មន្ត្រីអង្គការសង្គមស៊ីវិល និងពលរដ្ឋអំពាវនាវឱ្យរបបក្រុងភ្នំពេញពង្រឹងប្រព័ន្ធគ្រប់គ្រងសេវាកម្មដឹកអ្នកដំណើរកុំឱ្យឡើងថ្លៃ នៅពេលបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌជាដើម។ ការអំពាវនាវនេះធ្វើឡើង ក្រោយពីតម្លៃឡានឈ្នួលតាក់ស៊ី និងសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជនមួយចំនួន បានឡើងខ្ពស់ទ្វេដង នៅមុនបុណ្យភ្ជុំបិណ្ឌ និងក្រោយបុណ្យភ្ជុំឆ្នាំនេះ។
មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកធ្វើដំណើរត្អូញត្អែរ ពីតម្លៃឡានឈ្នួលតាក់ស៊ី និងសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជនមួយចំនួន បានហក់ឡើងខ្ពស់ខុសពីថ្ងៃធម្មតា។ លើសពីនេះ រថយន្តតាក់ស៊ីភាគច្រើនបានដឹកមនុស្សលើសចំណុះ និងចាប់ម៉ូយរញ៉េរញ៉ៃជាដើម។
ពលរដ្ឋរស់នៅខេត្តព្រៃវែង គឺអ្នកនាង ប៉េង ឈុន ឱ្យដឹងនៅថ្ងៃទី២៩ កញ្ញាថា តម្លៃរថយន្តតាក់ស៊ីដឹកអ្នកដំណើរពីភ្នំពេញទៅខេត្តព្រៃវែងតាមផ្លូវជាតិលេខ១ បានឡើងដល់ ៣ម៉ឺនរៀល ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ខណៈថ្ងៃធម្មតាមានតម្លៃត្រឹម ១ម៉ឺន ៥ពាន់រៀល (១៥.០០០) ទៅ ២ម៉ឺនរៀល(២.០០០) ប៉ុណ្ណោះ សម្រាប់មនុស្សម្នាក់ៗ។ អ្នកនាងឱ្យដឹងទៀតថា រថយន្តក្រុងពីភ្នំពេញទៅខេត្តបាត់ដំបងក៏ឡើងថ្លៃដូចគ្នាដែរ៖ «មកខេត្តថ្ងៃធម្មតា ១ម៉ឺន ៥ពាន់ដល់យើងមកថ្ងៃបុណ្យឡើង ២ម៉ឺន។ ទៅ ២ម៉ឺន ៥ពាន់រៀល ទៅ ៣ម៉ឺនរៀល វាតាមតាក់ស៊ី ហើយសម្រាប់ឡានក្រុងក៏ឡើងថ្លៃដែរ។ ឡានក្រុងធម្មតាយើងជិះតែ ២ម៉ឺន ៥ពាន់ទេ ដល់ពេលថ្ងៃបុណ្យ ១៥ដុល្លារ គឺតម្លៃស្មើ ៦ម៉ឺនរៀលសម្រាប់ទៅ ហើយត្រឡប់មកវិញផ្សេងទៀត។ ជីវភាពពលរដ្ឋប៉ះពាល់ខ្លាំង ជាពិសេសកម្មករកម្មការិនី ពួកគាត់អត់សូវមានលុយអ៊ីចឹង អ្នកខ្លះគេអត់បើកប្រាក់ខែ » ។
ស្ត្រីដដែលបន្ថែមថា អាជ្ញាធរបានបណ្ដោយឱ្យម្ចាស់រថយន្តតាក់ស៊ីខ្លះ ដឹកមនុស្សលើសចំណុះ និងសម្ភារៈសំពីងសំពោង។ រីឯនគរបាលចរាចរណ៏ ដែលឈរជើងតាមដងផ្លូវនីមួយៗ មិនបានរារាំង រថយន្តទាំងនោះទេ គឺគ្រាន់តែទទួលលុយតិចតូច ជាថ្នូរអនុញ្ញាតឱ្យធ្វើដំណើរទៅមុខបាន៖ «ចំនួនអ្នកដឹក និងអ្នកជិះច្រើនលើសចំណុះ ដល់ពេលច្រើនលើសចំណុះ វាជាហេតុធ្វើឲ្យងាយគ្រោះថ្នាក់។ គ្រោះថ្នាក់ហើយ ធ្វើឲ្យមានភាពរញ៉េរញ៉ៃ និងបាត់អីវ៉ាន់ផ្សេងៗ អ៊ីចឹង។ និយាយរួមដោយតែចូលកម្មវិធីបុណ្យអ៊ីចឹងៗ គឺគេញាត់មនុស្សតែម្ដង ញាត់ដូចជ្រូក។ តែគ្រាន់បើត្រង់ថា គេមានបម្រាមអីដែរតាមផ្លូវ អ្នកដាក់អីវ៉ាន់លើសប៉ូលិសផាក ផាក ហើយឲ្យតែលុយ គឺចប់ហើយ ៥ពាន់រៀល គឺគេឲ្យបន្តដំណើរទៅមុខទៀត » ។
