរ​បង ប៉ុន្តែ​ខាង​សាលា​គាត់​មាន​ការ​រៀបចំ​ដូច​ជា​បាញ់​អាល់កុល រក្សា​គម្លាត​អ្វី​ហ្នឹង​បង»។

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡាលោក ហង់​ ជួន​ណារ៉ុន បាន​អនុញ្ញាត​ឲ្យ​បើក​សាលា​រៀន​កម្រិត​អនុវិទ្យាល័យ ​និង​វិទ្យាល័យទៅ​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ តែ​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា លោក​រដ្ឋ​មន្ត្រី​បាន​​ណែនាំ​ឲ្យ​គណៈ​គ្រប់គ្រង​​សាលា​​រៀន​ទាំង​អស់​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​​សុខភាព​តាម​គ្រឹះស្ថាន​សិក្សា ​ការ​កំណត់​​ចំនួន​សិស្ស​ក្នុង​មួយ​ថ្នាក់​ច្រើន​បំផុត​ត្រឹម ​១៥​នាក់ ការ​ពាក់​ម៉ាស់ ​ការ​រក្សា​គម្លាត ​​ការសម្អាត​ថ្នាក់​ និងការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជា​ប្រចាំ ការ​វាស់​កម្ដៅ​ ​ការលាង​ដៃ​ជា​ប្រចាំ​ ​សុវត្ថិភាព​ផ្នែក​ចំណី​អាហារ​ និង​ហាម​លេង​ជុំ​គ្នា​ជាដើម​។ ក្រសួង​អប់រំ ក៏​បាន​អនុញ្ញាត​ឲ្យ​គណៈ​គ្រប់គ្រង​សាលា​អាច​ផ្អាក​ការ​សិក្សា​​នៅ​សាលា​រៀន​​វិញ​ជា​បន្ទាន់​​​ដែរ ​ក្នុង​ករណី​មាន​ការ​ឆ្លង​រាតត្បាត​​ជំងឺ​​កូវីដ​-១៩។

ជុំវិញ​ការ​បើក​សាលា​រៀន​​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ឡើងវិញ​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡាលោក រស់ សុវាចា​ តាម​​ទូរស័ព្ទ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។ តែ​យ៉ាង​ណា លោក​បាន​ផ្ញើ​សារ​បង្វែរ​ឲ្យ​ទៅ​សួរ​​អាជ្ញាធរ​រាជធានី​-ខេត្ត​វិញ។

​​​​​​​​​​​​​​នៅ​ក្នុង​ថ្ងៃ​ចាប់​ផ្ដើម​ដំណើរ​ការ​សាលា​រៀន​ឡើងវិញ​នេះ អាជ្ញាធរ​រាជធានី​-ខេត្ត​មួយ​ចំនួន​​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ទីតាំង​សាលា​រៀនមួយ​ចំនួន​ដែរ។ ​ថ្លែង​ពី​​​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ អភិបាល​រាជធានី​ភ្នំពេញលោក ឃួង ស្រេង បញ្ជាក់​ថា ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​អនុ និង​វិទ្យាល័យ​​ទាំង​រដ្ឋ​ ​និង​ឯកជន​ទាំងអស់​​ជាង ២០០គ្រឹះស្ថាន​នៅ​ភ្នំពេញ​ អាច​បើក​ដំណើរ​ការ​ចូល​រៀន​ឡើងវិញ​ទាំង​អស់ ដោយ​ប្ដូរ​ទីតាំង​យក​សំណាក​ ឬ​មណ្ឌល​ចត្តាឡីស័ក​ចេញ​ពី​សាលា​រៀន​​អស់​ហើយ។

