ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ជិត​ព្រំដែន​ក្នុង​ខែត្រ​ស្វាយរៀង​ត្រូវ​អាជ្ញាធរ​វៀតណាម​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ

ដោយ វ៉ែន សុមេធ
2017-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ចង្អុល​តម្រុយ​បង្គោល​ព្រំដែន​ដែល​គាត់​អះអាង​ថា​ដី​របស់​គាត់​បាត់​ទៅ​វៀតណាម នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង ១៤៨ ឋិត​នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Uon Chhin
ពលរដ្ឋ​ចង្អុល​តម្រុយ​បង្គោល​ព្រំដែន​ដែល​គាត់​អះអាង​ថា​ដី​របស់​គាត់​បាត់​ទៅ​វៀតណាម នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង ១៤៨ ឋិត​នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មករា ឆ្នាំ​២០១៧។ RFA/Uon Chhin
RFA/Uon Chhin

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខែត្រ​ស្វាយរៀង ភ័យ​ព្រួយ​រឿង​សុវត្ថិភាព នៅ​គ្រា​ដែល​អាជ្ញាធរ​វៀតណាម និង​សមត្ថកិច្ច​របស់​កម្ពុជា បាន​ជូនដំណឹង​ឲ្យ​ពួកគាត់​រុះរើ​ផ្ទះសម្បែង​ដោយ​បង្ខំ ដោយ​លើក​ហេតុផល​ថា លំនៅឋាន​ដែល​ពួកគាត់​កំពុង​រស់នៅ​កៀក​ព្រំដែន។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ឃុំ​ថ្នាធ្ងង់ ស្រុក​រំដួល ខែត្រ​ស្វាយរៀង ចាត់​ទុក​ការ​បង្ខំ​ឲ្យ​ពួកគាត់​ឲ្យ​រុះរើ​លំនៅឋាន របស់​អាជ្ញាធរ​វៀតណាម និង​អាជ្ញាធរ​ខ្មែរ គឺ​ទង្វើ​ខុសច្បាប់។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម នៃ​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា អាជ្ញាធរ​វៀតណាម​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខ្មែរ ជូនដំណឹង​ទៅ​ពលរដ្ឋ​មួយ​គ្រួសារ ឲ្យ​រុះរើ​លំនៅឋាន​ចេញ​ជាបន្ទាន់​ដោយ​សំអាង​ថា លំនៅឋាន​នោះ​ក្បែរ​តំបន់​ស។ លោក​ថា ផ្ទះ​ពលរដ្ឋ​ក្រី​ក្រី​មួយ​គ្រួសារ​ដែល​អាជ្ញាធរ​វៀតណាម​បង្គាប់​ឲ្យ​រុះរើ​នោះ​មាន​ទំហំ ទទឹង ៣​ម៉ែត្រ បណ្ដោយ ៤​ម៉ែត្រ ទើប​សាងសង់​បាន​ជាង​ពីរ​ខែ ឋិត​នៅ​ឆ្ងាយ​ពី​អ័ក្ស​ព្រំដែន ជាង ៣០០​រយ​ម៉ែត្រ។ លោក​បន្ថែម​ថា ពលរដ្ឋ​មួយ​គ្រួសារ​នោះ កំពុង​បារម្ភ​ថា គ្មាន​ផ្ទះសម្បែង​រស់នៅ នៅ​គ្រា​ដែល​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ពី​ដី​ដែល​ដូនតា​ចែក​ឲ្យ៖ «គេ​ដោះ​ជញ្ជាំង​ចេញ​អស់ហើយ នៅ​សល់​តែ​ឈើ និង​ដំបូល ហើយ​គាត់​ថា យប់​នេះ​មិន​ដឹង​ដេក​នៅ​ណា​ទេ។ ខ្ញុំ​យល់ថា គាត់​សាងសង់​ត្រឹមត្រូវ​ហើយ គឺ​សាងសង់​លើ​ដី​ខ្មែរ»

កាលពី​ព្រឹក​ថ្ងៃ​ទី១៧ ធ្នូ អាជ្ញាធរ​វៀតណាម បាន​ជូនដំណឹង​ឲ្យ​អាជ្ញាធរ​កម្ពុជា ផ្តល់​ព័ត៌មាន​ទៅ​ពលរដ្ឋ​ខ្មែរ​មួយ​គ្រួសារ ឈ្មោះ យោក នី ត្រូវ​ប្រញាប់​រុះរើ​លំនៅឋាន ឋិត​នៅ​ភូមិ​ថ្នា ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល។

មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្នាធ្នង់ លោក អ៊ុយ សុវណ្ណារិទ្ធិ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី​ដោយ​លោក​ចុះ​ផ្ដាច់​ទូរស័ព្ទ។

ចំណែក​មេឃុំ​ថ្នាធ្នង់ លោក គឹម ញ៉ាញ់ ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​ពុំ​ទាន់​ទទួល​ដំណឹង​នេះ​នៅឡើយ​ទេ តែ​យ៉ាងណា​លោក​ថា អាជ្ញាធរ​មូលដ្ឋាន​នឹង​ចុះ​ស៊ើបអង្កេត​រឿង​នេះ​នៅ​ពេល​ឆាប់ៗ​នេះ៖ «ចាំ​មើល​ខ្ញុំ​ជួប​សិន តើ​មូលហេតុ​អី​បាន​ឲ្យ​រុះរើ​បញ្ហា​ហ្នឹង​។ ចាំ​ខ្ញុំ​មើល​សិន»

មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា សមត្ថកិច្ច​ខ្មែរ និង​វៀតណាម គ្មាន​សិទ្ធិ​បង្គាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​រុះរើ​លំនៅឋាន​ចេញពី​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​នោះ​ទេ ហើយ​កាតព្វកិច្ច​ដោះស្រាយ​រឿង​នេះ ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​អយ្យការ និង​តុលាការ។ លោក​បន្ថែម​ថា អាជ្ញាធរ​វៀតណាម​គ្មាន​សិទ្ធិ​បង្គាប់​ឲ្យ​សមត្ថកិច្ច​ខ្មែរ រុះរើ​លំនៅឋាន​ពលរដ្ឋ​របស់​ខ្លួន ព្រោះ​ជា​ដែន​អធិបតេយ្យ​កម្ពុជា៖ «អាជ្ញាធរ​ព្រំដែន​ជាតិ សុំ​ពិនិត្យ​រឿង​នេះ​ឲ្យ​ច្បាស់ បើ​ផ្ទះ​ហ្នឹង​លើ​ដី​កម្ពុជា ជា​រឿង​មួយ​មិន​សម​ហេតុផល ព្រោះ​ផ្ទះ​ហ្នឹង​ឋិត​នៅ​តំបន់​ព្រំដែន តំបន់​អភិវឌ្ឍន៍​អ៊ីចឹង»

លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ពលរដ្ឋ​ខ្មែរ​ទៅ​តាំង​ទីលំនៅ​ក្បែរ​ព្រំដែន គួរតែ​អាជ្ញាធរ​លើកទឹកចិត្ត ព្រោះ​វា​ជា​របង​ការពារ​ពី​ការរំលោភ​ដែន​អធិបតេយ្យ​ពី​ប្រទេសជិតខាង។

នៅ​ឃុំ​ថ្នាធ្ងន់ គឺជា​តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​ច្រើន​គ្រួសារ​ធ្លាប់​ចោទ​អាជ្ញាធរ​វៀតណាម​ថា រំលោភ​ដីស្រែ​ចម្ការ​ច្រើន​ហិកតារ ដោយ​បោះ​បង្គោល​រំកិល​ចូល​ដី​ខ្មែរ។ កាលពី​ឆ្នាំ​២០១៤ គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា និង​អាជ្ញាធរ​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​លេខ​១៤៧ និង ១៤៨ ឋិត​នៅ​ស្រុក​រំដួល ខែត្រ​ស្វាយរៀង ក្នុង​នោះ​មាន​ពលរដ្ឋ​ជិត ១០០​នាក់ បាន​លើកគ្នា​មក​តវ៉ា​រារាំង ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់ និង​គំរាមកំហែង​ពី​អាជ្ញាធរ​ខ្មែរ។

អ្នកឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម ធ្លាប់​លើក​ឡើង​ថា បញ្ហា​រណប​វៀតណាម អាច​ធ្វើ​ឲ្យ​វៀតណាម រំលោភ​យក​ដី​បាន​តាម​ចិត្ត ហើយ​ពលរដ្ឋ​ខ្មែរ​នៅតែ​រងគ្រោះ​ជា​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

នៅពេលដែលបានឮអំពីបញ្ហាព្រំដែនដែលប្រទេសយួនចេះរំកិល និងរំលោភយកធ្វើឲ្យពលរដ្ឋនៅតាមតំបន់ព្រំដែនរស់ពុំមានសេចក្តីសុខ ដោយមានការភ័យខ្លាចរហូតលោះព្រលឹង ។ យើងជាពលរដ្ឋមានមានប្រទេស មានអធិបតេយ្យ មានពលរដ្ឋរស់នៅ មានវប្បធម៍ មានច្បាប់ មានរឫជរដ្ឋាភិបាលដឹកនាំជាតិជាស្តេដ និងមន្ត្រីដូចគេឯង។ ប៉ុន្តែ ហេតុដូចម្តេចបានជាពួកមន្ត្រី ព្រមទាំងស្តេចមិនចាត់ការឲ្យយើងជាពលរដ្ឋបានរស់ស្រួលខ្លួនផង ហេតុម្តេច-កស្តេច និងមន្ត្រីទាំងនេះនៅស្ងៀម ឫ កពួកស្តេចមន្ត្រីទាំងនោះចេះត្រឹមតែស្រែកថា ប្រទេសមានឯករាជ្យសុខសន្តិភាព មានអធិបតេយ្យ ឫមួយចេះត្រឹមធ្វើការបំរើឲ្យ ចិន+យួនកុម្មុយនិស្ត ។ យើង (ខ្មែរ) រៀបរាប់មកខាងលើនេះគឺ មានភស្តាងឯកសារដែលព្រះមហាក្ស័យខ្មែរ នរោត្តម សីហមុនីត្រាស់បង្គាប់ផ្តល់មេដាយសហមេត្រី ថ្នាក់ មហាសេរីវឌ្ឃន័ឲ្យដល់មន្ត្រីយួន២១ នាក់ (ម្ភៃមួយនាក់) កាលពីថ្ងៃទី២៩ ខែកញ៉ា គ.ស. ២០០៥ ស្តីពីព្រំដែនរវាងប្រទេសខ្មែរ+វៀតណាម ។ ប្រសិន មន្ត្រីខ្មែរ ពិសេសគឺស្តេច និងមានងារជាសម្តេចទាំងអស់នោះមិនដោះស្រាយទេ យើងជាពលរដ្ឋ និដសុំថ្កោលទោសជាប្រវត្តិសាស្ត្រហើយ សូមទានជ្រាប ៕

Dec 19, 2017 10:19 AM

គេហទំព័រ​ទាំងមូល