កូនប្រុសច្បងលោក ទៀ បាញ់ សម្ញែងទ្រព្យជិះរថយន្តសេរីទំនើបតម្លៃជាង ៣០ម៉ឺនដុល្លារ
2024.02.02

កូនប្រុសច្បងលោក ទៀ បាញ់ គឺលោក ទៀ ស្យាម ដែលពុំសូវលេចមុខមាត់ក្នុងសង្គម ជិះរថយន្តសេរីទំនើប តម្លៃជាង ៣០ម៉ឺនដុល្លារ បង្ហាញភាពហ៊ឺហា ខណៈប្រជាពលរដ្ឋភាគច្រើនកំពុងមានបញ្ហាជីវភាព។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា គួរតែមានការស៊ើបអង្កេតដោយតម្លាភាពនៃប្រភពទ្រព្យសម្បត្តិ ដើម្បីចៀសវាងការចោទប្រកាន់ថា ជាទ្រព្យដែលបានពីអំពើពុករលួយ និងការរំលោភអំណាច។
កូនប្រុសច្បងរបស់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ គឺលោក ទៀ ស្យាម ដែលពុំសូវឃើញមានការផ្សព្វផ្សាយច្រើន ពីស្ថានភាពជីវិតរបស់លោក ពេលនេះបានចេញបង្ហាញភាពហ៊ឺហាជិះរថយន្តទំនើបដែលមានតម្លៃខ្ទង់ ៣០ម៉ឺនដុល្លារអាមេរិក។
លោក ទៀ បាញ់ មានកូនប្រុស២នាក់ ដែលកូនប្រុសច្បងឈ្មោះ ទៀ ស្យាម និង កូនប្រុសម្នាក់ទៀត ឈ្មោះ ទៀ សីហា។
ក្នុងពេលថ្មីៗនេះ លោក ទៀ ស្យាម បានចេញបង្ហាញបែបផែនជីវិត ឬស្ទីលជីវិត ដ៏ស្ដុកស្ដម្ភរបស់លោក ក្នុងនាមជាប្រធានកម្មវិធីវប្បធម៌ឡានកម្ពុជា (Cambodia Car Culture) ជិះឡានទំនើបរបស់អង់គ្លេសម៉ាក ម៉ាក់ក្លែរិន ប្រាំពីរយម្ភៃអែស (McLaren 720s) ដែលមានតម្លៃជាង ៣០ម៉ឺនដុល្លារ (ចាប់ពី ៣១០ ០០០ដុល្លារ ដល់ ៣៣៦ ០០០ដុល្លារ) ចូលរួមក្នុងព្រឹត្តិការណ៍ Rev Up Beyond Supercar កាលពីថ្ងៃទី២៧ មករា នៅអគារពាណិជ្ជកម្មជីបម៉ុង (Chip Mong Tower) របស់អ្នកឧកញ៉ា លាង ឃុន នៅរាជធានីភ្នំពេញ។
តាមរយៈគណនីហ្វេសប៊ុក (Facebook) របស់លោកបង្ហាញថា លោក ទៀ ស្យាម (Tea Siam) គឺជាមនុស្សម្នាក់ដែលចូលចិត្តប្រើប្រាស់រថយន្តសេរីទំនើបៗ ការជិះរថយន្តប្រណាំង និងជិះរថយន្តដើម្បីលុកព្រៃ ឬហៅថា អហ្វ រ៉ូដ (Off Road) ជាដើម។
វិទ្យុអាស៊ីសេរី មិនទាក់ទងសុំការបំភ្លឺ ជុំវិញបញ្ហានេះពីលោក ទៀ ស្យាម និងឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានទេ នៅថ្ងៃទី២ កុម្ភៈ ។
សកម្មជនបរិស្ថាន លោក លី ចាន់ដារ៉ាវុត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ កុម្ភៈ ថា កូនចៅ និង សាច់ញាតិ នៃគ្រួសារក្រុមមន្ត្រីជាន់ខ្ពស់ ក្នុងរដ្ឋាភិបាលគួរតែបង្ហាញតម្លាភាព នៃប្រភពទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីចៀសវាងការចោទប្រកាន់ថា ជាទ្រព្យដែលបានពីអំពើពុករលួយ និងការរំលោភអំណាច។