​ប៉ុន្តែ​នៅ​តាម​ខេត្ត​មួយ​ចំនួន​វិញ មិន​ទាន់​អាច​បើក​សាលា​រៀន​វិញ​បាន​ទេ។ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយាវី ឲ្យ​ដឹង​ថា ​តាម​សាលា​រៀន​មួយ​ចំនួន​ ដែល​ធ្លាប់​​​​ជា​មណ្ឌល​ចត្តាឡីស័ក​កំពុង​សម្អាត​នៅ​ឡើយ។ បន្ថែម​ពី​នេះ ​​អ្នក​ឃ្លាំ​មើល​​រូប​នេះ ក៏​មិន​គាំទ្រ​ចំពោះ​ការ​បើក​សាលា​រៀន​ក្នុង​ស្ថានភាព​ប្រថុយ​ប្រថាន​នឹង​ការ​​ឆ្លង​ជំងឺ​បែប​នេះ​ទេ ​ព្រោះ​មេរោគ​បំប្លែង​ថ្មី​​(Delta)​​​នៃ​​ជំងឺ​កូវីដ-​១៩ ​អាច​ឆ្លង​ទ្រង់​ទ្រាយ​ធំ​​ឡើងវិញ​គ្រប់​ពេល​វេលា​​។ អ្នកស្រី​ចង់​ឲ្យ​ក្រសួង​អប់រំ​​​ពន្យារ​ការ​​ចូលរៀន​ផ្ទាល់​បន្ត​ទៀត ដើម្បី​រង់​ចាំ​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​សិន​៖ «ព្រោះ​អ្វី​យើង​សិក្សា​ខ្លាំង សុខភាព​ល្អ ទាល់​តែ​​រង់​ចាំ​ទៅ​។ បើ​យើង​ទៅ​រៀន​ ហើយ​ដើម្បី​យក​ជំងឺ​មក​ផ្ទះ យើង​អត់​មាន​សេចក្ដី​សុខ​ទេ»។

ជាមួយ​គ្នា​នេះ​ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ដដែល លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​​ថា ​រដ្ឋាភិបាល​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឲ្យ​កុមារ​អាយុ​ ៦​ឆ្នាំ​ឡើង​ទៅ នៅ​​ថ្ងៃ​សុក្រ​​ចុង​សប្ដាហ៍​នេះ​ត​ទៅ​។ លោកអះអាង​ដូច​មុន​ដែរ​ថា ​​ការ​ចាក់​វ៉ាក់សាំង​នេះ​ ដើម្បី​​ឈាន​ទៅ​រក​ការ​បើក​សាលា​រៀន​ថ្នាក់​បឋម​សិក្សា​ឡើងវិញ​។ លោក​ ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​នឹង​ប្រើ​វ៉ាក់សាំង​ប្រភេទ​ណា​ចាក់​​ឲ្យ​កុមារ​អាយុ​ ៦​ឆ្នាំ​ឡើង​ទៅ​ទេ តែ​លោក​ទំនង​ជា​នឹង​ប្រើប្រាស់​វ៉ាក់សាំង​​របស់​ចិន​ដដែល ព្រោះ​លោក​អះអាង​ថា ​វ៉ាក់សាំង​មាន​នៅ​ក្នុង​ដៃ​ស្រាប់​ហើយ​។

ប៉ុន្តែ​អ្នក​​ឃ្លាំមើល​វិស័យ​អប់រំ​​ចង់​ឲ្យ​រដ្ឋាភិបាល​​​​រក​ការ​បញ្ជាក់​ពី​គុណភាព​វ៉ាក់សាំង​ចំពោះ​​កុមារ​ពី​ខាង​​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ សិន​ ដើម្បី​បញ្ចៀស​ហានិភ័យ​​។ ​អ្នក​ពិគ្រោះ​យោបល់​ឯករាជ្យ​ផ្នែក​គោល​នយោបាយ​អប់រំ (Education Freelancer) លោក​ សេង ហុង ស្វាគមន៍​ចំពោះ​គម្រោង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឲ្យ​កុមារ​អាយុ​ ៦ឆ្នាំ​​ដល់ ១១ឆ្នាំ​​ និង​ការ​បើក​សាលា​រៀន​ឡើងវិញ​​នៅ​​កម្រិត​​​​អនុ​ និង​វិទ្យាល័យ​​​។ តែ​ទោះ​ជា​យ៉ាង​ណា លោក​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​បង្ហាញ​ទិន្នន័យ​​​អំពី​ការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​អាយុ ​៦​ឆ្នាំ​ឡើង​​ និង​​ត្រូវ​ប្រឹក្សា​ជាមួយ​​អង្គការ​សុខភាព​ពិភព​លោក​ឲ្យ​បាន​ច្បាស់​សិន​មុន​នឹង​ចាប់​ផ្ដើម​ចាក់​ឲ្យ​កុមារ​​៖ «តាម​ខ្ញុំ​យល់​អាច​ថា​ លឿន​ពេក​ក៏​ថា​បាន ​ព្រោះ​ដូចជា​មិន​ទាន់​មាន​ដំណឹង​ទូលំទូលាយ​ពី​ការ​ងារ​ហ្នឹង ​ ( វ៉ាក់សាំង​កុមារ ) ​ នៅ​ប្រទេស​ផ្សេង​ណា។ ប្រហែល​ជា ​ ( រដ្ឋាភិបាល ) ​ ត្រូវ​ Clarify ​( បញ្ជាក់ )​ ជា​មួយ ​ WHO​ តិច តាម​មើល​នៅ​លើ​ចំណុច​ហ្នឹង​ ព្រោះ​ដូចជា​រហ័ស​តិច​ហើយ ហើយ​ខ្ញុំ​ក៏​មិន​ទាន់​បាន​សិក្សា​ស្រាវជ្រាវ​ពី​ករណី​ហ្នឹង​ដែរ»។