ពលរដ្ឋម្នាក់ទៀតរស់នៅខេត្តតាកែវ លោក ស៊ឺន ពិសិទ្ធិ ប្រាប់អាស៊ីសេរីថា ជារៀងរាល់ឆ្នាំ នៅមុនពេលបុណ្យជាតិសំខាន់ៗ គ្រប់អ្នកប្រកបរបរដឹកជញ្ជូនសេវាឯកជន រួមមានរថយន្តក្រុង រថយន្តឈ្នួល និងកង់បី ព្រមទាំងម៉ូតូឌុបផង បានដំឡើងថ្លៃភ្លាមៗ ពីអ្នកដំណើរធ្វើឱ្យពលរដ្ឋ និងភ្ញៀវទេសចរមិនសប្បាយចិត្ត។ លោកចំណាំថា បញ្ហានេះ បានកើតមានជាច្រើនឆ្នាំមកហើយ ពុំឃើញមានស្ថាប័នណាមួយដោះស្រាយនោះទេ៖ «ញាត់របស់ ម៉ូតូដាក់សណ្ដោងអ៊ីចឹង វាប៉ះពាល់បង។ ញាត់មនុស្សពេញអ៊ីចឹងសំខាន់ គឺចរាចរ វាស្ទះវាអត់មានផាសុកភាពទេ។ ខ្ញុំឃើញជាក់ស្តែង វាអាចប៉ះពាល់គេ មានហានិភ័យខ្ពស់។ សាលាក្រុងគួរមានវិធានការកំណត់ និងធ្វើឲ្យច្បាស់លាស់ ព្រោះអីស្ថានភាពផ្លូវយើងវាពិបាកខ្លាំងណាស់ » ។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បីសុំការបំភ្លឺបញ្ហានេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី២៩ កញ្ញា។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏មិនលើកទូរស័ព្ទដែរនៅថ្ងៃដដែលនេះ។ អាស៊ីសេរីក៏មិនទាន់អាចទាក់ទងក្រុមហ៊ុនរថយន្តក្រុងឯកជន ដើម្បីសាកសួរពីរឿងដំឡើងថ្លៃនេះបានដែរ គិតត្រឹមម៉ោងផ្សាយនេះ។
កន្លងទៅមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានអំពាវនាវឱ្យក្រុមហ៊ុនឯកជនផ្ដល់សេវាកម្មដឹកនាំអ្នកដំណើរ និងរថយន្តឈ្នួលតាក់ស៊ី ដឹកនាំអ្នកដំណើរទាំងអស់ កុំដំឡើងថ្លៃ មុនពេលមានពិធីបុណ្យជាតិសំខាន់ៗ ហើយលោក បានបញ្ជាឱ្យអាជ្ញាធរ ផ្ដល់រថយន្តក្រុងមួយចំនួន ដឹកពលរដ្ឋ និងកម្មករកម្មការិនីដោយមិនគិតថ្លៃ។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន ពៅ មើលឃើញថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ពង្រឹងប្រព័ន្ធគ្រប់គ្រង ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកអ្នកដំណើរ និងរថយន្តតាក់ស៊ីទាំងអស់ ឱ្យល្អប្រសើរនៅឡើយទេ ដែលជាដើមចមធ្វើឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងរថយន្តតាក់ស៊ីឯកជន ឡើងថ្លៃតាមអំពើចិត្ត។ លោកថា ការមិនដោះស្រាយបញ្ហានេះ បង្កប៉ះពាល់ដល់ពលរដ្ឋក្រីក្រ ខ្វះសណ្ដាប់ធ្នាប់ និងងាយកើតមានគ្រោះថ្នាក់ចរាចរណ៍ជាដើម៖ «កាលណារថយន្តឡើងថ្លៃនេះហើយ ធ្វើឲ្យរថយន្តទាំងអស់ហ្នឹង ញាត់ដាក់សំពីងសំពោងអ្នកខ្លះជិះលើដំបូល មិនគិតពីសុវត្ថិភាព ហើយអាជ្ញាធររដ្ឋមិនមានយន្តការច្បាស់លាស់។ យើងទាំងអស់គ្នាឃើញស្រាប់ហើយ នៅតាមបេនឡាននីមួយៗ ថ្វីដ្បិតតែមានសន្តិសុខ មានប៉ូលិស និងសមត្ថកិច្ច ប៉ុន្តែយើងឃើញថា ដោយសារប៉ូលិសមួយចំនួនខ្ញុំឃើញជាក់ស្ដែង យកតែលុយអត់មានការទប់ស្កាត់ច្បាស់លាស់។ អាហ្នឹងហើយធ្វើឲ្យភាពអនាធិបតេយ្យ ដឹកសំពីងសំពោង បើកបរគ្មានសណ្ដាប់ធ្នាប់ ប្រញាប់ ប៉ះពាល់ធ្ងន់ធ្ងរមែនទែនលើសុវត្ថិភាពចរាចរណ៍ » ។
នៅរៀងរាល់ពិធីបុណ្យជាតិសំខាន់ៗ ដូចជា បុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរជាដើម ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ និងខេត្តនានា ជាពិសេសកម្មករកម្មការិនី បានសម្រុកធ្វើដំណើរទៅលេងស្រុកកំណើតតាមរថយន្តតាក់ស៊ី និងក្រុមហ៊ុនដឹកអ្នកដំណើរជាដើម ហើយការត្អូញត្អែរពីរឿងឡានឈ្នូល និងរថយន្តក្រុងឡើងថ្លៃនេះ តែងកើតមានជារៀងរាល់ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។