លោក លី ចាន់ដារ៉ាវុត៖ «សម្រាប់ខ្ញុំសង្កេតឃើញទ្រព្យសម្បត្តិកន្លងមក វាច្រើនដែលអ្នកមានអំណាចមានជាពិសេសគ្រួសាររដ្ឋមន្ត្រី គ្រួសារនាយករដ្ឋមន្ត្រី មានហ្នឹងគឺបានមកពីការរកស៊ីលើធនធានធម្មជាតិញើសឈាមប្រជាពលរដ្ឋខ្មែរ ឬក៏ដីធ្លីដែលប្រជាពលរដ្ឋបាត់បង់កន្លងមក ការបើកដៃឱ្យក្រុមហ៊ុនរកស៊ីខុសច្បាប់ រកស៊ីព្រៃឈើ រកស៊ីកេងប្រវ័ញ្ចធនធានធម្មជាតិអីជាដើម»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃទី២ កុម្ភៈ ថា ការបង្ហាញភាពហ៊ឺហា ពុំមានអ្វីខុសទេ បើមានចំណូលពីមុខរបរត្រឹមត្រូវ។ យ៉ាងណា លោកថា ជាទូទៅ បើមានការពិនិត្យឃើញភាពមិនប្រក្រតីនៃចំណូល និង មានការប្ដឹងផ្ដល់អង្គភាពប្រឆាំងអំពើពុករលួយ អាចធ្វើការស៊ើបអង្កេត។
លោក យង់ គិមអេង៖ «អង្គភាពប្រឆាំងអំពើពុករលួយក៏មិនមែនឱ្យតែឃើញថា អ្នកណាមានចេះតែទៅស៊ើបអង្កេត ប៉ុន្តែមើលពីដំណើរដើមទងបើថាដំណើរដើមទងវាមើលទៅគាត់ចម្រើនឥតហេតុបានន័យថា គាត់អត់ឃើញរកស៊ីអីទេ ប៉ុន្តែឃើញមានបានទិញឡាន ទិញវីឡាអី មុខរបបតូចតាចទេ មិនដល់មានចំណូលអីរាប់សិនលានទៅចំណាយអីអ៊ីចឹង អាហ្នឹងគេអាចធ្វើការស៊ើបអង្កេត»។
លោក យង់ គិមអេង លើកឡើងថា ការស៊ើបអង្កេត មានសារៈសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ភាពស្អាតស្អំនិង ការប្រឆាំងការលាងលុយកខ្វក់។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ នៅថ្ងៃទី២ ខែកុម្ភៈ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
គ្រួសារលោក ទៀ បាញ់ ជាគ្រួសារដ៏មានឥទ្ធិពលផ្នែកយោធា និងមានទ្រព្យស្ដុកស្ដម្ភមួយ ក្នុងចំណោមក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់នៅប្រទេសកម្ពុជា។
កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ សារព័ត៌មានអន្តរជាតិ អេស៊ា ថាមស៍ (Asia Times) បានចេញអត្ថបទស្រាវជ្រាវមួយថា ក្រុមគ្រួសារ លោក ទៀ បាញ់ កំពុងគំរាមកំហែង និងប្រជែងអំណាចជាមួយនឹងក្រុមគ្រួសាររបស់លោក ហ៊ុន សែន។
ក្រុមលោក ទៀ បាញ់ ជាប៉ូលអំណាចធំមួយនៅកម្ពុជា ព្រោះលោក ទៀ បាញ់ ធ្លាប់បានដឹកនាំក្រសួងការពារជាតិប្រមាណ ៤ទសវត្សរ៍មកហើយ និងថែមទាំងមានតួនាទីជាអនុប្រធានបក្សកាន់អំណាចទៀតផង។ បច្ចុប្បន្ននេះ កូនប្រុសរបស់លោក គឺលោក ទៀ សីហា បានឡើងស្នងតំណែងបន្តពីលោក។
ក្រៅពីនេះ ប្អូនប្រុសរបស់លោក គឺជាមេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ។ មិនមែនតែគ្រួសារលោក ទៀ បាញ់ ទេ ក្រុមគ្រួសារមន្ត្រីកំពូលៗផ្សេងទៀត របស់គណបក្សប្រជាជនកម្ពុជា ក៏ចូលចិត្តសម្ញែងទ្រព្យសម្បត្តិដែរ។ អ្នកឃ្លាំមើលយល់ថា មានតែក្រុមមេដឹកនាំផ្ដាច់ការ និងពុករលួយនៅក្នុងប្រទេសក្រីក្រប៉ុណ្ណោះ ដែលចូលចិត្តអួតសម្ញែងទ្រព្យសម្បត្តិដាក់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។