ចំណែក​អ្នក​ជំនាញ​​វេជ្ជសាស្ត្រ​ ក៏​​​នៅ​មន្ទិល​អំពី​គុណភាព​វ៉ាក់សាំង​ក្នុង​ការ​ចាក់​​ឲ្យ​កុមារ​ដែរ ព្រោះ​​កន្លង​មក​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ក្រសួង​សុខាភិបាល​តែងតែ​បកស្រាយ​​​ផ្ទុយ​​គ្នា​​ពី​គុណ​ភាព​វ៉ាក់សាំង​​។ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជាលោក អ៊ូច វុឌ្ឍី ពន្យល់​ថា ​កុមារ​មាន​ភាព​ប្រឈម​​ខ្ពស់​ និង​ងាយ​ប្រតិកម្ម​​វ៉ាក់សាំង​ជាង​មនុស្ស​ចាស់​ ដូច្នេះ​​​មន្ត្រី​​ក្រសួង​សុខាភិបាល​គួរ​តែ​​បញ្ជូន​​វ៉ាក់សាំង​​ទៅ​មន្ទីរ​ពិសោធន៍​មើល​គុណភាព​​ឲ្យ​ច្បាស់​សិន ​ហើយ​​ត្រូវ​ហ៊ាន​ប្រាប់​ការ​ពិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី អំពី​គុណ​ភាព​វ៉ាក់សាំង​នោះ ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ។ លោក​ក៏​ជំរុញ​ឲ្យ​​មន្ត្រី​សុខាភិបាល​កម្ពុជា ​​ប្រឹក្សា​គ្នា​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក​សិន​ដែរ មុន​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​នេះ៖ «បើ​និយាយ​លោក​ ( នាយក​រដ្ឋ​មន្ត្រី​ )​ ដឹង​តែ​រូបរាង​ខាង​ក្រៅ​ទេ ប៉ុន្តែ​អា​ផ្ទៃ​ក្នុង​នៃ​យ៉ូស៊ីមី របស់​វា​មាន​ច្រើន​ណាស់​ ដែល​យក​ពី​សំបក​មេរោគ​ យក​ពី​គេ​ហៅ​ថា​ប្រូតេអ៊ីន​នៃ​មេរោគ​ហ្នឹង​​ដើម្បី​មក​បណ្ដុះ​​ឲ្យ​វា​មាន​ជីវិត​មក​ជួយ​ខ្លួន​យើង​ហ្នឹង។ អា​ហ្នឹង​ត្រូវ​តែ​យក​មក​ពន្យល់​ប្រាប់​លោក​​ឲ្យ​ច្បាស់ ព្រោះ​លោក​ដឹង​តែ​ធ្វើ​យ៉ាង​ម្ដេច​ឲ្យ​ទំពាំង​ដែល​កំពុង​តែ​លូត​ហ្នឹង​ឲ្យ​វា​លូត​ល្អ កុំ​ឲ្យ​ក្រិន»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា។ ​​​គិត​ត្រឹម​​ថ្ងៃ​ដដែល​នេះ​ ​ក្រសួង​សុខាភិបាល​​បាន​ចាក់​វ៉ាក់សាំង​​ឲ្យ​​កុមារ ​និង​យុវវ័យ​ ដែល​មាន​​អាយុ​​ចាប់​ពី​ ១២​ឆ្នាំ​ ដល់ ​១៨ឆ្នាំ បាន​ប្រមាណ​​ ១​លាន ៧​​សែន​​​នាក់​​​ ខណៈ​​​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​សរុប​​ បាន​​​ជាង ៩លាន​នាក់​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ​នៅ​តែ​មាន​អត្រា​ខ្ពស់​ដដែល​៕​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។